en     km
en     km

សម្តេច​ថា ​កម្ពុជា​​មិន​​យក​​ប្រទេស​​ណា​​ជា​​គម្រូ​​ក្នុង​​ការ​​ដឹក​នាំ​​ឡើយ​

Share

ភ្នំពេញ៖​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ការ​ដឹកនាំ​របស់​លោក​រហូត​មក​ដល់​ពេល​នេះ​ សម្ដេច​មិន​ដែល​យក​ប្រទេស​ណា​ធ្វើ​ជា​គម្រូ​ ទោះជា​ប្រទេស​នោះ​ជឿនលឿន​ ឬ​រីក​ចម្រើន​យ៉ាងណា​ក៏​ដោយ​ ។​ អ្វី​ដែល​សម្ដេច​ធ្វើ​គឺ​ស្រប​ទៅ​នឹង​ស្ថានភាព​ប្រទេស​កម្ពុជា​ ។​ តែ​អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ថា​រាល់​ការ​ដឹកនាំ​ តែង​មានការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទ្រឹស្តី​វិទ្យា​នយោបាយ​ ឬ​សេដ្ឋកិច្ច​ពី​ខាង​ណាមួយ​ ។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

Hun-Sen-120516
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

​ថ្លែង​ក្នុង​កម្ម​វិធីចែក​សញ្ញាបត្រ​ដល់​និស្សិត​ IIC​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែឧសភា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ សម្ដេច​ មិន​យក​ប្រទេស​ណា​ធ្វើ​ជា​គម្រូ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​ទេ​ ។​

​សម្ដេច​បន្ត​ថា​ ប្រទេស​លើ​ពិភពលោក​ មាន​ស្តង់ដារ​ច្រើន​ ហើយ​មិន​ទាន់​មាន​ប្រទេស​ណាមួយ​អាច​យក​ធ្វើ​ជា​ស្តង់ដារ​បាន​ទេ​ ។​ សម្ដេច​ថា​ ប្រទេស​ខ្លះ​ដើរ​វាយ​គេ​ ហើយ​ប្រទេស​ខ្លះ​ទៀត​អាង​ខ្លួន​ជា​អ្នកមាន​ដាក់​ទណ្ឌកម្ម​គេ​ ។​ ដោយសារ​មើលឃើញ​ដូចនេះ​សម្ដេច​ មិន​អាច​ យក​ប្រទេស​ណា​ជា​គ្រូ​ទេ​ គឺ​ធ្វើ​ទៅ​តាម​សភាព​ការ​របស់​ប្រទេស​ ។​

​សម្តេច​ ហ៊ុន​ សែន​ ៖​ «​អ​ញ្ចឹ​ង​បាន​ខ្ញុំ​កម្រ​ប្រើ​ពាក្យ​ថាឱ្យ​ដូច​ប្រទេស​ជឿនលឿន​នានា​ លើ​ពិភពលោក​ ខ្ញុំ​កម្រ​ប្រើ​ណាស់​ព្រោះ​ប្រទេស​ជឿនលឿន​វា​មាន​ច្រើន​ដែរ​ តើ​យើង​ធ្វើ​តាម​អ្នក​ណា​ យក​អ្វី​ធ្វើ​ជា​គម្រូ​ ហើយ​ជួនកាល​គេ​ទៅ​មុន​យើង​២០០​ឆ្នាំ​បាត់​ហើយ​ ហើយ​យើង​ទើបតែ​ចាប់ផ្តើម​ឡឹះ​គឹះៗ​ ហើយ​ទៅ​ធ្វើ​អី​ដូច​គេ​មេច​»​ ។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​បន្ត​ថា​  បទ​ពិសោធន៍​ខ្លះ​ លោក​នឹង​រៀនសូត្រ​ពី​គេ​ តែ​យក​មក​ច្នៃ​ឱ្យ​ជា​របស់​កម្ពុជា​វិញ​ ។​ សម្ដេច​បន្ថែម​ថា​អាច​មានបទពិសោធន៍​ប្រទេស​ខ្លះ​ដូច​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​ចម្លង​យក​មក​ទាំងស្រុង​នោះ​ទេ​ គឺ​ធ្វើ​ទៅ​តាម​សភាព​ជាក់ស្តែង​នៃ​កម្ពុជា​ ។​

​សម្តេច​ ហ៊ុន​ សែន​ ៖«​ខ្ញុំ​មិន​អាច​យក​អ្នក​ណាមួយ​ធ្វើ​ជា​គម្រូ​ ខ្ញុំ​ធ្វើ​តម្រូវ​តាម​ស្ថានភាព​នៃ​ប្រទេស​របស់ខ្ញុំ​ ។​ ឥលូវ​នេះ​វា​ក៏​ដូច​គ្នា​ដែរ​ ធ្វើ​តាម​អ្នក​ណា​បើ​ធ្វើ​តាម​នៅ​អឺរ៉ុប​ ធ្វើ​តាម​ក្រិ​ច​ ក្រិ​ច​គិតតែ​ពី​ខ្ចី​លុយ​គេ​ គិតតែ​ពី​បន្ថយ​ប្រាក់​ចំណូល​ និង​បន្ថែម​ពន្ធ​ បារាំង​គោលនយោបាយ​របស់​ប្រធានាធិបតី​ហូ​ឡង់​ គាត់​ជំរុញ​ការ​ចំណាយ​ដើម្បី​ជំរុញ​កំណើន​ ប៉ុន្តែ​ឥលូវ​វា​ទៅ​ជា​អត់​»​ ។​

​តែ​សម្រាប់​អ្នកវិភាគ​បញ្ហា​សង្គម​ យល់​ផ្សេង​ពី​ ទស្សនៈ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​គឺ​ ការ​ដឹកនាំ​ ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​នយោបាយ​ ។​

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​នេះ​គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​រាល់​ការ​ដឹកនាំ​តែង​មានការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទ្រឹស្តី​វិទ្យា​នយោបាយ​ ពី​ខាង​មួយ​គឺ​ អាច​តាម​ទម្រង់​ប្រទេស​ខាងលិច​ ប្រទេស​ខាងកើត​ ឬ​តាម​កុម្ម​នី​ស​ជាដើម​ ។​ ​លោក​ពន្យល់​ថា​ ប្រព័ន្ធ​ដឹកនាំ​សេដ្ឋកិច្ច​គឺ​កម្ពុជា​ ក៏​ប្រហាក់ប្រហែល​ប្រទេស​ដទៃ​ដែរ​ តែបើ​និយាយ​ពី​ប្រព័ន្ធ​ នយោបាយ​ គឺ​ដូច​ប្រទេស​ភូមា​ ។​

​លោក​ មាស​ នី​ ៖​ «​គឺ​យើង​ឃើញ​ថា​ស្ថានភាព​សព្វថ្ងៃ​នេះ​វាស្រ​ដៀង​គ្នា​នឹង​នៅ​ប្រទេស​ភូមា​នៅ​មុន​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ថ្មី​ ដែលសង្កេត​ឃើញ​​ ដែល​មានការ​ ដូច​ជា​សកម្មជន​ អ្នកនយោបាយ​អី​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ចាប់ចង​គឺ​យើង​ឃើញ​ដូច​នៅ​ភូមា​ ។​ នៅ​ភូមា​យើង​នៅ​មុន​ពេល​បោះ​ឆ្នោត​ អ្នកទោស​នយោបាយ​ប្រមាណ​ជិត​បី​ពាន់​ត្រូវ​បាន​ឃុំឃាំង​»​ ។​

​ប្រទេស​កម្ពុជា​ បាន​ឆ្លងកាត់​របប​ជា​ច្រើន​មក​ហើយ​ គឺ​មាន​របប​អាណាព្យាបាល​បារាំង​  របប​សង្គមរាស្ត្រនិយម​ របស់​សម្ដេចឪ​ នរោត្តម​សីហ​នុ​  របប​សាធារណៈរដ្ឋ​ល​ន់នល់​  របប​ កម្ពុជា​ប្រជាធិបតេយ្យ​ (​ខ្មែរក្រហម​)​  របប​ប្រជាមានិត​កម្ពុជា​ (​កុ​ម្មុ​យ​និ​ស្ត​)​ និង​បច្ចុប្បន្ន​ របប​រាជា​និយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ។​

​ប្រទេស​កម្ពុជា​ ត្រូវ​បាន​មើលឃើញ​ថា​មាន​លំនាំ​សេដ្ឋកិច្ច​ មិន​ខុស​ពី​ប្រទេស​ដទៃ​នោះ​ទេ​ គឺ​មាន​លំហូរ​ទីផ្សារ​ លំហូរ​វិនិយោគទុន​ និង​លំហូរ​ហិរញ្ញវត្ថុ​ក្នុង​ការ​អភិវឌ្ឍន៍​ ប្រទេស​ប្រហាក់ប្រហែល​គ្នា​ ។​ តែ​កម្ពុជា​ ក៍​ត្រូវ​បាន​រាប់​ថា​ជា​ប្រទេស​មាន​បំណុល​សាធារណៈ​ និង​បំណុល​ប្រទេស​ មាន​ទំហំ​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ ដែរ​ ។​ បើ​តាម​តួលេខ​ របស់​បក្ស​ប្រឆាំង​ថា​កម្ពុជា​ ជំពាក់​បំណុល​បរទេស​ ជិត​៦០០០​លាន​ដុល្លារ​ ៕​

Share

ព័ត៌មានទាក់ទង

Image