en     km
en     km

បទ​យកការណ៍​៖​ អាជីវករ​ថៃ​ ត្អូញត្អែរ​ពី​ម្លៃ​ស្ដង់​លក់ទំនិញ​ក្នុង​ថ្ងៃ​បុណ្យ​ទន្លេ​ថា​ ថ្លៃ​ហួស​ពី​តម្រូវការ​ជាក់ស្ដែង​

Share

កំពង់ចាម​៖​  នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ ក្នុង​ខេត្តកំពង់ចាម​ឆ្នាំ​២០១៦​ នេះ​ មាន​អ្នកចូលរួម​ជា​ច្រើន​ម៉ឺន​នាក់​ ដែល​បាន​ចូលរួម​ដើរ​កម្សាន្ត​។​ នៅ​ក្នុង​កម្មវិធី​នោះ​ ក៏​មានការ​ដាក់​តាំង​លក់​ ផលិតផល​ប្រមាណ​ ៥០០​ ស្តង់​ ក្នុង​នោះ​ស្ដង់​ផលិតផល​ថៃ​មាន​ប្រមាណ​ជា​ ១០០​ ស្ដង់​ ក៏​បាន​ដាក់​តាំង​លក់​នៅ​ពេល​នោះ​ដែរ​។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អាជីវករ​ថៃ​ត្អូញត្អែរ​គឺ​ តម្លៃ​ស្តង់​សម្រាប់​ផលិតផល​របស់​ពួក​គេ​ត្រូវ​ បាន​កំណត់​តម្លៃ​ខ្ពស់​ ដែល​ជា​ប្រការ​មួយ​ធ្វើ​ពួក​គាត់​មិន​អាច​យក​ផលិតផល​មក​ដាក់​លក់​ នៅ​ពេល​ពី​ធី​នេះ​រៀបចំ​ឡើង​នៅ​ឆ្នាំ​ក្រោយ​។​ ក្រុម​អាជីវករ​ថៃ​ ដែល​ពលរដ្ឋ​ខ្មែរ​ជា​តំណាង​អ្នក​ឈរ​លក់ទំនិញ​បាន​ទទូច​ថា​ គេ​គួរ​ពិចារណា​បញ្ចុះតម្លៃ​ស្តង់​នេះ​ឡើង​វិញ​ ទើប​ពួក​គាត់​មានឱកាស​ យក​ផលិតផល​ថៃ​មក​បង្ហាញ​ដាក់​លក់​នៅ​ក្នុង​ពិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត​។​

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

​កំពង់ចាម​ ជា​ខេត្ត​មួយ​ល្បីល្បាញ​ខាង​ផលិតផល​ដំណាំ​កៅស៊ូ​ និង​ ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុន​ផ្សេង​ទៀត​។​ កំពង់ចាម​ នេះ​ក៏​ជា​ខេត្ត​មួយ​ដែល​ជាប់​នឹង​ដង​ទន្លេមេគង្គ​ផង​ដែរ​។​ ចាប់តាំងពី​ឆ្នាំ​២០១៥​ មក​ ប្រទេស​កម្ពុជា​បាន​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ដំបូង​នៅ​ខេត្តក្រចេះ​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ នេះ​ រៀបចំ​ឡើង​នៅ​ក្នុង​ខេត្តកំពង់ចាម​ ក៏​ត្រូវ​បាន​គេ​រៀបចំ​ពិធីបុណ្យ​នេះ​ដែល​មាន​រយៈពេល​ ៣​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១១-១២​ និង​១៣​ ខែមីនា​។​

​នៅ​ក្នុង​ថ្ងៃ​ទី​៣​ នៃ​កម្មវិធី​បុណ្យ​ទន្លេ​ក្នុង​ខេត្តកំពង់ចាម​ឆ្នាំ​នេះ​ ម៉ោង​ប្រមាណ​ ១១​ ថ្ងៃត្រង់​ មាន​មនុស្ស​ម្នា​ជា​ច្រើន​កំពុង​ដើរ​មើល​ផលិតផល​ ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​កម្ម​វី​ធី​បុណ្យ​ប្រមាណ​ជាង​ ៥០០​ ស្ដង់​ ដែល​បាន​ដាក់​តាំង​ដោយ​មាន​របៀបរាបរយ​តាម​ជួរ​មាត់ទន្លេ​ ចាប់តាំងពី​ក្រោយ​មន្ទីរ​វប្បធម៌​ខេត្ត​មក​ដល់​ស្ពាន​គី​ហ្សូ​ណា​។​ ក្នុង​ពិធី​នេះ​មាន​ អ្នកចូលរួម​ប្រមាណ​ជា​ ៥​ ម៉ឺន​នាក់​។​

cover-Thai-Businessmen-in-KG-Cham---River-Festival
ស្ដង់អាជីវករថៃ ក្នុងកម្មវិធីតាំងពិព័រណ៍​​នា​ថ្ងៃ​បុណ្យ​ទន្លេ ខេត្តកំពង់ចាម

អ្នកស្រី​ អ៊ែ​ល​ ប៊ុ​ន​ ធឿ​ន​ ជា​អាជីវករ​លក់​នំបំពង​ និង​ប្រហិត​ចៀន​ ដែល​ជា​ផលិតផល​មក​ពី​ប្រទេស​ថៃ​។​ អ្នកស្រី​ ថា​គាត់​ធ្លាប់​បាន​ដើរ​ល​ក់លិត​ផល​ជាមួយ​ ថៅកែ​ថៃ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ស្ត្រី​ដែល​មាន​សម្បុរ​ស​ក្នុង​សម្លៀក​បំពាក​ជា​ជា​ចុងភៅ​ម្នាក់​នេះ​និយាយ​បណ្តើរ​ ដៃ​ ច្រក​ប្រហិត​ចៀន​ចូល​ក្នុង​ថង់​ប្លា​ស្ទិ​ច​បណ្តើរ​ បន្ត​ថា​ ការ​មក​លក់​ក្នុង​កម្មវិធី​ បុណ្យ​ទន្លេ​នេះ​លក់ដាច់​ខ្លាំង​ដែរ​ គឺ​នៅ​យប់​ថ្ងៃ​ទី​២​ តែ​សម្រាប់​ថ្ងៃ​ ២​ ឬ​ ៤​ ថ្ងៃ​ដំបូង​ក្នុង​កម្មវិធី​តាំងពិព័រណ៍​ថៃ​មុន​ថ្ងៃ​បុណ្យ​ទន្លេ​ គឺ​លក់​មិន​ស៊ូ​ដាច់​ទេ​។​

​នៅ​ពេល​អ្នក​សារ​កាសែត​សួរ​ថា​តើ​ឆ្នាំ​ក្រោយមក​លក់​ទៀត​ទេ​។​ ស្រី្ត​ម្នាក់​នេះ​បែ​ជា​ដាក់​ទឹកមុខ​ចុះ​បន្តិច​ ហើយ​បន្ត​ថា​ ឆ្នាំ​ក្រោយ​ថៅកែ​គាត់​ថា​មិន​មក​លក់​ទៀត​ទេ​។​ អ្នកស្រី​ថា​ ព្រោះតែ​មិន​ចំណេញ​ ដោយ​អ្នកស្រី​បាន​លើក​ឡើង​ពី​ហេតុផល​ថា​ តម្លៃ​ស្ដង់​ថ្លៃ​ពេក​ គឺ​មាន​តម្លៃ​ដល់​ទៅ​ ២​ ម៉ឺន​បាត​ ដែល​ស្មើ​ប្រមាណ​ជាង​ ២​ លាន​រៀល​ សម្រាប់​ស្តង់​មួយៗ​។​

«​ខ្ញុំ​ថា​ថ្លៃ​ សឹង​ថា​អត់​បាន​បង់ថ្លៃ​តូប​ផង​ កាលពីមុន​ទៅ​លក់​កន្លែង​ផ្សេងៗ​តែ​ ១៥០០០​ បង​ [១៥០០០​ បាត​]​ តែ​ពេល​មក​លក់​តាំងពិព័រណ៍​បុណ្យ​ទន្លេ​ នឹង​ឡើង​ ២០០០០​ តែ​ម្តង​ [២០០០០​ បាត​]​ ហើយ​លក់​អត់​សូវ​ដាច់​ មុន​សល់​ ច្រើន​តែ​គេ​មិនសូវ​ទិញ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ ប៊ុ​ន​ យឿ​ន​ តំណាង​ឱ្យ​អាជីវករ​ថៃ​លក់​គ្រឿង​សង្ហា​រឹម​ មាន​ដូច​ជា​ពូក​ ខ្នើយ​គង​ ជាដើម​ ក៏​បាន​លើក​ឡើង​ពី​តម្លៃ​ស្ដង់​នេះ​ដែរ​។​ លោក​ថា​ ព្រោះតែ​ តម្លៃ​ស្ដង់​ថ្លៃ​យ៉ាងនេះ​ គឺ​លោក​ត្រូវ​លក់​ឥ​វ៉ា​ន់​តម្លៃ​ថ្លៃ​បន្តិច​ដែរ​។​ លោក​បន្ត​ទាំង​ទឹកមុខ​មាំ​ថា​ បើ​ទោះជា​លក់ដាច់​បាន​ច្រើន​ក៏​ពិតមែន​ តែ​មិន​ចំណេញ​ទេ​ តម្លៃ​ស្ដង់​មាន​តម្លៃ​រហូត​ដល់​ ១៧​ ០០០​ បាត​ ដែល​លោក​ត្រូវ​ចំណាយ​លើ​ឈ្នួល​កម្មករ​ និង​ការ​ដឹក​ជញ្ជូន​ស្ទើរតែ​គ្មាន​សល់​។​

«​ដល់​បុណ្យ​ទន្លេ​អ​ញ្ចឹ​ង​ ២០០០០​ បាត​ តែ​ម្ដង​…​ លើក​ក្រោយ​ខ្ញុំ​មិន​ និង​ថៅកែ​ខ្ញុំ​មិន​មក​ ទៀត​ទេ​ គាត់​អត់​រួចខ្លួន​អត់​ចំណេញ​ទេ​ គាត់​ថា​គ្រាន់តែ​ចេញពី​ច្រកព្រំដែន​បង់​ឱ្យ​គេ​ ១០០០០​ បាត​ គាត់​ថា​គ្រាន់តែ​លក់​ប្រហិត​អស់​អស់​ អត់​លុយ​ចាក់​សាំង​ទៅ​វិញ​ផង​»​។​

​រយៈពេល​បី​ថ្ងៃ​នៃ​កម្មវិធី​បុណ្យ​ទន្លេ​ អាជីវករ​រំពឹង​ថា​លក់ដាច់​បាន​ច្រើន​ ឯ​អតិថិជន​រំពឹង​ថា​ទិញ​បាន​ផលិតផល​ល្អ​ និង​តម្លៃ​សមរម្យ​តែ​បែ​ជា​ខុស​ពី​ការ​រំពឹង​ទុក​ គឺ​អ្នកលក់​ត្រូវ​លក់​ដំឡើង​ថ្លៃ​ទៅ​តាម​តម្លៃ​ស្តង់​។​

​ដូច​គ្នា​នេះ​ដែរ​លោក​ ប៊ុ​ន​ យឿ​ន​ ថា​ បើ​ពួក​គាត់​លក់​ថោក​ជាង​នេះ​អាច​មាន​អតិថិជន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ តែបើ​លក់​ថោក​ជាង​នេះ​មុខ​ ជា​គ្មាន​លុយ​បង់ថ្លៃ​សេវា​ឆ្លង​ព្រំដែន​បាន​នោះ​ទេ​៖​ «​មិន​មក​ទេ​ក្រុម​ហ្នឹង​យក​ថ្លៃ​ណាស់​ ថ្លៃ​ជួល​ស្ដង់​ថ្លៃ​ពេក​ រត់​អត់​រួច​យើង​រកបាន​ ១០០​ ០០០​ បាត​ សល់​តែ​ពី​ ១០០០០​ បាត​ទៅ​ផ្ទះ​មានទឹក​ចិត្តរក​ទេ​?​ អត់​មាន​ទឹកចិត្ត​នោះ​ទេ​»
​ជុំវិញ​ការ​ត្អូញត្អែរ​របស់​អាជីវករ​នេះ​ អភិបាលក្រុង​កំពង់ចាម​ លោក​ ចាន់​ ផ​ល្លី​ មាន​ប្រសាសន៍​ថា​ ថ្លៃ​ស្តង់​ខាង​ខេត្ត​មិនមែន​ជា​អ្នក​ដាក់​តម្លៃ​ស្ដង់​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ ក្រុម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​អ្នក​រៀបចំ​។​

«​តម្លៃ​ស្ដង់​ គី​លោក​ឧកញ៉ា​ តែ​ តាំង​ប៉​ ជា​អ្នក​រៀបចំ​បង្កើត​ស្តង់​តាម​រយៈ​ក្រសួងទេសចរណ៍​ហើយ​និង​សាលា​ខេត្កំពង់ចាម​ …​ មក​ដល់​ម៉ោង​នេះ​មាន​ស្ដង់​មាន​ ៥៤៨​ ស្ដង់​ ក្នុង​ហ្នឹង​ មាន​ស្ដង់​ខ្មែរ​ ២០០​ ក្រៅពី​នេះ​ស្ដង់​ខ្មែរ​»​។​

​ចំណែក​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ ក៏​បាន​ប្រសាសន៍​ដែរ​ថា​ ខាង​ក្រសួង​តែងតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ​អាច​ បាន​មក​ដាក់​តាំង​លក់​នូវ​ផលិតផល​របស់​សហគមន៍​ ដោយ​សឹងតែ​មិន​ឱ្យ​យកឈ្នួល​ស្ដង់​ផង​។​ លោក​បាន​បន្ត​ថា​ កន្លង​មក​លោក​ តែង​តែង​លើក​ឡើង​ក្នុង​ការ​ប្រជុំ​ ថា​មិន​យក​ដំឡើង​ថ្លៃ​ស្ដង់​ ស្នាក់​នៅ​ផ្សេង​ជាដើម​។​
​ចំពោះ​ស្ដង់​អាជីវករ​ថៃ​លោក​ ក៏​ចង់ឱ្យ​មានការ​ចូលរួម​ច្រើន​ដែរ​ ដើម្បី​ឱ្យ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នា​នៃ​ការ​លក់ទំនិញ​ពី​ប្រទេស​ជិតខាង​មួយ​នេះ​។​

«​មិន​ហាមឃាត់​ការ​ចូលរួម​របស់​បរទេស​ទេ​ ខ្ញុំ​បាន​ណែនាំ​រឿង​ និង​ប្រជុំ​គ្រប់ពេល​ខ្ញុំ​តែងតែ​លើក​ឡើង​ពី​រឿង​ហ្នឹង​ អាហ្នឹង​ប្រគល់​ឱ្យ​ខេត្ត​ ខេត្ត​ទៅ​ទាក់ទង​ SME​ សហគ្រាស​ធុន​តូច​ និង​ មធ្យម​ លោក​ឧកញ៉ា​ តែ​ តាំង​ប៉​ និង​ដឹង​យ៉ាងម៉េច​ស្ដង់​ហ្នឹង​ នៅ​តែ​ថ្លៃ​…»​។​

​ចំណែក​បញ្ហា​អនាម័យ​ និង​សុខភាព​ លោក​អភិបាលក្រុង​កំពង់ចាម​ ចាន់​ ផ​ល្លី​ បាន​បញ្ជាក់​ថា​ វា​មិន​មាន​បញ្ហា​ជា​ចោទ​ទេ​ ព្រោះ​ខេត្ត​ និង​មន្ទីរ​បាន​រៀបចំ​ឱ្យ​មាន​បន្ទប់ទឹក​ជាង​ ២០​ បន្ទប់​។​ ចំណែកឯ​បញ្ហា​សុខភាព​ គឺ​ខេត្ត​បាន​រៀបចំ​ឱ្យ​មាន​កន្លែង​សង្គ្រោះ​បឋម​ផង​ដែរ​។​ រីឯ​បញ្ហា​សំរាម​ គឺ​លោក​អភិបាលក្រុង​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​លោក​មិនសូវ​សហការ​ ប៉ុន្តែ​ខាង​ខេត្ត​បាន​រៀបចំ​ឱ្យ​មានការ​ប្រមូល​សំរាម​ចោល​ទាំង​ព្រឹក​ទាំង​ល្ងាច​៖​ «​ខ្ញុំ​មិន​បានដឹង​ថា​ ប្រជា​ពល​រអ៊ូរ​ទេ​ តែ​យើង​មាន​បង្គន់​សារ​ធារ​ណៈ​ចំនួន​ ២២​ យើង​ដាក់​ពង្រាយ​តាម​មាត់ទន្លេ​ និង​ក្រោម​ស្ពាន​  ហើយ​និង​ផ្សារ​រាត្រី​…»​។​

​សូម​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​ពិធីបុណ្យ​ទន្លេ​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ក្រសួងទេសចរណ៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​កាលពី​ លើក​ទី​១​ រៀបចំ​ឡើង​ក្នុង​ខេត្តក្រចេះ​  លើក​ទី​២​ ក្នុង​ខេត្តកំពង់ចាម​ និង​ គម្រោង​លើក​ទី​៣​ រៀបចំ​ឡើង​ក្នុង​ខេត្តស្ទឹងត្រែង​។​ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ គឺ​ដើម្បី​ទាកទាញ​ភ្ញៀវ​ទេសចរ​ លើកកម្ពស់​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ​ ហើយ​ចូលរួម​ចំណែក​ឱ្យ​ប្រជា​សហគមន៍​ បាន​បង្ហាញ​ផលិតផល​ក្នុងស្រុក​ដើម្បី​ឱ្យ​ពួក​គាត់​បាន​បង្កើន​ជីវភាព​បន្ថែម​ទៀត​៕

Share

Image
Image
Image