ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់ត្រូវបានគេបដិសេធការងារចំនួន ៣០ លើក ក្រោយបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ហើយក្នុងនោះ ក៏មានហាងអាហារសម្រន់ KFC មួយផងដែរ។ នេះបើយោងតាមបទសម្ភាសន៍របស់ Ma ក្នុងកម្មវិធី Television Talk Show របស់លោក Charlie Rose កាលពីឆ្នាំមុន។
អ្នកមាននៅស្រុកចិនរូបនេះ បាននិយាយថា៖ “ខ្ញុំដាក់ពាក្យធ្វើប៉ូលិស ពួកគេនិយាយថា អ្នកឯងមិនសមនឹងការងារនេះទេ។ ខ្ញុំក៏បានទៅ KFC ពេលខ្ញុំមកស្រុកកំណើតវិញ។ មនុស្ស ២៤នាក់ ទៅដាក់ពាក្យ។ មនុស្ស ២៣នាក់ ត្រូវគេទទួលយក។ ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលធ្លាក់…”។
ចុងក្រោយអ្នកជំនួញរូបនេះ បង្កើត Alibaba នៅឆ្នាំ ១៩៩៨។ ពេលនោះលោកជួបឧបសគ្គជាច្រើន និងប្រឈមការខាតបង់រយៈពេល ៣ ឆ្នាំដំបូង។ យ៉ាងណាក៏ដោយ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនរបស់ Ma ទាក់ទាញអតិថិជនបាន ១០០លាននាក់ក្នុងមួយថ្ងៃ ៕
ប្រភព៖ news.sabay.com.kh