en     km
en     km

សាច់​ញាតិ​និង​​ជន​​រង​​គ្រោះ​​បន្ត​ស្រែក​​​រក​​យុត្តិ​ធម៌​​ក្នុង​​ព្រឹត្តិ​ការណ៍​​គប់​​គ្រាប់​​បែ​ក​កាល​ពី ​១៩ ​ឆ្នាំ​មុ​ន​​

Share

ភ្នំពេញ៖ រយៈពេល ​១៩​ ឆ្នាំ​គឺជា​អាយុ​ពេញ​របស់​មនុស្ស​ប្រុស​ស្រី​ បើ​យើង​រាប់​ពី​កុមារភាព​មក​នោះ​ ។​ រយៈពេល​​នេះ​ គឺ​យូរណាស់​សម្រាប់​អ្នក​រង់ចាំយុត្តិធម៌​ ​ដែលជាអ្វី​​ពួក​គេ​ចង​ជា​និច្ច​ ។​ ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ នៅ​ថ្ងៃ​ទី ​៣០​ មី​នា​ ឆ្នាំ​ ១៩៩៧​ គឺ​មាន​រយៈពេល​ ១៩​ ឆ្នាំ​ ដែល​ជន​រង​គ្រោះ​ស្លាប់​បាត់បង​ជីវិត​ ១៦​ រូប​និង​អ្នក​រង​បួស​ជាង​ ១៥០​ នាក់​នៅ​បន្ត​ទាមទារ​យុត្តិធម៌​ ។​ តើ​ពេល​ណា​ទើប​យុត្តិធម៌​កើត​មាន​ចំពោះ​ពួក​គាត់​ ?​ ថៃ្ង​នេះ​ ឪពុក​​ម្ដាយ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​និង​ជន​ង​រស់រៀន​មានជីវិត​ បន្ត​រំលឹក​ព្រឹត្តិការណ៍​នេះ​ទៀត​ នៅ​ខាង​មុខ​ មន្ទីរ​​រដ្ឋសភា​ ដែល​ជា​កន្លែង​ស្លាក​ស្នាម​នៃ​ការ​វាយប្រហារ​នេះ​ ។​ ក្នុង​ពិធី​នេះ​ពួក​គាត់​និយាយ​ថា​ យុត្តិធម៌​ នៅ​ឯក​ណា​ ?​ ប៉ុន្តែខាង​សមត្ថកិច្ច​អះអាង​ថា​ គេ​មិន​ដែល​បំភ្លេច​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ឡើយ​ ។​

សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​ ​លោក​ ធូ​ វិ​រៈ​ ដូច​តទៅ​៖

 

Yim-Sovan-CNRP
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៅជិតរដ្ឋសភាចាស់ ថ្ងៃទី ៣០ មីនា ២០១៦

កាលពី​ ១៩ ឆ្នាំ​មុន​មាន​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​ចំនួន ០​៤ ​គ្រាប់​ចូល​ក្រុម​បាតុករ​ដឹកនាំ​ ដោយ​ប្រធាន​គ​ព​ណ​បក្ស​ប្រឆាំង​គឺ​លោក​ សម​ រ​ង្ស៊ី​ ដើម្បី​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​ជូន​កម្មករ​ ព្រមទាំង​ទាមទារ​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​។​

​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ គឺ​ប្រហែលជា​ម៉ោង​ ៨​ ទៅ​ ៩ ​ព្រឹក​ ថ្ងៃ​ទី​ ៣០​ មីនា​ ១៩៩៧​ មាន​ការ​គប់​គ្រាប់បែក​ចំនួន ០​៤ ​​គ្រាប់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ ដោយ​សម្លាប់​មនុស្ស ​១៦ ​នាក់​ និង​ ១៥០​ នាក់​ផ្សេង​ទៀត​រង​របួស​។​ ចំណែក​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ថា​ លោក​រង​របួស​ ព្រោះតែ​ដងខ្លួន​គាត់​ប្រឡាក់​ដោយ​ឈាម​។​

នៅ​ថ្ងៃ​ទី​ ៣០​ ខែមីនា​ ឆ្នាំ​ ២០១៦​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ការ​ប្រារព្ធ​ខួប​លើក​ទី​ ១៩ ​ឆ្នាំ​ ដើម្បី​គោរព​​វិញ្ញាណ​ខ័​ន្ធ​អ្នក​ស្លាប់​។​

​ក្នុង​ពិធី​នេះ​មាន​និមន្ត​ព្រះសង្ឃ​មក​ប​ង្សូ​កូ​ល​ ដោយ​មានការ​រាប់​បាត្រ​​ពី​ពុទ្ធ​បរិ​ស័ទ​ ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ​ ។​  ​ជន​រង​គ្រោះ​ដែល​រួច​ផុត​ពី​ការ​ស្លាប់​ និង​សាច់ញាត្តិ​ជន​រង​គ្រោះ​មាន​អារម្មណ៍​សោក​ស​ង្វេគ​​ក្តុក​ក្តួល​​ក្នុង​​ចិត្ត​នៅ​​ចង់​​ចាំ​​រូបភាព​​មនុស្ស​ដេក​ស្លាប់​ដោយសារ​គ្រាប់បែកដៃ​កាលនោះ​នៅឡើយ​។​

អ្នក​រស់រៀន​មានជីវិត​ម្នាក់​គឺ​លោកយាយ​ អ៊ិម​ ម៉ា​ឡែ​ត​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​លោកយាយ​ត្រូវ​អំ​បែក​គ្រាប់​បែក​​ចំ​ត្រគាគ​ ចំ​ខ្នង​ បាន​បណ្តាល​ឲ្យ​បាក់​ឆ្នឹ​ង​ជំនី​ និង​ពិការ​ជើង​ទាំង​ពីរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។​

លោកយាយ​វ័យ ​៧៤​ ឆ្នាំ​រូប​នេះ​ បាន​ទទូច​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់​មក​ផ្ត​ន្ទា​​ទោស​តាម​ច្បាប់​ ប៉ុន្តែ​​លោកយាយ​ហាក់​គ្មាន​ជំនឿ​ចិត្ត​ថា​ និង​ផ្តល់​យុត្តិធម៌​ជូន​លោកយាយ​ និង​ជន​រង​គ្រោះ​ដទៃ​ទៀត​ ព្រោះ​ ១៩ ​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នៅ​តែ​គ្មាន​ពន្លឺយុត្តិធម៌​បន្តិច​​សោះ​។

លោកយាយ​ អ៊ិម​ ម៉ា​ឡែ​ត​ ​មាន​ប្រសាសន៍​ថា​៖ «​យល់​ឃើញ​ក្តៅក្រហាយ​ពេញ​ខ្លួន​ ឈឺ​ចុកចាប់​ណាស់​ព្រោះ​ពី​មុន​មក​ខ្ញុំ​មិន​ដែល​សម្លាប់សត្វ​អ្វី​ទេ​។​ គ្រាន់តែ​សូម​សេចក្តីសុខ​ តែ​មិន​យក​សេចក្តីសុខ​មក​ឲ្យ​យក​គ្រាប់បែក​ឲ្យ​ឈឺចាប់​រហូត​មក​ដល់​សព្វថ្ងៃ​»​។​

សាច់ញាត្តិ​ម្នាក់​ទៀត​ ដែល​ចូលរួម​ក្នុង​ពិធី​ប្រារ​ព្វ​ខួប​លើក​ទី​១៩​ឆ្នាំ​ ដើម្បី​ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មុខ​រដ្ឋសភា​ស​ចាស់​កាលពី​ឆ្នាំ​១៩៩៧​គឺ​ លោកយាយ​ ឃួ​ន​ សុំ​ បាន​រំ​លឹ​ង​ថា​ កូនស្រី​លោកយាយ​ម្នាក់​ និង​ក្មួយ​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ ដោយសារ​ត្រូវ​អំ​បែក​គ្រាប់បែក​សុះ​ខ្លួន​។​

ក្នុង​វ័យ​ ៧១​ ឆ្នាំ​ លោកយាយ​ឃួ​ន​ សុំ​ បាន​អំពាវ​ដល់​រាជរដ្ឋាភិបាល​ស្វែងរក​ជនល្មើស​មក​កាត់ទោស​តាម​ច្បាប់​ ដើម្បី​រក​យុត្តិធម៌​ជូន​កូនស្រី​ និង​ក្មួយ​ស្រី​។​

លោកយាយ ​ឃួ​ន​ សុំ​ និយាយ​ថា​«​ប្រសិនបើ​រក​យុត្តិធម៌​មិនឃើញ​ឲ្យ​កូន​ខ្ញុំ​ គាត់​ស្លាប់​ទៅ​អត់​ប្រ​យ​ជន៍​។​ កូន​ខ្ញុំ​ជួយ​ជាតិ​ ស្នេហា​ជាតិ​ មុន​កូន​ខ្ញុំ​ស្លាប់​បាន​ស្រែ​កថា​ខ្ញុំ​ស្លាប់​ចុះ​ឲ្យ​តែ​ជាតិរស់​។​សូម​អំពាវនាវ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឲ្យ​បាន​»​។​

​ក្នុង​នាម​ជា​អ្នកដឹកនាំ​បាតុករ​ និង​ជា​ជន​រស់រៀន​មានជីវិត​ម្នាក់​ដែរ​នោះ​ គឺ​លោក ​សម រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​​​នៅ​​​ក្រៅប្រទេស​ ។​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ ដែល​បាន​បាត់បង់​ជីវិត​ នៅ​ក្នុង​ការ​វាយប្រហារ​គ្រាប់បែក​ តាម​វី​ដេ​អូ​ Conference​ ថា​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ​គឺជា​ភេរវកម្ម​ដែល​បាន​រៀបចំ​ដោយ​រដ្ឋអំណាច​កាលនោះ​។​

​លោក​ សម​ រ​ង្ស៊ី​ បន្ត​ថា​ អាជ្ញាធរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ជនឧក្រិដ្ឋ​មក​ផ្តន្ទាទោស​ឡើយ​ ព្រោះ​ ១៩ ​ឆ្នាំ​មក​អាជ្ញា​ធរ​​បាន​បណ្តែតបណ្តោយ​ឲ្យ​ឧក្រិដ្ឋជន​នៅ​តែ​ស្ថិត​នៅ​ក្រៅ​សំណាញ​ច្បាប់​ដដែល​។​ ​លោក​ថា​ ជា​ការ​បង្ហាញ​យ៉ាង​​ច្បាស់​​ថា​ អំពើ​និទណ្ឌភាព​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ​។​

​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បាន​បញ្ជាក់​ថា​ប្រាប់​ជន​រង​គ្រោះ​ថា​ តុលាការ​ព្រហ្មទណ្ឌ​ប្រទេស​បាំ​រាំង​ កំពុង​សិក្សា​ និង​ស៊ើបអង្កេត​ករណី​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​ ១៦​ នាក់​នោះ​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ តុលា​ការ​​ប្រទេស​បារាំង​ស៊ើបអង្កេត​ករណី​នេះ​ គឺ​ក្នុង​នាម​តុលាការអន្ដរជាតិ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ។​

លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា ៖ ​«​តុលាការ​បារាំង​នៅ​ទីក្រុង​បារី​បាន​បើក​សំនុំរឿង​នេះ​ឡើង​វិញ​ ព្រោះ​គេ​បាន​ហេតុ​ការណ៍​ថ្មីដាក់​បញ្ចូល​សំណុំ​រឿង​ តុលាការ​សម្រេច​បើ​សំនុំរឿង​ឡើង​វិញ​ គេ​គ្រាន់តែ​ផ្អាក់​រយៈពេល​ ព្យួរ​មួយ​រយៈពេល​​គេ​បើ​សំណុំ​រឿង​នេះ​ឡើង​វិញ​ ឲ្យ​ដំណើរ​ទៅ​មុខ​​ឲ្យ​មាន​ភាព​រស់​រវើក​សកម្ម​​ស៊ើបអង្កេត​ ដោយ​តុលា​ការ​​អ្នក​ជំនាញ​»​​។​​

ទោះ​​យ៉ាងនេះ​ក្ដី​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​បញ្ជាក់​ថា​ ចំណាត់ការ​របស់​ប្រទេស​បារាំង​ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​លោក​ ឬ​​ក៏​​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​នោះ​ទេ​។​

ដូច​គ្នា​នេះ​​ដែរ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​នៅ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​​នេះ​ ដោយ​លោក​បាន​ហៅ​ ព្រឹត្តិការណ៍​នេះ​ថា​ជា​ការ​វាយប្រហារ​ដោយ​បង្ហូរឈាម​ និង​អំពើ​អយុត្តិធម៌​ជា​ប្រវត្តិ​សាស្ត្រ​ដែល​បាន​សម្លាប់​ជន​ស្លូតត្រង់​។​ ​អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​ លោក​ចង់​ឲ្យ​រាជរដ្ឋាភិបាល​យក​ជនឧក្រិដ្ឋ​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​កាត់ទោស​ឲ្យ​​ដូច​ទៅ​និង​សា​លា​​ក្តី​​ខ្មែរក្រហម​ដែរ​។​

​លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា៖ ​«​ខ្ញុំ​សូម​អំពាវនាវ​ឲ្រ​ក្រសួង​មាន​សមត្ថកិច្ច​ រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួ​ល​ខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​នៅ​កម្ពុជា​បន្ត​ធ្វើការ​ស៊ើ​អង្កេត​ប្រកបដោយ​ឯករាជ្យ​ អ​ព្យា​ក្រឹ​ត្យ​តាម​ចាប់​ជន​ដៃ​ដល់​ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​កាត់ទោស​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ឲ្យ​ទាល់តែ​បាន​»​។​

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ ​និង​អ្នក​នាំ​ពាក្យ​​ស្នងការ​នគ​បាល​ជាតិ​ លោក​ គៀត​ ច័​ន្ធ​ថា​រិ​ទ្ធ​ បាន​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួ​ល​​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​ សំនុំរឿង​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ​​​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ជនល្មើស​មក​ផ្ត​ន្ទ​នា​ទោស​តាម​ច្បាប់​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​៖ «​យើង​នៅ​តែ​ចំហរ​បើក​ទូលាយ​អំ​នាវ​ដល់​អង្គការ​សង្គម​ស៊ី​វិល​កុំ​ឲ្យ​និយា​យ​​មាត់ធំ​ជាង​ការ​អនុវត្ត​ការ​របស់​សមត្ថកិច្ច​ បើ​មាន​ភស្តុ​តាំង​យក​មក​ដាក់​មក​ខ្ញុំ​គ្រាំ​ទ្រ​ដែរ​ បើ​គ្រាន់តែ​និយាយ​បង្អើល​នេះ​ ជា​មនុស្ស​កំសាក់​ទេ​»​។​

​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​អា​ដ​ហុ​ក​ លោក​ ណៃ​ វ៉ង់​ដា​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​​ហើយ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្វែងរក​ជនឧក្រិដ្ឋ​មក​ផ្តន្ទាទោស​តាម​ច្បាប់​គឺ​បាន​បង្ហាញ​អំពី​អំពើ​និទណ្ឌភាព​។​ លោក​បន្ត​ថា​ ការ​យឺតយ៉ាវ​ក្នុង​ការ​តាម​រក​ជនល្មើស​នេះ​ ដោយសារ​ការ​អនុ​ច្បាប់​របស់​អាជ្ញា​ធរ​មាន​​ស្តង់​ដា​​ពីរ​ផ្សេង​គ្នា​។

​លោក​ ណៃ​ វ៉ង់​ដា​ មាន​ប្រសាសន៍​ថា៖ ​«​យើង​ឆ្ងល់​ដែរ​ថា​ហេតុ​អ្វី​បានជា​មិន​អា​ចរកជន​ល្មើស​ឃើញ​រហូត​មក​ដល់​​​សព្វ​ថ្ងៃនេះ​។​ តើ​ខ្វះ​ឆ​ន្ទះ​នយោបាយ​ ឬ​រដ្ឋាភិបាល​គ្មាន​ចេតនា​ក្នុង​ការ​រក​ ព្រោះថា​ប្រសិនបើ​មាន​គារគំរាម​កំ​ហែង​​​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​​ភិបាល​វិញ​​មិន​ដល់មួយ​ស​ប្តា​ហ៍​​ផង​ អាជ្ញាធរ​អាច​ស្វែងរក​ជនល្មើស​ឃើញ​ភ្លាម​ បើ​ទោះបីជា​ជន​នោះ​នៅ​ក្រៅប្រទេស​ក៏​ដោយ​»​។​

​អ្នក​រស់រៀន​មានជីវិត​ ម្នាក់​គឺ​លោកយាយ​ អ៊ិម​ ម៉ា​ឡែ​ត ​និយាយ​ថា​ដោយ​ក្ដី​អស់​សង្ឃឹមថា​ លោកយាយ​មាន​អាយុ​ ៧៤​ ឆ្នាំ​ហើយ​  ថា​តើ​គាត់​ត្រូវ​រង់ចាំ​យុត្តិធម៌​ ដល់​ទៀត​នោះ​ទេ​ ៕

Share

Image
Image
Image