en     km
en     km

កសិករ​ស្រុក​លើក​ដែក ​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ពី​តម្លៃ​ពោត​ដើមដៃ​ធ្លាក់​ថ្លៃ​ទាប​

Share

ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​អំណោយផល​ដល់​វិស័យ​កសិកម្ម​ ដូច្នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៨០%​ ពឹងផ្អែក​លើ​វិស័យ​នេះ​។​ កសិករ​ខ្មែរ​ប្រកប​កសិកម្ម​ជា​ច្រើន​ប្រភេទ​រួម​មាន​ដំណាំ​ស្រូវ​ ពោត​ សណ្តែក​ ល្ងោ​រ​ និង​មាន​ដំណាំ​ជា​ច្រើន​ទៀត​ ដែល​ប្រជា​កសិករ​បាន​ដាំ​ដុះ​។​

​ថ្មីៗ​នេះ​កសិករ​ដែល​រស់នៅ​ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ មួយ​ភាគ​ធំ​បាន​សម្ដែង​ក្តី​ព្រួយ​បារ​ម្ម​ណ៍​របស់​ខ្លួន​ជា​ខ្លាំង​ ជុំវិញ​បញ្ហា​តម្លៃ​ពោត​ចុះថ្លៃ​ទាប​ នៅ​ដើមដៃ​ នៃ​ការ​ប្រមូល​ផល​ពោត​នៅ​ដើមឆ្នាំ​ ២០១៦​ នេះ​។​

cover-Corn-Field-(by-Po-Sakun)
ដើម្បី​ជ្រាប​ច្បាស់​ពី​ក្តី​ព្រួយ​របស់​ពលរដ្ឋ​នៅ​ស្រុក​លើក​ដែក​ ខេត្តកណ្តាល​យ៉ាងណា​នោះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​បទ​យកការណ៍​ ដែល​រៀបរៀង​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​៖

​ជា​ទូទៅ​ជា​រៀង​រាល់​ឆ្នាំ​ គេ​សង្កេត​ឃើញ​ថា​ តម្លៃ​ពោត​នៅ​ដើមដៃ​នៃ​ការ​ប្រមូល​ផល​ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ ការ​ប្រមូល​ផល​ពោត​នៅ​ពាក់កណ្តាល​ និង​ចុងដៃ​។​ ដោយឡែក​នៅ​ឆ្នាំ​២០១៦​ នេះ​ តម្លៃ​ពោត​ដើមដៃ​មាន​តម្លៃ​ទាប​ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​កសិករ​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​ ពេល​ដែល​ការ​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ដៃ​ និង​ចុងដៃ​កាន់តែ​មាន​តម្លៃ​ទាប​ជាង​នេះ​ទៅ​ទៀត​។​

​ពលរដ្ឋ​មួយ​រូប​ដែល​រស់នៅ​ ភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ លោក​ យោន​ រឹ​ន​ បានឱ្យ​ដឹង​ថា​ តម្លៃ​ពោត​ដើមដៃ​ នៅ​ដើមឆ្នាំ​នេះ​មាន​តម្លៃ​ ៦៤០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ពោត​សើម​។​ តម្លៃ​នេះ​ទាប​ជាង​តម្លៃ​ពោត​កាលពី​ឆ្នាំ​មុន​ បើ​គិត​ពី​យៈ​ពេល​ដូច​គ្នា​៖​ «​ដឹង​ហើយ​ វា​ប្រាំមួយ​រយ​សែ​ ដើមដៃ​ហើយ​ ឆ្នាំ​ហើយ​ទៅ​ហ្នឹង​ វា​ប្រាំពីរ​រយ​ ទៅ​ប្រាំបី​រយ​»​។​

​កសិករ​រូប​នេះ​បន្ត​ថា​ លោក​មានការ​ព្រួយ​បារ​ម្ម​ណ៍​នៅ​ពេល​ដែល​ ទិន្នផល​ពោត​បាន​ហើយ​បែរជា​មាន​តម្លៃ​ទាប​ ចំណែក​ផលិតផល​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​។​ លោក​បន្ថែម​ទៀត​ថា​ បញ្ហា​តម្លៃ​ពោត​ធ្លាក់​ថ្លៃ​ទាប​នេះ​ គឺ​បណ្តាល​មក​ពី​ឈ្មួញ​ទម្លាក់​តម្លៃ​តាមតែ​ចិត្ត​។​ ទាក់ទង​បញ្ហា​នេះ​ដែរ​ លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ សូម​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​ ដើម្បី​ឱ្យ​កសិផល​ដែល​កសិករ​ប្រមូល​បាន​ អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​។​

«​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ​ហ្នឹង​ ដី​តិច​ទេ​ ពីរ​ហិច​តា​ជាង​ទេ​ ទម្រាំ​យើង​បាន​ប្រមូល​ផល​ហ្នឹង​ អស់​ប្រហែលជា​ ពីរ​ពាន់​ [​ដុល្លារ​]​ ដែរ​។​ អារម្មណ៍​ខ្ញុំ​ភ័យ​ដែរ​ ដឹង​តែ​របស់​គេ​ថ្លៃ​ ពូជ​ក៏​ថ្លៃ​ បាន​តែ​មួយ​មុខ​ទេ​ ប្រេង​រាង​បាន​ថោក​បន្តិច​…»​។​

​កសិករ​មួយ​រូប​ទៀត​  អ្នកស្រី​ សិត​ រៀម​ បានឱ្យ​ដឹង​ដែរ​ថា​ ពោត​នៅ​ក្នុងភូមិ​អ្នកស្រី​ មាន​តម្លៃ​ ៨២០​ រៀល​ ក្នុង​មួយ​គីឡូក្រាម​ ពោត​ស្ងួត​។​ ជុំវិញ​តម្លៃ​ពោត​ធ្លាក់​ចុះ​នេះ​ អ្នកស្រី​ សិត​ រាម​ ក៏​បាន​សម្ដែង​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ផង​ដែរ​។​

«​មួយ​គីឡូ​ ប្រាំបី​រយ​ម្ភៃ​ ពោត​ស្ងួត​ណាស់​ ពោត​វា​ថោក​ពេក​ចឹ​ង​ វា​ធ្វើ​ទៅ​ខាត​ណាស់​ មិន​បាន​អី​មួយ​គីឡូ​មួយ​ពាន់​ជាង​ដូច​មុន​ទៅ​ ដល់​ពេល​ថោក​ចឹ​ង​ខាត​គ្រប់កន្លែង​…»​។​

Corn-at-Field-(by-Po-Sakun)

ដូច​គ្នា​នេះ​ដែរ​ ទាក់ទង​នឹង​ការ​ធ្លាក់​ថ្លៃ​ពោត​នេះ​ កសិករ​មួយ​រូប​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖​ «​ពោត​ហ្នឹង​មួយ​កេះ​ ជាង​សែសិប​ម៉ឺន​ ហើយ​ដល់​បាន​លទ្ធផល​វា​ថោក​ចឹ​ង​ ហើយ​ឥឡូវ​ធ្វើ​ចេះ​តែ​ខាត​ចឹ​ង​ ធ្វើ​ មាន​កម្លាំង​ណា​ធ្វើ​ទៀត​…»​។​

​ចំណែក​ លោក​ សុ​វ​ណ្ណា​រិ​ទ្ធ​ ជា​កសិករ​មួយ​រូប​រស់នៅ​ក្នុងស្រុក​លើក​ដែក​ ក៏​មិន​ខុស​ពី​ប្រជា​ល​រដ្ឋ​ដទៃ​ទៀត​ដែរ​។​ លោក​ សុ​វ​ណ្ណា​រិ​ទ្ធ​ លើក​ឡើង​ថា​ តម្លៃ​ពោត​ថោក​នៅ​ដើមដៃ​នេះ​ មិន​សមាមាត្រ​ទៅ​នឹង​ការ​ចំណាយ​លើ​ពូជ​ ជី​ ឬ​ប្រេងសាំង​នោះ​ឡើយ​៖​ «​ពេល​ដែល​ពោត​ហ្នឹង​!​ មានការ​ធ្លាក់​ថ្លៃ​ ធ្វើ​ឱ្យ​ខ្ញុំ​ហ្នឹង​វា​ អស់​ទឹកចិត្ត​ធ្វើការ​…»​។​

​លោក​ សុ​វ​ណ្ណា​រិ​ទ្ធ​ បន្ត​ថា​ ពូជ​ពោត​ដែល​ដាំ​គឺ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ និង​វៀតណាម​ ហើយ​ពូជ​ទាំងនោះ​ មាន​តម្លៃ​ខ្ពស់​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​លោក​ថា​ បើ​តម្លៃ​ពោត​ដែល​កសិករ​ផលិត​បាន​នៅ​តែ​មាន​តម្លៃ​ទាប​បែប​នេះ​ លោក​អាច​នឹង​ប្រឈម​លក់​ដី​ និង​ចំណាកស្រុក​មិន​ខាន​ឡើយ​។​ លោក​ថា​ តម្លៃ​ពោត​នេះ​ អាច​នឹង​បន្ត​ធ្លាក់​ទាប​ជាង​នេះ​ទៀត​ បើ​ពុំ​មានការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទេ​នោះ​៖​ «​ពោត​ដែល​ទិញ​ពូជ​មក​ដាំ​ហ្នឹង​ នាំ​មក​ពី​ប្រទេស​ វៀតណាម​ ឬ​ក៏​ថៃ​…»​។​

អាជីវករ​ទិញ​ពោត​នៅ​ស្រុក​លើក​ដែក​ លោក​ សូ​ ឡង​ បានឱ្យ​ដឹង​ថា​ តម្លៃ​ ពោត​ដែល​ធ្លាក់​ចុះ​នេះ​ គឺ​មក​ពី​ក្រុមហ៊ុន​ធំ​ដែល​ប្រមូល​ទិញ​ពោត​មាន​តែ​មួយ​ គឺ​ក្រុមហ៊ុន​ CP​។​ លោ​កថា​បច្ចុប្បន្ន​នេះ​ ប្រទេស​វៀតណាម​ បាន​យក​ពោត​មក​លក់​ឱ្យ​ក្រុមហ៊ុន​ CP​នេះ​ដែរ​ ដូច្នេះ​ហើយ​ទើប​ពោត​នៅ​ស្រុក​ខ្មែរ​ មាន​តម្លៃ​ថោក​នៅ​ដើមដៃ​ខុស​ពី​ឆ្នាំ​មុនៗ​៖​ «​វា​ពាក់ព័ន្ធ​ជាមួយ​ទីផ្សារ​ ទីផ្សារ​វា​នៅ​មាន​កម្រិត​ចង្អៀត​ វា​ មាន​តែ​មួយ​ច្រក​ ក្រុមហ៊ុន​ CP​ មួយ​ ដូច​នៅ​វៀតណាម​ឥឡូវ​នាំ​ពោត​យក​មក​លក់​នៅ​ស្រុក​ខ្មែរ​វិញ​…»​។​

ជុំវិញ​បញ្ហា​នេះ​ មេឃុំ​ព្រែក​ដាច់​ លោក​ ខ្មៅ​ រ៉​ន​ បានឱ្យ​ដឹង​ថា​ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ​មាន​ចំនួន​ ៤​ភូមិ​ សរុប​ ១៧៩៦​ គ្រួសារ​ ។​ ពលរដ្ឋ​ដែល​ជា​កសិករ​មាន​ចំនួន​ ៨៥%​ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​ឃុំ​។​ លោក​ថា​ បញ្ហា​ដែល​កសិករ​ជួប​ប្រទះ​នៅ​ក្នុងឆ្នាំនេះ​មាន​ច្រើន​ ហើយ​ទិន្នផល​ដែល​កសិករ​ប្រមូល​បាន​យក​ទៅ​លក់​ក៏​មាន​តម្លៃ​ទាប​ដែរ​។​

​លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ដែល​នៅ​ក្នុង​ឃុំ​នេះ​ កំពុង​ប្រឈម​នឹង​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ច្រើន​៖​ «​ការងារ​បង្ករ​បង្កើន​ផល​ផ្នែក​កសិកម្ម​ហ្នឹង​ មាន​៨៥%​ កសិករ​ហ្នឹង​ ហើយ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ​មាន​ ១៧៩៦​ គ្រួសារ​…»​។​

​លោក​ ខ្មៅ​ រ៉​ន​ បន្ថែម​ថា​ បើ​កសិករ​នៅ​តែ​បន្ត​ជួប​បញ្ហា​ច្រើន​ដូចនេះ​ ពួក​គេ​អាច​ប្រឈម​នឹង​ការ​បោះបង់​ចោល​របរ​កសិកម្ម​។​  កន្លង​មក​ក្រុមប្រឹក្សា​ឃុំ​ បាន​ព្យាយាម​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ ដោយ​ផ្តល់​ជា​គំនិត​ឱ្យ​ពួក​គាត់​ផ្លាស់​ប្តូរ​ដំណាំ​ផង​ដែរ​។​

«​អ​ញ្ចឹ​ង​ ប្រមូល​ផល​ដែល​យើង​ធ្វើ​បាន​ហើយ​ យើង​ទៅ​ទូទាត់​នឹង​តម្លៃ​ប្រេង​ និង​តម្លៃ​ជី​ និង​តម្លៃ​ថ្នាំ​ ជួនកាល​ប្រជាពលរដ្ឋ​ខាត​ក៏​មាន​ ជួនកាល​បាន​ត្រឹមតែ​ម៉ា​រួចខ្លួន​ក៏​មាន​…»​។

កសិផល​ ដែល​កសិករ​ប្រមូល​បាន​មាន​តម្លៃ​ទាប​ ដោយសារ​កត្តា​ ៣​យ៉ាង​ធំៗ​ រួម​មាន​៖​ ទី​១​ កសិករ​មិន​មាន​កម្លាំង​ស​ម្ងួ​ត​ពោត​គ្រប់គ្រាន់​ ជា​ហេតុ​ធ្វើ​ឱ្យ​ពោត​ជន​ច្រើន​,​ ទី​២​ មានការ​ទម្លាក់​តម្លៃ​ពី​ឈ្មួញកណ្តាល​ជិតខាង​ក្រៅ​ស្រុក​ និង​ទី​៣​ ការ​ឆ្លៀតឱកាស​ទម្លាក់​ថ្លៃ​ពី​ឈ្មួញកណ្តាល​ក្នុងស្រុក​។

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​ស្រាវជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ លោក​ កង​ ច័ន្ទ​តារា​រ័​ត្ន​ ៖​ «​ពោត​ចាត់​ទុក​ថា​ជា​ដំណាំ​កសិឧស្សាហកម្ម​ ដែល​យើង​អាច​យក​ទៅ​កែ​ច្នៃ​បាន​ទៀត​ ដោយសារ​កម្លាំង​នៃ​កា​រស​ម្ងួ​តរបស់​យើង​ហ្នឹង​ វា​មាន​កម្រិត​ ធ្វើ​ឱ្យ​ផលិតផល​ហ្នឹង​វា​ជន​…»​។​

លោក​បន្ត​ថា​ ដំណោះស្រាយ​សម្រាប់​កសិករ​ ស្ទើរតែ​គ្មាន​សោះ​។​ កន្លង​មក​កសិករ​បាន​ចងក្រង​ជា​សហគមន៍​ ឬ​សមាគម​លក់​រួម​គ្នា​ តែ​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​មួយ​គ្រា​តែ​ប៉ុណ្ណោះ​។​ លោក​ថា​ ដើម្បី​ឱ្យ​កសិផល​របស់​កសិករ​ដែល​ប្រមូល​បាន​ អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ ទាល់តែ​មានការ​ជ្រោមជ្រែង​ថ្នាក់​ជាតិ​ពី​រដ្ឋាភិបាល​ ក្នុង​ការ​បោះទុន​ស​ម្ងួ​ត​ឱ្យ​ដល់​កសិករ​៖​ «​អ្វី​ដែល​សំខាន់​ហ្នឹង​ គឺ​ឱ្យ​មានការ​ជ្រោមជ្រែង​ លក្ខណៈ​ថ្នាក់​ជាតិ​លើកទឹកចិត្ត​នៅ​ក្នុង​ការ​បោះទុន​ សម្រាប់​ស​ម្ងួ​ត​…»​។

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាងណា​រក​ទីផ្សារ​សម្រាប់​កសិផល​ពោត​ពួក​គាត់​ឱ្យ​លក់​ចេញ​បាន​តម្លៃ​ខ្ពស់​បន្តិច​ ដើម្បី​ពង្រឹង​ជីវភាព​គ្រួសារ​ ចៀសវាង​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​៕

Share

Image
Image
Image