
នាពេលប៉ុន្មានខែថ្មីៗនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានប្រកួត ប្រជែងគ្នាលើចំនួនអ្នកគាំទ្រលើហ្វេសប៊ុក ដោយក្នុងនោះហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋ មន្ដ្រី បានឈ្នះដោយមានចំនួន Like ច្រើនជាង។
ប៉ុន្ដែតាមពិតទៅទិន្នន័យមួយដែលចេញដោយ Socialbakers.com បានបង្ហាញថា ការរាប់ សរុបនៃចំនួនជនជាតិកម្ពុជា គឺអ្នកគាំទ្រលោក សមរង្ស៊ី មានចំនួនលើស ជនជាតិកម្ពុជា ដែលគាំទ្រលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺពីរវាងចំនួន ១ ៨៣០ ០០០ នាក់ ទល់នឹង ចំនួន ១ ៧៣០ ០០០ នាក់ នៃចំនួនអ្នកគាំទ្រហ្វេកប៊ុករបស់លោកនាយករដ្ឋមន្ដ្រី។ ទន្ទឹមនឹងនេះ ទិន្នន័យនៅទំព័ររបស់លោក សម រង្ស៊ី បង្ហាញថា មិនមានសញ្ញានៃការក្លែងបន្លំដែលខុសពីទិន្នន័យ នៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន។

ទាក់ទងនឹងបញ្ហានេះដែរ អ្នកវិភាគនយោបាយ លោក រស់ រ៉ាវុធ មានប្រសាសន៍ថា ការគាំទ្រ គឺមានកម្លាំងពីរធំៗ។ ទីមួយ គឺ កម្លាំងផ្ទៃក្នុងនៅក្នុងប្រទេស និងទីពីរ កម្លាំងគាំទ្រ ពីខាងក្រៅ ហើយកម្លាំងពីខាងក្រៅដែលនៅបរទេស គឺមានពីរទៀត គឺមួយ កម្លាំងខ្មែរ ដែលនៅបរទេស និងពីរ កម្លាំងជនបរទេសមួយចំនួនដែលបានយកចិត្តទុកដាក់នឹងប្រទេសកម្ពុជា។
ជាពិសេស លោកថាអ្នកនយោបាយដែលមានមិត្តភក្ដិជាជនបរទេស គឺតែងតែបាន តាមដានសកម្មភាព ហើយគាំទ្រនិងសកម្មភាពទាំងអស់នេះ។ លោកថា ការគាំទ្រ របស់អ្នកនយោបាយកន្លងមកនេះ សុទ្ធតែបានបង្ហាញពីកម្លាំងគាំទ្ររៀងៗខ្លួន។ ក្នុងន័យនេះ សាស្ដ្រចារ្យ រស់ រ៉ាវុធ យល់ថាការកើនឡើងនៃចំនួនអ្នកគាំទ្រច្រើនមិនសុទ្ធតែជាអ្នកគាំទ្រ ទាំងអស់នោះទេ។ លោកថាការគាំទ្រក្លែងក្លាយ ឬមិនក្លែងក្លាយ ការគាំទ្រតិច ឬច្រើនមិនសំខាន់។ សំខាន់ត្រង់ថា អ្នកនយោបាយទទួលបានការពិតហើយ មានការដោះស្រាយយ៉ាង ដូចម្ដេច។
លោក រស់ រ៉ាវុធ ៖ «ចឹងទេ មិនសំខាន់ថា ចំពោះការគាំទ្រក្លែងក្លាយ ឬមិនក្លែងក្លាយ មិនសំខាន់ថា គាំទ្រតិច ឬច្រើនទេ។ ការគាំទ្រច្រើន ក៏មិនស្មោះថា សុទ្ធតែជាអ្នកគាំទ្រទាំងអស់ដែរ។ ចឹងទេ ចំណុច សំខាន់គឺថា អ្នកនយោបាយត្រូវធ្វើម៉េច? ថាតើ អ្នកនយោបាយត្រូវមានដំណោះស្រាយយ៉ាងម៉េច នៅពេលដែលទទួលបានការពិតហើយ? នេះគឺជាចំណុចសំខាន់ថាតើអ្នកនយោបាយ ជួយជាតិបានប៉ុណ្ណា ជួយអភិវឌ្ឍបានប្រទេសប៉ុណ្ណា ជួយរកដំណោះស្រាយនៃបញ្ហាប្រឈម របស់ពលរដ្ឋ បានយ៉ាងណា នេះជាចំណុចសំខាន់»។

ចំណែកអ្នកវិភាគនយោបាយ សាស្ដ្រចារ្យ សូ ចន្ថា បានលើកឡើងដែរថា ជាក់ស្ដែង នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺ ម្ចាស់គណនីអាចប្រើប្រាស់ថវិការផ្ទាល់ខ្លួន ដើម្បី បង្កើតចំនួនអ្នកគាំទ្រ ហើយម្យ៉ាងទៀតចំនួន Like ច្រើន មិនមែនមានន័យថា អ្នក Like ពេញចិត្ត នឹងបុគ្គលនោះទេ គឺអាចគ្រាន់តែថា អ្នកចុច អ្នក Like ចង់តាមដានព័ត៌មាន តែប៉ុណ្ណោះ។
លោក សូ ចន្ថា ថា ៖ «ចំនួន Like នេះមិនមែនមានន័យថា អ្នកទាំងអស់នោះសុទ្ធតែពេញចិត្ត បុគ្គលរួបនោះទេ អាចថា ពួកគេចង់តាមដានព័ត៌មានពីបុគ្គលរូបនោះក៏ថាបាន»។ តែទោះជាយ៉ាងណាក៏ដោយ លោក សូ ចន្ថា បានលើកឡើងបន្ដថា ចំនួនអ្នកគាំទ្រ នៅលើ ហ្វេសប៊ុករបស់បុគ្គលទាំងពីរមួយណាច្រើនជាង មិនមែនមានន័យថា នរណាម្នាក់ជាអ្នកឈ្នះការ បោះឆ្នោត នៅថ្ងៃខាងមុខនោះទេ។
លោកសូចន្ថា បញ្ជាក់ថា៖ «ចំនួនអ្នក Like នៅក្នុងទំព័រហ្វេសប៊ុក មិនមែនជាទឡ្ហីករណ៍ មួយ ដែលបង្ហាញថា នឹងឈ្នះឆ្នោត ឬអត់នោះទេ។ សន្លឹកឆ្នោត គឺអាស្រ័យទៅលើពលរដ្ឋ នៅក្នុងប្រទេស ដែលនឹងចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ក៏ប៉ុន្ដែផ្ទុយទៅវិញចំនួន Like គឺ អាស្រ័យទៅលើ ទីមួយ អ្នកចូលចិត្ត ទីពីរ អ្នកចង់តាមដានព័ត៌មាននៅលើ Page នោះ ហើយទីបី អាចជាការ Promote Page តាមរយៈការប្រើប្រាស់ថវិកា។ ដូចនេះចំនួន Like នេះ មិនមានអ្វីជាការជាក់លាក់នោះទេ»។
ទាក់ទងនឹងរឿង អ្នកគាំទ្រលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រី មានគណនីក្លែងក្លាយ ហើយមិនមែនអ្នកគាំទ្រនៅក្នុងប្រទេសនេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានច្រានចោលនៃរបាយការណ៍ទាំងអស់នេះ ពីព្រោះលោកគិតថា ព័ត៌មានដែលចេញពី Socialbakers.comនេះ គឺមិនអាចយកជាការចោលបាន។

លោក ផៃ ស៊ីផាន ថា៖ «ខ្ញុំថា អ្នកគ្រប់គ្រង គឺ google យើងអត់មានឥទ្ធិពលឯណា ដែលទៅក្លែងបន្លំជាមួយនឹងក្រុមហ៊ុន google ដែលជាក្រុមហ៊ុនអន្ដរជាតិ ហើយមានការ ទទួលស្គាល់ពីអន្ដរជាតិ។ ហើយព័ត៌មានដែលចេញក្រៅពី ក្រុមហ៊ុន google គឺមិនអាចយកជាការបាន»។
តាមទិន្នន័យប្រមូលដោយគេហទំព័រវិភាគមួយឈ្មោះ Sociabalers.com ដែលសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍បានធ្វើការរចុះផ្សាយ នៅថ្ងៃនេះ បានឱ្យដឹងថា ចំនួនអ្នកគាំទ្រលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានចំនួន ៧៧៩ ០០០ បន្ថែមនៅក្នុងមួយខែកន្លងទៅ ក្នុងនោះមានតែ ១៥៧ ៣៣១ ប៉ុណ្ណោះ នៃចំនួនអ្នកគាំនៅក្នុងប្រទេស។ ក្រៅពីនេះ ចំនួនចូលយ៉ាងច្រើននេះ បានមកពីប្រទេសឥណ្ឌាចំនួន ២៥៥ ៦៩២។ ជារួមទៅក្នុងប្រទេស ឥណ្ឌា អ្នក Like លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានចំនួន ៣៣២ ៤៧៥។
ជាងនេះទៅទៀត ក្នុងរយៈកាល ៣០ ថ្ងៃកន្លងទៅ ក៏មានគណនីផ្សេងៗទៀត ដែលបានចុច Like និងគាំទ្រហ្វេសប៊ុករបស់លោកនាយរដ្ឋមន្ដ្រី ក្នុងនោះមានចំនួនអ្នកចុច Like មកពី ប្រទេសហ្វីលីពីន មាន ចំនួន ៩៨ ២៥៦ ពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ៥៤ ៩៧២ ពីប្រទេស ឥណ្ឌូនេស៊ី មានចំនូន ៤៦ ៣៦៨ ពីប្រទេសប្រេស៊ីល មានចំនួន ២៦ ៥២៧ ពីប្រទេសម៉ិក ស៊ិក មានចំនួន ១២ ៩៨០ ពីប្រទេសតួកគីមានចំនួន ៤ ៧៨៣ និងពីប្រទេសអេមីរ៉េត អារ៉ាប់រួម មានចំនួន ៣ ៩៥២។ សរុបជារួមគឺមានចំនួន ៥៩១ ៧១៧ នៃចំនួនអ្នក Follower អន្ដរជាតិ ១,២ លាននាក់ នៃហ្វេសប៊ុកផេចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលត្រូវបានបន្ថែមក្នុងរយៈពេលមួយខែកន្លងទៅនេះ៕