en     km
en     km

ក្រសួងយុត្តិធម៌​៖​ សេចក្តីថ្លែងការណ៍​របស់​គណបក្សប្រឆាំង​ ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​

Share

​ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ សម្តែង​ការ​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​ របស់​ក្រុម​សមា​ជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​ ០៤​ ឧសភា​ម្សិល​ម៉ិ​ញ​ ដោយ​បញ្ជាក់​ថា​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលខ្លួន​ទៅ​តាម​ដីកាកោះ​របស់​អយ្យការ​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​។​

Ministry-of-Jostice
ស្ថាប័នក្រសួងយុត្តិធម៌ (រូបតំណាង)

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ចាត់​ទុក​ថា​ សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ចរិត​ជា​ការ​ដាក់​​សម្ពាធ​ទៅ​លើ​អំណាចតុលាការ​ ដែល​ជា​អំណាច​ឯករាជ្យ​ការពារ​ដោយ​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​

«​ខ្ញុំ​សោកស្តាយ​យ៉ាង​ខ្លាំង​ ដែល​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​ធ្វើ​ច្បាប់​ បាន​ធ្វើការ​បក​ស្រាយ​ដោយ​ខ្វះ​ការ​យល់​ដឹង​ត្រឹមត្រូវ​អំពី​ច្បាប់​ និង​និ​តិ​វិធី​របស់​អង្គការ​អយ្យកា​និង​តុលាការ​ ព្រមទាំង​បាន​ធ្វើ​ការ​​​ចោត​ប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ និង​មាន​លក្ខណៈ​ការ​មូល​បង្កាច់​ទៅ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​បាន​អនុវត្ត​ការ​ងារ​ និង​សមត្ថកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ និង​និ​តិ​វិធី​ជា​ធរមាន​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​ បាន​បញ្ជាក់​ថា​ ផ្អែក​តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អភ័​យ​ឯកសិទ្ធិ​សភា​ការពារ​តំណាងរាស្ត្រ​ចំពោះ​នីតិវិធី​មាន​ចំនួន​ ០៤​ តែ​ប៉ុណ្ណោះ​ គឺ​ការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ និង​ការ​ឃុំខ្លួន​ ពុំ​មាន​ចំណុច​ណាមួយ​ក្នុង​មាត្រា​នេះ​ ដែល​ការពារ​តំណាងរាស្ត្រ​ពី​ការ​កោះហៅ​របស់​អង្គការ​អយ្យការ​ ឬ​ការ​កោះហៅ​ដោយ​តុលាការ​នៅ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ និង​ សំណុំរឿង​ផ្សេងៗ​ទៀត​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្រី្ត​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងែ​នេះ​។​

​កាលពី​ថ្ងៃ​ទី​ ០៤​ ឧសភា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បដិសេធ​ដីកា​កោះហៅ​របស់​តុលា​ការ​ ដែល​បង្គាប់​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ០២​ រូប​ និង​ លោក​ កឹ​ម​ សុខា​ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។​ គណបក្សប្រឆាំង​បាន​ចាត់​ទុក​ការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ៕

Share

Image
Image
Image