en     km
en     km

មន្ត្រី​រដ្ឋាភិបាល​ ​និង​​តុលា​ការ​​អៈ​​អាង​​ថា​ ​ខ្លួន​​ធ្វើ​​ត្រូវ​​តាម​​នីតិវិធី​​ច្បាប់​​ករណី​​កញ្ញា​​ស្រី​មុំ​

Share

​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​នៅ​ថ្ងៃ​ទី​០៣​ខែឧសភា​នេះ​ថា​ ដំណើរការ​ក្តី​ក្នុង​សំនុំរឿង​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ តាំងពី​ដើម​រហូត​មក​ដល់​មានការ​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ ៤​នាក់​និង​ ម​ន្រី្ត​ គ​ ជ​ ប​ មួយ​រូប​ គឺ​តុលាការ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​យ៉ាង​ពិតប្រាកដ​ ។​ ​ការ​ថ្លែង​អះអាង​នេះ​ គឺ​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​៦០​ស្ថាប័ន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូចនេះ​។​ លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ ៖

court-arrested-text

​ទាំង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​រដ្ឋាភិបាល​ សុទ្ធ​អះអាង​ថា​ ការ​ចាប់​ឃុំខ្លួន​ មន្ត្រី​សង្គម​ស៊ី​វិល​ ៤​រូប​នៃ​សមាគម​អា​ដ​ហុ​ក​ នឹង​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គជ​ប​ គឺ​ធ្វើ​តាម​ច្បាប់​កំណត់​ មិន​បាន​បំពាន​គោលការណ៍​សិទ្ធិ​មនុស្ស​ឡើយ​ ។​​

​ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​៦០​ ចាត់​ទុក​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​បាន​ចាត់ការ​លើ​អង្គការ​សង្គម​ស៊ី​វិល​ថា​ មាន​ចរិត​នយោបាយ​ហើយ​ថា​ ទ​ង្វើ​របស់​ស្ថាប័ន​ទាំង​ពីរ​នោះ​ គឺជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​តែ​ប៉ុណ្ណោះ​ ។​ ​អង្គការ​ទាំងនេះ​រិះគន់​ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​ស្ថាប័នរដ្ឋ​ដោយ​ខុស​នីតិវិធី​ គឺ​ដើម្បី​ជា​ឧបករណ៍​គំរាមកំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ​ និង​ដាក់ទោស​ចំពោះ​សកម្មភាព​ស្របច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​អង្គការ​សង្គម​ស៊ី​វិល ​។​​

​អង្គការ​ទាំងនេះ​ ក៏​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​ ៥​នាក់​នោះ​ជា​បន្ទាន់​ ។​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ និង​លោកស្រី​ លឹ​ម​ មុនី​ ជាប់ចោទ​សូកប៉ាន​សាក្សី​ ចំណែក​លោក​ នី​ ចរិយា​ ជាប់​ពាក់ព័ន្ធ​សមគំនិត​ ករណី​ស្រី​មុំ​។​ ពួក​គាត់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃុំខ្លួន​ករណី​ កញ្ញា​ស្រី​មុំ​ឆ្លើយ​ដាក់​​​ ។​​

​ទាក់ទង​បញ្ហា​នេះ​ លោក​ លី​ សុ​ផា​ន​ណា​ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ការ​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​របស់​អង្គការ​សង្គម​ស៊ី​វិល​ គឺជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ស្រប​តាម​គោល​គារ​ណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​កម្ពុជា​មាន​ ។​ តែ​យ៉ាងណា​លោក​ សង្កត់ធ្ងន់​ថា​ ចំ​ចំណាត់ការ​របស់​តុលាការ​ គឺ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​ខ្លួន​ដោយ​មិន​មានការ​បង្គាប់បញ្ជា​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ​ ។​

លោក​ លី​ សុ​ផា​ន​ណា​៖​ នេះ​ជា​សិទ្ធិ​របស់​គាត់​!​ អ​ញ្ចឹ​ង​យើង​មិន​អាច​ឆ្លើយ​តប​អី​ជាមួយ​គាត់​ទេ​។​ គាត់​ចង់​និយាយ​អី​ អាហ្នឹង​ជា​រឿង​របស់​គាត់​ តែ​យើង​ដំណើរការ​នីតិវិធី​របស់​យើង​ដោយ​ត្រឹមត្រូវ​​ ។​​

​យ៉ាងណា​ក៍ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ​ ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ គោរព​សិទ្ធិ​ការងារ​ និង​បញ្ឈប់​ការ​យាយី​ និង​គំរាមកំហែង​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធ​មនុស្ស​។​​

​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ លោកស្រី​ អេ​លេ​ណា​ ប៉ាន​ហ្វី​ឡូ​វ៉ា​ (Elena​ Panfilova)​ មាន​ប្រសាសន៍​ថា​ អង្គការ​នេះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ និង​ការ​គំរាមកំហែង​ អ្នក​ការពារ​សិទ្ធ​មនុស្ស​ និង​អ្នកប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​អង្គការ​អន្តរជាតិ​នេះ​ ហៅ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​យាយី​ និង​ព្យាយាម​បំបិទ​សំលេង​អ្នក​ការពារ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ ។​​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​ អ្នកនាំពាក្យ​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ លើក​ឡើង​ថា​ សេចក្តីថ្លែងការណ៍​របស់​បណ្តា​អង្គការ​សង្គម​ទាំងនោះ​ គឺ​មិន​មាន​សារៈសំខាន់​អ្វី​សម្រាប់​ជា​មូលដ្ឋាន​ឱ្យ​រាជ​ រដ្ឋាភិបាល​ធ្វើការ​ពិចារណា​ ព្រោះថា​ការ​លើក​ឡើង​របស់​សង្គម​ស៊ី​វិល​នេះ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ដែល​កើត​មាន​ ពោល​គឺ​មាន​ចរិត​ភូតភរ​ការ​ពិត​ ។​ លោក​ ផៃ​ ស៊ី​ផា​ន​ ថ្លែង​គាំទ្រ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ បាន​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ ព្រោះ​មន្ត្រី​សង្គម​ស៊ី​វិល​ទាំងនោះ​បាន​រៀបចំ​បិទ​បាំង​ និង​បំផ្លាញ​ការ​ពិត​ក្នុង​ករណី​នេះ​ ដោយ​បាន​សូកប៉ាន់​លើក​នារី​រង​គ្រោះ​ដោយ​មិន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ ការ​លើក​ឡើង​របស់​គេ​ហ្នឹង​គឺជា​ការ​ភូតភរ​បន្ថែម​ទៅ​ទៀត​លើក​អ្វី​ដែល​គេ​បាន​ប្រព្រឹត្តិ​ ដូច្នេះ​មិន​មាន​សារៈសំខាន់​ទេ​ សម្រាប់​ឱ្យ​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​។​ ចំណែក​ការ​ចាត់វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU​ក៏​មិន​ខុស​អី​ពី​ ប៉ូ​លី​ស​នៅ​ប្រទេស​អង់គ្លេស​ដែរ​ គឺ​គេ​ចាត់វិធានការ​ណ៍​តាម​ឃ្លាំមើល​រាល់​ព័ត៌មាន​ឆ្លង​ឆ្លើយ​តាម​ទូរស័ព្ទ​ ។​​

​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​សមាគម​អា​ដ​ហុ​ក​ទាំងនោះ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន​សាក្សី​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ពី​បទ​សមគំនិត​ តាម​មាត្រា​ ៥៤៨​ និង​មាត្រា​ ២៩​ហើយ​ពួក​គាត់​អាច​ប្រឈម​ជាប់ពន្ធ​ធា​គារ​ពី​៥​ ឆ្នាំ​ ទៅ​ ១០​ឆ្នាំ​ ។​​

​សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ និង​ជា​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​ លោក​ សូ​ ច​ន្ថា​ និយាយ​ថា​  រដ្ឋាភិបាល​ គប្បី​គិតពិចារណា​ឡើង​វិញ​ទៅ​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ​ ព្រោះ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​កន្លង​មក​ វា​អាច​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ។​ មួយវិញទៀត​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ដោយ​អ្នក​វិនិយោគ​នឹង​មិន​ហ៊ាន​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ ព្រោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​ ។​ យ៉ាងណា​លោក​ថា​ ដើម្បី​ឱ្យ​មាន​ស្ថានការណ៍​នយោបាយ​វិល​មក​រក​សភាព​ធម្មតា​វិញ​ លុះ​ណា​សហ​គម​អន្តរជាតិ​ និង​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​បន្ថែម​ជាង​នេះ​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ ទម្លាក់​ចោល​បទ​ចោទ​ទាំងនោះ​។​​

​លោក​ សូ​ ច​ន្ថា​៖​ ខ្ញុំ​គិត​ថា​ សម្ពាធ​ជា​លក្ខណៈ​អន្តរជាតិ​គឺជា​សម្ពាធ​បែប​ស្រទន់​ ដែល​វា​ធ្វើ​ឱ្យ​កម្ពុជា​យើង​មាន​មុ​ខុ​មាត់​មិនល្អ​លើ​ឆាក​អន្តរជាតិ​ ដូច្នេះ​ចង់​ មិន​ចង់​រដ្ឋាភិបាល​ត្រូវ​ពិចារណា​លើ​ចំណុក​នេះ​។​​

​សូម​រំលឹក​ថា​ តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២​ខែឧសភា​ ម្សិលមិញ​បាន​សម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ចំណែក​លោក​ នី​ ចរិយា​  មន្ត្រី​គ​.​ជ​.​ប​ ១​រូប​ តុលាការ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​  ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​ ៕​

Share

Image
Image
Image