en     km
en     km

អាជ្ញាធរ​អប្សរា​ បញ្ជាក់​ថា​ ទូក​បុរាណ​ដែល​រក​ឃើញ​នៅ​តំបន់​អង្គរ​ ធ្វើ​ឡើង​ក្នុង​រាជ្យ​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​

Share

​ទូក​បុរាណ​ដែល​ប្រទះ​ឃើញ​កាលពី​ខែមេសា​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប​ គឺ​ធ្វើ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ក្នុង​ឆ្នាំ​១២០៧​។​ នេះ​បើ​យោង​តាម​ប្រកាស​លទ្ធផល​សិក្សា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ នា​ពេល​ថ្មីៗ​នេះ​ ។​

oldboat
​ទូក​បុរាណ​ដែល​ប្រទះ​ឃើញ​កាលពី​ខែមេសា​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប​។ រូបភាពពី៖ Facebook
បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ អាយុកាល​នៃ​ទូក​បុរាណ​នេះ​ បាន​មក​ពី​លទ្ធផល​នៃ​ការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ដោយ​ប្រព័ន្ធ​វិទ្យាសាស្ត្រ​កាបូន​១៤​ ដែល​មាន​ភាព​សុក្រឹត​ និង​ច្បាស់​បំផុត​ ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យ​ដឹង​ទៀត​ថា​ ទូក​បុរាណ​ដែល​បាន​កប់​ក្នុង​ដី​ជម្រៅ​៧​ម៉ែត្រ​នេះ​ ជា​ប្រភេទ​ទូក​ឃ្លោង​ ធ្វើ​ពី​ដើម​គគីរ​មួយ​ដើម​ទាំងមូល​ មាន​ប្រវែង​១២,៨៣​ម៉ែត្រ​។​ ចំពោះ​ទីតាំង​ដែល​រក​ឃើញ​ គឺជា​អតីត​ស្ទឹង​ពួក​ចាស់​ ជាប់​នឹង​ស្ទឹង​សៀមរាប​ ហូរ​ទៅ​កាន់​ស្រុក​ពួក​។​

​លោក​ សុខ​ សង្វារ​ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា​ លទ្ធផល​ដែល​ទទួល​បាន​នេះ​ជា​ទិន្នន័យ​ដ៏​សំខាន់​ ដែល​មានគុណ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សាធារណជន​ និង​អ្នក​ស្រាវជ្រាវ​ ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​អាណាចក្រ​ខ្មែរ​ ជា​ពិសេស​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​

​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​ ដើម្បី​ធ្វើ​យ៉ាងណា​រក​មធ្យោបាយ​តាំងពិព័រណ៍​ឱ្យ​សាធារណជន​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ បាន​ទស្សនា​ និង​ទទួល​ព័ត៌មាន​លម្អិត​អំពី​ទូក​បុរាណ​នេះ​។​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​រក​ទីកន្លែង​ដើម្បី​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថ្មី​ដោយឡែក​ ឬ​សារមន្ទីរ​ដែល​មាន​ស្រាប់​ ដូច​ជា​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ​ និង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​ ឬ​តាំង​ចល័ត​ឆ្លាស់គ្នា​ដើម្បី​ឱ្យ​ភ្ញៀវ​ទាំងអស់​បាន​ទស្សនា​ទូក​បុរាណ​ផង​ បាន​ទស្សនា​ពិព័រណ៍​ផ្សេងៗ​ក្នុង​សារមន្ទីរ​ទាំងនោះ​ផង​៕​

Share

Image
Image
Image