en     km
en     km

អធិប្បាយ​​ ៖​ ​ងើប​​ពី​​សន្លប់​CNRP​ ​រត់​ទៅ​ប្ដឹង​​UN​ ​ដើម្បី​​ជួយ​​សង្គ្រោះ​​ខ្លួន

Share

ភ្នំពេញ ៖ មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​WMC​ បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ដែល​មាន​ចំណងជើង​ថា​ CNRP​ត្រូវ​បាន​វាយ​ផ្ទប់​ជញ្ជាំង​ ។​ នៅ​ស​ប្ដា​ហ៍​នេះ​WMC​ ធ្វើ​អត្ថាធិប្បាយ​មួយ​ជ្រុង​ទៀត​រឿង​របស់​CNRP​ ដដែល​ហើយ​ជា​រឿង​ត​ភាគ​ដោយ​មាន​ចំណងជើង​ថា​ «​ងើប​ពី​សន្លប់​  CNRP​ រត់​ទៅ​​ប្ដឹង​UN​ ដើម្បី​ជួយ​សង្គ្រោះ​ខ្លួន​»​ ។​ ចុះ​ហេតុ​អ្វី​បានជា​យើង​ត្រូវ​ដាក់​ចំណងជើង​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ​ដូចនេះ​ហើយ​មាន​អត្ថន័យ​ដូច​ម្ដេច​?

Un-cnrp

CNRP​មានឈ្មោះ​ពេញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ ឬគេហៅម្យ៉ាងថា ​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ។​ ក្នុង​កាលៈទេសៈ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​CNRP​ រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ដូច​គេ​ថា​វាយ​ផ្ទប់​ជញ្ជាំង​ពី​សំណាក់​គូប្រកួត​ជាមួយ​គ្នា​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទាំង​ផ្លូវច្បាប់​គឺ​និយាយ​ឲ្យ​ចំ​ទៅ​អំណាច​រដ្ឋ​ទាំងស្រុង​ ។​

​ឥឡូវនេះ​គេ​ប្រើ​ពាក្យ​មួយ​ឃ្លា​ទៀត​គឺ​CNRP​ ក្រោយ​ពី​វាយ​ផ្ទប់​ជញ្ជាំង​ហើយ​នោះ​គឺ​ដួល​សន្លប់​ ក្រោយ​ពី​ដួល​សន្លប់​ដឹងខ្លួន​រួចរ​ត់ទៅ​ប្ដឹង​អង្គការសហប្រជាជាតិ​ឲ្យ​ជួយ​ខ្លួន​ ។​

​តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យ​CNRP​ សំរេច​ប្ដឹង​អង្គការសហប្រជាជាតិ​?​

​គេ​អាច​និយាយ​បាន​ថា​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥​មក​ CNRP​រង​ទុក្ខទោស​យ៉ាង​ខ្លាំង​គឺ​ពេល​នោះ​ហើយ​សកម្មជន​របស់​គណបក្ស​នេះ​១៥​នាក់​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​វិញ​ ហើយ​ភា្ល​មៗ​បន្ទាប់​មក​ទៀត​មេ​បក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ​គឺ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ដែន​អំណាច​របស់​តុលាការ​ចាប់ខ្លួន​ ចោទប្រកាន់​ក្នុង​សំណុំរឿង​ចំនួន​៥​ដាច់​ដោយឡែក​ពី​គ្នា​ដែល​គេ​ហៅ​ថា​បទ​ចោទ​បរិហារកេរ្តិ៍​ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ។​

​នៅ​ដំណាក់កាល​ចុង​ក្រោយ​ទៀត​តំណាងរាស្ដ្រ​ពីរ​រូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ដែល​គេ​ហៅ​ថា​ «​ធ្វើ​វិទ្ធង្សនា​មួយ​ប្រឆាំង​រដ្ឋ​»​ លើ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ស្រប​ពេល​អ្នកតំណាង​រាស្ដ្រ​ពីរ​រូប​ទៀត​របស់​CNRP​ដដែល​នេះ​ ត្រូវ​បាន​បាតុករ​មួយ​ក្រុម​ដែល​គេ​ថា​មក​ពី​ស្ថាប័ន​ប្រដាប់​អាវុធ​របស់​រដ្ឋ​បាន​វាយប្រហារ​ ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ ។​ បន្ទាប់​ពី​រឿង​នេះ​មក​ក៏​មានរឿង​ថ្មី​ទៀត​គឺ​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ដ៏​ល្បីឈ្មោះ​របស់​CNRP​ត្រូវ​បាន​បណ្ដេញ​ពី​តំណែង​អនុប្រធាន​ទី​មួយ​ នៃ​រដ្ឋសភា​ ។​

​បន្ថែម​លើ​នេះ​ លោក​ កឹ​ម​ សុខា​ ជួប​រឿងអាស្រូវ​មួយទៀត​ គឺ​ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ហៅ​ស្រី​មុំ​ ។​ សំនុំរឿង​ កញ្ញា​ស្រី​មុំ​ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​បក្ស​ លំដាប់​ទី​២​ របស់​CNRP​  រង​ការ​ កោះហៅ​ឡើង​តុលាការ​  ចំនួន​ ២​ករណី​ គឺ​ករណី​បរិហារ​ប្ដឹង​ដោយ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ ករណី​ សញ្ជារកម្ម​ ។​

​ក្នុង​សំណុំរឿង​ដដែល​នេះ​តំណាងរាស្ដ្រ​ពីរ​រូប​ទៀត​ កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​ ។​ ពួក​គាត់​ត្រូវ​បាន​កោះហៅ​ចូលខ្លួន​ ដើម្បី​បំភ្លឺ​នូវ​អ្វី​ដែល​គេ​ចោទ​ថា​ពេស្យាចា​ក្នុង​សំណុំរឿង​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​ដោយ​បង្ហាញ​ពី​ជំហរ​ក្នុង​នាម​ជាប​ក្សធំ​មួយ​មាន​ឥទ្ធិពល​ CNRP​ សំរេច​មិន​ឲ្យ​តំណាងរាស្ដ្រ​៣​ រូប​នេះ​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ​ ដោយ​សំអាង​ថា​ខ្លួន​មាន​អភ័យឯកសិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០​ ។​

​តែ​យ៉ាង​ង​ណា​ក៏​ដោយ​មើលទៅ​CNRP​ ទប់​លំ​ហ្នឹង​ខ្លួន​លែង​បាន​ហើយ​មើលទៅ​ បានជារ​ត់ទៅ​ប្ដឹង​អង្គការសហប្រជាជាតិ​ឲ្យ​ជួយ​ខ្លួន​ ដោយ​ទាមទារ​ឲ្យ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ា​រិ​ស​ នូវ​អ្វី​ដែល​លិខិត​របស់​CNRP​ប​ញ្ចូ​ន​ទៅ​ អគ្គលេខាធិការ​ បាន​គី​មូ​ន​ និយាយ​ថា​ ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​ពហុបក្ស​នៅ​កម្ពុជា​ឡើង​វិញ​ ។​

​យោង​តាម​លិខិត​របស់​CNRP​ មាន​ចុះហត្ថលេខា​តំណាងរាស្ដ្រ​រហូត​ដល់​ទៅ​៥៥​រូប​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​ ដោយ​ជំរាប​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ គី​មូ​ន​ ថា​រយៈពេល​២៥​ឆ្នាំ​មកនេះ​ ពោល​គឺ​តាំងពី​កម្ពុជា​បាន​សុខ​សន្ដិភាព​២៣​តុលា​១៩៩១​ គឺ​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​អ្វី​ឡើយ​ ហើយ​ថា​កាន់តែ​ថប់​ថយ​និង​គ្រោះថ្នាក់​ទៅ​វិញ​ ។​

​លិខិត​សុំ​អន្ដរាគមន៍​របស់​CNRP​ ទៅ​UN​ គឺ​អាច​ជា​ការ​អង្រួន​ជួង​នៅ​ទីក្រុង​ញ៉ូ​យ៉​ក​ ជា​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​នេះ​ឲ្យ​ដឹង​ពី​ភាព​គ្រោះថ្នាក់​ និង​ដំណើរការ​ប្រជាធិបតេយ្យ​សេរីភាព​ នៅ​ប្រទេស​កម្ពុជា​ដល់​កម្រិត​មួយ​ ដែល​គណបក្ស​នេះ​ហៅ​ថា​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ។​
​យន្ដការ​ចុង​ក្រោយ​របស់​CNRP​ ដូចនេះ​អាច​ត្រូវ​បាន​មើលឃើញ​ថា​ បក្ស​ប្រឆាំង​ធំ​មួយ​នេះ​ ប្រហែលជា​អស់ជំនឿ​លើ​ការ​ផ្សះផ្សារ​ជាតិ​ដោយ​ជាតិ​សាសន៍​ខ្លួនឯង​ ហើយ​បានជា​សុំ​អន្តរាគមន៍​ពី​អ្នក​ដទៃ​ ។​

​លិខិត​របស់​CNRP​ផ្ញើ​ទៅ​លោក​ បាន​ គី​មូ​ន​ ធ្វើ​ឡើង​បន្ទាប់​ពី​CNRP​ សុំ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ ចំនួន​២​ដង​ ដែល​មក​ទល់​ពេល​នេះ​ មិន​ទាន់​មានការ​ឆ្លើយ​តប​ ។​

​ក្រោយ​ពី​វាយ​ផ្ទប់​ជញ្ជាំង​គឺ​CNRP​បាន​ដួល​សន្លប់​ ប៉ុន្តែ​បានដឹង​ខ្លួន​ហើយ​ក៏​ប្រញាប់រ​ត់ទៅ​រក​ស្ថាប័ន​មួយ​ដែល​ធ្លាប់​ជួយ​ឲ្យ​កម្ពុជា​មានការ​បង្រួបបង្រួម​ជាតិ​នៅ​ឆ្នាំ​១៩៩១​ ឲ្យ​ជួយ​ស្ដារ​អាយុជីវិត​របស់​បក្ស​ប្រឆាំង​នេះ​បន្ត​រស់​ទៅ​ថ្ងៃ​មុខ​ទៀត​ ។​

​តើ​ផែនការ​របស់​CNRP​ បាន​សំរេច​ជោគជ័យ​ឬ​យ៉ាងណា​នោះ​គឺ​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ខណៈ​បក្ស​កាន់​អំណាច​ធំ​នៅ​កម្ពុជា​ មិន​ទាន់​ឃើញ​ប្រតិកម្ម​ជា​ផ្លូវការ​អ្វី​ឡើយ​ ។​

​យ៉ាងណា​ក៏​ដោយ​គេ​មើលឃើញ​ថា​CNRP​ជ្រើសរើស​យន្ដការ​នេះ​ប្រហែលជា​មាន​ប្រសិទ្ធភាព​ហើយ​ចង់​មិន​ចង់​ បក្ស​កាន់​អំណាច​ក៏​អាច​គិត​បាន​ថា​CNRP​ បាន​ទៅ​អង្រួន​ជួង​នៅ​ក្រុង​ញ៉ូ​យ៉​ក​ ឲ្យ​ផ្អើល​ពិភពលោក​អំពី​រឿង​ កម្ពុជា​ ៕​

ដោយ​ នួន​ បូ​រិ​ន​

Share

Image
Image
Image