en     km
en     km

កម្មវិធីបុណ្យចូលឆ្នាំ​ខែ្ម​រ​

Share

ភ្នំពេញ​៖​ ​សួស្ដី​ប្រិ​យ​មិត្ត​ជាទី​មេត្រី​ !​  សួស្ដី​ឆ្នាំ​ថ្មី​  ឆ្នាំវក​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៦០​ គ្រឹ​ស្គ​ក​រាជ​ ២០១៦ !

​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចំ​ថ្ងៃ​ទី​ ១៣,​ ១៤,​ ១៥​ ខែមេសា​ ត្រូវ​នឹង​ខែចេត្រ​ តាម​ក្បួន​ចន្ទគតិ​គេ​តែងតែ​ប្រារព្ធ​ពិធី​ជាតិ​មួយ​ដែល​មហាជន​គ្រប់​រូប​យល់​ដឹង​គ្រប់​គ្នា​ថា​ជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។​ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​។​ ថ្ងៃ​ទី​ ១​ គឺជា​ថ្ងៃ​មហាសង្ក្រាន្ដ​ មាន​ន័យ​ថា ​ដំណើរ​ចាក​ចេញពី​ឆ្នាំ​ចាស់​ផ្លាស់​មក​​ឆ្នាំ​ថ្មី​។​ ថ្ងៃ​ទី​ ២​ គឺជា​ថ្ងៃ​វារៈ​វ័ន​បត​វា​គ្រាន់​ជា​ថ្ងៃ​ធម្មតា​មួយ​ គេ​តែងតែ​លេងល្បែង​ប្រជាប្រិយ​ជួបជុំ​ញា​តិ​​​មិត្ត​បងប្អូន​ ព្រមទាំង​ដើរ​កម្សាន្ត​ទៅ​ទី​ជិត​ទី​ឆ្ងាយ​។ គួរ​​ឲ្យ​​កត់​​សម្គា​ល់​​ក្នុងថ្ងៃនេះ​ គេ​និយម​ទៅ​វត្ត​អារាម​ក្នុ​​ង​​ដើម្បី​ធ្វើបុណ្យ​ ពូន​ភ្នំខ្សាច់​ផ្សេងៗ​។​ ចំពោះ​ថ្ងៃ​ទី​ ៣​ ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​នេះ​ គឺជា​ថ្ងៃ​វារៈ​ឡើងស័ក​ដែ​ល​​មាន​ន័យ​ថា​ ចាប់ផ្ដើម​យុគសម័យ​កាល​ជា​ថ្ងៃ​ថ្មី​នៃ​ឆ្នាំ​ថ្មី​ពី​ពេល​នេះ​តទៅ​។​

Khmer-Happy-News Year 2016
​ជា​ទូទៅ​យុវជន​-​យុវតី​និយម​ផ្ចុងផ្ដើម​គំនិត​រៃ​អង្គាសប្រាក់​កាស​ ដើម្បី​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បា​យ​​ក្នុង​ភូ​មិ​ ឃុំ​ សា​លា​រៀន​ និង​នៅ​ក្នុង​បរិវេណ​វត្ត​អារាម​ កំដរ​ដោយ​បទ​ចំរៀង​ប្រជាប្រិយ​ជាតិ​ មាន​បទ​សា​រ៉ា​វាន់​ ឡាំ​លាវ​ រាំវង់​ និង​ក​ន្ទ្រឹ​ម​ជាដើម​។​

​ក្នុង​ពិធី​ដ៏​សែនសប្បាយ​នេះ​ ក៏​មាន​លេងល្បែង​ប្រជាប្រិយ​ផង​ដែរ​ មាន​ដូច​ជា​ ល្បែង​ចោល​ឈូង​ បោះ​អ​ង្គុ​ញ​ ទា​ញព្រ័ត្រ​ ក្រុងមាន់​ សេ្ដ​ច​ចង់​ ចាប់កូនខ្លែង​កំលោះ​ក្រមុំ​ ព្រមទាំង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ទៀត​។​ ក្នុង​ថ្ងៃ​នេះ​​​ដែរ​ គេ​តែង​លេង​របាំ​ត្រុដិ​ដែល​គេ​មាន​ជំនឿ​ថា​នឺ​ង​ជួយ​បណ្ដេញ​ព្រាយ​ បិសាច​ សំណាងអាក្រក់​ ភោគ​មិនល្អ​ និង​រឿង​ចង្រៃ​ចេញ​ឲ្យ​ឆ្ងាយ​ហើយនឹង​នាំ​តែ​រឿង​ល្អ​ លាភ​ល្អ​ សំណាង​ ចូល​ផ្ទះ​ហូរ​ដូច​ទឹក​មិន​ដាច់​។​

​បើ​និយាយ​ពី​ប្រវត្តិ​នៃ​«​របាំ​ត្រុដិ​»​នេះ​វិញ​ មានកំណើត​ពី​ខេត្តសៀមរាប​។​ ពាក្យ​ «​ត្រុដិ​»​ នេះ​មាន​ន័យ​ថា​កាត់​ផ្ដាច់​ ហើយ​បើ​កាត់​ឲ្យ​ដាច់​ដែល​គេ​ជឿ​ថា​នឹង​ទទួល​បានការ​ប្រទាន​ពរ​សព្ទសាធុការ​ជ័យ​ជំនះ​ សម្រាប់​ឆ្នាំ​ថ្មី​ដែល​គេ​កំ​ពុ​ង​តែ​ឆ្លង​ចូល​នេះឯង​។​ ម្យ៉ាងទៀត​អត្ថន័យ​មួយទៀត​នោះ​ គឺ​គេ​លេង​របាំ​នេះ​សម្រាប់​ដេញ​រឿង​ចង្រៃ​ដែរ​តែ​នៅ​ពេល​ដែល​មាន​សត្វព្រៃ​ដូច​ជា​ប្រើស​ ឈ្លូស​ ក្ងោក​ជ្រូក​ព្រៃ​​ជា​ដើម​​រត់​​ចូល​ក្នុង​ស្រុក​​។​ ស្រ​ដៀង​គ្នា​​នេះ​​ដែរ​ រ​បាំ​​ទ​ន្សោ​ង​​ក៏​ត្រូវ​​បាន​​គេ​​យក​​មក​​សម្ដែង​​ផង​​ដែរ​​ ដែ​ល​របៀប​​លេង​​គឺ​​ប្រហា​ក់​ប្រហែល​​គ្នា​​ដោយ​​ខុស​​តែ​​តួអង្គ​​ជា​​ទ​ន្សោ​ង​​ញី​​ឈ្មោល​ ខ្លាធំ​ដំបង​ និង​សំឡេង​ព្លយ​ដែល​ខុស​ពី​បាំ​ត្រុដិ​មាន​ក្ងោក​យក្ស​ ប្រើស​ ព្រាយ​ស្រី​បិសាច​។​

​របាំ​ទាំង​ពីរ​នេះ​ ក៏​ដូច​ជា​របាំ​ផ្សេង​ទៀត​សុទ្ធសឹងតែ​ជា​អត្តសញ្ញាណ​ជាតិ​ និង​ រំលេច​នូវ​សោ​ភ័​ណ្ឌ​ភាព​យ៉ាង​ប្រពៃ​នៃ​ជាតិ​យើង​។​

​យើង​សូម​ពិពណ៌នា​អំពី​ថ្ងៃ​ទាំង​បី​នេះ​ម្ដង​ ដើម្បី​ជូន​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​ឲ្យ​បាន​ជ្រាប​។​ មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​រៀបចំផ្ទះ​សម្បែង​តុបតែង​គេហដ្ឋាន​ដាក់​ផ្កា​ភ្ញី​នៅ​ខាង​មុខទ្វារ​ផ្ទះ​ ដើម្បី​នាំ​សិរី​សួស្ដី​ ជ័យ​មង្គល​ វិបុល​សុ​ខ​​ដល់​ថ្ងៃ​មហាសង្ក្រាន្ត​។​ គេ​រៀបចំ​ផ្លែ​ឈើ​គ្រឿង​សក្ការបូជា​ទៀន​ធូប​នំចំណី​ បាយសី​ ទឹកអប់​ផ្កាម្លិះ​ សង្កេត​ទៅ​តាម​គ្រឿង​លម្អ​ទេពធីតា​ដោយ​មើល​សម្លៀក​បំពាក់​ ទីនាំង​ ក្រយាស្ងោយ​ អាវុធ​ និង​ពណ៌​ដែល​ទេព្ដា​សព្វព្រះ​រាជ​ហឫទ័យ​។​

Khmer-Happy-News-Year-2016B-
រូបតំណាង (រូបភាព Google)

គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ​នេះ​ទេពធីតា​ព្រះ​នាម​ ម​ណ្ឌា​ទេវី​ ជា​រាជបុត្រី​ កបិល​មហាព្រហ្ម​ (​ព្រហ្ម​មុខ​បួន​)​។​ អ​ម្ប​រ​របស់​ព្រះ​នា​ង​ពណ៌​អន​ (​ខៀវស្រស់​)​ ។​ ចំណែក​ភក្សាហារ​របស់​ព្រះ​នាង​គឺ​ទឹកដោះស្រស់​ ហើយ​ចំពោះ​អាវុធ​ព្រះ​ហ​ស្ថ​​ស្តាំ​​ព្រះ​នាង​មាន​ម្ជុល​ និង​ ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​កាន់​ឈើច្រត់ ​រីឯ​អ​ភ​រណៈ​របស់​ទេពធីតា​ពាក់​កែវ​ពិទូរ្យ​សៀតផ្កា​ច​ម្ប៉ា​ ពាហនៈ​ជា​យានជំនិះ​របស់​ព្រះ​នាង​គឺ​សត្វ​លា​។​

​ឆ្នាំ​នេះ​ត្រូវជា​ឆ្នាំវក​អដ្ឋស័ក​ព​.​ស​ ២៥៦០​ ។​ ចំពោះ​ថ្ងៃ​វារៈ​វ័ន​បត​ ជា​ថ្ងៃ​កណ្ដាល​ បុរាណ​មិន​យក​ជា​វេលា​មង្គល​ដែ​ល​ព្រះអាទិត្យ​ឆ្លង​ពី​រាសី​មិន​ទាន់​ដាច់ស្រេច​វា​ជា​ថ្ងៃ​ចន្លោះ​នៃ​ឆ្នាំ​ចាស់​និង​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណោះ​។​

​ថ្ងៃ​បញ្ចប់​ជា​ថ្ងៃ​វារៈ​ឡើងស័ក ​​​ពោល​គឺជា​ថ្ងៃ​ដំបូង​នៃ​សករាជ​ថ្មី​ប្រជាពលរដ្ឋ​ដែល​ពុទ្ធបរិស័ទ​នាំ​គ្នា​ទៅ​វត្ត​ប្រគេន​ចង្ហាន់​​ដល់​ព្រះសង្ឃ​ពូន​ភ្នំខ្សាច់​ និង​ឩ​ទ្ទិស​ផល​បុណ្យ​ជូន​ញាតិ​កា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​ចែក​ឋាន​ទៅ​កាន់​លោ​ក​ខាង​មុខ​។​ ​ពេល​រសៀល​គេ​ធ្វើ​ពិធី​ស្រង់​ព្រះ​ស្រោច​ទឺ​ក​ងូតទឹក​ដល់​ព្រះ​កន្លោង​ជាដើម​​។​​​គេ​និយម​ដើរ​កំសាន្ដ​ទៅ​​រមណី​យ​ដ្ឋា​ន​ផ្សេងៗ​ តាម​ចិត្ត​ចង់​ផង​ដែរ​។​

​បន្ដ​ទៅ​ទៀត​នេះ​ យើង​នឹង​រៀបរាប់​ពី​ល្បែង​ចោល​ឈូង​ដែល​ជា​ល្បែង​ដ៏​ពេញ​និយម​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ដំបូង​គេ​ចែក​ពីរ​ក្រុម​ម្ខាង​ម្នាក់​ គឺ​ក្រុម​ប្រុស​ និង​ ក្រុម​ស្រី​ ដែល​ក្រុម​ណាមួយ​ត្រូវ​ចេញ​មុន​រួច​គប់​ឈូង​ (​ក្រមា​)​ កុំ​ឲ្យ​ធ្លាក់​ដល់​ដី​តែបើ​ត្រូវ​ត្រង់​ម្នាក់​ណា​ហើយ​បុគ្គល​ម្នាក់​នោះ​ ត្រូវ​តែ​ច្រៀង​និង​រាំ​រហូត​ដល់​កន្លែង​ដែល​ក្រុម​ម្ខាង​ទៀត​រួច​ ទើប​ជម្រាបលា​ទៅ​ក្រុម​ខ្លួន​វិញ​។​

​អ្វី​ដែល​ពិសេស​ក្នុង​ល្បែង​មួយ​នេះ​គឺ​ចម្រៀង​វោហា​ស័ព្ទ​ក្នុង​ការ​តាក់តែង​ ព្រមទាំង​ដៀមដាម​ចំៗ​តែ​ម្ដង​។​ ក្នុង​រយៈពេល​ ៣​ ថ្ងៃនេះ​ គឺ​គេ​ត្រូវ​តំណម​ខ្លះៗ​ដែល​ត្រូវ​ប្រកាន់ខ្ជាប់​ និង​ អនុវត្ត​យ៉ាង​តឹងរ៉ឹង​ផង​ដែរ​ គឺ​ការ​ជេរប្រទេច​បណ្ដាសារ​កាយវិការ​ព្រហើន​ ចំពោះ​គ្នា​គេ​មិន​ត្រូវ​បញ្ចេញ​ជា​ដាច់ខាត​ សម្បី​តែ​ចំពោះ​សត្វ​ធាតុ​ក្ដី​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើត​គ្រោះកាច​អន្ដរាយ​ដល់​ខ្លួន​ក្នុង​ឆ្នាំ​ថ្មី​។​

​បន្ទាប់​ពី​ថ្ងៃ​ដ៏​នក្ខត្តឫក្ស​ទាំង​បី​ថ្ងៃនេះ​ គឺ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​មិន​ទាន់​កន្លង​ផុត​ស្រេច​ដាច់​នោះ​ទេ​។​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​កំ​សាន្ដ​រ​ហូត​​ដល់​​ថ្ងៃ​​ចូល​​បម្រើ​ការ​ងារ​និង​បន្ដ​​ប្រក​ប​​មុខរ​បរ​​ប្រចាំ​​ថ្ងៃ​។​ ជា​ចុង​ក្រោយ​នាង​ខ្ញុំ​សូម​ប្រ​សិ​​ទ្ធិ​​​ពរ​​​ជ័យ​​មង្គល​វិបុល​សុខ​ដល់​ប្រជាពល​រដ្ឋ​​ខ្មែរ​​គ្រប់​​ស្រទាប់​​ វ​ណ្ណៈ​​ នៅ​​​គ្រប់​​ទី​កន្លែង​​ឲ្យ​​ជួប​​តែ​ពុទ្ធ​ពរ​ទាំង​ប្រាំ​ប្រ​ការ​ គឺ​អាយុ​ វណ្ណៈ​សុខៈ​ ពលៈ​ និង​ប​ដិ​ពានៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Share

Image
Image
Image