ភ្នំពេញ ៖ សាលាដំបូងរាធានីភ្នំពេញនឹងបើកសវនាការសាកសួរ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បន្ថែមទៀត ករណីបង្ហោះឯកសារផែនទីកម្ពុជាលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៥ ខែឧសភា ខាងមុខនេះ ខណៈមេធាវីអះអាងថាលិខិតសុំឱ្យលោក អ៊ុំ សំអាន នៅក្រៅឃុំបានដល់តុលាការកំពូលហើយ ។
មេធាវីការពារក្តីឲ្យ លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាបនៃគណបក្សជំទាស់គឺ លោក សំ សុគង់ បានអោយដឹងថាតុលាការត្រូវសាកសួរបន្ថែមលើលោក អ៊ុំ សំអាន ករណីការបង្ហោះឯកសារផែនទីកម្ពុជា-វៀតណាមលើទំព័រហ្វេសប៊ុករបស់លោក ដោយចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយ ។
ចំណែក លោក ជួង ជូងី មេធាវីការពារក្ដី របស់លោក អ្នកតំណាងរាស្ត្ររូបនេះផងដែរបាននិយាយថា រដ្ឋបាលនៃសាលាកំពូលបានទទួលលិខិតប្តឹងសារទុក្ខសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ រួចរាល់ហើយកាលពីសប្តាហ៍មុន ។
កាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៦នេះសាលាឧទ្ធរណ៍ បានសម្រេចបដិសេធសំណើរសុំនៅក្រៅឃុំ របស់លោក អ៊ុំ សំអាន ក្រោមហេតុផលថា ការស៊ើបអង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់បញ្ចប់នីតិវិធី និងខ្លាចលោក អ៊ុំ សំអាន បង្កភាពវឹកវរក្នុងសង្គមជាតិ ។ តែហេតុផលនេះ លោក ជួង ជូងី មេធាវីការពារក្តីលោក អ៊ុំ សំអាន បានចាត់ទុកថា ជាការបកស្រាយមួយ មិនសមហេតុផល ។ លោកបន្តថា កូនក្តីរបស់លោកជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ធានាដោយរដ្ឋធម្មនុញ្ញ ។
ទោះបីយ៉ាងនេះក្តី គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ករណីលោក អ៊ុំ សំអាន តំណាងរាស្ត្រនៃគណបក្សជំទាស់ បានបង្ហោះផែនទីក្លែងក្លាយ នឹងករណីសន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម នៅលើទំព័រហ្វេសប៊ុកថា ជាបទល្មើសជាក់ស្តែង ត្រូវចាប់ខ្លួនដោយមិនបាច់ដកអភ័យឯកសិទ្ធិជាមុនឡើយ ។
ករណីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនេះ សមាជិកព្រឹទ្ធសភាម្នាក់ពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ក៏ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ដូច លោក អ៊ុំ សំអាន នេះដែរ ៕