ភ្នំពេញ៖ ដោយមើលឃើញពីភាពខ្វះចន្លោះ ឬអសកម្មក្នុងការអនុវត្តគោលនយោបាយនៅក្នុងវិស័យអប់រំនៅកម្ពុជា អង្គការជាតិ និងអន្តរជាតិ ចំនួនបានចាប់ផ្តើមសម្ពោធ និងអនុវត្តគម្រោងមួយ ដើម្បីកែលម្អសេវាអបរំនៅកម្ពុជា តាមរយៈការចូលរួមកាន់តែខ្លាំងរបស់សង្គមស៊ីវិលនៅក្នុងកិច្ចពិភាក្សា និងតាមដានការអនុវត្តគោលនយោបាយ។ គម្រោងនេះ ត្រូវបានសម្ពោធ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ ៖
គម្រោងនេះមានឈ្មោះថា “ការកៀងគរសង្គមស៊ីវិល ក្នុងការដោះស្រាយភាពខ្វះចន្លោះនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ” ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ DVV អន្តរជាតិ។ ពិធីសម្ពោធនេះធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ មិនា នេះ។
លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយភាពខ្វះចន្លោះនៃការអនុវត្តគោលនយោបាយនៅក្នុងវិស័យអប់រំ តាមរយៈការបង្កើនសមត្ថភាពរបស់អង្គការសង្គមស៊ីវិល នៅក្នុងការតាមដាន ការផ្តល់សេវា និងការអនុវត្តគោលនយោបាយ។
លោក ជិន ច័ន្ទវាសនា បានឱ្យដឹងទៀតថា លោកបានរកឃើញថា មានការខ្វះចន្លោះយ៉ាងច្រើន ក្នុងការអនុវត្តគោលនយោបាយនៅក្នុងវិស័យអប់រំនៅកម្ពុជា។ លោក ជិន ច័ន្ទវាសនា បន្តថា៖ «យើងចួលរួម ដើម្បីត្រួតពិនិត្យថាតើគោលនយោបាយមួយដែលតាក់តែងឡើងហើយ បានដាក់ចេញឱ្យអនុវត្ត ថាតើការអនុវត្តនោះវាមានលក្ខណៈយ៉ាងម៉េច ខ្វះចន្លោះអី ទាំងសមត្ថភាពរបស់មន្ត្រីអប់រំក្នុងការអនុវត្តគោលនយោបាយ ក៏ដូចជា ថវិកា និងបញ្ហាប្រឈមដទៃទៀត។»
តាមរយៈអ្នកបកប្រែ លោក Uwe Gartenscthlaeger តំណាងការិយាល័យប្រចាំតំបន់របស់អង្គការ DVV អន្តរជាតិ បានថ្លែងថា ភាពខ្វះចន្លោះនៃការអនុវត្តគោលនយោបាយ នៅថ្នាក់ក្រោមជាតិ មិនមែនតែមាននៅក្នុងប្រទេសកម្ពុជានោះទេ នៅបណ្តាប្រទេសដទៃទៀត ក៏ជួបបញ្ហាប្រឈមនេះផងដែរ។ លោកថា បញ្ហាប្រឈមនេះ គឺជាបញ្ហាមួយដែលគម្រោងនេះចង់ដោះស្រាយ។
លោក Uwe Gartenscthlaeger ៖«ហើយគំនិតសំខាន់នៃគម្រោងនេះ គឺប្រើប្រាស់សង្គមស៊ីវិលដែលសកម្មនេះ ដើម្បីគាំទ្រការអនុវត្តនៃគោលនយោបាយល្អៗ ធ្វើយ៉ាងណាឱ្យវាមានវឌ្ឍនភាព និងការសម្រេចចិត្តថ្មីៗដោយក្រសួងអប់រំ យុវជន និងកីឡា»។
លោក លឹម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ នៃប្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លោកគាំទ្រ ចំពោះគំនិតផ្តួចផ្តើមឱ្យមានគម្រោងនេះ ហើយក្រសួងនឹងខិតខំ ធ្វើយ៉ាងណាដើម្បីឱ្យសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ិវិលឱ្យបានកាន់ប្រសើរ។ លោក លឹម សុធា ទទួលស្គាល់ដែរថា ការអនុវត្តគោលនយោបាយ ដែលរៀបចំដោយរដ្ឋាភិបាល ពិតជាមានការខ្លះចន្លោះ។
លោក លឹម សុធា បន្ថែមថា៖ «ធម្មតាការៀបចំគោលនយោបាយ គឺគេហៅថា មានលក្ខណៈ ការរៀបចំមានមហិច្ឆិតា យើងគិតថាល្អ ប៉ុន្តែការអនុវត្តមិនប្រាកដទៅតាមអ្វីដែលយើងគ្រោងទុកទេ វាអាមានការខ្វះចន្លោះ។ សូម្បីតែគោលនយោបាយ និងការរៀបចំមធ្យោបាយអនុវត្ត ក៏ដូចជាថវិកា ជារឿយៗ មិនថាតែនៅកម្ពុជាទេ នៅប្រទេសនៅក្នុងតំបន់ហាក់បីដូចជានៅមានគម្លាត….»។
ចំណែកតំណាង សហភាពអ៊ឺរ៉ុប លោក Alai Vandersmissen charge dÁffaires មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៤ មក សហភាពអ៊ឺរ៉ុប បានផ្តល់ថវិកាគាំទ្រ លើវិស័យអប់រំប្រមាណ ១៨ លានអ៊ឺរ៉ូ ហើយចាប់តាំងពីឆ្នាំពី ២០១៧ ទៅ សហភាពអ៊ឺរ៉ុប ក៏មានផែនការផ្តល់ថវិកា ១០០ លានអ៊ឺរ៉ូ បន្ថែម ដើម្បីគាំទ្រវិស័យអប់រំនៅកម្ពុជា។ ហើយគម្រោង “ការកៀងគរសង្គមស៊ីវិល ក្នុងការដោះស្រាយភាពខ្លះចន្លោះនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ” ក៏បានការគាំទ្រ ថវិការ ៨០ ម៉ឺនអ៊ឺរ៉ូ ពីសហភាពអ៊ឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា គម្រោង “ការកៀងគរសង្គមស៊ីវិល ក្នុងការដោះស្រាយភាពខ្វះចន្លោះនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ” មានរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១៦ និងបញ្ចប់ទៅវិញនៅចុងឆ្នាំ ២០១៨។ គម្រោងនេះ មានការចូលរួមអនុវត្តពីអង្គការសង្គមស៊ីវិលប្រមាណ ១៤០ អង្គការ ដែលសមាជិករបស់អង្គការភាពជាដៃគូ៕