ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក មុំ អំណត់ បានថ្លែងថាវិស័យកសិកម្មនៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើន ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង «អភិក្រមគោលនិយបាយគាំទ្រជនក្រីក្រ ដើម្បីឆ្លើយតប និងហានិភ័យ និងភាពងាយរងគ្រោះនៅថ្នាក់ជាតិ» នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវបានគេដឹងថា ភាគច្រើនជាកសិករប្រកបរបរជាកសិកម្មគឺជាង៨០ភាគរយ ។
ដោយសារតែប្រជាពលរដ្ឋភាគច្រើនជាកសិករគឺ វិស័យកសិកម្ម កម្ពុជានៅតែដើរតូនាទីសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយក៏ជាជន្ទុលទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ ។ នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គឺលោក មុំ អំណត់ ។
លោក មុំ អំណត់ មានប្រសាសន៏ថា វិស័យកសិកម្មនៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយវិស័យនេះក៏បានជួយទ្រទ្រង់ឱ្យមានកំណើនសេដ្ឋកិច្ចជាតិផងដែរ ។
លោក មុំ អំណត់ បន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការបន្តអភិវឌ្ឍនិងការបង្កើនតំលៃបន្ថែមនៅវិស័យកសិកម្ម គឺជាការងារអទិភាពមួយ ក្នុងចំណោមបណ្តាការងារ អទិភាពនានាដែលក្នុងនោះរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើនតំលៃបន្ថែម នៃការផលិតនិងការនាំចេញអង្ករ ក៏ដូចជាកសិផលដែលមានតំលៃខ្ពស់ដទៃទៀត ។
លោក មុំ អំណត់បានផ្តល់អនុសាសន៍ថាដើម្បីចូលរួមចំណែកលើក កម្ពស់ការផលិតកសិផលរបស់កសិករឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសអាចទទួលប្រាក់កម្រៃសមស្របទៅនឹងកម្លាំងផលិតនោះគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋអង្គការសង្គមស៊ីវិល និងកសិករខ្លួនឯងផ្ទាល់គឺចាំបាច់ត្រូវចូលរួមសហការទាំងអស់គ្នា ជាពិសេសការពង្រឹងសមត្ថភាពមន្ត្រីជំនាញ នៅក្នុងស្ថាប័នពាក់ព័ន្ធគឺជាភាពចាំបាច់ដើម្បីឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោក មុំ អំណត់៖ «ការជួយគាំទ្រឱ្យកសិករខ្នាតតូចមានលទ្ធភាព ផលិតក្នុងលក្ខណៈប្រមូលផ្តុំ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចកាត់បន្ថយថ្លៃដើមផលិតកម្មមានសំលេងតែមួយក្នុងការចចារជាមួយទីផ្សារ ព្រមទាំងចូលរួមនៅខ្សែចង្វាក់តម្លៃកសិកម្ម›› ។
ចំណែកអ្នកសម្របសម្រួលប្រតិបត្តិការ តំណាងអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថា (FAO) លោក Etienne Careme បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថាដើម្បីចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋកសិករក្រីក្រ ជាពិសេសកសិករខ្នាតតូចដែលកំពុងជួបបញ្ហាប្រឈមនានា អង្គការស្បៀងអាហារនិងកសិកម្មនិងដៃគូរពាក់ព័ន្ធផ្សេងៗទៀត នឹងចូលរួមចែករំលែកបទពិសោធន៍នានាទៅដល់ប្រជាពលរដ្ឋជាកសិករឱ្យបានយល់ដឹងបន្ថែមពីការធ្វើកសិកម្ម ។
លោក Etienne Careme បន្តថាភាពក្រីក្រកើតទ្បើងភាគច្រើនៅតាមតំបន់ជនបទដែលប្រកបរបរកសិកម្ម ។
លោក Etienne Careme ៖«ដោយសារតែគម្រោងនេះគឺថានឹងអាចផ្តល់ការគំាទ្រដល់ការលើកកម្ពស់សមត្ថភាពរបស់មន្រ្តីរដ្ឋាភិបាលតាមរយៈ ការបណ្តុះបណ្តាលក្នុងប្រទេស និងការបណ្តុះបណ្តាលតាមថ្នាក់តំបន់ ក៏ដូចដំណើរទស្សនៈកិច្ចសិក្សាផ្សេងៗដើម្បីធានាឱ្យមានការប្តេជ្ញាចិត្តចំពោះប្រជាពលរដ្ឋក្រីក្រ ឬការសិក្សានៅជំនាញបញ្ហាផ្សេងៗទៀតទងនឹងការលើកកម្ពស់ការផលិតរបស់កសិករ» ។
ទាក់ទងការលើកទ្បើងខាងលើនេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម លោក សំ វិទូ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។
លោក សំ វិទូ បន្តថា ប្រជាកសិករភាគច្រើននៅតែពឹងផ្អែករបរកសិកម្ម ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទមានប្រជាកសិករប្រមាណជាង ៨០ភាគរយដែលនៅតែពឹងផ្អែកលើផ្នែកកសិកម្មជាធំនេះជាផ្នែកមួយក្នុងការរកប្រាក់ចំណូលក្នុងគ្រួសារ ។
លោក សំ វិទូក៏បានបញ្ជាក់ផងដែរថា ប្រជាកសិករនៅតែមានជួបបញ្ហាប្រឈមមួយចំនួនជុំវិញការធ្វើកសិកម្មរបស់ខ្លួន ។ លោកក៏បានផ្តល់អនុសាសន៍ដើម្បីឱ្យកសិករអាចទទួលបានការផលិតមានប្រសិទ្ធភាពនោះដៃគូរពាក់ព័ន្ធផ្សេងទាំងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលត្រូវចូលរួមចែករំលែកចំណេះដឹងទៅដល់ពួកគេឱ្យដូចជា ៖
លោក សំ វិទូ៖ «ទី០១គឺយើងត្រូវតែបង្កើនចំណេះដឹងនៅលើវិស័យកសិកម្ម ទៅដល់ប្រជាកសិករយើង ទី០២ គឺទាក់ទងនឹងប្រព័ន្ធធារាស្ត្រ ប្រព័ន្ធធារាស្ត្រគឺយើងគួរតែផ្តោតទៅលើទី០១យើងជម្រុញឱ្យមានស្រះរក្សានៅតាមគ្រួសារដើម្បីធ្វើយ៉ាងណាឱ្យគាត់មានទឹកគ្រប់គ្រាន់ ទី០៣ គាត់ត្រូវធ្វើដំណាំចម្រុះដោយមិនត្រូវពឹងផ្អែកតែលើស្រូវតែមួយមុខនោះទេ..» ។
សូមជំរាបផងដែរថាគម្រោង «អភិក្រមគោលនយោបាយគាំទ្រជនក្រីក្រ ដើម្បីឆ្លើយតប និងហានិភ័យ និងភាពងាយរងគ្រោះនៅថ្នាក់ជាតិ›› នេះធ្វើទ្បើងនៅ ៤ ប្រទេសរួមមានដូចជាប្រទេសសកម្ពុជា ប្រទេសទ្បាវ ប្រទេសនេប៉ាល់ និងប្រទេសវៀតណាម ដោយជំនួយឧបត្ថម្ភ ពី អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ថា (FAO) ៕