en     km
en     km

ករណី​បរិហារកេរ្តិ៍​សម្ដេច​ ហ៊ុន​ សែន​ មេធាវី​សមាជិក​ព្រឹទ្ធសភា​សុំ​ឱ្យ​បង្អង់​នីតិ​វិធី​ព្រោះ​កូនក្ដី​មាន​អភ័យឯកសិទ្ធិ​

Share

ភ្នំពេញ៖ ​មេធាវី​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រ​ង្ស៊ី​ បាន​ស្នើ​សុំ​តុលាការ​រាជធានី​ភ្នំពេញ​ បង្អង់​នីតិវិធី​លើ​សំណុំរឿង​ស្ដ្រី​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ មួយ​រយៈ​ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​របស់​លោកស្រី​។​

លោក មេធាវី សំ សុគង់។
លោក មេធាវី សំ សុគង់។

លោក​ មេធាវី​ សំ​ សុ​គង់​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដូចនេះ​ នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​ បាន​ ដាក់​សំណើ​ទៅ​កាន់​ចៅក្រម​សាលាដំបូង​ម្នាក់​ដែល​កាន់​ក្ដី​សំណុំរឿង​លោកស្រី​ ថា​ក់​ ឡា​នី​។​

​លោកស្រី​ ថា​ក់​ ឡា​នី​ ត្រូវ​បាន​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ប្ដឹង​ពី​បទ​បរិហា​កេរ្ដិ៍​ ដោយសារ​លោកស្រី​ បាន​និយាយ​ប៉ះពាល់​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ ជាប់​ពាក់ព័ន្ធ​ឈ្មោះ​នាយក​រដ្ឋមន្ដ្រី​ កាលពី​ពេល​ថ្មីៗ​នេះ​។​ តែ​យ៉ាងណា​ក៏​ដោយ​លោកស្រី​ ថា​ក់​ ឡា​នី​ បាន​បដិសេធ​ ហើយ​អះអាង​ថា​វី​ដេ​អូ​ឃ្លី​ សំឡេង​នោះ​គឺជា​ការ​កាត់ត​ចោទប្រកាន់​លើ​លោកស្រី​តែ​ប៉ុណ្ណោះ​។​

​លោក​ មេធាវី​ សំ​ សុ​គង់​ បាន​បញ្ជាក់​ថា​ អ្វី​ដែល​លោក​បាន​ស្នើ​ឲ្យ​បង្អង់​នីតិវិធី​ដូចនេះ​ គឺ​មូលហេតុ​កូនក្ដី​របស់​លោក​ នៅ​មាន​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ ហើយ​ម្យ៉ាងទៀត​លោក​កំពុង​តែ​ សិក្សា​អំពី​បទ​ចោទ​នេះ​ ឡើង​វិញ​។​

​លោកស្រី​ ថា​ក់​ ឡា​នី​ ដែល​ពេល​នេះ​មិនដឹង​ថា​ ស្ថិត​នៅឯណា​នោះ​ លោកស្រី​មិន​បាន​ចូលខ្លួន​តាម​ដីកា​រកោះ​របស់​តុលាការ​ពីរ​លើក​មក​ហើយ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​បញ្ជាក់​លើ​សារ​អេ​ឡិច​ត្រូ​និ​ច​ តេ​ឡេ​ក្រាម​ របស់​លោក​ថា​ តុលាការ​នឹង​បន្ដ​នីតិវិធី​ស៊ើបសួរ​លើ​ភស្ដុ​តាង​ពាក់ព័ន្ធ​ និង​ ស​ក្សី​ ករណី​ក្នុង​រឿង​ក្ដី​លោកស្រី​ ថា​ក់​ ឡា​នី​ បន្ដ​ទៀត​។​

​មិនមែន​មាន​តែ​លោកស្រី​ ថា​ក់​ ឡា​នី​ ម្នាក់​ទេ​ដែល​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្ដឹង​ករណី​ដូចនេះ​ គឺ​មេ​បក្ស​ប្រឆាំង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ក៏​រង​ការ​ប្ដឹង​ដែរ​។​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ដ​ចំនួន​ ១០០​ រៀល​លុយ​ខ្មែរ​ ប៉ុន្ដែ​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​អ្នកនយោបាយ​ទាំង​ពីរ​រូប​នេះ​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​កំណត់​៕

Share

Image
Image
Image