en     km
en     km

ស្ត្រី​បឹង​កក់​ទាំង​ ១៣ ​នាក់​ សង្ឃឹមថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន​

Share

តាម​ការ​គ្រោងទុក​ នៅ​ថ្ងៃ​ពុធ​ ទី​២​ ខែមីនា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ តុលាការ​កំពូល​នឹង​ បើក​សាវ​នា​ការ​ជំនុំជម្រះ​ករណី​បណ្តឹង​ជំទាស់​របស់​ស្ត្រី​បឹង​កក់​ ១៣​នាក់​ ទៅ​នឹង​សាលក្រម​តុលាការ​ដំបូង​ដែល​បាន​ចោទប្រកាន់​ និង​ផ្តន្ទាទោស​ស្ត្រី​ម្នាក់ៗ​ចំនួន​ ២​ឆ្នាំ​ កន្លះ​ ក្រោម​បទ​ចោទ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ​របស់​និ​តិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ​ កាលពី​ឆ្នាំ​២០១២​ តែ​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ កាត់​តម្រឹម​ត្រឹម​ ១​ខែ​ ៣​ថ្ងៃ​។​

រាយការណ៍លម្អិតដោយ៖ កញ្ញា ប៉ូ សាគុន

ស្ត្រី​បឹង​កក់​ទាំង​ ១៣ ​នាក់​ នៅ​តែ​ទាមទារ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន​ ដោយ​ទម្លាក់​ការ​ចោទ​ ប្រកាន់​លើ​ខ្លួន​ទាំង​ ១៣​រូប​។​ ស្ត្រី​បឹង​កក់​ទាំង​ ១៣ ​រូប​ បាន​ត្រៀមខ្លួន​ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កំពូល​រួច​ហើយ​។​ សកម្មជន​ទាំង​ ១៣​នាក់​ ក៏​នៅ​តែ​មាន​ក្តី​សង្ឃឹមថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ផង​ដែរ​។​

អ្នកស្រី​ ទេព​ វន្នី​ តំណាង​ស្ត្រី​សហគមន៍​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បឹង​កក់​ទាំង​ ១២​នាក់​ ផ្សេង​ទៀត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃនេះ​ថា​ អ្នកស្រី​ទាមទារ​ឱ្យ​ តុលាការ​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន​ ដោយ​អ្នកស្រី​ រួម​ទាំង​ស្ត្រី​ ១២​នាក់​ ផ្សេង​មិន​បាន​ប្រព្រឹត្ត​ខុស​ ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ហើយ​អ្នកស្រី​បាន​ត្រៀមខ្លួន​ ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កំពូល​រួច​ហើយ​ដែរ​។​

«​យើង​ត្រូវការ​ភាព​ស្អាតស្អំ​របស់​យើង​ ទោះ​តែ​គេ​អី​ ឱ្យ​យើង​នៅ​ក្នុង​ពន្ធនាគា​តែ​មួយ​ខែ​បី​ថ្ងៃ​ នៅ​សល់​ប៉ុន្មាន​គេ​ព្យួរទោស​ អនុវត្ត​នៅ​ខាងក្រៅ​ក៏​ដោយ​ ប៉ុន្តែ​ជាក់ស្តែង​គឺ​យើង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ខុស​…»​។​

លោកស្រី ទេព​ វន្នី
អ្នកស្រី ទេព​ វន្នី

អ្នកស្រី​ ទេព​ វ​ន្នី​ ជឿជាក់​ថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​ដល់​ស្ត្រី​ទាំង​ ១២ ​នាក់​ រួម​ទាំង​អ្នកស្រី​ផង​ និង​អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់​នេះ​៖​ «​បង​នៅ​តែ​សង្ឃឹម​ និង​ជឿជាក់​ ទៅ​លើ​ភាព​ស្អាតស្អំ​របស់​ពួក​បង​ ដែល​មិន​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ខុសច្បាប់​…»​។​

អ្នកស្រី​ បូ​វ​ សោភា​ បាន​លើក​ឡើង​ថា​ អ្នកស្រី​ហាក់​មិន​មាន​ជំនឿ​ថា​ តុលាការ​អាច​ផ្តល់​យុត្តិធម៌​ជូន​អ្នកស្រី​ឡើយ​។​ តែ​អ្វី​ដែល​សំខាន់​ដែល​អ្នកស្រី​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ ដោយសារ​អ្នកស្រី​ចង់​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​ ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​ឱ្យ​បានដឹង​ថា​ តុលាការ​នៅ​កម្ពុជា​មិន​មាន​យុត្តិធម៌​ និង​ឯករាជ​នោះ​ទេ​។​

«​ពួក​ខ្ញុំ​ដឹង​ថា​ អត់​មាន​យុត្តិធម៌​ហើយ​ ពួក​ខ្ញុំ​នៅ​តែ​ដាក់​ពាក្យបណ្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ទៀត​ នេះ​ពួក​ខ្ញុំ​ចង់ឱ្យ​ពិភពលោក​ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំងអស់​ឱ្យ​ដឹង​ថា​ តុលាការ​កម្ពុជា​មិន​មាន​ភាព​យុត្តិធម៌​…»​។​

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ មេធាវី​ការពារ​ក្តី​ឱ្យ​ស្ត្រី​បឹង​កក់​ទាំង​ ១៣​ នាក់​ អ្នកស្រី​ សាម​ សុ​គ​ន្ធា​ ក៏​មាន​ជំនឿ​ជាក់​ថា​ កូនក្តី​របស់​ខ្លួន​នឹង​អាច​ទទួល​បាន​យុត្តិធម៌​ផង​ដែរ​។​ មូលហេតុ​ដែល​អ្នកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ដូច្នេះ​ ដោយសារ​តែ​កូនក្តី​របស់​អ្នកស្រី​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ​៖​ «​ដោយសារ​តែ​កូនក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ ដូច​ការ​ចោទប្រកាន់​ ហើយដោយ​សារ​តែ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ លើ​ប្រព័ន្ធ​តុលាការ​ខ្មែរ​មាន​ភាព​យុត្តិធម៌​…»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​  WMC​ បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ ក្រសួងយុត្តិធម៌​ លោក​  គឹ​ម​ សន្តិភាព​ និង​លោក​ ជិន​ ម៉ា​លី​ន​ ជា​ច្រើន​លើក​ តែ​ទូរស័ព្ទ​ចូល​ហើយ​មិន​មាន​អ្នក​ទទួល​។​

​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១២​ សាលក្រម​តុលាការ​ដំបូង​បាន​ចោទប្រកាន់​និង​ផ្តន្ទាទោស​ ស្ត្រី​បឹង​កក់​ ១៣​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់ៗ​មានទោស​ចំនួន​ ២​ឆ្នាំ​កន្លះ​ លើកលែងតែ​ អ្នកស្រី​ ងែ​ត​ ឃុន​ ទេ​ ដែល​មានទោស​ ១​ឆ្នាំ​កន្លះ​ ក្រោម​បទ​ចោទ​ ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ​ របស់​និ​តិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ​ កាលនោះ​ត្រូវ​តុលាការ​ឧទ្ធរណ៍​កាត់​តម្រឹម​ត្រឹម​ ១​ខែ​ ៣​ថ្ងៃ​វិញ​។​ ក្នុង​ចំណោម​ស្ត្រី​ទាំង​ ១៣​នាក់​នោះ​ រួម​មាន​ អ្នកស្រី​ ទេព​ វ​ន្នី​ អ្នកស្រី​ បូ​វ​ សោភា​ អ្នកស្រី​ ងែ​ត​ ឃុន​ កញ្ញា​ ហុង​ ស្រី​លៀភ​ រួម​ទាំង​ស្ត្រី​ ១១​ រូប​ផ្សេង​ទៀត​។​

Share

Image
Image
Image