ក្រុងតូក្យូៈ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់កាលពីរសៀលថ្ងៃសៅរ៍ទី២កក្តដាថា មានជនជាតិជប៉ុនចំនួនប្រាំពីរនាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលបានសម្រុកចូលភោជនីយ ដ្ឋានមួយកន្លែងស្ថិតក្នុងរដ្ឋធានីដាកាប្រទេសបង់ក្លាដេស។
ជនជាតិជប៉ុនទាំង៧នាក់នោះ គឺស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២០នាក់ផ្សេងទៀត ដែលត្រូវបានសម្លាប់។ ហើយភាគច្រើនអ្នកដែលបានបាត់បង់ជីវិតគឺជាជនបរទេស។ ហេតុការណ៍នេះបានកើតឡើងកាលពីរាត្រីថ្ងៃសុក្រ ទី០១ នៅក្នុងភោជនីយ ដ្ឋានមួយដែលមានភាពទាក់ទាញ និងមានប្រជាប្រិយភាពបំផុតសម្រាប់ភ្ញៀវទេសចរបរទេស។ ភ្លាមៗក្រោយកើតហេតុការណ៍នោះក្រុមឥស្លាមក៏បានចេញមុខប្រកាសទទួលស្គាល់ការប្រព្រឹត្តរបស់ខ្លួនផងដែរ។
ប្រធានខុទ្ទកាល័យលេខាធិការលោក Yoshihide Suga បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូថា៖«មន្ត្រីស្ថានទូតបានបញ្ជាក់ថា សាកសពជនជាតិជប៉ុនទាំងប្រាំពីរនាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរដ្ឋាភិបាលបង់ក្លាដេសដើម្បីរក្សាទុក»។
លោក Suga បន្តថា អ្នកស្លាប់ទាំងប្រាំពីរនោះមានបុរសប្រាំនាក់ និងស្ត្រីពីរនាក់ ហើយពួកគេគឺជាបុគ្គលិក នៃទីភ្នាក់ងាររដ្ឋា ភិបាលសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចៃកា(JICA) ដែលត្រូវមកបំពេញសកម្មភាពគម្រោងអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រនៅអាស៊ីភាគខាងត្បូងមួយនេះ។
លោក Suga បានបញ្ជាក់បន្ថែមដោយសូមមិនបញ្ចេញឈ្មោះជនរងគ្រោះទាំងនោះ លោកថាពួកគេជាមន្ត្រីរបស់អង្គការ (JICA) មែន ព្រោះមន្ត្រីស្ថានទូតជប៉ុនបានកំណត់អត្តសញ្ញាណពួកគេ តាមរយៈរូបថត និងទ្រព្យសម្បត្ដិដែលមានជាប់ខ្លួនក្នុងមន្ទីរពេទ្យ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសម្តែងទុក្ខក្រៀមក្រំរបស់លោក ចំពោះការវាយប្រហារនោះលោក Abe និយាយថា៖«ខ្ញុំមានអារម្មណ៍ខឹងយ៉ាងខ្លាំងដែលមនុស្សដែលគ្មានទោសពៃទាំងនោះ បានបាត់បង់ជីវិត នៅក្នុងអំពើភេរវកម្មក៏ឃោរ ឃៅបែបនេះ»។
សូមបញ្ជាក់ថា ចំណាប់ខ្មាំងចំនួន ១៣នាក់ ត្រូវបានជួយសង្គ្រោះនៅពេលដែលកងទ័ពបានវាយបំបែកភោជនីយដ្ឋានបន្ទាប់ពីការវាយប្រហារ។ ភាគច្រើននៃអ្នកស្លាប់ត្រូវបានគេកាប់ដោយអាវុធមុតស្រួចរហូតបាត់បង់ជីវិត។
ក្នុងប្រតិបត្តការណ៍ជួយសង្គ្រោះចំណាប់ខ្មាំង ក៏មានការការបាញ់តបតគ្នាយ៉ាងខ្លាំងផងដែរ រវាងកងកម្លាំងរំដោះជាមួយក្រុមខ្មាន់កាំភ្លើង។ ក្នុងការជួយសង្គ្រោះនេះ កងកម្លាំងរំដោះ ៦នាក់ បានបាត់បង់ជីវិត។
រដ្ឋាភិបាលជប៉ុនបាននិយាយថា មានពលរដ្ឋជប៉ុនម្នាក់ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការបោសសំអាតនោះ៕
ប្រភព AFP ។