តួកគី៖ យោងតាមផ្សាយរបស់សារព័ត៌មាន CNN ដែលបានតាមដានព្រឹត្តការណ៍រដ្ឋប្រហារនៅប្រទេសតួកគី ហើយបានចេញផ្សាយព័ត៌មានចុងក្រោយបានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក Erdogan បានប្រកាសថា នៅពេលនេះរដ្ឋប្រហារដោយយោធាត្រូវបានបង្ក្រាប់ និងបញ្ចប់ទាំងស្រុងហើយ ហើយរដ្ឋាភិបាលក៏បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងផងដែរ។ យ៉ាងណាចំនួនអ្នកស្លាប់ក្នុងព្រឹត្តការណ៍រដ្ឋប្រហារនេះបានកើនដល់ ៩០នាក់ហើយ។
ទូរទស្សន៍ជាតិតួកគី បានផ្សាយផ្ទាល់នូវរូបភាពដែលកងកម្លាំងយោធាលើកដៃព្រមចុះចាញ់ ខណៈដែលកងកម្លាំងប៉ូលិសបានឡោមព័ទ្ធ និងចាប់ខ្លួនកងយោធាបានជាច្រើនទីតាំង។
យោងតាមទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍កាលនៅថ្ងៃសៅរ៍ ទី១៦កក្កដា នេះថា ចំនួនអ្នកស្លាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយពួកទាហានរបស់ទួរគី បានកើនឡើងដល់ ៩០នាក់ និង ១១៥៤ នាក់បានរងរបួស។ តាមទីភ្នាក់ងារដដែលនេះបានចេញផ្សាយថា ជើងហោះហើរទាំងអស់នៅក្នុងអាកាសយានដ្ឋាន Ataturk International Airport បានបើកឱ្យមានចរាចរណ៍ឡើងវិញដូចធម្មតា។
រីឯសារព័ត៌មាន Reuters ក៏បានរាយការណ៍មកថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមន្ត្រីប៉ូលិស ១៧នាក់ និងអ្នករងរបួស ១៥០នាក់។
ប្រធានាធិបតីតួកគីលោក Erdogan បាននិយាយដោយផ្ទាល់ទៅកាន់ពួកយោធាថា៖«យើងមិនអាចទទួលយកអ្នកណា ដែលយកកាំភ្លើងមកភ្ជង់ម្តាយខ្លួនឯងនោះទេ»។
ទោះជាបែបនេះក្តីលោក Erdogan នៅតែបញ្ជាក់ថា អ្នកដែលចូលរួមរដ្ឋប្រហារទាំងអស់ ត្រូវទទួលការតបស្នងតាមដែលពួកគេបានប្រព្រឹត្ត។
សូមបញ្ជាក់ថា ប្រធានាធិបតីតួកគីលោក Erdogan បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល និងបានទាត់ចោលការប៉ុនប៉ងធ្វើរដ្ឋប្រ ហារពីសំណាក់យោធាមួយក្រុមក្នុងរដ្ឋធានីអង់ការ៉ា និងក្រុងអ៊ីស្តង់ប៊ុល។ ប្រធានាធិបតី Erdogan ថែមទាំងចាត់ទុកសកម្ម ភាពប៉ុនប៉ងនេះ ជាអំពើក្បត់ជាតិទៀតផង។
តែយ៉ាងណារហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើខាងណាជាអ្នកឈ្នះឲ្យពិតប្រាកដនោះទេ ព្រោះទាំងភាគីយោធាធ្វើរដ្ឋប្រហារ និងមេដឹកនាំរដ្ឋាភិបាល សុទ្ធតែបានអះអាងពីការគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសបានរៀងៗខ្លួន។
លោក Erdogan មានវ័យ ៦១ ឆ្នាំ លោកបានចូលមកកាន់អំណាចក្នុងឆ្នាំ ២០០២ គឺមួយឆ្នាំបន្ទាប់ពីការបង្កើតគណបក្ស AK របស់លោក។ លោក Erdogan បានកាន់អំណាច ១១ ឆ្នាំជានាយករដ្ឋមន្ត្រីរបស់ប្រទេសតួកគី មុនក្លាយជាប្រធានាធិបតី ដោយឈ្នះការបោះឆ្នោតផ្ទាល់ជាលើកដំបូងរបស់ប្រទេសនេះកាលពីខែសីហាឆ្នាំ ២០១៤ ។
លោក Erdogan និងគណបក្សរបស់លោកមានការគាំទ្រយ៉ាងខ្លាំង ជាពីសេសគឺពួកមូស្លីមអភិរក្សនិយមរបស់ប្រទេសនេះ ប៉ុន្តែគាត់បានប្រឈមមុខនឹងការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅប្រទេស ជុំវិញការបង្ក្រាបដោយកម្លាំងជាញឹកញាប់មកលើអ្នករិះគុននោះ៕