en     km
en     km

រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​ទទួលស្គាល់​ថា​ វិស័យ​សុខាភិបាល​នៅ​មាន​បញ្ហា​ប្រឈម​

Share

cover-Mam-Bunheng-on-9.3.16
បើ​ទោះជា​វិស័យ​សុខាភិបាល​ ត្រូវ​បាន​លើក​ស្ទួយ​ឱ្យ​ប្រសើរ​ឡើង​ ហើយ​ការ​បង្ការ​ហា​នី​ភ័យ​ហិរញ្ញវត្ថុ​ ដើម្បី​យក​ប្រើប្រាស់​សេវា​ថែ​ទាំង​សុខភាព​ត្រូវ​បាន​បង្កើន​ក្តី​ ប៉ុន្តែ​គុណភាព​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល​ ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ នៅ​តែ​ជួប​បញ្ហា​ប្រឈម​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ម៉​ម​ ប៊ុ​ន​ហេង​។​

​រដ្ឋមន្ត្រី​រូប​នេះ​ បាន​បន្ត​ថា​ បញ្ហា​ចម្បង​ពីរ​ ដែល​វិស័យ​សុខាភិបាល​កម្ពុជា​កំពុង​ជួប​ប្រទះ​នេះ​ ក្រសួង​នឹង​ខិតខំ​បន្ត​ដោះស្រាយ​។​ លោក​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​សន្និបាត​សុខាភិបាល​លើក​ទី​៣៧​ នៅ​ក្រសួងសុខាភិបាល​ នា​ថ្ងៃ​ព្រឹក​ថ្ងៃ​០៩​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​។​

​បញ្ហា​ប្រឈម​ចម្បង​ពីរ​ ដែល​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ លើក​ឡើង​ថា​ ធ្វើ​ឱ្យ​គុណភាព​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​មាន​កម្រិត​ ទី​១​ គុណភាព​សេវា​ថែទាំ​សុខភាព​ ជា​ពិសេស​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ​ព្យាបាល​ និង​ថែទាំ​ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រំពឹង​ទុក​របស់​អ្នកជំងឺ​ និង​អតិថិជន​នៅឡើយ​ ទាំង​នៅ​សេវា​សាធារណៈ​ និង​ឯកជន​។​ទី​២​ ការ​ចំណាយ​ប្រាក់​ហោប៉ៅ​របស់​ប្រជាពលរដ្ឋ​ លើ​ការ​ថែទាំ​សុខភាព​មាន​កម្រិត​ ខ្ពស់​ភាគច្រើន​លើសលប់​ទៅ​លើ​ការ​ថែទាំ​សុខភាព​ក្នុង​ផ្នែក​សុខាភិបាល​ឯកជន​។​

​លោក​ថា​ ប្រការ​នេះ​ អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ប្រឈម​មុខ​ នឹង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ ដោយសារ​តែ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​។​

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បញ្ជាក់​បន្ថែម​ថា​៖​ «​អ្វី​ដែល​ធ្ងន់​ជាងគេ​  សំខាន់​បំផុត​ពេទ្យ​របស់​យើង​ គឺ​ការ​ធ្វេស​ប្រហែល​ ក្នុង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​យើង​ ជា​កំហុស​មួយ​ធ្ងន់ធ្ងរ​។​ ក្រៅពី​ហ្នឹង​កំហុស​ដោយ​អ​ចេ​ទ​នា​ យើង​អាច​អប់រំ​ បណ្តុះបណ្តាល​បន្ថែម​ ប៉ុន្តែ​បើ​យើង​កំហុស​ដោយ​ចេ​ទ​នា​គឺជា​ការ​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ​ណាស់​»​។​

​លោក​វេជ្ជ​ប​បណ្ឌិត​ ដុ​ង​ អ៊ី​លអាន់​ តំណាង​ដៃគូ​អភិវឌ្ឍន៍​សុខាភិបាល​ បាន​មាន​ប្រសា​ន៍​ថា​  តាំង​នាម​ឱ្យ​ដៃគូ​អភិវឌ្ឍន៍​ លោក​បាន​បង្ហាញ​ជំហរ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​យកចិត្តទុកដាក់​ដោយ​ប្រសិទ្ធភាព​ ចំពោះ​ភាព​ប្រឈម​របស់​វិស័យ​សុខាភិបាល​។​

​លោក​បន្ត​ថា​៖​ «​ខណៈ​ដែល​យើង​មាន​សមិទ្ធផល​វិជ្ជមាន​ជា​ច្រើន​ នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ ដើម្បី​ទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​ រួម​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ថែទាំ​ព្យាបាល​ នៅ​ក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​ ក៏​ដូច​ជា​ការ​គាំពារ​ផ្នែក​ហិរញ្ញវត្ថុ​។​ យោង​ទៅ​តាម​ការ​រំពឹង​ទុក​នូវ​ការ​កាត់​បន្ថយ​ថវិកា​ជំនួយ​ នា​ពេល​អនាគត​ ការ​ចំណាយ​ថវិកាជាតិ​ទៅ​លើ​សុខភាព​គួរតែ​កើនឡើង​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​សុខភាព​ដោយ​ផ្ទាល់​»​។​

​តាម​របាយការណ៍​សង្ខេប​ស្តី​ពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ថា​ ថវិកាជាតិ​ក្នុង​វិស័យ​សុខាភិបាល​បាន​កើនឡើង​ពី​ ៧៨១​ ពាន់​លាន​រៀល​ នៅ​ឆ្នាំ​២០១៤​ ដល់​៩៣២​ ពាន់​លាន​រៀល​ នៅ​ឆ្នាំ​២០១៥​ ក្នុង​នោះ​ចំណាយ​នៅ​ថ្នាក់​រាជធានី​ ខេត្ត​ បាន​កើនឡើង​ពី​ ២៧៤​ ពាន់​លាន​រៀល​ ដល់​ ៣២០​ ពាន់​លាន​រៀល​។​

​របាយការណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ មន្ត្រី​ បុគ្គលិក​សុខាភិបាល​ដែល​កំពុង​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​មាន​ចំនួន​សរុប​ជិត​ ៣​ម៉ឺន​នាក់​។​

​ រីឯ​ការ​វិភាគ​លទ្ធផល​សេដ្ឋកិច្ច​ សង្គមកិច្ច​កម្ពុជា​បាន​បង្ហាញ​ថា​ គ្រូ​សារ​ដែល​បាន​ចំណាយ​លើ​សុខភាព​លើស​ ៤០%​ នៃ​ការ​ចំណាយ​សរុប​ របស់​គ្រួ​សារបាន​ថយ​ចុះ​ពី​ ៥.៦%​ នៃ​ចំនួន​គ្រួសារ​សរុប​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០០៧​ មក​ ៤.៩%​ នៅ​ឆ្នាំ​២០១៤៕

Share

Image
Image
Image