en     km
en     km

ក្រសួង​កិច្ចការ​នារី​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​

Share

​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថា​ការ​ជំរុញ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​ឬ​ស្ថាប័ន​ ក្នុង​ប្រព័ន្ធ​របស់​រដ្ឋ​គឺជា​ទិស​ដៅ​របស់​ក្រសួង​ ដើម្បី​ឱ្យ​មាន​ភាព​យេ​ន​ឌ័​រ​ក្នុង​សង្គម​។​ ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ ទី​២៨​ មីនា​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ក៏​ចង់ឱ្យ​គណបក្ស​នយោបាយ​ត្រូវ​ដាក់​សកម្មជន​បក្ស​ខ្លួន​ជា​ស្ត្រី​ក្នុង​លំដាប់​ដែល​អាច​ជាប់​ឆ្នោត​។​ ចំពោះ​ចំណុច​នេះ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ថា​ នេះ​ជា​ការ​ល្អ​តែ​ក្រសួង​ត្រូវ​រៀបចំ​ផែនការ​ទុកជា​មុន​ដើម្បី​កិច្ចការ​នេះ​សម្រេច​បាន​។​

​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​ ៖

​ថ្លែង​នៅ​ក្នុង​កម្មវិធី​ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ លោកស្រី​ អ៊ឹ​ងក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ បាន​លើក​ឡើង​នូវ​គោលដៅ​ឆ្នាំ​២០១៦​ នេះ​ ដោយ​ជំរុញ​លើកកម្ពស់​ការងារ​សម្រាប់​ស្ត្រី​ទទួល​បានការ​ងារ​ក្នុង​ប្រព័ន្ធ​ ជាង​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​។​

cover-Oeng-Kanthaphavyលោកស្រី​បាន​ទទូច​ឱ្យ​គណបក្ស​ន​បាយ​ដាក់​សកម្មជន​បក្ស​ខ្លួន​ជា​ស្ត្រី​ក្នុង​លំដាប់​ដែល​អាច​ជាប់​បាន​ផង​ដែរ​ទាំង​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ថ្នាក់​ ក្រោម​ជាតិ​ដើម្បី​ការ​អភិវឌ្ឍ​ សង្គម​៖​ «​ទី​៤​ គណបក្ស​នយោបាយ​គួរ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លំដាប់​លេខ​រៀង​ដែល​ជា​ជាប់​បាន​ ជា​ពិសេស​ក្នុង​ ការ​បោះ​ឆ្នោត​ក្រុម​ព្រឹក្សា​ឃុំ​ និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​»​។​

ជុំវិញ​ការ​លើក​ឡើង​នេះ​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ យល់​ឃើញ​ថា​គឺជា​ប្រការ​ល្អ​បើ​មាន​ស្ត្រី​បម្រើ​ការ​ក្នុង​វិស័យ​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​តែ​ក្រសួង​ក៏​ត្រូវ​រៀបចំ​ផែនការ​ដើម្បី​សម្រេច​តាម​គោលដៅ​បាន​។​

លោកស្រី​បាន​បន្ត​ថា​នា​ពេល​បច្ចុប្បន្ន​ស្ត្រី​មិន​ទាន់​មាន​ចំនួន​ស្ត្រី​សមាមាត្រ​ទៅ​នឹង​បុរស​ ក្នុង​ការ​បម្រើ​ការងារ​ក្នុង​វិស័យ​នយោបាយ​។​ លោកស្រី​បន្ត​ថា​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រូវ​តែ​មាន​បេក្ខភាព​ស្ត្រី​ចូលរួម​៖​ «​ នៅ​ក្រុមប្រឹក្សា​ឃុំ​មាន​តែ​ ១៧,៧៨%​  ប៉ុណ្ណោះ​បើ​គិត​ពី​មធ្យមភាគ​ ហើយ​ក្នុង​ថ្នាក់​ជាតិ​យើង​មាន​តែ​ ២០%​ នោះ​ទេ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​
​មាន​ស្ត្រី​ ៥២%​ ជា​ស្ត្រី​ដូច្នេះ​វា​មិន​មាន​ភាព​ស​មាត្រ​នោះ​ទេ​…»​។​

ដូច​គ្នា​នេះ​ដែល​លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ ការ​ដាក់​លេខ​រាង​បេក្ខភាព​ស្ត្រី​គួរ​ដាក់​ឱ្យ​ពួក​គេ​បាន​ជាប់​ឆ្នោត​ ជា​ជាង​ដាក់​ឱ្យ​មាន​តែ​ចំនួន​ ។​ លោក​បន្ត​ថា​ ក្រសួង​កិច្ចការ​នារី​ក៏​ត្រូវ​ជំរុញ​ការ​យល់​ដឹង​របស់​ស្ត្រី​ក្នុង​សេវាកម្ម​សង្គម​ ហើយ​បុរស​ និង​សមាជិកគ្រួសារ​ត្រូវ​ផ្តល់​ឱកាស​សម្រាប់​ស្ត្រី​ផង​ដែរ​ ដើម្បី​ឱ្យ​ស្ត្រី​អាច​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​៖​ «​ស្ត្រី​មិន​មានការ​សម្បូរ​បែប​ក្នុង​ការ​ទទួល​បានការ​សិក្សា​នោះ​ទេ​ ត្រូវ​ផ្តល់​ការ​រ​អប់រំ​ពី​តូច​រហូត​ដល់​ការ​ចូលរួម​ក្នុង​បក្សនយោបាយ​»​។​

សូម​បញ្ជាក់​ថា​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី​ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​ មាន​រយៈពេល​ ២​ គឺ​ ចាប់ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​២៩​ ខែមីនា​ដោយ​មាន​ស្ត្រី​មក​ពី​ស្ថាប័ន​ផ្សេងៗ​ និង​បណ្ដា​ខេត្ត​ មាន​ចំនួន​ប្រហែលជា​ ៤០០​នាក់​៕​

Share

Image
Image
Image