en     km
en     km

អ្នកវិភាគ​៖​ ការ​សម្រេចចិត្ត​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ មិន​ចូល​ពិធី​មួយ​នៅ​អា​មេ​រិ​ក​ គឺជា​ចេតនា​ ផ្សះផ្សា​ជាតិ​

Share

លោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ សុទ្ធតែ​លើក​ឡើង​ដូចៗ​គ្នា​ថា​ ការ​ដែល​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ចូល​ឆ្នាំ​ខែ្ម​រ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​វិញ​នោះ​ ថា​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ​ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ និង​ដើម្បី​ឱ្យ​ខ្មែរ​មានការ​រួបរួម​គ្នា​វិញ​។​ តែ​យ៉ាងណា​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ លោក​ ទូច​ វិបុល​ បាន​ប្រាប់​សារព័ត៌មាន​ថា​ ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ នៅ​តែ​ប្រឆាំង​ដាច់ខាត​នូវ​វត្តមាន​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បើ​ទោះបីជា​លោក​មិន​ចូលរួម​ការ​ដង្ហែ​ក្បួន​វប្បធម៌​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​ក៏​ដោយ​នោះ​។

​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័​ត៌​មាន​នេះ​៖

​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​កម្ពុជា​ លោក​ រស់​ រ៉ា​វុ​ធ​ មើលឃើញ​បី​ចំណុច​ល្អៗ​ នៃ​ការ​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ចូល​ឆ្នាំ​ខែ្ម​រ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ចរប​ស់លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋ​ ហ៊ុន​ សែន​។​

ចំណុច​ទី​១​ គឺ​បង្ហាញ​ពី​សីលធម៌​ល្អ​ក្នុង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ចំណុច​ទី​២​ ក៏​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​បញ្ចៀស​នូវ​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែរ​ និង​ចំណុច​ទី​៣​ គឺ​បង្ហាញ​ពី​ទិដ្ឋភាព​បង្រួបបង្រួម​ខ្មែរ​តែ​មួយ​ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​មាន​ទស្សនៈ​ផ្ទុយ​គ្នា​។

តែ​យ៉ាងណា​លោក​ រស់​ រ៉ា​វុ​ធ​ សង្កត់ធ្ងន់​ថា​ ការ​បង្ហាញ​ប្រតិកម្ម​តាម​រយៈ​ការ​គ្រោង​ធ្វើ​បាតុកម្ម​បែប​នេះ​ គឺ​ឆ្លុះ​បញ្ចាំង​ឱ​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ឡើយ​ ដែល​កន្លង​មក​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ហៅ​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​ថា​ ជា​ការ​ដឹកនាំ​បែរ​ផ្ដាច់​ការ​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

លោក​ រស់​ រ៉ា​វុ​ធ​៖​ «​នេះ​ជា​ការ​ល្អ​មួយ​ក្នុង​ការ​លុប​បំបាត់​នូវ​ពាក្យ​ទំនាប​ដែល​បរទេស​ ដែល​ច្រើន​តែ​មើលងាយ​ខ្មែរ​ថា​ឱ​តែ​ពីរ​នាក់​ទាស់​គ្នា​គឺ​ខ្មែរ​។​ អ​ញ្ចឹ​ង​ទេ​!​ក្នុង​ការ​ដែល​សម្រេចចិត្ត​ដូចនេះ​គឺជា​ការ​ល្អ​មួយ​ក្នុង​ការ​បង្រួបបង្រួម​ខ្មែរ​គោរព​នូវ​សីលធម៌​របស់​មនុស្សជាតិ​»​។

ចំណែក​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុ​ជាមួយ​រូប​ ក៏​ហៅ​ការ​សម្រេចចិត្ត​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ថា​ជា​ការ​សម្រេច​មួយ​ល្អ​ស្រប​តាម​កាលៈទេសៈ​។​ លោក​ សូ​ ច​ន្ថា​ និយាយ​ថា​ ការ​គ្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​នេះ​ ក៏​ព្រោះតែ​ពលរដ្ឋ​ទាំងនោះ​យល់​ថា​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​កូនប្រុស​របស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់​អ្នក​អំណាច​យូរ​ឆ្នាំ​ និង​ប្រើប្រាស់​អំណាច​គាបសង្កត់​ពលរដ្ឋ​ខ្មែរ​។​

តែ​យ៉ាងណា​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​រូប​នេះ​ ស្នើ​ឱ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​បែងចែក​ឱ្យ​បាន​ច្បាស់​ថា​កម្មវិធី​ដែល​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គ្រោង​ធ្វើ​នោះ​ ជា​កម្មវិធី​ប្រពៃណី​ខ្មែរ​ ឬ​ក៏​ជា​កម្មវិធី​បែប​នយោបាយ​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

លោក​ សូ​ ច​ន្ថា​៖​ «​ខ្ញុំ​យល់​ថា​ ការ​ដែល​សម្រេចចិត្ត​មិន​ចូលរួម​នេះ​ក៏​ជា​រឿង​មួយ​ល្អ​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ប្រសិនជា​អត់​ចូលរួម​ទេ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គាត់​បាត់បង់​ឱកាស​មួយ​ គឺ​ឪ​កាស​ក្នុង​ការ​ប្រឈម​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ មាន​ន័យ​ថា​គាត់​មិន​អាច​ធ្វើការ​បកស្រាយ​ ឬ​ក៏​បង្ហាញ​ពី​ទស្សនៈ​យោបល់​ ឬ​ក៏​គំនិត​គោលនយោបាយ​របស់​លោក​ តើ​ថា​គណបក្ស​របស់​លោក​មាន​ទស្សន​យ៉ាងម៉េច​ចំពោះ​ជាតិ​។​ អ​ញ្ចឹ​ង​ ជា​ការ​ខាតបង់​មួយ​ ពេល​ដែល​លោក​មិន​ហ៊ាន​ប្រឈម​មុខ​ករណី​នេះ​»​។​

កាលពី​ពេល​ថ្មីៗ​នេះ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ ដែល​មាន​លោក​ ទូច​ វិបុល​ អះអាង​ថា​ ជា​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ នោះ​ បាន​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​វត្តមាន​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ​គឺ​ នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក​នៅ​រដ្ឋ​កាលី​ហ្វ័​រញៀ​ល​។​

ជុំវិញ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​ថ្នាក់ដឹកនាំ​កម្ពុជា​នៅ​ទឹកដី​អា​មេ​រិ​ក​ ក៏​មានការ​ចោទប្រកាន់​ដាក់​គ្នា​ផង​ដែរ​ គឺ​ខាង​មន្ត្រី​រដ្ឋាភិបាល​ចោទ​ថា​ បាតុកម្ម​នោះ​ជា​ការ​រៀបចំ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ តែ​មន្ត្រី​គណបក្សប្រឆាំង​ និង​តំណាង​ពលរដ្ឋ​ទាំងនោះ​បាន​ចេញ​មុខ​អៈ​អាង​វិញ​ថា​ បាតុកម្ម​នោះ​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ប្រឆាំង​នឹង​ការ​ដឹក​បែប​ផ្តាច់​ការ​របស់​មេដឹកនាំ​បច្ចុប្បន្ន​៕​

Share

Image
Image
Image