en     km
en     km

EU​ សង្ឃឹម​ថា​​ការ​​បោះ​​ឆ្នោត​​នា​​ពេល​​ខាង​​មុខ​​មេបក្សប្រឆាំង ​នឹង​មក​កម្ពុជា​វិញ​

Share

​ភ្នំពេញ ៖ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០​ខែមេសា​នេះ​ថា​សហភាព​អឺរ៉ុប​មាន​ក្តី​សង្ឃឹមថា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​នឹង​មាន​វត្តមាន​របស់​មេ​បក្ស​ប្រឆាំង​ចូលរួម​ ។​ ​ការ​រំពឹង​នេះ​ខណៈ​ដែល​លោក​ សម​ រ​ង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​ដោយ​មាន​បណ្តឹង​ចំនួន​៤​ជាប់​ខ្លួន​ហើយ​លោក​ កឹ​ម​ សុខា​ ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​ង​ស្នេហា​ផង​ដែរ​ ។​ តែ​បែប​នេះ​ក្ដី​មន្ត្រី​គណបក្សកាន់អំណាច​លើក​ឡើង​ថា​ ស្វាគមន៍​វត្តមាន​លោក​ សម​ រ​ង្ស៊ី​ ជា​និច្ច​ តែ​មេ​បក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។ រា​យ​កា​រ​ណ៍​ដោ​យ​លោ​ក​ ​កែ​វ​ សុ​ខា​ ​៖

 

eu-text
​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​ ចង់​ឃើញ​បរិយាកាស​បោះ​ឆ្នោត​មួយ​ដែល​ល្អ​ប្រសើរ​ពោល​គឺ​ត្រូវ​តែ​មានការ​ចូលរួម​ប្រ​កូត​ប្រជែង​ពី​គ្រប់​គណបក្ស​នយោបាយ​ ពិសេស​គឺ​មេដឹកនាំ​គណបក្សប្រឆាំង​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ ឬ​គាប់សង្កត់​គ្នា​នោះ​ឡើយ​។​

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​(George​ EDGAR)​ រំពឹង​ទៀត​ថា​អ្នកនយោបាយ​កម្ពុជា​នឹង​កសាង​វប្បធម៌​សន្ទនា​ឡើង​វិញ​ ដើម្បី​ជា​មធ្យោបាយ​មួយ​នាំ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​លទ្ធភាព​ត្រលប់​ចូល​ស្រុក​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ ​លោក​បាន​ថ្លែង​ដូចនេះ​ តាម​រយៈ​អ្នកបកប្រែ​ភាសា​ ៖

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​(George​ EDGAR)​ ៖​ អ្វី​ដែល​យើង​ទន្ទឹង​រង​ចាំ​ហ្នឹង​ គឺ​យើង​សង្ឃឹមថានឹង​មាន​ឡើង​វិញ​នូវ​វប្បធម៌​សន្ទនា​។​ ហើយ​យើង​ក៏​រង​ចាំ​បរិយាកាស​មួយ​ដែល​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ទាំងអស់​មក​ជ​ជែង​ពិភាក្សា​គ្នា​បាន​ ដោយ​មិន​មានការ​ភិតភ័យ​ ឬ​មួយ​ក៏​មិន​មានការ​ធ្វើទុក្ខ​បុក​ម​ន្នេ​ញ​ផ្សេង​នោះ​បាទ​ ។​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូប​នេះ​ ក៏​សង្ឃឹមថា​ គណបក្ស​នយោបាយ​ធំ​ពីរ​ដែល​មាន​អាសនៈ​អាច​ត្រលប់​ចូល​តុ​ច​ចារ​គ្នា​វិញ​ ដើម្បី​ពិភាក្សា​រួម​គ្នា​ដោះស្រាយ​គោលនយោបាយ​ផ្សេងៗ​ ។​

​មន្ត្រី​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈឹ​ម​ ផល​វរុណ​ លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​ស្វាគមន៍​ វត្តមាន​របស់​លោក​ សម​ រ​ង្ស៊ី​ ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជា​និច្ច​ ក៏​ប៉ុន្តែ​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​កម្ពុជា​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​នរណា​ម្នាក់​នោះ​ទេ​។​​ទាក់ទង​វប្បធម៌​សន្ទនា​វិញ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​បន្ត​ថា​ វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ​មិន​បាន​ស្លាប់​ទេ​ ។​ លោក​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​ជាន់ឈ្លី​វប្បធម៌​សន្ទនា​ដោយ​ខ្លួនឯង​ រីឯ​លោក​ កឹ​ម​ សុខា​ វិញ​ក៏​មិន​ស្មោះត្រង់​ និង​មាន​តំលៃ​អ្វី​មក​ច​ចារ​វប្បធម៌​សន្ទនា​ទេ​ព្រោះ​លោក​ កឹ​ម​ សុខា​ កំពុង​មានរឿង​អា​សូវ​ផ្ទាល់ខ្លួន​។​

​លោក​ ឈឹ​ម​ ផល​វរុណ​ ៖ «លោក​ សម​ រ​ង្ស៊ី​ គាត់​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​ មិនមែន​អ្នកនយោបាយ​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​មុខ​ច្បាប់​នោះ​ទេ​ ។​ ហើយ​បើ​គាត់​ចង់​មាន​វត្ត​មាននៅ​ម​ក្ពុ​ជា​ធ្វើ​ន​នយោបាយ​ គ្មាន​នរណា​បិទ​សិទ្ធិ​សេរីភាព​ ទោះបីជា​បុគ្គល​ម្នាក់​ជា​ទណ្ឌិត​ក៏​ដោយ​ក៏​អត់​មានការ​ហាមឃាត់​ទេ​​» ។

​លោក​ សម​ រ​ង្ស៊ី​ ធ្លាប់​បាន​គេចខ្លួន​ដូចនេះ​គឺ​ ៤​លើក​មក​ហើយ​ប៉ុន្តែ​ឱ្យ​តែ​ជិត​បោះ​ឆ្នោត​ លោក​បាន​ ត្រឡប់​មក​វិញ​ដោយ​មានការ​លើកលែងទោស​ពី​ ព្រះមហាក្សត្រ​ និង​ការ​សម្របសម្រួល​នយោបាយ​ ជាមួយ​ សម្ដេច​ ហ៊ុន​សែន​ ។​ តែ​ជា​បែប​នេះ​ក្ដី​ សម្ដេច​ ហ៊ុន​ សែន​ សន្យា​មិន​លើកលែងទោស​ លោក​ សម​ រ​ង្ស៊ី​ ជា​ដាច់ខាត​ហើយ​សន្យា​កាត់​ដៃស្ដាំ​លោក​ទៀត​ផង​បើក​លោក​ស្នើ​ព្រះមហាក្សត្រ​ លើកលែងទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​​​ ។

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ និង​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​យល់​ឃើញ​ថា​លោក​ សម​ រ​ង្ស៊ី​ នឹង​អាច​រក​គ្រប់​មធ្យោបាយ​ដើម្បី​វិល​ត្រលប់​មក​កម្ពុជា​វិញ​មុន​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​។​ ​លោក​ សូ​ ច​ន្ថា​ ថា​ លោក​ សម​ រ​ង្ស៊ី​ អាច​ត្រូវ​ចាប់ខ្លួន​តាម​បណ្តឹង​ដែល​មាន​កន្លង​មក​តែ​លោក​ សូ​ ច​ន្ថា​ សង្កត់​ធ្ង​រថា​ប្រ​សិន​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ចាប់ខ្លួន​មែន​នោះ​ នោះ​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​បក្ស​ប្រជាជន​មិន​ខាន​ ។​

​លោក​ សូ​ ច​ន្ថា​ ៖​ «​ក៏​ប៉ុន្តែ​គាត់​ក៏​អាច​វិញ​ត្រលប់​មក​ក្នុង​កំឡុង​ពេល​មុន​ការ​បោះ​ឆ្នោត​ ដូច​កាលពី​ឆ្នាំ​២០១៣​ ។​ អ​ញ្ចឹ​ង​អាច​ជា​ចំណែក​មួយ​ដែល​អាច​បង្ក​បរិយាកាស​ចំណេញ​ដល់​លោក​ សម​ រ​ង្ស៊ី​ បើសិន​អាជ្ញាធរ​ ចាប់ខ្លួន​លោក​នៅ​ពេល​ដែល​យុទ្ធនាការ​នៃ​ការ​ឃោសនា​ចាប់ផ្តើម​ ទី​២​បើ​មាន​ចាប់ខ្លួន​មែន​ខ្ញុំ​គិត​ថា​ បក្ស​ប្រឆាំង​គឺ​ឈ្នះ​ឆ្នោត​ មិនមែន​បក្ស​កាន់​អំណាច​ទេ​»​​ ។​

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ហើយ​ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ស្ថានការណ៍​នយោបាយ​ កម្ពុជា​ ឡើង​កំ​ដៅ​ រហូត​មានការ​ចាប់ខ្លួន​ សកម្មជន​បក្ស​ប្រឆាំង​ និង​សកម្មជន​សង្គម​ ដែល​មានការ​ព្រួយបារម្ភ​ពី​ ការ​ធ្លាក់​ចុះ​ ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​សង្ឃឹមថា​ លទ្ធផល​បោះ​ឆ្នោត​ នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ គឺ​តាម​រយៈ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ ៕​

Share

Image
Image
Image