en     km
en     km

សកម្ម​ជន​​ការ​ពារ​​ព្រៃ​ឈើ​​ ជំនះ​​បំរាម​​គ្រួសារ​​ ស៊ូ​​ប្តូរ​ជីវិត​​ការ​ពារ​​ព្រៃ​

Share

​ការ​គម្រាមកំហែង​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ ការ​ប្រមាថ​ដល់​ជីវិត​ រួម​ទាំង​គម្រាមកំហែង​ផ្លូវច្បាប់​ផង​នោះ​ គឺជា​អី្វ​ដែល​សកម្មជន​ ការពារ​ព្រៃឈើ​ជួប​ប្រទះ​ជា​ញឹកញាប់​មក​ហើយ​។​ ​ការ​គម្រាមកំហែង​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ មិន​ចង់ឱ្យ​ប្តី​ ឬ​កូន​របស់​ខ្លួន​ធ្វើ​ជា​សកម្មជន​ការពារ​ព្រៃឈើ​នោះ​ទេ​បើ​ទោះបី​ដឹង​ថា​ ព្រៃឈើ​មាន​ប្រយោជន៍​ ដល់​មនុស្សជាតិ​ក៏​ដោយ​។​ ក្រុម​គ្រួសារ​ពួក​គាត់​បារម្ភ​គឺ​ខ្លាច​ ដូច​ករណី​លោក​ ឈុត​ វុ​ទី្ធ​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​។​តែ​ទោះជា​ត្រូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​នានា​ ហើយ​ត្រូវ​គ្រួសារ​ហាមឃាត់​ ក៏​សកម្មជន​ការពារ​ព្រៃ​ឡង់​មួយ​ចំនួន​ នៅ​តស៊ូ​ជំនះ​ដើម្បី​ការពារ​ព្រៃឈើ​។

Sakam-preylung-text
សកម្មជន​ការពារ​ព្រៃឈើកំពុងទទួលអាហារជំុគ្នានៅក្នុងព្រៃ។

ទាក់ទិន​នឹង​ភាព​ក្លាហាន​នេះ​ គឺ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ លោក​ អ៊ូច​ ឡេ​ង​ ថ្មី​ ត្រូវ​បាន​អង្គការ​បរិស្ថាន​មួយ​របស់​អា​មេ​រិ​ក​ ផ្ដល់​ពានរង្វាន់​ជា​ជើងឯក​ ការពារ​ព្រៃឈើ​នៅ​កម្ពុជា​។​ តម្លៃ​ពាន​ង្វា​ន់​នេះ​ ធ្វើ​ឱ្យ​ លោក​ អ៊ូច​ ឡេ​ង​ ទទួល​បាន​មូលនិធិ​ជំនួយ​ ជាង​១៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​កញ្ញា​ ឆេ​ង​ ណា​តា​ បាន​ទៅ​ជួប​សកម្មជន​ទាំងនោះ​ ខណៈ​ពួក​គាត់​ដើរ​ល្បាត​ព្រៃ​ នៅ​ក្នុង​តំបន់​ព្រែ​ឡង់​ បាន​រៀបរៀង​បទ​យកការណ៍​នេះ​។​ សូម​ស្ដាប់​សេចក្ដីរាយការណ៍​ លម្អិត​របស់​កញ្ញា​ ដូច​តទៅ​៖


ពាក់អាវ​ដៃខ្លី​ ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ អង្គុយ​លើ​គល់ឈើ​ដែល​ត្រូវ​គេ​កាប់​រលំ​ នៅ​ក្នុង​កណ្តាល​ព្រៃ​ឡង់​ដែល​មាន​សភាព​ស្ថា​ត់​ជ្រងំ​ ជាមួយ​សំលេង​សត្វ​យំ​ លោក​ ហឿ​ន​ សុភាព​ បាន​ ប្រឡូក​ ក្នុង​សកម្មភាព​ការពារ​ព្រៃឈើ​ តាំងពី​អាយុ​២៦​ឆ្នាំ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ គ្រួសារ​របស់​លោក​មិន​បាន​ពេញចិត្ត​ឱ្យ​លោក​ធ្វើ​ជា​សកម្មជន​ការពារ​ឈើ​នោះ​ទេ​។​

​លោក​ថា​ជា​រឿយៗ​ប្រពន្ធ​របស់​លោក​ តែង​ហាម​លោក​ មិន​ឱ្យ​ចូលរួម​ជាមួយ​អ្នក​ដទៃ​ និង​មិន​ឱ្យ​ចេញ​ល្បាត​ព្រៃ​ចាប់​ជនល្មើស​ជាដើម​។​ ​ការ​ដែល​គ្រួសារ​ហាមឃាត់​លោក​ មិន​ឱ្យធ្វើ​ជា​សកម្មជន​ការពារ​ព្រៃឈើ​ ព្រោះ​សកម្មជន​ការពារ​ព្រៃឈើ​ត្រូវ​ផ្សង​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា​ ហើយ​ជា​ការងារ​ដែល​មិន​ទទួល​បាន​ប្រាក់​ចំណូល​ផង​ទៀត​។​

​បែប​នេះ​ក្តី​លោក​នៅ​តែ​តស៊ូ​ជំនះ​ជាមួយ​គ្រួសារ​ ដើម្បី​ស្ម័គ្រ​ចូលខ្លួន​ការពារ​ព្រៃឈើ​ ដោយសារ​លោក​ឃើញ​ថា​ បទល្មើស​ព្រៃ​ ដែល​បង្ក​ឡើង​ក្រុមហ៊ុន​ និង​ជន​មួយ​ចំនួន​បាន​កើតឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងស្រុក​របស់​លោក​។​

​បន្ទាប់​ពី​ឃើញ​សកម្មភាព​នៃ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​ខ្លាំងក្លា​ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ លោក​ក៏​បាន​ផ្តួចផ្តើម​គំនិត​ ដើម្បី​ចងក្រង​ជា​សហគមន៍​មួយ​ រួម​គ្នា​ការពារ​ព្រៃ​ឡង់​ ដែល​ជា​ព្រៃ​មួយ​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​រស់នៅ​ដោយ​សុខ​ស្រួល​ ពី​ការ​រក​អនុ​ផល​ព្រៃឈើ​។​ សហគមន៍​ការពារ​ព្រៃ​ឡង់​ដែល​បាន​ចងក្រង​នេះ​ មានការ​ចូលរួម​ពី​ប្រជាជន​យ៉ាងច្រើន​ មក​ពី​៨​ឃុំ​នៅ​ក្នុងស្រុក​សណ្តាន់​។​ ប្រជា​សហគមន៍​ តែង​ចុះ​ល្បាត​ព្រៃ​ជា​ញឹកញាប់​ ហើយ​រាល់​ការ​ចុះ​ល្បាត​ព្រៃ​ម្តងៗ​ ភាគច្រើន​ក្រុម​របស់​លោក​ ហឿ​ន​ សុភាព​ តែង​ចាប់​បាន​ភស្តុ​តាង​បទល្មើស​ផ្សេង​ ហើយ​ពេល​ខ្លះ​ចាប់​បាន​ទាំង​ជនល្មើស​ដែល​កំពុង​កាប់​ឈើ​ថែម​ទៀត​។​

​អង្គុយ​នៅ​មុខ​ភ្នក់ភ្លើង​ ដុត​បំភ្លឺ​ ដើម្បី​ការពារ​សត្វ​សាហាវ​ផ្សេងៗ​ មិន​ឱ្យមក​ក្បែរ​ជុំ​រំដេក​ សកម្មជន​ការពារ​ព្រៃ​ឡង់​រូប​នេះ​ អះអាង​ថា​ បើ​ទោះបីជា​របាយការណ៍​របស់​ពិភពលោក​រក​ឃើញ​ថា​ ក្នុង​មូ​យស​ប្តា​ហ៍​ សកម្មជន​ការពារ​ព្រៃឈើ​២​នាក់​បាត​បង់ជីវិត​ក៏​ដោយ​ តែ​ការងារ​ជា​សកម្មជន​ការពារ​ព្រៃ​ឡង់​នឹង​មិន​បញ្ចប់​ត្រឹម​ជំនាន់​លោក​នោះ​ទេ​។​ លោក​នឹង​បន្ត​ទៅ​ដល់​កូន​ ឬ​ក្មួយ​របស់​លោក​បន្ត​ទៀត​ ដោយសារ​លោក​យល់​ថា​ព្រៃឈើ​មាន​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​។​

​មិន​ខុស​គ្នា​ពី​លោក​ ហឿ​ន​ សុភាព​ សកម្មជន​ព្រៃ​ឡង់​ម្នាក់​ទៀត​ មាន​វ័យ​៣០​ឆ្នាំ​  គឺ​លោក​សុខ​ ប្លោក​។​ សកម្មជន​រូប​នេះ​ បាន​ប្រឡូក​ចូល​ជា​អ្នក​ការពារ​ព្រៃឈើ​ តាំងពី​ឆ្នាំ​២០០៨​ គឺ​ក្រោយ​ពី​ព្រៃ​ឡង់​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ខ្លាំង​ បន្ទាប់​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ស៊ី​អ​ស៊ី​ខេ​(CRCK)​ របស់​វៀតណាម​ លើ​ដី​ជាង​៦​ពាន់​ហិច​តា​ នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​។​

​លោក​ សុខ​ ប្លោក​ បាន​រៀបរាប់​ថា​ ធ្វើ​ជា​សកម្មជន​ការពារ​ព្រៃឈើ​ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ លោក​ថា​មិន​តិច​ដង​ទេ​ ដែល​លោក​ត្រូវ​បាន​គេ​គម្រាមកំហែង​គ្រប់​បែប​យ៉ាង​។ ​​តែ​បែប​នេះ​ក្ដី​លោក​នៅ​តែ​ព្យាយាម​ជំនះ​ការ​ហាមឃាត់​របស់​ប្រពន្ធ​ និង​ព្យាយាម​ពន្យល់​ប្រពន្ធ​ពី​សារៈសំខាន់​នៃ​ព្រៃឈើ​។​

​បើ​និយាយ​ពី​ការពារ​ព្រៃឈើ​វិញ​ បុរស​កូន​ពីរ​រូប​នេះ​ ក៏​ធ្លាប់​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន​ ស៊ី​អរ​ស៊ី​ខេ​ផង​ដែរ​ គឺ​ដើម្បី​តាមដាន​ការ​ប្រព្រឹត្ត​បទល្មើស​ របស់​ក្រុមហ៊ុន​មួយ​នេះ​។​ ក្នុងអំឡុងពេល​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន​វៀតណាម​នោះ​ លោក​បានឃើញ​បទល្មើស​ជា​ច្រើន​ដែល​ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​។​

​សកម្មជន​ព្រៃ​ឡង់​រូប​នេះ​ ប្រាប់​ថាបើ​ទោះជា​លោក​ត្រូវ​រង​ការ​គម្រាមកំហែង​ និង​ការ​មិន​ពេញចិត្ត​ពី​គ្រួសារ​ក៏​ដោយ​ ក៏​លោក​បាន​ប្តេជ្ញា​ថា​នឹង​ប្តូរជីវិត​ការពារ​ព្រៃ​ឡង់​ ដែល​លោក​ថា​ជា​ព្រៃធំ​ជាងគេ​នៅ​កម្ពុជា​ និង​ដើម្បី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដែល​ពឹង​អាស្រ័យ​លើ​អនុ​ផល​ព្រៃឈើ​។​

​ដូច​គ្នា​ នឹង​សកម្មជន​ទាំង​ពីរ​ខាងលើ​ដែរ​លោក​ សេង​ ប៊ុ​ន​ធឿ​ន​ អនុប្រធាន​ព្រៃ​សហគមន៍​ក្បាល​ខ្លា​ បាន​និយាយ​ថា​ឪពុក​ម្តាយ​លោក​ មិន​ចង់ឱ្យ​លោក​ធ្វើ​សកម្មជន​ការពារ​ព្រៃឈើ​នោះ​ទេ​ ប៉ុន្តែ​លោក​មិន​បាន​ឈប់​តាម​ការ​ទទូច​របស់​ឪពុក​ម្តាយ​ឡើយ​។​

​យុវជន​វ័យ​២៦​ឆ្នាំ​រូប​នេះ​ បានឱ្យ​ដឹង​ថា​ ហេតុផល​ដែល​លោក​មិន​ព្រម​ឈប់​ធ្វើ​ជា​សកម្មជន​ ការពារ​ព្រៃឈើ​ ដោយសារ​តែ​ស្រលាញ់​ព្រៃឈើ​ និង​មិន​ចង់​ឃើញ​ព្រៃ​បាត់បង់​បន្ត​ទៀត​។​

​លោក​ សេង​ ប៊ុ​ន​ធឿ​ន​ ដែល​ចូលរួម​ធ្វើ​ជា​សកម្មជន​ការពារ​ព្រៃ​អស់​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ​នោះ​ បានឱ្យ​ដឹង​បន្ថែម​ថា​ «​បើសិនជា​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ មាន​ខូច​ម៉ូតូ​។​ ហើយ​ជួប​បទល្មើស​ បទល្មើស​វា​គម្រាមកំហែង​យើង​អី​អ​ញ្ចឹ​ង​ទៅ​។​ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​មាន​ភ័យ​ខ្លាច​អី​ទេ​»​

​​លោក​ កែម​ ឡី​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ មើលឃើញ​ថា​ក្រៅពី​បញ្ហា​ផ្ទាល់ខ្លួន​ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ សកម្មជន​ការពារ​ព្រៃឈើ​ ក៏​ជួប​ប្រទះ​ការ​រើសអើង​មជ្ឈដ្ឋាន​ផ្សេង​ទៀត​ផង​ដែរ​។​ ​លោក​បន្ត​ថា​ សកម្មជន​ការពារ​ធនធានធម្មជាតិ​ គួ​តែ​ទទួល​បានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ ព្រមទាំង​ការ​ផ្តល់​រង្វាន​ផ្សេងៗ​។​

​កាលពី​ចុងឆ្នាំ​២០១៥​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ក្នុង​ប្រទេស​កម្ពុជា​  ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឈ្នះ​ពានរង្វាន់​ អេក្វាទ័រ​២០១៥​។​

​សហគមន៍​នេះ​ គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​ ២១​ នៃ​អ្នក​ឈ្នះ​ពានរង្វាន់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​ក្រុម​ជាង​១៥០០​ ដោយ​មានការ​ត្រួតពិនិត្យ​មើល​ ពី​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។​ អង្គការ​នេះ​ជា​អ្នក​វិនិច្ឆ័យ​លើ​ គំនិត​ផ្តួចផ្តើម​សហគមន៍​នៅ​ថ្នាក់​មូលដ្ឋាន​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គេ​ប្រើ​ពាក្យ​ថា​ «​ពូកែ​»​ ដែល​អាច​ស្វែងរក​ដំណោះស្រាយ​ថ្មី​ សម្រាប់​ភាព​សុខដុម​ ឡើង​វិញ​របស់​ប្រជាពលរដ្ឋ​ ធម្មជាតិ​ និង​សហគមន៍​។​

​ត្រលប់​មក​រក​សកម្មជន​ ហឿ​ន​ សុភាព​ វិញ​ដែល​បាន​ទៅ​ទទួល​ពានរង្វាន់​ដល់ទី​ក្រុង​បារី​ស​ ប្រទេស​បារាំង​ បាន​និយាយ​ថា​៖«​ពេល​ដែល​គណៈ​ក​ម្មា​ការ​និយាយ​ពី​សកម្មជន​ដែល​ជាប់​ពានរង្វាន់​គឺ​គាត់​បាន​និយាយ​ភាសា​មួយ​ចំនួន​ដែល​យើង​ស្តាប់​បាន​ថា​ ការ​ពិត​គឺ​បណ្តាញ​សហគមន៍​ផ្សេងៗ​មិន​មាន​អ្វី​ខ្លាំង​ប៉ុន្មាន​ទេ​ ប៉ុន្តែ​គេ​កោតសរសើរ​នៃ​ការ​ហ៊ាន​លះបង់​ជីវិត​ប្រឈម​ជាមួយ​ការ​គម្រាមកំហែង​ ប្រឈម​ការងារ​មួយ​ចំនួន​ ដែល​បាត់បង់​ប្រាក់​ចំណូល​ពី​គ្រួសារ​ ហ៊ាន​បញ្ឈប់​សកម្មភាព​ ឬ​ការ​បញ្ឈប់​ការងារ​ដែល​យើង​រក​ប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​ គឺ​យើង​យក​ពេល​ទៅ​ធ្វើ​រឿង​ព្រៃឈើ​ដែល​គ្មាន​ប្រាក់ខែ​ គ្មាន​អ្វី​ជា​ប្រាក់​ចំណូល​»

Share

Image
Image
Image