en     km
en     km

លោក​ ចាន់​ រិ​ទ្ធី​ ជម្នះ​ឧបសគ្គ​ស្វែងរក​ជំនាញ​ បើ​ទោះជា​ខ្លួន​ពិការ​ភ្នែក​ទាំង​គូក្តី​

Share

​ភ្នែក​ពិការ​ មិនមែន​ឧបសគ្គ​ក្នុង​ការ​ស្វែ​ករក​ចំណេះដឹង​នៅ​ថ្នាក់​កម្រិត​ឧត្តម​សិក្សា​ឡើយ​។​ លោក​ ចាន់​ រិ​ទ្ធី​ ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ រៀន​ផ្នែក​តន្ត្រី​ជំនាញ​ហ្គី​តា​ ដើម្បី​ទុកជា​ដើមទុន​ទៅ​ថ្ងៃ​អនាគត​។​ លោក​ថា​ ជន​ពិការ​មួយ​ចំនួន​ គិត​ថា​ ខ្លួន​ធ្វើ​អ្វី​មិន​បាន​ មិន​ខំ​ស្វែងរក​ចំណេះ​ជំនាញ​ដាក់ខ្លួន​ គិត​ចង់​តែ​ធ្វើបាប​ខ្លួនឯង​ប៉ុណ្ណោះ​។​ ​ដោយឡែក​ លោក​ ចាន់​ រិ​ទ្ធី​ មិន​ធ្វើ​ដូច្នេះ​ឡើយ​ លោក​បាន​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ និង​ជំនាញ​ដែល​លោក​ស្រឡាញ់​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​។​

ដើម្បី​ជ្រាប​ពី​ប្រវត្តិ​បុរស​ពិការ​ភ្នែក​ទាំង​ខាង​នេះ​ កាន់តែ​ច្បាស់​ តទៅ​នេះ​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ កញ្ញា​ ឆេ​ង​ ណា​តា ​ដូច​តទៅ​៖​

«​ដោយ​មានការ​ជ្រោមជ្រែង​ពី​អង្គការ​គ្រួសារ​ថ្មី​ ហើយ​អង្គការ​គ្រួសារ​ថ្មី​គេ​សហការ​ជាមួយ​សាលា​ហ្នឹង​ អ​ញ្ចឹ​ង​ខ្ញុំ​បាន​ចូល​រៀនចំណេះ​ទូទៅ​នៅ​វិទ្យាល័យ​ច្បារ​អំពៅ​ ហើយ​បន្ទាប់​ពី​ខ្ញុំ​ចប់​ឌី​ប្លូ​ម​មក​បាន​ខ្ញុំ​ចូល​សាលា​វិចិត្រសិល្បៈ​ហ្នឹង​ ប៉ុន្តែ​កម្រិត​មធ្យម​…»

នេះ​ជា​ការ​រៀបរាប់​របស់​បុរស​ពិការ​ភ្នែក​ទាំង​សងខាង​ម្នាក់​ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​  ហើយ​បាន​ចាក​ចេញពី​គ្រួសារ​មក​រៀន​នៅ​រាជ​ធា​ភ្នំពេញ​។​ បុរស​ពិការ​ភ្នែក​រូប​នេះ​ មានឈ្មោះ​ថា​ ចាន់​ រី​ទ្ធី​ លោក​មាន​អាយុ​ ២៨​ ឆ្នាំ​ ហើយ​សព្វ​ថ្ងៃនេះ​លោក​គឺជា​និស្សិត​ឆ្នាំ​ទី​២​ ផ្នែក​តន្ត្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

បើ​ទោះជា​លោក​វិ​ទ្ធី​ ពិការ​ភ្នែក​ទាំង​សងខាង​ ក៏​ដោយ​ប៉ុន្តែ​លោក​មិន​បាន​ផ្តេកផ្តួល​ទៅ​តាម​ ព្រហ្ម​លិខិត​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​លោក​កាន់តែ​ខិតខំ​ជម្នះ​ ការ​គិត​របស់​គ្រួសារ​ និង​អ្នក​ដទៃ​ ដែល​យល់​ថា​ មនុស្ស​ពិការ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ រហូត​បាន​ក្លាយទៅជា​តន្ត្រីករ​ម្នាក់​។

Chan-Rithy-(blind-man)
លោក​ ចាន់​ រិ​ទ្ធី

​មាន​សម្បុ​ស​ រាង​ស្គម​បន្តិច​ និស្សិត​ពិការ​ភ្នែក​រូប​នេះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ លោក​បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​ ១២​ ឆ្នាំ​ មក​រៀន​នៅ​រាជធានី​ភ្នំពេញ​ និង​ស្នាក់​នៅ​ក្នុង​អង្គការ​មួយ​។​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ថ្នាក់បាក់ឌុប​ នៅ​វិទ្យាល័យ​ច្បារ​អំពៅ​ លោក​បាន​ចាក​ចេញពី​ការ​មើលថែ​របស់​អង្គការ​ ដោយ​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់​ទៀត​ នៅ​មុំ​ផ្សារ​ទួល​សង្កែ​ដើម្បី​បន្ត​ការ​សិក្សា​។​

​អង្គុយ​លើ​កៅអី​ក្នុង​បន្ទប់រៀន​មួយ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ ដែល​មាន​ឧបករណ៍​ភ្លេងបុរាណ​សម្រាប់​ឱ្យ​សិស្ស​រៀន​ និង​អនុវត្ត​ លោក​ រិ​ទ្ធី​ បាន​ប្រាប់​ថា​ ភ្នែក​របស់​លោក​មិនមែន​ ពិការ​មក​ពី​កំណើត​នោះ​ទេ​។​ លោក​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទាំង​សងខាង​នេះ​ នៅ​អាយុ​ប្រហែល​ ២​ ឬ​ ៣​ ឆ្នាំ​ ដោយសារ​កើត​ជំងឺ​ក​ញ្ជ្រិ​ល​។​ អតីត​សិស្ស​វិទ្យាល័យ​ច្បារ​អំពៅ​រូប​នេះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​បាន​ចាប់​ជំនាញ​ផ្នែក​ហ្គី​តា​ ដោយសារ​តែ​លោក​ស្រឡាញ់​ជំនាញ​នេះ​តាំងពី​តូច​មក​ម្ល៉េះ​។​

លោក​ថា​ ដោយសារ​លោក​ពិការ​ភ្នែក​ទាំង​សងខាង​ ដូច្នេះ​ការ​សិក្សា​របស់​លោក​មានការ​ ពិបាក​ខ្លាំង​ ហើយ​មិន​ត្រឹមតែ​លោក​ទេ​ដែល​ពិបាក​ សូ​ម្បី​តែ​គ្រូបង្រៀន​ក៏​មានការ​ពិបាក​ក្នុង​ការ​បង្រៀន​ផង​ដែរ​៖​ «​បញ្ហា​សំខាន់​របស់ខ្ញុំ​គឺ​មើល​ណោ​ត​ អ​ញ្ចឹ​ង​រៀន​ភ្លេង​ រៀន​នៅ​ក្នុង​សាលារៀន​ទាមទារ​ឱ្យ​មើល​ណោ​ត​ខ្លាំង​មែន​។​ បទ​មួយៗ​ខ្ញុំ​មើល​ណោ​ត​អត់​ឃើញ​ទេ​ អ​ញ្ចឹ​ង​ទាមទារ​ឱ្យ​លោកគ្រូ​គាត់​ប្រាប់​ម្តង​មួយ​វគ្គៗ​»​។​

​បើ​ទោះជា​យ៉ាងនេះ​ក្តី​ លោក​ទទួល​បានការ​លើក​ចិត្ត​ និង​ការ​យកចិត្តទុកដាក់​ជា​ច្រើន​ពី​សំណាក់​លោកគ្រូ​ អ្នកគ្រូ​ជាង​សិស្ស​ដទៃ​ទៀត​ ដោយសារ​ពួក​គាត់​យល់​ពី​ទុក្ខ​លំបាក​របស់​ជន​ពិការ​។​ នៅ​ក្នុង​បន្ទប់រៀន​ លោក​ រិ​ទ្ធី​ បាន​ពឹង​ឱ្យ​មិត្តភក្តិ​រួម​ថ្នាក់​ ជួយ​រក​ឯកសារ​ និង​អាន​ឱ្យ​ស្តាប់​ជា​ប្រចាំ​ ព្រោះ​ដោយសារ​តែ​លោក​ មិន​មាន​សមត្ថភាព​ អាច​មើល​និង​អាន​បាន​ គឺ​បាន​ត្រឹមតែ​ប្រើ​ស្តាប់​ប៉ុណ្ណោះ​។​

លោក​ គិរី​ ជា​គ្រូ​ផ្នែក​ដូរ​តន្ត្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ និង​ជា​គ្រូបង្រៀន​ហ្គី​តា​ផ្ទាល់​ របស់​ ចាន់​ រិ​ទ្ធី​ បាន​ប្រាប់​ថា​ ថ្វី​ត្បិត​តែ​លោក​ រិ​ទ្ធី​ ពិការ​ភ្នែក​ តែ​គាត់​ជា​សិស្ស​ម្នាក់​ដែល​មានការ​តស៊ូ​ មាន​ភាព​អំណត់​ខ្លាំង​ និង​យកចិត្តទុកដាក់​ ចំពោះ​ការ​ពន្យល់​របស់​គ្រូ​។​ គ្រូបង្រៀន​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ លោក​ រិ​ទ្ធី​ គឺជា​សិស្ស​ដំបូង​ដែល​ពិការ​ភ្នែក​ ហើយ​លោក​ក៏​មានការ​ពិបាក​ក្នុង​ការ​បង្រៀន​ផង​ដែរ​ ព្រោះ​ត្រូវ​ចំណាយពេល​ក្នុង​ការ​បង្រៀន​យូ​ជាង​សិស្ស​ធម្មតា​៖​ «​ឧបមា​ថា​ យើង​បង្រៀន​អ្នក​ផ្សេង​មួយ​ម៉ោង​ យើង​ត្រូវ​ចំណាយ​ឱ្យ​គាត់​មួយ​កន្លះ​អាហ្នឹង​បើ​ខ្ញុំ​ព្យាករណ៍​»​។​

​លោក​ គិរី​ ចង់ឱ្យ​ជន​ពិការ​ដទៃ​ទៀត​ មានគំនិត​ដូច​ រិ​ទ្ធី​ ដែរ​ មិន​ត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​ គឺ​ត្រូវ​តែ​ស៊ូ​។​លើស​ពី​នេះ​ទៀត​ លោក​ជំរុញ​ឱ្យ​គ្រូបង្រៀន​ទាំងអស់​ត្រូវ​មានចិត្ត​អំណត់​ក្នុង​ការ​បង្រៀន​ដល់​ជន​ពិការ​ផង​ដែរ​។​

បើ​និយាយ​ពី​គ្រួសារ​លោក​ ចាន់​ រិ​ទ្ធី​ វិញ​ ឪពុក​ម្តាយ​របស់​លោក​ ក៏​មានការ​លើកទឹកចិត្ត​ច្រើន​ដែរ​ ប៉ុន្តែ​លោក​ថា​ បើ​ទោះជា​ឪពុក​ម្តាយ​ ជួយ​ជ្រោមជ្រែង​ ទាក់ទង​ខាង​អង្គការ​ឱ្យ​លោក​បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ក៏​ដោយ​ តែ​ការ​គិត​របស់​ពួក​គាត់​នៅ​តែ​មិនសូវ​ទូលំទូលាយ​នោះ​ទេ​ ដោយសារ​ពួក​គាត់​យល់​ថា​ អ្នក​ពិការ​ភ្នែក​ដូច​លោក​ បើ​ទោះជា​រៀន​ ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​។​

«​នៅ​តែ​មាន​សម្ពាធ​មួយ​ ដូច​ថា​គាត់​ចង់រក​កន្លែង​ឱ្យ​រៀនសូត្រ​អ​ញ្ចឹ​ង​មែន​ ប៉ុន្តែ​ការ​គិត​របស់​គាត់​មិនសូវ​ទូលំទូលាយ​ទេ​ គាត់​មានការ​អស់សង្ឃឹម​ ហើយ​មិន​មានការ​ឱ្យ​កម្លាំងចិត្ត​ដែរ​…..​បំណង​គាត់​ គាត់​ចេះ​តែ​ឱ្យ​រៀនៗ​ ទៅ​»​ រិ​ទ្ធី​ បន្ថែម​។​

យ៉ាងណាមិញ​នៅ​ពេល​លោក​រៀន​ដល់​ថ្នាក់​កម្រិត​ខ្ពស់​ និង​បាន​ប្រើ​សមត្ថភាព​ខ្លួនឯង​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ បច្ចុប្បន្ន​នេះ​ ការ​គិត​របស់​ឪពុក​លោក​ក៏​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​៖​ «​មានការ​ផ្លាស់​ប្តូរ​ច្រើន​ ពី​មុន​មក​គាត់​គិត​ដូច​ខ្ញុំ​លើក​មក​មុន​អ​ញ្ចឹ​ង​ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​រៀន​បាន​មក​កម្រិត​ខ្ពស់​បន្តិច​ហើយ​ ខ្ញុំ​ក៏​អាច​ប្រើ​ជំនាញ​ខ្ញុំ​ សមត្ថភាព​ខ្ញុំ​ ដោះស្រាយ​ជីវភាព​ខ្លួនឯង​បាន​ខ្លះ​ ដល់​អ​ញ្ចឹ​ង​ធ្វើ​ឱ្យ​ការ​គិត​ បាន​ផ្លាស់​ប្តូរ​»​។​

មាន​ឪពុក​ជា​មន្ត្រីរាជការ​ និង​ម្តាយ​ជា​មេផ្ទះ​ លោក​ រិ​ទ្ធី​ និយាយ​បន្ត​ថា​ កាលពីដើម​លោក​ធ្លាប់​បាន​លេងភ្លេង​នៅ​ក្នុង​ហាង​លក្ខណៈ​បរទេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​ក្រោយមក​ដោយសារ​តែ​មាន​បញ្ហា​បន្តិចបន្តួច​លោក​ក៏​បាន​លាឈប់​ ហើយ​ម្តងម្កាល​ក៏​មាន​អ្នក​នៅ​តាម​ខេត្ត​ហៅ​លោក​លេងភ្លេង​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​ដែរ​។​

រិ​ទ្ធី​ បានឱ្យ​ដឹង​ទៀត​ថា​ ដោយសារ​តែ​លោក​ជា​ជន​ពិការ​ ដូច្នេះ​លោក​ ដឹង​ពី​ទុក្ខ​លំបាក​របស់​អ្នក​ពិការ​ភ្នែក​ដូច​គ្នា​។​ នា​ពេល​អនាគត​លោក​ រិ​ទ្ធី​ ចង់​បើក​សាលារៀន​មួយ​ ដើម្បី​បង្ហាត់បង្រៀន​ជំនាញ​ដល់​ជន​ពិការ​។​

លោក​បាន​បង្ហាញ​មោទនៈភាព​ចំពោះ​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​ចង់​បង្ហាញ​ពី​មោទនភាព​របស់ខ្ញុំ​ដែរ​ ដែល​ខ្ញុំ​ជា​ជន​ពិការ​ដែល​ខ្ញុំ​បាន​សម្តែង​ក្នុង​កម្ម​ការ​ផ្លូវការ​ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​»៕​    ​

Share

Image
Image
Image