en     km
en     km

កម្ពុជា​លក់​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ ជិត​៣​លាន​ដុ​លា្ល​រអា​មេ​រិ​ក​🔊

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​បាន​លក់​កាបូន​រេ​ដ​បូក​ដែល​មាន​ទឹកប្រាក់​ជិត​ ៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​មានឈ្មោះ​ថា​ Disney​ មក​ពី​សហរដ្ឋអាមេរិក​។​

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់

​តាម​លោក​សាយ​សំ​អាល់​ការ​លក់​កាបូន​រេ​ដ​បូក​នេះ​ ដើម្បី​ការពារ​អភិរក្ស​ព្រៃឈើ​ និង​ជួយ​សម្រួល​ទៅ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​នោះ​។​

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ «​គម្រោង​កាបូន​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​»​កាលពី​ថ្ងៃ​ទី​ ១១​ខែសីហា​ ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​ លោក​ ជួន​ សា​រ៉េ​ត​រាយការណ៍​បន្ត​៖

 

​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​គម្រោង​ «​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់​និង​ការ​រេច​រិល​ព្រៃឈើ​ ឬ​ហៅ​កាត់​ថា​ រេ​ដ​បូក​ (REDD+)»​ នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ការ​លក់​កាបូន​ក្រេ​ឌី​ត​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន​ Disney​ របស់​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់​ជិត​ ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​លោក​ សាយ​ សំ​អាល់​ បន្ត​ថា​ការ​លក់​កាបូន​នេះ​គោលដៅ​ នឹង​យក​ថវិការ​ទាំងនោះ​ទៅ​អភិរក្ស​ព្រៃឈើ​ និង​ជួយ​សម្រួល​ទៅ​ដល់​ជី​ភាព​ប្រជា​សហគមន៍​ ដែល​រស់នៅ​ក្នុង​តំបន់​កែវ​សីមា​ដែល​ជា​តំបន់​នៃ​ការ​លក់​កាបូន​នោះ​ឱ្យ​មាន​ភាព​ប្រសើរ​ទ្បើ​ង​។​

​លោក​ សាយ​ សំ​អាល់​៖«​នេះ​ជា​ការ​ទទួលខុសត្រូវ​រួម​របស់​លោក​របស់​យើង​ នៅ​ក្នុង​ពិភពលោក​របស់​យើង​នេះ​ អ​ញ្ចឹ​ង​ចំពោះ​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ជឿនលឿន​ ប្រទេស​ឧស្សាហកម្ម​ ដែល​គាត់​ចង់​ជួយ​មក​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា​ ដើម្បី​អភិរក្ស​ព្រៃ​នៅ​កម្ពុជា​យើង​នេះ​»​។​

​លោក​ សាយ​ សំ​អាល់​ គូសបញ្ជាក់​ដែរ​ថា​ថវិកា​ដែល​ទាញ​ចេញពី​ការ​លក់​កាបូន​នោះ​ នឹង​យក​ទៅ​ជួយ​ដល់​ប្រជា​សហគមន៍​តាម​រយៈ​ការ​បង្រៀន​ឱ្យ​ពួក​គេ​ចេះ​ចិញ្ចឹមសត្វ​ ធ្វើ​កសិកម្ម​ជាដើម​ដើម្បី​កុំឱ្យ​ពួក​គេ​កាប់​ព្រៃឈើ​ ងាក​មក​ចាប់អារម្មណ៍​អភិរក្ស​ព្រៃឈើ​វិញ​។​

​លោក​ សង្កត់ធ្ងន់​ថា​ចំពោះ​ប្រទេស​ជឿនលឿន​ ដែល​បាន​បញ្ចេញ​សារធាតុពុល​ច្រើន​ត្រូវ​មាន​តួនាទី​ក្នុង​ការ​ចេញ​សំណង​ទៅ​ដល់​ប្រទេស​ ដែល​ស្រូប​យក​សារធាតុពុល​ទាំងនោះ​ ហើយ​លោក​សង្ឃឹមថានឹង​ពង្រីក​ ការ​លក់​កាបូន​បន្ថែម​ទៀត​។​

​លោក​ សាយ​ សំ​អាល់​៖​ «​ ចំពោះ​ប្រទេស​ជឿន​លើ​ន​ជា​ពិសេស​ប្រទេស​ឧស្សាហកម្ម​ទាំង​ ៨​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​គាត់​បាន​បញ្ចេញ​នូវ​ជាតិ​កាបូន​ហ្នឹង​ច្រើន​ ជាតិ​ហ្គេ​ស​កាបូន​ហ្នឹង​ច្រើន​ អ​ញ្ចឹ​ង​ទេ​គាត់​ក្នុង​ការ​ទទួលខុសត្រូវ​របស់​គាត់​ហ្នឹង​ដើម្បី​ជា​សំណង​ទៅ​វិញ​ក្នុង​ការ​បំពុល​របស់​គាត់​ជា​ការ​បញ្ចេញ​ ឧស្ម័ន​របស់​គាត់​ហ្នឹង​គាត់​មក​ជួយ​ប្រទេស​តូចតាច​ដូច​ប្រទេស​កម្ពុជា​ចឹ​ង​ ដើម្បី​ថា​ឥលូវ​កុំ​ប៉ះពាល់​ព្រៃ​ហ្នឹង​អី​ទុក​ទៅ​ព្រៃ​ហ្នឹង​គាត់​នឹង​ជួយ​ជា​សំណង​ ជួយ​ជា​ថវិកា​មក​»​។​​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាប្រទេសកម្ពុជា លោក  William A. Heidt
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាប្រទេសកម្ពុជា លោក William A. Heidt

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃ​ទី​ ១១​ខែសីហា​ ឆ្នាំ​២០១៦​ ថា​ ៖«​ការ​ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ និង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ គឺជា​សកម្មភាព​អាទិភាព​របស់​រដ្ឋាភិបាល​ សហរដ្ឋអាមេរិក​។​ លោក​បន្ត​ថា​ទាំងនេះ​គឺជា​បញ្ហា​ដែល​មាន​សារៈសំខាន់​ ហួស​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​តទៅ​ទៀត​ ភាព​ជា​ដៃគូរ​រវាង​ក្រុមហ៊ុន​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ និង​ប្រទេស​កម្ពុជា​ គឺជា​និម្មិតរូប​មួយ​ដែល​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​ថា​ គេ​មាន​វិធី​ប្រកបដោយ​គំនិត​ច្នៃ​ ដោយ​ប្រឌិត​ក្នុង​ការ​ការពារ​ភព​ផែនដី​ បង្ហាញ​ឱ្យ​ឃើញ​ដៃគូ​នានា​ដែល​អាច​ផ្តល់​ការ​ជួយ​បាន​។​ យើង​ពិតជា​មាន​មោទនភាព​ដែល​បាន​រួមចំណែក​ គាំទ្រ​ភាព​ជា​ដៃគូ​នេះ​ ហើយ​យើង​នឹង​បន្ត​ជួយ​បង្កើត​យុទ្ធសាស្ត្រ​ ដែល​អាច​ជួយ​ការពារ​ព្រៃឈើ​កុំឱ្យ​រង​ការ​កាប់​បំផ្លាញ​ គឺ​ស៊ូ​ឱ្យ​ដើមឈើ​នៅ​ឈេ​រ​ ជា​ជាង​ឃើញ​វារ​លំ​»​។​

​ចំណែក​នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ លោក​ រ៉ូ​ស​ សិន​ ខ្មែរ​ បាន​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ដែរ​៖​ «​គូសបញ្ជាក់​ថា​ ពិធី​ចុះហត្ថលេខា​រវាង​សហរដ្ឋអាមេរិក​ និង​ កម្ពុជា​ គឺជា​ជោគជ័យ​មួយ​ដ៏​ធំធេង​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កិច្ចព្រមព្រៀង​នេះ​នឹង​មាន​រួម​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ និង​សហគមន៍​ដែល​កំពុង​នៅ​ក្នុង​ និង​ជុំវិញ​តំបន់​ព្រៃ​មួយ​យ​នេះ​ ជាង​នេះ​ទៅ​ទៀត​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​សកម្មភាព​អភិរក្ស​ និង​គ្រប់គ្រង​ព្រៃឈើ​ដែល​រួម​មាន​ទាំង​ការ​បណ្តុះបណ្តាល​ មន្ត្រីរាជការ​អំពី​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ការពារ​សត្វព្រៃ​ជាដើម​»​។​

​គម្រោង​កាបូន​រេ​ដ​បូក​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ បាន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​២០១០​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ និង​ខេត្តក្រចេះ​ ហើយ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន​ និង​អង្គារ​ WCS​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវចម្រុះ​នៃ​ទីភ្នាក់ងារ​ USAID​ ដែល​ជា​គម្រោង​មួយ​អនុវត្ត​ដោយ​អង្គារ​ Winrock​ International​ និង​ម្ចាស់​ជំនួយ​ដទៃ​ទៀត​៕

Share

Image
Image
Image