en     km
en     km

យុវជន​ទ​ទួ​ច​ឱ្យ​រដ្ឋាភិបាល​ និង ​សង្គម​ស៊ី​វិល​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្តឱ្យបានច្រើន

Share

​ភ្នំពេញ​៖​ ទោះបីជា​កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ បាន​បង្កើត​ឱកាស​ការងារ​ស្ម័គ្រ​ចិត្ត​ជា​​ច្រើន​​ដល់​​យុវជន​ តែ​ឱកាស​ការងារ​ស្ម័គ្រចិត្ត​ទាំងនេះ​នៅ​មិន​ទាន់​បំពេញតម្រូវការ​របស់​យុវជន​គ្រប់គ្រាន់​ឡើយ​ ។​ ក្រុម​យុវជន​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ត្រូវ​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​បន្ថែម​ទៀ​ត​​ជូន​​ពួក​គេ​។​ ការ​លើក​ឡើង​ដូច្នេះ​ នៅ​ក្នុង​វេទិកា​តម្រង់​ទិស​ការងារ​ស្ម័គ្រចិត្ត​យុវជន​ស្តី​ពី​ «​យុវជន​ និង​ឱកាស​ហ្វឹក​ហាត់​​ការងារ​»​ នា​ព្រឹក​ថ្ងៃ​ អាទិត្យ​ទី​ ២៦​ ខែមិថុនា​ នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​ ២​ រាជធានី​ភ្នំពេញ​ ។​ ចំណែក​មន្ត្រី​តំ​ណា​ង​​រដ្ឋា​ភិ​បា​ល​ និង​ អង្គការ​សង្គម​ស៊ី​វិល​ បាន​គាំទ្រ​ចំពោះ​សំណើ​របស់​ក្រុម​យុវជន​។​

 

Youth-Vouneteer-Job-WMC

​ខណៈ​ប្រទេស​កម្ពុជា​បាន​ចូល​ក្នុង​សមាហរណកម្ម​អាស៊ាន​នា​ពេល​កន្លង​មកនេះ​ ក្រុម​យុវជន​ដែល​ជា​និស្សិត​មួយ​ចំនួន​ បាន​ស​ម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ឱកាស​ការងារ​របស់​ខ្លួន​ ជា​ពិសេស​ទីផ្សារ​ការងារ​កាន់តែ​ចង្អៀត​បន្ថែម​ទៀត​។​ ដោយ​សា​រ​​តែ​បញ្ហា​នេះ​ក្រុម​យុវជន​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ និង​ អង្គការ​សង្គម​ស៊ី​វិល​ត្រូវ​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​បន្ថែម​ទៀ​​ត​​ទៅ​​ដល់​យុវជន​ដើម្បី​ជាដើម​ទុន​មុន​ពេល​ពួក​គេ​ចេញ​ទៅ​ធ្វើ​ការងារ​ខាងក្រៅ​។​

​និ​ស្សិ​ត​ឆ្នាំ​ទី​ ០៣​ នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ជំនាញ​ច្បាប់​ និង​ជា​អ្នកធ្វើការ​ងារ​ស្ម័គ្រចិត្ត​នៅ​អង្គ​​ការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ ហៅ​កាត់​ថា​ YCC​ លោក​ ជា​ ចំរុង​ បាន​និយាយ​ថា​ ការ​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​ គឺជា​រឿង​​សំខាន់​ដែល​រដ្ឋាភិបាល​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​បន្ថែម​ដល់​យុវជន​ ខណៈ​ការ​បង្កើត​ឱ​កា​ស​​ការងារ​ស្ម័គ្រចិត្ត​នេះ​នៅ​តែ​មាន​កម្រិត​នៅ​ទ្បើ​យ​។​

​យុវជន​រូប​នេះ​បន្ត​ថា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រួម​មាន​ ស្ថាប័នរដ្ឋ​ ស្ថាប័នឯកជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ត្រូវ​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​អាច​មានឱកាស​ការងារ​ស្ម័គ្រចិត្ត​កាន់តែ​ច្រើន​ថែម​ទៀត​។​ «​ស្នើ​ទៅ​ក្រសួង​ស្ថាប័ន​ ក្រសួង​រដ្ឋ​របស់​យើង​មាន​២០​ជាង​ក្រសួង​ ក្រសួង​គួរតែ​ជា​បង្គោល​មួយ​សំរាប់​ទំនាក់​តាម​បណ្តា​សាកលវិទ្យាល័យ​ ឧបមា​ថា​ក្រសួង​អប់រំ​ចុះ​គាត់​តែ​ជា​អ្នក​ទំនាក់ទំនង​ការទូត​មួយ​ឱ្យ​យុវជន​ ឱ្យ​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ហើយ​គាត់​ធ្វើការ​សហការ​ជាមួយ​ខាង​សង្គម​ស៊ី​វិល​ទំនាក់ទំនង​សហគ្រាស​ឯកជន​…​ »​។​

ចំណែក​យុវតី​ អ៊ុំ​ ស្រី​រដ្ឋ​ សិក្សា​ឆ្នាំ​ទី​ ០២​ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ ជំនាញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ជា​អ្នកធ្វើការ​ងារ​ស្ម័​គ្រ​​ចិត្ត​នៅ​អង្គការ​សមាគមនារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​អនាម័យ​ បាន​និយាយ​ថា​ យុវជន​ពិតជា​ត្រូវការ​ឱកាស​ការងារ​ស្ម័គ្រ​ចិ​ត្​ត​​​ពី​​ស្ថា​ប័ន​រដ្ឋ​ ស្ថាប័នឯកជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ព្រោះ​ការ​ផ្តល់​ឱកាស​ការងារ​ស្ម័គ្រចិត្ត​គឺជា​ចំណុច​ផ្តើម​ឱ្យ​យុវជន​ស្គា​ល់​​​​ពី​​ការ​​អនុវត្ត​​ការងារ​ ដែល​ជា​គ្រឹះ​ពង្រឹងសមត្ថភាព​មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រ​ទ្បូ​ក​ការងារ​ខាងក្រៅ​។​

​យុវតី​រូប​នេះ​បន្ត​ថា​ ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ដល់​យុវជន​ ដូច្នេះ​ក្រសួង​ និង​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ត្រូវ​តែ​បន្ត​បង្កើត​ឱកាស​កា​ងារ​ស្ម័គ្រចិត្ត​បន្ថែម​ទៀត​ដល់​យុវជន​។​ «​សំរាប់​ការ​ធ្វើ​ Volunteers​  ហ្នឹង​មាន​ប្រយោជន៍​ដល់​យុវជន​ដូច​ជា​រូប​ខ្ញុំ​ផ្តល់​ជា​បទ​ពិសោធន៍​យើង​អាច​ដឹង​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ការ​ផ្តល់​បទ​ពិសោធន៍​ដល់​យុវជន​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ចង់ឱ្យ​ក្រសួង​ស្ថាប័ន​បង្កើត​ឱកាស​ការងារ​ឱ្យ​គាត់​បាន​ធ្វើ​ »​។​

Youth-Vouneteer-Job-WMC2

ក្នុង​ឱកាស​នោះ​ដែរ​ នាយករង​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា​ លោក​ ទ្បេ​ង​ វី​រៈ​ ទទួលស្គាល់​ថា​ ការ​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​គឺ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ លោក​ ទ្បេ​ង​ វី​រៈ​ បន្ត​ថា​ លោក​គាំទ្រ​នឹង​ការ​ស្នើ​របស់​យុវជន​ដែល​ចង់ឱ្យ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​បន្ត​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ត​បន្ថែម​ជូន​យុវជន​។​

​លោក​ ទ្បេ​ង​ វី​រៈ​ បន្ថែម​ទៀត​ថា​ ការងារ​ស្ម័គ្រចិត្ត​មាន​ផលប្រយោជន៍​ពីរ​សំខាន់​ ហើយ​ផលប្រយោជន៍​នោះ​រួម​មាន​៖​ ទី​មួយ​គឺ​ផលប្រយោជន៍​ជា​តម្លៃ​មួយ​ដែល​អ្នក​ដទៃ​មិន​អាច​វាយតម្លៃ​ កាត់ថ្លៃ​បាន​,​ ទី​ពីរ​ គឺ​ទទួល​បាន​បទ​ពិសោធន៍​មួយ​ចំនួន​ផ្សេងៗ​ទៀត​សម្រាប់​ជីវិត​របស់​ខ្លួនឯង​ផ្ទាល់​។​ បើ​តាម​លោក​ វី​រៈ​ ដើម្បី​រួមចំណែក​បង្កើត​ឱកាស​ការងារ​ស្ម័គ្រចិត្ដ​ទៅ​ដល់​យុវជន​នោះ​ អង្គការ​របស់​លោក​មាន​ទស្សនៈវិស័យ​ដូច​ជា​៖​ «​ក្នុង​នាម​ជា​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​កម្ពុជា​គឺ​យើង​បាន​បោះ​ជំហាន​យ៉ាង​វែង​ ហើយ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​ ដើម្បី​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​មានឱកាស​ការងារ​ស្ម័គ្រចិត្ត​ហ្នឹង​ អ​ញ្ចឹ​ង​បាន​យើង​មាន​ partnership​ ជាមួយ​សាកលវិទ្យាល័យ​ ជាមួយនឹង​យុវជន​ដែល​គាត់​ឈប់​រៀន​ដែល​គាត់​នៅ​តាម​សហគមន៍​ផ្សេងៗ​អ​ញ្ចឹ​ង​ទេ​គឺជា​ផ្នែក​មួយ​នៃ​ Built​ capacity​ ទៅ​ជាមួយ​គ្នា​…»​។​

ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​យុវជន​នេះ​ដែរ​ អគ្គលេខាធិការ​រង​នៃ​អគ្គនាយកដ្ឋាន​យុវជន​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ចឹក​ លី​ម​ បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ី​វិល​គឺជា​ដៃគូរ​មួយ​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួមចំណែក​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ចឹក​ លី​ម​ បន្ត​ទៀត​ថា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​នោះ​ ក្រសួង​អប់រំ​បាន​បង្កើត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ ហើយ​គោ​លន​យោ​យ​មួយ​នេះ​មាន​១២​យុទ្ធសាស្ត្រ​។​ ក្នុង​ចំណោម​១២​យុទ្ធសាស្ត្រ​នេះ​មានការ​ងារ​អ​ទិ​ភាព​មួយ​គឺ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​ផង​ដែរ​។​

​សូម​ជំរាប​ថា​ វេទិកា​តម្រង់​ទិស​ការងារ​ស្ម័គ្រចិត្ត​យុវជន​ស្តី​ពី​ «​យុវជន​ និង​ ឱកាស​ហ្វឹកហាត់​ការងារ​»​ ធ្វើ​ទ្បើ​ង​ក្នុង​គោល​បំណ​ង​ លើកកម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អំពី​សារៈសំខាន់​នៃ​ការ​ហ្វឹកហាត់​ការងារ​ស្ម័គ្រចិត្ត​ និង​ជម្រុញ​ពួក​គេ​ឱ្យ​ចូលរួម​សកម្ម​ភាព​​​ហ្វឹកហាត់​ការងារ​ និង​ស្ម័គ្រចិត្ត​ ផ្តល់​ឱកាស​ដល់​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​យុវជន​នានា​ បាន​ចែករំលែក​ ឬ​បង្ហាញ​នូវ​ការ​អនុវត្ត​ន៍​​របស់​ខ្លួន​ ព្រមទាំង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​យុវជន​ជាមួយ​ស្ថាប័ន​ទាំង​ទ្បា​យ​លើ​ការងារ​ស្ម័គ្រចិត្ត​ និង​ហ្វឹកហាត់​ការងារ​ដែ​ល​​មាន​យុវជន​ចូលរួម​ជាង​ ៣០០​ នាក់​៕

 

 

 


Share

Image
Image
Image