en     km
en     km

ពលរដ្ឋ​ទ​ទួ​ច​ដល់​មន្ត្រី​អាជ្ញាធរ​រឹត​បន្តឹង​ការ​អនុវត្តន៍​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ខណៈ​តំបន់​មួយ​ចំនួន​កំពុង​អសន្តិសុខ​

Share

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ តាំងពី​ឆ្នាំ​ ២០០៨​មក​ ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ។​ បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​នេះ​ ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ ចំពោះ​គោលនយោបាយ​នេះ​ ។​ ទោះជា​យ៉ាងណា​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ ដូច​ជា​ ចោរ​ លួច​ ឆក់​ ប្លន់​ ស្ទើរ​រាល់ថ្ងៃ​ ។​

saft-Khom
បញ្ហា​នេះ​ បណ្តាល​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ មានការ​ព្រួយ​បារ​ម្ម​ណ៍​ និង​បាន​លើក​ឡើង​ថា​ គោលនយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ មាន​តែ​គោលនយោបាយ​តែ​គ្មាន​ការ​អនុវត្ដន៍​ឲ្យ​បាន​ល្អ​ប្រសើរ​ ព្រោះ​សព្វថ្ងៃ​តាម​ភូមិ​ឃុំ​ពួក​គាត់​រស់នៅ​ គឺ​មាន​ផលវិបាក​ជា​ច្រើន​តែ​គ្មាន​មន្ដ្រី​អា​ជ្ញ​ធរ​ ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ​នោះ​ទេ​ ។​ តើ​ពលរដ្ឋ​មាន​មតិ​យ៉ាងណា​ជុំវិញ​ការ​អនុវត្ដន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​?​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​របស់​ លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

 

«​សម្រាប់​ខ្ញុំ​អត់​ដឹងផង​ »​ «​ខ្ញុំ​ពេល​ឮ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ហ្នឹង​ ខ្ញុំ​គិត​ថា​ នឹង​លែង​មាន​ដាក់​បះ​ លែង​វ៉ៃ​គ្នា​អី​អ​ញ្ចឹ​ង​ តែ​តាម​ពិត​អត់​ផង​»​ «​តាម​ថា​វា​អត់​មាន​ប្រសិទ្ធិ​ភាព​អី​ខ្ពស់​ផង​ ដូច​ថា​ដាក់​នេះ​គ្រាន់តែ​ដាក់​ក្នុង​របៀប​ថា​ឲ្យ​ពលរដ្ឋ​ឃើញ​ថា​រាជរដ្ឋាភិបាល​បាន​ដាក់​ហើយ​ តែ​តាម​ពិត​វា​អត់​មាន​ប្រសិទ្ធិ​ភាព​អី​ផង​»​ ។​

​នេះ​ជា​សម្លេង​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​លើក​ឡើង​ពី​មតិយោបល់​របស់​ពួក​គេ​ជុំវិញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​មន្ដ្រី​ទាំងអស់​អនុវត្ដន៍​នៅ​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​ ។​

ស្ដ្រី​វ័យ​ ៤៩​ឆ្នាំ​ ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ដោយ​ដៃ​ម្ខាង​ពរ​កូន​ផង​នោះ​ គឺ​អ្នកស្រី​ ខុន​ ផល្លា​ បាន​រៀបរាប់​ថា​ គាត់​មិន​បានដឹង​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ទេ​ «​ខ្ញុំ​អត់​ដឹងផង​ខ្ញុំ​នៅ​តែ​ក្នុងផ្ទះ​ អត់​មាន​ទួ​រ​ទស្សន៍​ទេ​ខ្ញុំ​ទៅ​ដក់​ក្រអៅ​ឈួ​ក​ប៉េះ​ត្រ​គួ​ន​អី​បាត់ៗ​»​  ព្រោះ​ប្ដី​មិន​ជួយ​រកស៊ី​ចិ​ញ្ជឹ​ម​កូន​ទើប​អ្នកស្រី​រវល់​តែ​ការ​រក​ទទួលទាន​មិនដឹង​ពី​រឿងរ៉ាវ​ក្នុង​សង្គម​ «​ពិបាក​និយាយ​ដែរ​ប្ដី​ដើរ​បាត់ៗ​ពី​ផ្ទះ​ រាល់​ថ្ងៃជា​ជំហ​គ្រួសារ​ម្នាក់ឯង​ ចិញ្ចឹម​កូន​ម្នាក់ឯង​ ទុកដាក់​ក្នុង​គ្រួសារ​តែឯង​ ជួប​ទុក្ខ​លំបាក​ម្នាក់ឯង​ ធ្វើការ​ធ្ងន់​ធ្វើការ​ស្រាល​ម្នាក់ឯង​ មិន​មាន​ពេល​ទៅ​ស្ដាប់​រឿង​អី​ទេ​»​ ។​

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ គឺ​លោក​ ប៉ា​ល់​ មក​រា​ ដែល​សព្វថ្ងៃ​លោក​រស់នៅ​ក្នុងភូមិ​ ត្រពាំង​ថ្លឹង​ សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ បាន​និយាយ​ថា​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ រួច​មក​ ភាព​អសន្តិសុខ​ គឺ​មានការ​កាត់​បន្ថយ​ច្រើន​ ។​ លោក​ ប៉ា​ល់​ មក​រា​ សាទរ​ចំពោះ​គោលនយោបាយ​នេះ​ ហើយ​ក៏​ស្នើ​អោយ​អាជ្ញាធរ​ បន្ថែម​ការ​រឹត​បន្តឹង​ ទៅ​លើ​ភាព​អសកម្ម​មួយ​ចំនួន​ទៀត​ដែល​នៅ​សេសសល់​ ។​ «​បើ​គិត​ពី​ស្ថានភាព​តាំងពី​ឆ្នាំ​២០០៨​ ឆ្នាំ​ ២០០៩​ ខ្ញុំ​មើលទៅ​វា​មាន​ស្ថានភាព​មិន​ទាន់​ល្អ​ប្រសើរ​ច្រើន​ រញ៉េរញ៉ៃ​ ក៏​ប៉ុន្ដែ​បើ​មើល​ពី​ស្ថានភាព​រយៈពេល​ចុង​ក្រោយ​នេះ​ឃើញ​ថា​រាង​គ្រាន់បើ​ ដូច​ថា​ភាព​រញ៉េរញ៉ៃ​ក្នុងភូមិ​ឃើញ​ថា​បាន​កាត់​បន្ថយ​បាន​ច្រើន​ បើ​កាលពីមុន​មក​វា​មាន​ក្មេង​ស្ទាវ​មានអី​ច្រើន​ នៅ​សុខៗ​វា​ យក​ដំបង​មក​វ៉ៃ​គ្នា​ពាស់ទឹកពាស់ដី​អី​ក៏​មាន​ដែរ​ ហើយ​អត់​មាន​ឃើញ​ចាត់វិធានការ​អី​ទេ​ តែ​រយៈពេល​ចុង​ក្រោយ​នេះ​ឃើញ​មាន​សភាព​ស្ងប់ស្ងាត់​ច្រើន​»​

​រីឯ​ស្ដ្រី​វ័យ​ ៥៥​ ឆ្នាំ​ មួយ​រួប​ ដែល​កំពុង​ឈរ​បេះ​ត្រួយ​សំបូរ​ រស់នៅ​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ អ្នកស្រី​ ម៉​ន​ សុភាព​ លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ តំបន់​អ្នកស្រី​រស់នៅ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ មិន​ដូច​ពី​មុន​ ដែល​ធ្លាប់តែ​មាន​ចោរប្លន់​ ឬ​គាស់​ផ្ទះ​ជាដើម​នោះ​ បន្ទាប់​ពី​មាន​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ។​ «​ឥឡូវ​គេ​ចាប់​អស់ហើយ​ ម្ដុំ​នេះ​សុទ្ធតែ​មាន​ដែរ​តើ​កាលពីមុន​អ្នក​ជក់​ (​ថ្នាំ​ញៀន​)​  តែ​គេ​ចាប់​អស់ហើយ​ ស្ងាត់​ តែ​កាលពីមុន​ឃើញ​ដើរ​ទាំង​ហ្វូងៗ​ ក្មេងៗ​ ដល់​ឥឡូវ​ស្ងាត់​អស់ហើយ​អត់​មាន​ទេ​ ចា​ អត់​មាន​អ្នក​ណា​លួច​ អត់​មាន​អ្នក​ធើ​អី​ផង​អត់​មាន​ចោរ​អត់​ទេ​ ក្រៅ​ម្ដុំ​នេះ​ខ្ញុំ​មិន​អត់​ធានា​ទេ​ តែបើ​នៅ​ម្ដុំ​នេះ​គឺ​សុវត្ថិ​ភាពល្អ​»​ ។​

​ផ្ទុយ​ទៅ​វិញ​ លោក​ ស៊ា​ង​ ពូន​ រស់នៅ​ក្នុង​ខណ្ឌ​សែន​សុខ​នេះ​ដែរ​ យល់​ឃើញ​ខុស​ពី​អ្នកស្រី​ ម៉​ន​ សុភាព​ ។​ លោក​ ស៊ា​ង​ ពូន​ លើក​ឡើង​ថា​ នៅ​ខណ្ឌ​សែន​សុខ​នេះ​ គឺ​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ​ ព្រោះ​លោក​ទើបតែ​បាត់​កង់​មួយ​ នា​ពេល​ថ្មីៗ​នេះ​ ។​ លើស​ពី​នេះ​ទៀត​ មិត្ដភក្តិ​លោក​ ក៏​ត្រូវ​បាន​ចោរ​វាយ​យក​ទូរស័ព្ទ​ទៀត​ផង​។​ «​ចំពោះ​ការ​អនុវត្ដន៍​គឺ​មិន​បាន​ដូច​គោលការណ៍​ចេញ​មក​ទេ​ គោលការណ៍​គឺ​ល្អ​តែ​ការ​អនុវត្ដន៍​ហាក់ដូចជា​ផ្ទុយ​ស្រឡះ​ នៅ​ទី​នេះ​ប្រជាជន​មានការ​ភ័យ​ព្រួយ​ច្រើន​ឲ្យ​តែ​យប់​មិន​ទាន់​ពលរដ្ឋ​នាំ​គ្នា​ចូល​ផ្ទះ​អស់​ ហើយ​កាលពី​ជាង​កន្លះ​ខែ​មុន​ខ្ញុំ​ក៏​ត្រូវ​ចោរលួច​កង់​មួយ​ដែរ​ ហើយ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​មិត្ដភក្ដិ​ខ្ញុំ​ក៏​ត្រូវ​ម៉ូតូឌុប​វ៉ៃ​យក​ទូរស័ព្ទ​ទៀត​»​ ។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ ផា​ន​ ធា​ ពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​ស្នោរ​ សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និយាយ​ថា​ លោក​ក៏​មិន​ពេញចិត្ដ​ចំពោះ​ការ​អនុវត្ដន៍​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ដែរ​ ព្រោះ​លោក​មើលឃើញ​មាន​តែ​គោលនយោបាយ​ ប៉ុន្តែ​មន្ដ្រី​អាជ្ញាធរ​ មិន​ព្រម​អនុវត្ដន៍​ឲ្យ​បាន​ល្អ​នោះ​ឡើយ​ ។​ «​តាម​ការ​សង្កេត​យើង​ឃើញ​ថា​មាន​ក្មេង​ទំនើង​ច្រើន​ដែរ​ក្នុងភូមិ​របស់ខ្ញុំ​ អត់​មាន​ស្រែក​ឡូឡា​អី​ទេ​ ប៉ុន្ដែ​ប្រព្រឹត្ដិ​អំពើរ​មិនល្អ​ច្រើន​ មាន​វ៉ៃ​គ្នា​តាម​វត្ដ​ តាម​ផ្លូវ​អី​អ​ញ្ចឹ​ង​ ហើយ​ពេល​ដែល​ប៉ូ​លី​ស​ចាប់​ទៅ​ណែនាំ​បង់លុយ​បង់​អី​រួច​ហើយ​ លែង​មក​វិញ​ ហើយ​ភាគច្រើន​ការ​ជក់​ថ្នាំជក់​អីហ្នឹង​ក៏​មាន​ដែរ​តែ​ដូច​អត់​ឃើញ​មានការ​អើរ​ពើរ​អី​ទេ​»​ ។​

​ស្ថិត​ក្នុង​វ័យ​ ២០​ ឆ្នាំ​កញ្ញា​ ស្រី​នូ​ រស់នៅ​ខណ្ឌ​ ច្បារ​អំពៅ​ និង​ជា​បុគ្គលិក​ដែល​បម្រើ​ការងារ​វេន​យប់​មួយ​រូប​ មានការ​ព្រួយបារម្ភ​ខ្ពស់​ពី​សុវត្ថិភាព​របស់​កញ្ញា​ ស្ទើរ​រាល់ថ្ងៃ​ បន្ទាប់​ពី​ចេញពី​ធ្វើការ​ នៅ​ពេល​យប់​ ។​ ព្រួយ​បារ​ម្ម​ណ៍​ ព្រោះតែ​នៅ​ពេល​ថ្មីៗ​នេះ​ សាច់ញាតិ​របស់​កញ្ញា​ ត្រូវ​បាន​ចោរឆក់​កាបូប​លុយ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។​ កញ្ញា​បាន​សំនូមពរ​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ឱ្យ​រឹត​បន្តឹង​សន្តិសុខ​បន្ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ ស្រី​នូ​ មើលឃើញ​ថា​ បញ្ហា​អសន្តិសុខ​កើត​ឡើងជា​បន្តបន្ទាប់​ ដូច​ជា​ ចោរ​ ឆក់​ ប្លន់​ មាននៅ​គ្រប់​ទីកន្លែង​ ។​ «​ខ្ញុំ​ខ្លាច​តែ​ចោរឆក់​ប្លន់​ពេល​ធ្វើ​ដំណើរ​ ព្រោះ​យើង​ជា​ស្រី​ជិះ​ម៉ូតូ​យប់​ធ្វើការ​ចេញ​ម៉ោង​ ៧​ កន្លះ​ជួន​ម៉ោង​៨​  ខ្ញុំ​គិត​ថា​អត់​សុវត្ថិភាព​ទេ​ ព្រោះ​ដូច​ប្អូនជីដូនមួយ​ខ្ញុំ​ចឹ​ង​ត្រូវ​ចោរឆក់​កាបូប​ប្រហែល​ម៉ោង​ ៩​ ហ្នឹង​ ខ្ញុំ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ដន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង​តាំងពី​ថ្នាក់​ក្រោម​ជាតិ​ដល់​ថ្នាក់​ជាតិ​»​ ។​

​ជុំ​បញ្ហា​នេះ​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ទទួលស្គាល់​ថា​ ការ​អនុវត្ដន៍​របស់​មន្ដ្រី​តាម​ខណ្ឌ​មួយ​ចំនួន​ ពិតជា​នៅ​មិន​ទាន់​បាន​ល្អ​ប្រសើរ​មែន​ ។​ លោក​បាន​បញ្ជាក់​ដែរ​ថា​ សព្វថ្ងៃ​ថ្វីបើ​ការ​អនុវត្ដន៍​របស់​មន្ដ្រី​តាម​ខណ្ឌ​នៅ​មានការ​ឆក​ល្វែង​ខ្លះ​ក្តី​ ប៉ុន្ដែ​អាជ្ញាធរ​ មិន​ដែល​បន្ធូរ​ដៃ​ក្នុង​ការ​រក្សា​សន្ដិសុខ​ជួន​ពលរដ្ឋ​នោះ​ទេ​ ។​ «​ខ្ញុំ​ទទួលស្គាល់​ថា​យើង​មិន​ទាន់​បាន​ធ្វើ​អ្វី​ពេញចិត្ដ​យើង​នៅឡើយ​ទេ​ យើង​ត្រូវការ​ពេលវេលា​ហើយ​ ចន្លោះ​ពេល​ខ្លះ​ពួក​ជនល្មើស​វា​ឈ្លៀត​ធ្វើ​សកម្មភាព​ ប៉ុន្ដែ​បើ​យើង​និយាយ​ពី​ចំនួន​នៃ​ជនល្មើស​ដែល​យើង​ប្រឹង​បង្ការ​នឹង​បង្ក្រាប​នោះ​ឃើញ​ថា​សកម្មភាព​មានការ​ថយ​ចុះ​ ហើយ​ចំពោះ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ដិ​ល្មើស​ជា​និច្ច​ជា​កាល​គឺ​សមត្ថកិច្ច​តែងតែ​ស្រាវជ្រាវ​ចាប់​បាន​ច្រើន​ជាង​មុន​ ហើយ​យើង​សង្ឃឹមថា​លទ្ធិ​ផល​ហ្នឹង​កាន់តែ​ល្អ​ទៅៗ​»​ ។​

​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន​រាជរដ្ឋាភិបាល​ អនុម័ត​ឲ្យ​អនុវត្ដន៍​កាលពី​ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ ដោយ​ក្នុង​នោះ​មាន​ប្រាំ​ចំណុច​ ទី​១​ គ្មាន​សកម្មភាព​លួច​ ឆក់​ ប្លន់​គ្រប់​ប្រភេទ​ ទី​២​ គ្មាន​ការ​ផលិត​ ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ទី​៣​ គ្មាន​អំពើ​អនាចា​រ្យ​ ការ​ជួញដូរ​ស្ដ្រី​ និង​កុមារ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ទី​៤​ គ្មាន​ក្មេង​ទំនើង​ និង​ទី​៥​ គ្មាន​ការ​លែង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់យ៉ាង​ក្នុង​ប្រទេស​ ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​ បទល្មើស​គ្រប់​ប្រភេទ​ជាដើម​ ៕

Share

Image
Image
Image