ភ្នំពេញ ៖ ជីវិតមនុស្សម្នាក់មានលក្ខណៈខុសគ្នា អ្នកខ្លះជួបតែសេចក្តីសុខ ឯអ្នកខ្លះទៀតជួបតែសេចក្តីទុក្ខតាំងតែពីតូចរហូតដល់ធំ ។ កញ្ញា អ៊ុន បុណ្ណារី កូនស្រីពៅរបស់អ្នកស្រី លឹម មុនី បានរៀបរាប់ពីជីវិតកំសត់របស់ខ្លួនថា នាងមិនបានរស់នៅជួបជុំឪពុក ដូចគ្រួសារដទៃ ។ នាងរស់នៅជាមួយម្ដាយ ។ នាងពឹងអាស្រ័យទាំងស្រុងលើម្ដាយ ។
នាងថាកំលាំងចិត្តក្នុងការជំរុញឲ្យនាងខិតខំធ្វើកិច្ចទាំងអស់រួមទាំងការសិក្សាផង ដើម្បីឲ្យម្តាយសប្បាយចិត្ត ។ តែនៅពេលនេះលោកស្រី លឹម មុនី ដែលជាម្តាយកំពុងឃុំខ្លួន ករណីកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ដែលឆ្លើយដាក់កំហុស ។
តើទំនួលខុសត្រូវ និងទឹកចិត្តរបស់ក្មេងស្រីវ័យ២៣ឆ្នាំរូបនេះទៅជាបែបណា? ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបរាបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
លំនៅដ្ឋាននៅក្នុងសង្កាត់ចតុមុខមួយចំនួនពិតជាមានការរៀបចំបានស្អាតល្អ ។ ក្នុងចំណោមផ្ទះទាំងនោះក៏មានគ្រួសាររស់នៅក្នុងផ្ទះតូចៗ ជាច្រើន ហើយសង់នៅតាមច្រកផ្លូវចង្អៀត ដែលគេនិយមហៅ (ផ្លូវឌឿងហែម) ។ នៅក្នុងតំបន់នោះ មានផ្ទះមួយបានដាក់តាំងលក់ទំនិញចាប់ហួយបន្តិចបន្តួច គឺផ្ទះលោកស្រី លឹម មុនី ។ កញ្ញា អ៊ុន បុណ្ណារី កូនស្រី លោកស្រីលឹម មុនី ចាប់ផ្តើមស្នាមញញឹមនិងបាននិយាយរាក់ទាក់ភ្លាមមកកាន់អ្នកសារព័ត៌មាន ។ នាង និយាយទាំងទឹកមុខស្រពោន និងទឹកភ្នែកថាមានបងប្អូនពីរនាក់គឺបងប្រុស បានរៀបការរួចហើយ ប៉ុន្តែគាត់កំពុងមានជម្ងឺ «ដោយសារគាត់មានបញ្ហា សុខភាពគាត់ពិការគាត់ញ័រ សរសៃគាត់ទាញញ័រអញ្ចឹង គាត់ពិបាកដើរពិបាកកាន់អញ្ចឹង តែខួក្បាលគាត់មិនមានបញ្ហាអ្វីនោះទេគ្រាន់តែគាត់មានបញ្ហាដៃជើង » ។
ក្រោយពីទទួលដំណឹងថាលោកស្រី លឹម មុនី ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ហៅទៅសាកសួរពេញមួយថ្ងៃមួយយប់ ឃុំខ្លួន គឺនារីវ័យក្មេងរូបនេះតែងតែទៅ សាកសួរ និង យករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៅឲ្យម្ដាយតែម្នាក់ឯង ។
ខណៈសាកសួរអំពីឪពុក បាត់ទៅណា នាងប្រាប់ទាំងមុខក្រៀមក្រំថា គាត់បានបែកបាក់គ្នា តាំងពីនាងនៅអាយុ ១០ ឆ្នាំ « ខ្ញុំអត់មានខឹងពួកគាត់ទេ ហើយរឿងពួកគាត់ជ្រើសរើសផ្លូវអញ្ចឹងមកពីមិនចង់ឲ្យខ្ញុំពិបាកចិត្ត ប្រហែលជាគាត់មិនចង់ឈ្លោះគ្នាឲ្យខ្ញុំឃើញ គ្រាន់តែថាម៉ាក់ក៏មិនដែលហាមមិនឲ្យជួបប៉ាដែរ ហើយប៉ាគាត់ក៏សួរសុខទុក្ខយើងធម្មតាអញ្ចឹង» ។ ត្រង់នេះ ចំនុចនេះ ដែលធ្វើឱ្យមានកាន់តែ កំសត់ ។
ក្នុងវ័យ ២៣ឆ្នាំគឺកញ្ញា អ៊ុន បុណ្ណារី បានជួបបញ្ហាជាច្រើន ដូចជាការមើលថែម្តាយពេលឈឺ ជាដើម ហើយនៅពេលនេះប្រៀបបានបង្គោលមួយនៅក្នុងផ្ទះជំនួសម្តាយនាង «និយាយថាខ្លួនឯងក្មេងប៉ុន្តែត្រូវរត់ចុះរត់ឡើង មើលឯកសារចាំម៉ាក់មុខបន្ទប់ មានអារម្មណ៍ថាដូចឯកោព្រោះថាគេអ្នកផ្សេងគេមានគ្រួសារពេញលេញ គេមានបងប្អូនធំ ខ្ញុំមានតែបងប្អូន ហើយខ្ញុំមានតែម្នាក់ឯងអត់ពីមាក់ទៅខ្ញុំដូចជំហរក្នុងគ្រួសារអញ្ចឹង» ។ កញ្ញា អ៊ុន បុណ្ណារី ជាក្មេងស្រីម្នាក់ដែលស្តាប់បង្គាប់ម្តាយ ។
នាងបានចូលរៀនជំនាញ ទំនាក់ទំនងអន្តរជាតិ រៀនឆ្នាំទី៣ ហើយក៏នាងកំពុង ប្រឈមបញ្ហា ២ គឺផ្លូវចិត្ត និង សេដ្ឋកិច្ច ។ អ៊ុន បុណ្ណារី បន្តទាំងទឹកភ្នែក ថានាងគ្មានចិត្តធ្វើកិច្ចការអ្វីសោះក្រោយពីម្ដាយ ជាប់ឃុំ និងមានអារម្មណ៍រាថយ «បើសិនគាត់ឈឺឬក៏យ៉ាងម៉ិចយើងអាចទៅមើលគាត់នៅពេទ្យ ឬដឹងថាទោះម៉ិចក៏ដោយអានឹងជារឿងធម្មជាតិ ។ ពីមុខយើងចង់ជួបគាត់ពេលណាក៏បានដែរ តែពេលចង់ជួប ទាន់តែមានពេលមានវេលា ។ អារម្មណ៍ពេលឃើញម៉ាក់ពាក់ខោអាវអ្នកទោសអញ្ចឹងខ្ញុំទទួលយកមិនបានព្រោះថា កន្លែងនឹងគេទុកដាក់អ្នកទោសមនុស្សអាក្រកអញ្ចឹង តែសម្រាប់ម៉ាក់ខ្ញុំជាមនុស្សល្អស្រាប់តែគាត់មានទោសអញ្ខឹងខ្ញុំទទួលយកមិនបាន…» ។
កាលពីមុនហេតុការណ៏ចាប់ខ្លួន ម្តាយកញ្ញា អ៊ុន បុណ្ណារី ជាក្មេងស្រីម្នាក់បានទទួលផ្លាស់ប្តូរការសិក្សាចំនួន៣ប្រទេស ដែលចេញទៅនៅក្នុងខែឧសភា ។ នាងថាដោយសារហេតុការណ៍ចាប់ខ្លួនម្តាយ នាងមិនចង់ទៅចូលរួម តែដោយសារការលើកទឹកចិត្តពីម្តាយនៅពេលដែលនាងទៅសួរសុខទុក្ខ នៅពន្ធនាគារ នាងក៏សម្រេចចិត្តថានឹងទៅប្រទេសទាំងនោះ «ម៉ាក់ប្រាប់ខ្ញុំថាកុំឈប់ទៅទៅហើយខ្ញុំប្រឹងរៀនឬដើលេងលំហែរខ្លះទៅ គាត់ដឹងតែខ្ញុំពិបាកចិត្ត គាត់ចេះតែលើកទឹកចិត្តខ្ញុំ…» ។
កាយឃ្លាតតែចិត្តបារម្ភដល់ម្តាយជានិច្ច អ៊ុន បុណ្ណារី ថាពេលនេះនាងភ័យព្រួយខ្លាំងជាងគេគឺបញ្ហាសុខភាពម្តាយនាង ព្រោះម្តាយនាងមានវ័យ៦០ឆ្នាំទៅហើយ «នឹកដល់តែគាត់ពេលមេឃក្តៅ ខ្ញុំគិតថាគាត់នៅទីនោះក្តៅប៉ុណ្ណា ខ្ញុំដឹងថាគាត់គេងមិនលក់តែម្តង ព្រោះគ្នាច្រើន…»។
ទោះជាម្តាយមានទុក្ខទោសក្ដី គឺនាងមិនខ្មាស់គេដែរ ព្រោះម្ដាយនាងជាអ្នកជួយសង្គម ។ តែអ្វីដែលនាងពិបាកនោះ ការឆ្លើយទៅនិងសំនួរក្មេងៗ ដែលកន្លងមកនាងតែងប្រាប់គេថា មនុស្សអាក្រក់ទើបមានទោស គេដាក់គុក តែពេលនេះម្តាយនាងជាមនុស្សល្អបែរជាជាប់គុកទៅវិញ ។ ប៉ុន្តែនាងប្រាប់ក្មេងៗថា ជួយសង្គមគឺជាមនុស្សល្អ ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតមែន កញ្ញា អ៊ុន បុណ្ណារី បានប្រាប់ដោយទឹកមុខស្រពោន បន្តិចថានឹងយកគំរូតាមម្ដាយ «ខ្ញុំត្រូវតែខំរៀនឲ្យចប់និង ធ្វើកិច្ចការសង្គមឲ្យបានច្រើន ធ្វើល្អឲ្យបានច្រើន…» ៕