en     km
en     km

គ​.​ជ​.​ប​ ស្វះស្វែង​តាម​ផ្លូវច្បាប់​ជួយ​លោក​ នី​ ចរិយា​ ចេញពី​ពន្ធ​ធនាគារ​

Share

ភ្នំពេញ៖នៅថ្ងៃទី០២ ខែមិថុនានេះ មន្ត្រីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចុះជួបសួរសុខទុក្ខលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំង នៃស្នងការដ្ឋានរាជធានីភ្នំពេញ។ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ វិទ្យុស្ត្រីថា គ.ជ.ប កំពុងតែស្វះស្វែងរកច្រកជួយលោក នី ចរិយា ឱ្យបាននៅក្រៅឃុំដើម្បីឱ្យអគ្គលេខាធិការរង គ.ជ.ប រូបនេះមកបំពេញការងាររបស់ខ្លួនវិញ។ ចំពោះបញ្ហានេះ មន្ត្រីសង្គមស៊ីវិលធ្វើការងារបោះឆ្នោតសាទរ ដោយចាត់ទុកថាលោក នី ចរិយា ជាបុគ្គលិកមានប្រយោជន៍ដល់ការបោះឆ្នោត ។ លោក កែវ សុខា រាយការណ៍ពី ព័ត៌មាននេះ ៖

bunreun-1

លោក គួយ ប៊ុនរឿន អនុប្រធាននៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះបានដឹកនាំមន្ត្រី គ.ជ.ប មួយចំនួនក្នុងនោះមានលោក ហង្ស ពុទ្ធា, លោក ម៉ៅ សុភារិទ្ធិ បានចុះទៅសួរសុខទុក្ខលោក នី ចរិយា អគ្គលេខាធិការរងនៃ គ.ជ.ប ដែលកំពុងជាប់ឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងនៃស្នងការដ្ឋានរាជធានីភ្នំពេញ។

លោក គួយ ប៊ុនរឿន បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រីក្នុងបរិវេនមន្ទីរឃុំឃាំងនៃស្នងការដ្ឋានក្រុងភ្នំពេញថា គ.ជ.ប កំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីជួយឱ្យលោក នី ចរិយា បានរួចផុតពីការឃុំខ្លួន និងបានមកបំពេញការងារជាថ្មី ព្រោះលោក នី ចរិយា ជាធនធានមនុស្សម្នាក់ដែលមានសមត្ថភាពបំពេញការងារនេះ ខណៈការបោះឆ្នោតជិតចូលមកដល់ នាពេលខាងមុខនេះ។

លោក គួយ ប៊ុនរឿន៖«នៅក្នុងដំណាក់ការនៃកិច្ចការងារ គ.ជ.ប ដែលកំពុងមមាញឹកក្នុងការរៀបចំការបោះឆ្នោត យើងត្រូវការប្រមូលផ្តុំនូវធនធានមនុស្ស អ្នកដែលមានសមត្ថភាពដើម្បីរៀបចំនូវយន្តការនីតិវិធី ឱ្យការបោះឆ្នោតនៅពេលខាងមុខដែលការរៀបចំរបស់យើងស្របតាមកំណែទម្រង់ ប្រកបដោយសេរីយុត្តិធម៌និងត្រឹមត្រូវ»

អនុប្រធាន គ.ជ.ប ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបន្តថាលោក នី ចរិយា បានផ្តាំផ្ញើតាមរយៈលោក ដោយទទូចឱ្យ គ.ជ.ប ធានាឱ្យលោកបាននៅក្រៅឃុំ ដើម្បីបានទៅបំពេញការងារដូចដើមវិញ ហើយលោក នី ចរិយា នឹងធានាចូលខ្លូនតាមផ្លូវតុលាការនៅពេលដែលតុលាការត្រូវការលោក។

លោក គួយ ប៊ុនរឿន បញ្ជាក់ជំហរចំពោះការទទូចរបស់លោក នី ចរិយាថា លោកនឹងយកសំណើនេះ ទៅលើកក្នុងអង្គប្រជុំ
ដើម្បីឱ្យគ.ជ.ប រកលទ្ធភាពជួយលោក នី ចរិយា ឱ្យបាននៅក្រៅឃុំ។

លោក គួយ ប៊ុនរឿន៖ «ហើយទី ២ គាត់[លោក នី ចរិយា]ក៏បានបង្ហើបដែល ព្រោះគាត់ជាអ្នកធ្លាប់ធ្វើការងារ ក្នុងលទ្ធភាពណាមួយដែលអាចឱ្យគាត់នៅក្រៅឃុំបាន នោះគាត់នឹងមានការធានាមួយ ថាគាត់នឹងគោរពតាមផ្លូវតុលាការ ហៅចូលពេលណាគាត់នឹងចូល ហើយគាត់មិនទៅណាទេ។ ចំពោះគាត់មានបំណងមួយចង់ចូលរួមក្នុងការរៀប
ចំការបោះឆ្នោតហ្នឹង ។ ចំណុចទាំងអស់នេះយើងហ្នឹងលើកទៅរាយការណ៍ទៅអង្គប្រជុំ ថាតើ គ.ជ.ប អាចមានលទ្ធភាពណា
ខ្លះដែលអាចធ្វើទៅរួច ឬមិនរួចតែប៉ុណ្ណឹង»

នៅពេលជាមួយគ្នា អ្នករាយការណ៍ព័ត៌មាននៃវិទ្យុស្ត្រី ក៏បានជុំសម្ភាសន៍ជាមួយភរិយាលោក នី ចរិយា គឺអ្នកស្រី យ៉ែម ចន្ថា នៅក្នុងបរិវេណមន្ទីរឃុំឃាំង ដោយអ្នកស្រីនិយាយថា សុខាភាពរបស់លោក នី ចរិយា បច្ចុប្បន្នមិន ជាល្អប្រសើរច្រើនទេ ព្រោះគាត់មានជម្ងឺប្រចាំកាយ។ អ្នកស្រីបន្ថែមថា តាំងពីស្វាមីរបស់អ្នកស្រី ជាប់ឃុំ គឺក្រុមគ្រួសារបានបាត់បង់ភាពកក់ក្តៅ ចំណែកឯកូនៗបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយការសិក្សាក៏ហាក់ធ្លាក់ចុះជាងមុន។

អ្នកស្រីស្នើឱ្យរដ្ឋាភិបាលពិសេសគឺតុលាការ ដោះលែងប្តីរបស់អ្នកស្រីឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យគាត់អាចទៅ
បំពេញការងារបានដូចដើមវិញ។ អ្នកស្រី យ៉ែម ចន្ថា៖ «កូនវាទៅរៀនធម្មតាទៅ។ កូនវាបាក់ទឹកចិត្តព្រោះវានឹកប៉ាវាហ្នឹង»

ចំណែកនាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី លើកឡើងថា អវត្តមានលោក នី ចរិយា ក្នុងតួនាទីទទួលបន្ទុក
សវនកម្មបញ្ជីឈ្មោះបោះឆ្នោតបែបនេះ នឹងអាចប៉ះពាល់ដំណើរការចុះឈ្មោះបោះឆ្នោតដូចឆ្នាំ២០១៣ ដែលកាលនោះ មានបញ្ហា បាត់ឈ្មោះ ឈ្មោះស្ទួន និងការកោសលុបឈ្មោះអ្នកបោះឆ្នោតជាដើម ដែលធ្វើឱ្យបក្សចាញ់ឆ្នោតប្រកែក មិនទទួលយកលទ្ធផលនៃការបោះឆ្នោត។

យ៉ាងណាលោក សំ គន្ធាមី ថាតាមនីតិវិធីច្បាប់លោក នី ចរិយា អាចនៅក្រៅឃុំបណ្តោះអាសន្នបានដើម្បីបំពេញ ការងារជាអគ្គលេខាធិការរង ប្រសិនបើស្ថាប័ន គ.ជ.ប និងមេធាវីសុំធានាឱ្យលោក នី ចរិយា បាននៅក្រៅឃុំនោះ។ លោក សំ គន្ធាមី៖«យើងគិតថាវាអាចមានផលប៉ះពាល់ខ្លះដែរវាមិនមែនអត់ទេដល់ដំណើរការបោះឆ្នោតដោយសារការងារជំនាញហ្នឹង។ ហើយទី២ វាមានបញ្ហាដោយសារនៅសុខៗទៅវាមានបញ្ហារឿងមានការឃុំឃាំងខ្លួន។ ជាងនេះវាពាក់ព័ន្ធនឹង
សុវត្ថិភាពមន្ត្រី គ.ជ.ប ព្រោះពេលកំពុងបំពេញភារកិច្ចស្រាប់តែមានការចាប់ខ្លួន»

សូមបញ្ជាក់ថា លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការសម្រេចបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទ ថាបាន សមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

នៅក្នុងសំនុំរឿងនេះដែរ មានមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន ៤រូប ក៏ត្រូវបានតុលាការចោទប្រកាន់ពី បទសូក ប៉ាន់សាក្សី ហើយត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធធនាគារព្រៃស។ ចំណែកលោក កឹម សុខា ដែលពាក់ព័ន្ធសំនុំរឿង
ជាមួយ នាងស្រីមុំ បច្ចុប្បន្នកំពុងតែសំងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលបក្សសង្គ្រោះជាតិ ខណៈតុលាការកំពុងរក
នីតិវិធីនាំខ្លួន មកបំភ្លឺសំនុំរបស់លោក និង នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ៕

 

Share

Image
Image
Image