en     km
en     km

រដ្ឋមន្ត្រី​ ៖​ ស្ត្រី​ត្រូវ​ពង្រឹងសមត្ថភាព​ជា​មុន​សិន​បើ​ចង់​ចូលរួម​ ក្នុង​វិស័យ​នយោបាយ​

Share

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​លើក​ទ្បើ​ង​ថា​ស្ត្រី​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រ​ទ្បូ​ក​ក្នុង​វិស័យ​នយោបាយ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជា​មុន​សិន​ ។​ អង្គការ​សង្គម​ស៊ី​វិល​ថា​សមត្ថភាព​នេះ​ជា​រឿង​មួយ​ ប៉ុន្តែ​អ្វី​ដែល​បាន​រារាំង​ស្ត្រី​មិន​អាច​ចូលរួម​ក្នុង​វិស័យ​នយោបាយ​បាន​នោះ​ដោយសារ​គណបក្ស​នយោបាយ​ នូវ​មានការ​រើសអើង​ទៅ​លើ​ស្ត្រី​ ។​​ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​ខែឧសភា​ ឆ្នាំ​២០១៦​ នេះ​នៅ​សណ្ឋាគារ​ អ៊ី​ន​ធើ​ខន​ធី​ ណិ​ន​ថ​ល​ រាជធានី​ភ្នំពេញ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

woman-politic-pre
​ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​ខែឧសភា​ ឆ្នាំ​២០១៦

​ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ត្រី​ចំនួន​៥២%​ ហើយ​ចំនួន​ស្ត្រី​ដ៏​ច្រើន​នេះ​ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​វិស័យ​នយោបាយ​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ជំរុញ​ស្ត្រី​ឱ្យ​ចូលរួម​វិស័យ​នយោបាយ​នេះ​ស្ត្រី​ត្រូវ​ពង្រឹងគុណភាព​នៃ​ចំណេះដឹង​របស់​ខ្លួន​ជា​មុន​សិន​ទើប​ងាយស្រួល​ប្រ​ទ្បូ​ក​ទៅ​ក្នុង​វិស័យ​នយោបាយ​ ។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ។​

​លោកស្រី​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ស្ត្រី​ និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ជ្រើសរើស​ធ្វើ​អ្វីមួយ​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ការ​ផ្តល់​សិទ្ធិ​ស្មើគ្នា​ចំពោះ​បុរស​ និង​ស្ត្រី​នេះ​គឺជា​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​គឺ​មាន​ន័យ​ថា​ស្ត្រី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រ​ទ្បូ​ក​ទៅ​ក្នុង​វិស័យ​នយោបាយ​ ។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​បន្ត​ទៀត​ថា​ដើម្បី​បង្កើន​វត្តមាន​ស្ត្រី​អាច​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​នយោបាយ​បាន​នោះ​ស្ត្រី​ខ្លួនឯង​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ពង្រឹងគុណភាព​របស់​ខ្លួន​ផង​ដែរ​ មាន​ន័យ​ថា​ ស្ត្រី​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ការ​សិក្សា​វគ្គ​ បណ្តុះបណ្តាល​ និង​សិក្សា​ជំនាញ​ជាដើម​ ។

​​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​៖«​ស្ត្រី​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ការងារ​របស់​ខ្លួន​អ​ញ្ចឹ​ង​មាន​ន័យ​ថា​នេះ​ជា​កត្តា​សំខាន់​ណាស់​គុណភាព​ គុណភាព​នេះ​បាន​មក​ពី​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​ធ្វើ​យ៉ាងម៉េច​ឱ្យ​គាត់​មាន​ជំនាញ​គ្រប់គ្រាន់​..»​ ។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ នាយិការ​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ គាំទ្រ​ការ​លើក​ទ្បើ​ង​របស់​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​។​ ប៉ុន្តែ​លោកស្រី​ថា​បញ្ហា​ប្រឈម​ជាងគេ​ដែល​បាន​រារាំង​ស្ត្រី​មិន​អាច​ចូលរួម​វិស័យ​នយោបាយ​បាន​ច្រើន​នោះ​គឺ​ការ​រើសអើង​ពី​គណបក្ស​នយោបាយ​ ។​

​​លោកស្រី​ ធីតា​ ឃឹះ​ស្នើ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​បង្កើត​វិធាន​ការណ៍​ផ្ទៃក្នុង​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​ឱ្យ​មានឈ្មោះ​ជា​បេក្ខភាព​ លេខ​រៀង​ខាងលើ​នៅ​ក្នុង​បញ្ជី​គណបក្ស​របស់​ខ្លួន​ដើម្បី​អាច​ឱ្យ​ស្ត្រី​មាន​លទ្ធភាព​ជាប់​ឆ្នោត​ ។​

​លោកស្រី​ ធីតា​ ឃឹះ​ ៖​ «​យោបល់​របស់ខ្ញុំ​គុណភាព​អី​គាត់​និយាយ​មិន​ខុស​នោះ​ទេ​ក៏​ប៉ុន្តែ​សារៈសំខាន់​បំផុត​ហ្នឹង​គឺ​ការ​រើសអើង​ទៅ​លើ​ស្ត្រី​នៅ​ក្នុង​គណបក្ស​នយោបាយ​ផ្ទាល់​អ​ញ្ចឹ​ង​ទៅ​បញ្ហា​ប្រឈម​ធំ​ជាងគេ​របស់​ស្ត្រី​ជាងគេ​គឺ​នៅ​ក្នុង​គណបក្ស​នយោបាយ​..»​ ។​

​ប្រហាក់ប្រហែល​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកសំរបសំរួល​កម្មវិធី​អប់រំ​ និង​ យេ​ន​ឌ័​រ​ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (​អង្គការ​ខុ​ម​ហ្រែ្វ​ល​)​ លោកស្រី​ សឺ​ន​កេ​ត​ សិរី​លក្ខណ៍​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ បើ​គណបក្ស​នយោបាយ​លើក​ទ្បើ​ង​តែ​ពី​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ​នោះ​វា​ហាក់បីដូចជា​ឧបសគ្គ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ គឺ​ពួក​គេ​អាច​រារែក​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​គណបក្ស​នយោបាយ​ ។​

​អ្នកស្រី​បញ្ជាក់​ថា​ទាំងនេះ​គឺជា​ឧបសគ្គ​ព្រោះថា​មនុស្ស​អាច​ យល់​ច្រ​ទ្បំ​ថា​សមត្ថភាព​នេះ​ទាល់តែ​បុគ្គល​នោះ​ជា​អ្នក​ដែល​បាន​រៀន​ខ្ពង់ខ្ពស់​ ឬ​មានបទពិសោធន៍​ច្រើន​ជាដើម​ទើប​អាច​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ។​

​អ្នកស្រី​ សឺ​ន​កេ​ត​ សិរី​លក្ខណ៍​ បញ្ជាក់​ផង​ដែរ​ថា​ដើម្បី​ឱ្យ​មាន​វត្តមាន​ស្ត្រី​កាន់តែ​ច្រើន​ក្នុង​ការ​ឈរឈ្មោះ​ឱ្យ​គេ​បាះ​ឆ្នោត​នោះ​ទាល់តែ​មានច្បាប់​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ចំនួន​ស្ត្រី​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ។​

​​លោកស្រី​ សឺ​ន​កេ​ត​ សិរី​លក្ខណ៍​ ៖ «​ចង់ឱ​ស្ត្រី​ក្លាយជា​តំណាង​នៃ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន​ទាល់តែ​គិតគូរ​អំពី​ការ​ធ្វើ​ដាក់​នៅ​ក្នុង​ច្បាប់បោះឆ្នោត​ឃុំ​ បោះ​ឆ្នោតជាតិ​ហ្នឹង​ដាក់​ចំនួន​ស្ត្រី​ឱ្យ​ជាក់លាក់​ ឬ​ក៏​ដាក់​ឆ្លាស់គ្នា​ពីលើ​ដល់​ក្រោម​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​..»​ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី​ សឺ​ន​កេ​ត​ សិរី​លក្ខណ៍​ ចំនួន​ស្ត្រី​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​នា​ពេល​កន្លង​មកនេះ​មាន​ ៥២,៥២%​ ហើយ​ចំនួន​ស្ត្រី​ដែល​បាន​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​នោះ​មាន​ប្រមាណ​ជាង​២០%​ ។​

​សូម​ជំរាប​ថា​ពិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ «​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​»​ នា​ព្រឹក​មិ​ញ​នេះ​ទទួល​បាន​គម្រោង​ពី​សហភាព​អឺរ៉ុប​ សំដៅ​ជំរុញ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​ន​យោ​យ​បាយ​ហើយ​អង្គការ​ដែល​ប្រតិបត្តិ​គំរោង​នេះ​ មាន​អង្គការ​បន្ទាយស្រី​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​រួម​សហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សាយ​អា​ល្លឺ​ម៉​ង់​ ។​

​ប្រទេស​កម្ពុជា​ នឹង​រៀបចំ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨​ ៕​

Share

Image
Image
Image