en     km
en     km

សង្គម​ស៊ី​វិល​មួយ​ចំនួន​ជំរុញ​ឱ្យ​យុវជន​ហ៊ាន​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​

Share

​ភ្នំពេញ​៖​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​យុវជន​ ជំរុញ​ឱ្យ​យុវជន​ត្រូវ​ហ៊ាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ ដើម្បី​ចូលរួម​លើ​កម្ពស់​អភិបាលកិច្ច​ល្អ​ ខណៈ​សង្គម​ស៊ី​វិល​ទាំងនោះ​យល់​ឃើញ​ថា​ យុវជន​មានចំណេះ​ដឹង​ច្រើន​ អាច​ចែករំលែក​ព័ត៌មាន​ទៅ​ដល់​បុគ្គល​ផ្សេង​ទៀត​ដែល​មិន​ទាន់​បានដឹង​។​ ការ​ជំរុញ​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ព្រឹត្តិការណ៍​អ៊ិ​ន​ធឺ​ណិ​ត​បើក​ទូលាយ​ ក្រោម​ប្រធានបទ​ «​យុគសម័យ​អ៊ិ​ន​ធឺ​ណិ​ត​និង​សិទ្ធិ​មនុស្ស​»​ នា​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ នៅ​សាលារៀន​អន្តរ​ទ្វីបអាមេរិក​កាំ​ង​។​

Open-Cyber-Talk-WMC

​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​បាន​ដើរតួ​នាទី​​សំខាន់​​ណាស់​ក្នុង​ការ​​ជំរុញ​ឱ្យ​មាន​​សេរីភាព​ លទ្ធិប្រជាធិបតេយ្យ​ ក្នុង​នោះ​​ទៀត​​សោត​ប្រព័ន្ធ​​អ៊ិ​ន​​ធឺ​ណិ​ត​​ក៏​​បាន​​រួម​ចំណែក​​ក្នុង​​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​នៅ​ក្នុ​សង្គម​កម្ពុជា​ផង​ដែរ​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ការ​តស៊ូ​មតិ​នៅ​ពេល​មានការ​រឹតត្បិត​សេរីភាព​ណាមួយ​កើត​ទ្បើ​ង​នៅ​ក្នុង​សង្គម​កម្ពុជា​។​

​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ CCIM​ លោកប៉ា​ ងួ​ន​ទៀង​ បាន​មាន​ប្រសា​សន៍​​ថា​ ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​គឺជា​រឿង​សំខាន់​ដែល​យុវជន​ត្រូវ​តែ​យកចិត្តទុកដាក់​។​

​លោកប៉ា​ ងួ​ន​ទៀង​ បន្ត​ថា​ ទោះបីជា​មានការ​គំរាមកំហែង​បាន​កើត​ទ្បើ​ង​នា​ពេល​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ក៏​ដោយ​ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឱ្យ​យុវជន​ មិន​ត្រូវ​មានការ​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ​។​

​បើ​តាម​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​ចូលរួម​បញ្ចេញ​មតិ​​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ ធ្វើ​ឱ្យ​សង្គម​មាន​អភិបាលកិច្ច​ល្អ​ ហើយ​ដើម្បី​ឱ្យ​សង្គម​មាន​អភិបាលកិច្ច​ល្អ​នេះ​ទាល់តែ​រាជ​រដ្ឋា​ភិ​បា​ល​​ សង្គម​ស៊ី​វិល​ និង​យុវជន​ត្រូវ​ចូលរួម​សហការ​គ្នា​ដើម្បី​ជា​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចំរើន​។​

«​រដ្ឋាភិបាល​សង្គម​ស៊ី​វិល​គឺ​ប្រើប្រាស់​តួនាទី​ខ្លួនឯង​ជា​ដៃគូរ​វិញ​  ជា​យន្តការ​នៃ​ការ​ចែកចាយ​ព័ត៌មាន​ឬ​ការ​ចែកចាយ​គំនិត​ស្ថា​ប័​​ន​​​មួយៗ​រដ្ឋាភិបាល​ក៏​ដោយ​ សង្គម​ស៊ី​វិល​ក៏​ដោយ​គឺ​គ្រប់​ព័ត៌មាន​ គ្រប់​គោល​គំនិត​តាម​រយៈ​សេចក្តីថ្លែងការណ៍​ផ្សេងៗ​គួរ​តែ​​ដាក់​ក្នុង​អ៊ិ​ន​ធឺ​ណិ​ត​ ក្នុង​វេ​ប​សាយ​របស់​ខ្លួន​…»

Open-Cyber-Talk3-WMC

​ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ឱ​ក​ សេរី​សុ​ភ័​ក្រ​ មាន​ប្រសាសន៍​ថា​ យុវជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​មានឱកាស​ច្រើន​នៅ​ក្នុង​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ ប៉ុន្តែ​លោក​ថា​ ទន្ទឹម​នឹង​មានឱកាស​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ យុវជន​ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្សេងៗ​ទៀត​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញមតិ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ​ជា​ពិសេស​ត្រូវ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញមតិ​។​

«​ព្រោះ​ឥទ្ធិពល​ដែល​ការ​ផ្សព្វ​ផ្សា​ហ្នឹង​ជះ​ទៅ​លើ​មនុស្ស​រាប់​លាន​នាក់​យុវជន​ដែល​ជា​សសរទ្រូង​របស់​ជាតិ​ហ្នឹង​នឹង​ទាមទារ​ឱ្យ​មាន​អ្នកដឹកនាំ​ខ្លួនឯង​មាន​ត្លា​ភាព​ អ្នក​ណា​តម្លាភាព​គាត់​នឹង​បោះ​ឆ្នោត​អោយ​ អ្នក​ណា​មិន​តម្លាភាព​គាត់​ឈប់​បោះ​ឆ្នោត​ឱ្យ​..»​។​

​យុវតី​ព្លៀ​វ​ អង្គា​ សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ០៤​ ជំនាញ​ច្បាប់​ បាន​និយាយ​ថា​ សេរីភាព​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​ នៅ​មានការ​រឹតត្បិត​នៅ​ទ្បើ​យ​ ជា​ពិសេស​ការ​បញ្ចេញមតិ​ទាក់ទង​ទៅ​នឹង​បញ្ហា​នយោបាយ​។​

​យុវតី​អង្គា​ បន្ថែម​ទៀត​ថា​ ការ​ចូលរួម​បញ្ចេញមតិ​ទៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​មាន​ដូច​ជា​ ​ហ្វេ​ស​ប៊ុ​ក​ ឬ​ ធ្វី​ត​ធឺ​ជាដើម​ មាន​​សារៈ​​ប្រ​យោ​ជន៍​ច្រើន​​ទៅ​ដល់​សង្គម​ ព្រោះ​ការ​ចែករំលែក​ព័ត៌មាន​នឹង​ធ្វើ​ឱ្យ​សង្គម​មាន​តម្លាភាព​ត្រឹមត្រូវ​ និង​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​បំណង​ខិលខូច​លែង​ហ៊ាន​ប្រព្រឹត្តិ​ជាដើម​។​

​យុវតី​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ឱ្យ​ទូលាយ​នៅ​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​។​ «​មាន​ផលប្រយោជន៍​ច្រើន​ទាក់ទ​ង​​នឹង​​សង្គម​លក្ខណៈ​ថា​ ដូច​អ្នកខ្លះ​គាត់​នៅ​តាម​ជនបទ​គាត់​អត់​សូវ​យល់​ដឹង​ពី​ប្រព័ន្ធ​អី​នោះ​ទេ​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មាន​ហ្វេ​ស​ប៊ុ​ក​គាត់​អាច​ like​ ឬ​ share​ អីចឹង​អាហ្នឹង​ក៏​អាច​ជួយ​សង្គម​មួយ​ផ្នែក​ផង​ដែរ​..»​។​

Open-Cyber-Talk2-WMC

​ទាក់ទង​នឹង​កា​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​អ៊ុ​ក​ គឹ​ម​សេង​ ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទទួល​បាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ល្អ​ប្រសើរ​ច្រើន​ជាង​មុន​ មិន​ថា​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​ ការ​បញ្ចេញមតិ​នោះ​ក៏​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​ព្រមទាំង​ចៀសវាង​ការ​បញ្ចេញមតិ​ណាមួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​អ្នក​ដទៃ​។​

​សូម​បញ្ជាក់​ថា​ ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​អ៊ិ​ន​ធឺ​ណិ​ត​បើក​ទូលាយ​ខាងលើ​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​បី​ចំណុចរួម​មាន​ :​  ទី​មួយ​ ដើម្បី​ឱ្យ​អ្នកចូលរួម​ទទួល​បាន​ចំណេះដឹង​ អំពី​សិទ្ធិ​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​និង​សេរីភាព​បញ្ចេញមតិ​លើ​អ៊ិ​ន​ធឺ​ណិ​ត​,​ ទី​ពីរ​ ដើម្បី​រូ​ម​ចំណែក​លើកកម្ពស់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ការ​គោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា​ អ្នកចូលរួម​បាន​បញ្ចេញ​ទស្សនៈ​និង​ក្តី​កង្វល់​របស់​ខ្លួន​ជុំវិញ​សេរីភាព​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​,​ និង​ទី​បី​ អ្នកចូលរួម​ដឹង​អំពី​បញ្ហា​ប្រឈម​ផ្សេងៗ​ នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​និង​ដឹង​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ការពារ​សុវត្ថិភាព​នៅ​លើ​លំហ​បច្ចេកវិទ្យា​៕



Share

Image
Image
Image