en     km
en     km

ទម្រង់​​ល្ខោន​និយាយ​​​ ប្រឈម​​នឹង​​ការ​​បាត់​បង់​ ​ព្រោះ​​មិន​​មាន​​ទីផ្សារ​

Share

​ភ្នំពេញ ៖ ទម្រង់​ល្ខោននិយាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​បន្តិច​ម្តងៗ​ ដោយសារ​តែ​មិន​មាន​សិស្ស​រៀន​ ។​ ម្យ៉ាងវិញទៀត​ ទំរង់​សិល្បៈ​មួយ​នេះ​បច្ចុប្បន្ន​ ក៏​មិន​មាន​ទីផ្សារ​ទូលំទូលាយ​នោះ​។​ នាទី​សិល្បៈ​កំសាន្ត​នៅ​ថ្ងៃនេះ​នឹង​នាំ​អារម្មណ៍​លោក​អ្នក​ស្វែង​យល់​ពី​ទំរង់​ល្ខោននិយាយ​ ។​ ដើម្បី​ជ្រាប​ច្បាស់​ ជា​បន្ត​ទៅ​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​នាទី​កម្សាន្ត​ដែល​រៀបរៀង​ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​ ៖

 

movie-neyeay-text
លោ្ខននិយាយរឿង ផ្កាស្រពោន។ រូបភាពពី Facebook Khmersong1975

​ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​បាន​ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​ សិល្បករ​ផ្នែក​ល្ខោននិយាយ​ នៅ​សេសសល់​តិចតួច​បំផុត​ ដែល​ឆ្លង​រួច​ផុត​ពី​ការ​កាប់សម្លាប់​របប​ប៉ុ​ល​ពត​ ហើយ​បាន​នាំ​គ្នា​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​ទម្រង់​ល្ខោននិយាយ​ ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ​ ។​ ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៧៩​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ការ​ចងក្រង​អត្ថបទ​ ទម្រង់​ល្ខោននិយាយ​ នៅ​ប្រទេស​កម្ពុជា​ មិន​ទាន់​មានការ​រីក​ចំរើន​ដូច​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​នៅឡើយ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ យឹ​ន​ វាស្នា​ និស្សិត​នៃ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​ល្ខោននិយាយ​ ។​

​កញ្ញា​ យឹ​ន​ វាស្នា​ បាន​និយាយ​ថា​ ការ​រៀន​ល្ខោននិយាយ​មានការ​ពិបាក​ច្រើន​ ព្រោះ​ការ​សម្តែង​ ត្រូវការ​ទាំង​កាយវិការ​ ទឹកមុខ​ ដងខ្លួន​ ជា​ពិសេស​ពាក្យ​សម្តី​ជា​ធំ​ ។​(១)

​កញ្ញា​បន្ថែម​ថា​ ការ​សម្តែង​ល្ខោននិយាយ​គឺ​ត្រូវធ្វើ​ឲ្យ​ដូច​ទិដ្ឋភាព​សង្គម​ពិតៗ​ ប៉ុន្តែ​គ្រាន់តែ​បញ្ចូល​បច្ចេកទេស​សម្តែង​ និង​ប្រើ​ពាក្យពេចន៍​ឲ្យ​ត្រូវ​នឹង​អក្ខរ​វិរុទ្ធ​តែ​ប៉ុណ្ណោះ​ ។​(២)

​នៅ​ពេល​បច្ចុប្បន្ន​នេះ​ កញ្ញា​សង្កេត​ឃើញ​ថា​ សិស្ស​ដែល​ចូល​រៀន​ជំនាញ​ ល្ខោននិយាយ​មានការ​ថមថយ​ច្រើន​ គឺ​ដោយសារ​តែ​ជំនាញ​នេះ​ មិន​មាន​ទីផ្សារ​ទូលំទូលាយ​ ម្យ៉ាង​ឥឡូវនេះ​ ជា​សម័យ​ទំនើប​ មនុស្ស​មិនសូវ​មើលល្ខោន​និយាយ​ទេ​ តែ​ពួក​គេ​ចូល​ចិត្ត​មើល​ខ្សែរ​ភាពយន្ត​ច្រើន​ជាង​ ។​(៣)

​កញ្ញា​សម្តែង​នូវ​ភាព​អស់សង្ឃឹម​ នៅ​ពេល​ដែល​សួរ​ថា​ តើ​សិល្បៈ​ល្ខោននិយាយ​នឹង​ទៅ​ជា​យ៉ាងណា​នៅ​ពេល​អនាគត់​ ប្រសិនបើ​គ្មាន​អ្នកគាំទ្រ​ដូច​សព្វ​ថ្ងៃនេះ​ ។​(៤)

​ជា​ចុង​ក្រោយ​កញ្ញា​បាន​សំនូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ សូមកុំ​បំភ្លេច​ទម្រង់​ល្ខោននិយាយ​មួយ​នេះ​ ព្រោះ​វា​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​ ដោយ​បាន​បញ្ចូល​រឿង​ពិត​ក្នុង​សង្គម​ បង្ហាញ​តាម​រយៈ​ល្ខោននិយាយ​នេះ​ ។​(៥)

​ល្ខោននិយាយ​ជា​ទម្រង់​សិល្បៈ​មួយ​ដែល​កើតមក​ពី​ល្ខោន​សម័យ​ ។​ ល្ខោន​នេះ​ទទួល​ឥទ្ធិពល​ពី​បរទេស​ ។​
​ទម្រង់​ល្ខោននិយាយ​ ឬ​នាដកម្ម​ ជា​ទម្រង់​សិល្បៈ​មួយ​ ដែល​និយាយ​ប្រាប់​ពី​រឿង​មួយ​តាម​រយៈពាក្យ​សម្តី​ និង​សកម្មភាព​ទាំងឡាយ​របស់​តួអង្គ​ ។​ សាច់​រឿង​សម្តែង​ដោយ​សិល្បករ​ ដែល​ជា​តួ​តំណាង​ឲ្យ​តួអង្គ​ពិត​ ដែល​សិល្បករ​ស្ថិត​នៅ​ចំពោះ​មុខ​ទស្សនិកជន​ ។​

​ល្ខោននិយាយ​នេះ​មាន​ប្រភព​មក​ពី​បរទេស​ ដែល​ជា​ទម្រង់​ប្រភេទ​ល្ខោន​សម័យ​ទំនើប​ ដែល​យកពាក្យ​សម្តី​ជា​ធំ​ ។​ ដើម​ឡើយ​ មាន​ជនជាតិ​បារាំង​ម្នាក់​បាន​យក​មក​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​ គឺ​លោក​ (​ហ្គី​ ប៉ូ​រ៉េ​)​ ។​ ទម្រង់​ល្ខោននិយាយ​ គឺ​មានការ​ផ្តួចផ្តើម​ឡើង​មុនគេ​បង្អស់​ដោយ​លោក​ (​ឡា​ ហ្វុ​ង​តែ​ន​)​ ។​ ល្ខោននិយាយ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​ ១៩៤៤​ និង​មាន​រូបរាង​ពិតប្រាកដ​ក្នុង​ឆ្នាំ​ ១៩៤៥​ ។​ សិល្បករ​ខ្មែរ​ក៏​បាន​យក​មក​កែសំរួល​ធ្វើការ​សម្តែង​ប្រហែល​ក្នុង​អំឡុង​ឆ្នាំ​ ១៩៤៩​ ទៅ​ ១៩៥៩​។​ នេះ​បើ​យោង​តាម​សៀវភៅ​ ដែល​ចងក្រង​ដោយ​លោក​ ពេជ្រ​ ទុំ​ក្រវិល​ ។​

​គោលការណ៍​នៃ​ការ​សម្តែង​សិល្បៈ​ ល្ខោននិយាយ​នេះ​គឺ​ សិល្បករ​ សិល្បការ​នី​ត្រូវ​តាំងចិត្ត​ តាំងសម្មាធិ​ ប្រមូល​អារម្មណ៍​ ទប់​ស្មារតី​ ធ្វើ​ចិត្ត​ឲ្យ​ក្លាហាន​ ត្រូវ​សំដែង​ពី​អ្វី​ដែល​អ្នកនិពន្ធ​បាន​កំណត់​គ្រប់​បែប​យ៉ាង​ ។​ អ្នក​សម្តែង​ មិន​ត្រូវ​ឲ្យ​មាន​បញ្ហា​អ្វីមួយ​កើត​មាន​ឡើង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ហាត់រៀន​នៅ​ក្នុង​ការ​សម្តែង​ឡើយ​ ។​ ការ​ធ្វើ​បែប​នេះ​ជា​ទំលាប់​មុន​ឡើង​សម្តែង​ របស់​សិល្បករ​ សិល្បការ​នី​ ៕

Share

Image
Image
Image