en     km
en     km

មេ​ធាវី​​ថា​​ ព្រះ​រាជ​អាជ្ញា​​មិន​​សួរ​​ កញ្ញា​ ​ស្រី​មុំ​​ អំ​ពី​​ករណី​​ផ្ដល់​​សក្ខី​កម្ម​ក្លែង​​ និង​​អំ​ពើ​​ពេស្យា​ចា​រ្យ​​

Share

​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​ កញ្ញា​ ចាន់​ តារា​ទី​ ហៅ​ ស្រី​មុំ​ បាន​លើក​ឡើង​ក្រោយ​បញ្ចប់​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​ថា​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ មិន​បាន​សាកសួរ​អំពី​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​អំពើ​ពេស្យាចារ​ឡើយ​ ។​ ចំណែក​អង្គការ​ធ្វើការ​លើ​ស្ត្រី​ថា​ អ្នកនយោបាយ​យក​កញ្ញា​ ស្រី​មុំ​ ជា​ឈ្នាន់​នយោបាយ​ និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ។​ លោក​ ធូ​ វិ​រៈ​លម្អិត​ព័ត៌មាន​នេះ​

 

sreymom-text
កញ្ញា​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ

​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា​ តើ​ព្រះរាជអាជ្ញា​សាកសួរ​កញ្ញា​ ស្រី​ មុំ​ អំពី​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​អំពើ​ពេស្យាចារ​ដែរ​ឬទេ​?​ មេធាវី​ការពារ​ឲ្យ​កញ្ញា​ ស្រី​មុំ​ អ្នកស្រី​ គ្រី​ ឈួ​ន​ ឆ្លើយ​ថា​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ មិន​បាន​សាកសួរ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ អំពី​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​អំពើ​ពេស្យាចារ​ តែ​ព្រះរាជអាជ្ញា​សួរ​អំពី​ខ្សែអាត់​សំឡេង​ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ជាមួយ​កញ្ញា​ ស្រី​មុំ​ ប៉ុន្តែ​មិន​បាន​សំដៅចំ​ឈ្មោះ​ លោក​  កឹ​ម​ សុខា​ នោះ​ទេ​។​

​អ្នកស្រី​ គ្រី​ ឈួ​ន​ មាន​ប្រសាសន៍​ថា​«​សំនួរ​និង​អត់​បាន​តាំង​សួរ​ទេ​នៅ​ព្រឹក​នេះ​។​ តុលាការ​សំខាន់​សួរ​ពី​ខ្សែអាត់​សំឡេង​ និង​ទំនាក់ទំនង​រវាង​កូនក្តី​ខ្ញុំ​ជាមួយ​បុគ្គល​ពាក់ព័ន្ធ​»​។​

​អ្នកស្រី​ គ្រី​ ឈួ​ន​ សង្ឃឹមថា​តុលាការក្រុង​ភ្នំពេញ​ នឹង​មិន​សម្រេច​ចោទប្រកាន់​កូនក្តី​របស់​អ្នកស្រី​ទៅ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ រក​ឃើញ​ថា​កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​អំពើ​ពេស្យាចារ​ ព្រោះ​អ្នកស្រី​ថា​កូនក្តី​របស់​អ្នកស្រី​ជា​ជន​រង​គ្រោះ​។​ ​

អ្នកស្រី​ គ្រី​ ឈួ​ន​បន្ត​ថា​ «​ខ្ញុំ​សង្ឃឹមថា​កូនក្តី​របស់ខ្ញុំ​រួច​ផុត​ពី​បទ​ចោទ​ ព្រោះ​កូនក្តី​ខ្ញុំ​ជា​ជន​រង​គ្រោះ​ មិន​ជាប់​ពាក់​ព័​ន្ទ​ទៅ​និង​បទល្មើស​ទៅ​និង​ក្រសួងមហាផ្ទៃ​ធ្វើ​របាយការណ៍​មក​តុលាការ​ទេ​»​។​

​ការ​កោះហៅ​របស់​តុលាការ​នេះ​ គឺ​បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា​ កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង​និង​អំពើ​ពេស្យាចារ​ដែល​គេ​ចោទ​ថា​កញ្ញា​ មាន​ស្នេហា​ជាមួយ​ លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​។​ ​ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​អស់​រយៈពេល​ជាង​៤​ម៉ោង​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ អង្គារ​នេះ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ មាន​ប្រសាសន៍​ថា​ កញ្ញា​មក​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​នេះ​គឺ​ ដើម្បី​ចង់​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជុំវិញ​ការ​  ចោទប្រកាន់​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​​

​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ និយាយ​ថា ​«​និយាយ​រួម​ទៅ​ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ទេ​ ខ្ញុំ​និយាយ​អ្វី​តែ​ការ​ពិត​ និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ពេល​ទៅ​មុខ​ទៀត​ខ្ញុំ​អត់​ដឹង​ថា​អ្វី​ទេ​»​។​​

​ជុំវិញ​បញ្ហា​នេះ​ អង្គការ​ធ្វើការ​ងារ​លើ​សិទ្ធិ​ស្ត្រី​ បាន​ សម្ដែង​ការ​សោកស្ដាយ​ ដែល​ ស្ត្រី​ម្នាក់​ បាន​ក្លាយជា​ ឧបករណ៍​របស់​អ្នកនយោបាយ​ ។​ ​លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​ការ​ វាយតម្លៃ​ថា​ មនុស្ស​ប្រមាណ​ជាង​៦០​ភាគរយ​ជា​អ្នកមាន​អំណាច​ និង​អ្នកនយោបាយ​ខ្លះ​មាន​អាស្រូវ​ស្នេហា​លួចលាក់​ដូច​ទៅ​និង​ករណី​កញ្ញា​ ស្រី​ មុំ​ ។​  លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​មក​បំភ្លឺ​ករណី​ដែល​គេ​ចោទ​ថា​ មាន​ស្នេហា​លួចលាក់​។​​

​ជុំវិញ​បញ្ហា​នេះ​ លោក​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ដែល​បាន​ទៅ​តាមដាន​នៅ​សាលាដំបូង​ព្រឹក​មិ​ញ​នេះ​បាន​រិះគន់​អ្នកនយោបាយ​មួយ​ចំនួន​បាន​យក​ កញ្ញា​ ស្រី​មុំ​ ជា​ល្បែង​នយោបាយ​ ដោយ​មិន​បាន​គិត​ពី​អនាគត​របស់​នាង​។​ លោក​ថាស្ថាន​ប័ន​កំពូល​របស់​រដ្ឋ​ធំៗ​ មិន​គួរ​យក​រឿង​បុគ្គល​មក​ដោះស្រាយ​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ជាតិ​។​​

​លោក​ កែម​ ឡី​និយាយ​ថា​«​ទោះបីជា​រឿង​និង​ជា​ពិត​ ឬ​ក៏​រឿង​មិន​ពិត​ក៏​ដោយ​ កាលណា​លូក​ឡំ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ វា​ក្លាយជា​រឿង​នយោបាយ​ ។​ តាម​ពិត​ប្រសិនបើ​រឿង​នេះ​រដ្ឋាភិបាល​កុំ​លូកដៃ​ សភា​កុំ​លូកដៃ​ តុលាការ​កុំ​លូកដៃ​ទុក​ឲ្យ​ពាក្យ​ចចាមអារ៉ាម​ឬ​ក៏​ជា​ពាក្យពិត​ឲ្យ​ហោះហើរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្ញុំ​គិត​ថា​ គាត់​(​អ្នកនយោបាយ​)​ ចំណេញ​ជាង​ ក៏​ប៉ុន្តែ​រឿង​បុគ្គល​យើង​យក​ស្ថាប័ន​កំពូលៗ​មក​លូកដៃ​ យើង​អាច​ខាត់​ច្រើន​ជាង​ចំណេញ​»​។​​

​នៅ​ក្រៅរបង​តុលាការក្រុង​ភ្នំពេញ​នា​ព្រឹក​មិ​ញ​នេះ​គេ​សង្កេត​ឃើញ​មាន​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​លើ​ស្ត្រី​ និង​មន្ត្រី​អង្គការសហប្រជាជាតិ​ UN​ រួម​ទាំង​ក្រុម​និស្សិត​របស់​លោក​ ស្រី​ ចំរើន​ដែល​តែងតែ​តាម​ឆាឆៅ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បកស្រាយ​ខ្សែអាត់​សំឡេង​ក័​បាន​អង្កេត​អំពី​ការ​សាកសួរ​កញ្ញា​ ស្រី​ មុំ​។​​

​កន្លង​មក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​ចំនួន​ ២០​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ កាលពី​ថ្ងៃ​ទី​ ០៩​ មេ​សា​ ថា​ករណី​ផ្សាយ​សំឡេង​កញ្ញា​ ស្រី​មុំ​ នេះ​គឺជា​ការ​ជ្រៀតជ្រែក​ និង​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដែល​កំពុង​រំលោភ​លើ​សិទ្ធិ​មនុស្ស​ ខណៈ​កម្ពុជា​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​ សិទ្ធិ​នយោបាយ​ ។​
​ទោះជា​យ៉ាងណា​ លោក​ កឹ​ម​ សុខា​ មិន​ដែល​បាន​ឆ្លើយ​តប​ ឬ​ប្រតិកម្ម​ ចំពោះ​ការ​វាយប្រហារ​មក​លើ​រូប​លោក​ម្ដងណា​ទេ​ ដោយ​សន្យា​មិន​ប្រតិកម្ម​ជា​ដាច់ខាត​ ៕​

Share

Image
Image
Image