ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំមួយស្តីពីកិច្ចពិភាក្សារួមគ្នានៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ផ្លូវថ្នល់។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបានបង្ហោះនៅលើបណ្តាញសង្គម នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦នេះ។
តាមប្រភពដដែលនេះលោក ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ស្តីពីការដឹកជញ្ជូនលើសទម្ងន់កំណត់នៅតាមដងផ្លូវ ការដឹកសំពីងសំពោង និងការដឹកខ្សាច់ ក្រួស ថ្ម ដោយគ្មានការវេចខ្ចប់ត្រឹមត្រូវធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ការធ្វើដំណើរនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
ការចូលរួមកិច្ចប្រជុំនេះមានរដ្ឋលេខាធិការក្រសួងរ៉េ និងថាមពល លោក ឌិត ឌីណា ព្រមទាំង ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា ផងដែរ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងដដែលនេះ ការអនុវត្តច្បាប់ចរចារណ៍ផ្លូវគោក និងផ្លូវថ្នល់ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសដើម្បីដោះស្រាយបញ្ហាខាងលើនេះ កិច្ចប្រជុំក៏បានឯកភាពគ្នា លើវិធានការសំខាន់ៗចំនួន៣ដូចជា៖
-ពង្រីកការផ្សព្វផ្សាយ ណែនាំ និងអប់រំបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់លើមាត្រាជាក់លាក់មួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ផ្លូវថ្នល់ដែលពាក់ព័ន្ធនឹងបញ្ហាការដឹកលើសទម្ងន់កំណត់ នៅតាមដងផ្លូវការដឹកសំពីងសំពោង និងការដឹក ខ្សាច់ ក្រួស ថ្ម និងទំនិញផ្សេងៗដោយគ្មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឱ្យខូចខាតផ្លូវ ប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់តាមដងផ្លូវ។
-ផ្តួចផ្តើមនូវកិច្ចសហការគ្នា រវាងក្រុមការងារជញ្ជីងចល័តរបស់ក្រសួង សាធារណការនិងដឹកជញ្ជូន ក្រុមការងារក្រសួងរ៉ែនិងថាមពល និងនគរបាលចរាចរណ៍ តាមរយៈការបង្កើនការត្រួតពិនិត្យដោយមិនប្រាប់ជាមុនដើម្បីទប់ស្កាត់បញ្ហាដែលបានពិភាក្សាខាងលើតាមសមត្ថកិច្ចរបស់ស្ថាប័នរៀងៗខ្លួន។
-ពិនិត្យមើលអនុក្រឹត្យដែលមាន និងលទ្ធភាពក្នុងការកែសម្រួល បញ្ចូល សមាសភាពនគរបាលចរាចរណ៍ ទៅក្នុងក្រុមការងារជញ្ជីងចល័តដែលមានស្រាប់ ដើម្បីពង្រីកវិសាលភាពនិងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ផ្លូវថ្នល់។
សូមរំលឹកថា កាលពីថ្ងៃទី ០៩ខែមិថុនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានព្រមានចាត់វិធានការក្តៅលើក្រុមហ៊ុនដឹកជញ្ជូនកែច្នៃយានយន្តខុសបច្ចេកទេស ដែលដឹកលើសទម្ងន់ ដោយលោកថា ក្រសួងទុករយៈពេលតែ៣ខែប៉ុណ្ណោះចំពោះក្រុមហ៊ុនដឹកជញ្ជូនទាំងទ្បាយណាដែលបានកែច្នៃយានយន្តរបស់ខ្លួនខុសបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់គឺត្រូវឱ្យយានយន្តនោះស្របតាមស្តង់ដាបច្ចេកទេសទ្បើងវិញ៕