en     km
en     km

អំបិល​ខ្មែរ​ខ្វះ​ទីផ្សារ​ ខណៈ​ការ​ផលិត​កំពុង​មាន​សន្ទុះ​កើនឡើង​

Share

cover-Salt-Field-in-KP
ទិដ្ឋភាពស្រែអំបិលននៅស្រុកដំណាក់ចង្អើរ ខេត្តកែប

កែប​៖​ ពលរដ្ឋ​ជា​អ្នក​ប្រកប​របរ​ធ្វើស្រែ​អំបិល​បាន​ត្អួ​ញ​ត្អែ​រ​ពី​ការ​លំបាក​ ក្នុង​ការ​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​អំបិល​របស់​ខ្លូ​ន​ ខណៈ​ការ​ផលិត​កំពុង​មាន​សន្ទុះ​កើនឡើង​នា​ពេល​បច្ចុប្បន្ន​។​ កត្តា​ខ្វះ​ទីផ្សារ​លក់​ ផលិតផល​អំបិល​ បាន​ក្លាយជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ផលិត​អំបិល​ ព្រោះ​អំបិល​ដែល​ផលិត​បាន​ ត្រូវ​ស្តុក​ទុក​រង់ចាំ​សមាគម​អ្នក​ផលិត​អំបិល​មក​ទិញ​ ហើយ​នៅ​ពេល​ខ្លះ​ត្រូវ​ទុក​អំបិល​ចោល​ពីរ​ឆ្នាំ​ជាប់​គ្នា​ក៏​មាន​ ព្រោះ​ការ​ប្រមូល​ទិញ​មាន​ភាព​យឺតយ៉ាវ​ពិបាក​បញ្ចេញ​លក់​ទៅ​កាន់​ទីផ្សារ​នានា​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​វិទ្យុ​ស្ត្រី​អែ​ហ្វ​អឹ​ម​ ១០២​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​អំបិល​ផ្ទាល់​នៅ​ខេត្ត​កែប​ និង​បាន​រៀបចំ​ចងក្រង​ជា​បទ​យកការណ៍​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​៖​

​កម្ដៅថ្ងៃ​ចាប់ផ្តើម​ក្តៅ​ខ្លាំង​ចាប់ពី​ម៉ោង​ ១២​ ថ្ងៃត្រង់​ ចាំង​ជះ​មក​លើ​ផ្ទៃ​ស្រែអំបិល​រាបស្មើ​ មាន​ផ្ទៃរាប់​សិប​ហិច​តា​ល្វឹងល្វើយ​ខណ្ឌ​ចែក​ទំហំ​ស្មើៗ​គ្នា​ដោយ​ទំនប់​ភ្លឺស្រែ​ប្រៀប​ដូច​ជា​ក្រឡាចត្រង្គ​ ដោយ​ស្រែ​ខ្លះ​មាន​ផ្ទៃ​ក្រាល​ដោយ​អំបិល​ព៌​ណ​ស​ ស្រែ​ខ្លះ​ទៀត​ មាន​ពំនូក​អំបិល​ផ្តុំ​ឡើងជា​ជួរ​បម្រុង​ជ​ញ្ជួ​ន​យក​ចេញពី​ស្រែ​។​ កម្តៅថ្ងៃ​កាន់តែ​ខ្លាំង​ រីឯ​អ្នក​ធ្វើ​អំបិល​ក៏​ហាក់​មមាញឹក​កាន់តែ​ខ្លាំង​ផង​ដែរ​ ព្រោះ​កម្តៅថ្ងៃ​ក្តៅ​ជា​ពេលវេលា​ដែល​ផលិត​អំបិល​បាន​ល្អ​បំផុត​។​

ស្រប​ពេល​ដែល​ពលរដ្ឋ​ផលិត​អំបិល​បាន​ហើយ​ តែ​បញ្ហា​ខ្វះ​ទីផ្សារ​លក់​ផលិតផល​អំបិល​បាន​ក្លាយជា​ក្តី​បារម្ភ​គ្រប់ពេលវេលា​សម្រាប់​អ្នក​ធ្វើ​អំបិល​ ព្រោះ​អំបិល​ដែល​ផលិត​បាន​ត្រូវ​ស្តុក​ទុក​រង់ចាំ​សមាគម​អំបិល​មក​ទិញ​ ហើយ​នៅ​ពេល​ខ្លះ​ត្រូវ​ទុក​អំបិល​ចោល​ព្រោះ​ការ​ប្រមូល​ទិញ​មាន​ភាព​យឺតយ៉ាវ​ពិបាក​បញ្ចេញ​លក់​ទៅ​កាន់​ទីផ្សារ​។​

2-farmers-at-Salt-Field-in-KP
ក្រោម​កម្ដៅថ្ងៃ​កំពុង​ក្តៅ​ខ្លាំង​ នៅ​កណ្តាលវាល​ស្រែអំបិល​ អាវ​ស្រោប​ដោយ​ញើស​ពាស​ខ្នង​កំពុង​បូមទឹក​ប​ញ្ជូ​ល​ក្នុង​ស្រែអំបិល​ លោក​ តូច​ ហ៊​ន​ ជា​ពលរដ្ឋ​ប្រកប​របរ​ធ្វើ​អំបិល​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ បាន​និយាយ​ថា​ អំបិល​ដែល​លោក​ផលិត​បាន​នា​បច្ចុប្បន្ន​កំពុង​ខ្វះ​ទីផ្សារ​សម្រាប់​ទទួល​ទិញ​។​ និយាយ​បណ្តើរ​យកដៃ​ជូន​ញើស​ដែល​កំពុង​ហូរ​កាត់​លើ​ថ្ងាស​បណ្តើរ​ លោក​ តូច​ ហ៊​ន​ លើក​ឡើង​ថា​ ទីផ្សារ​សម្រាប់​ផលិតផល​អំបិល​នៅ​កម្ពុជា​ មាន​លក្ខណៈ​តូច​ចង្អៀត​នឹង​លក់​ចេញ​បាន​ក្នុង​តម្លៃ​ថោក​ ព្រោះ​អ្នក​ផលិត​គ្មាន​ជម្រើស​។​

លោក​ តូច​ ហ៊​ន​ បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​អាច​ប្រមូល​ផល​អំបិល​បាន​ប្រហែល​ជិត​ ១០០​ អំ​រែក​ ស្មើនឹង​ប្រមាណ​ជាង​ ៣​ ពាន់​គីឡូក្រាម​ ដោយ​ក្នុង​មួយ​អំ​រែក​មាន​ចំណុះ​ពី​ ៥០​ ទៅ​ ៦០​ គីឡូក្រាម​។​ លោក​ តូច​ ហ៊​ន​ បាន​បន្ត​ទៀត​ថា​ អំបិល​លក់​ចេញ​ក្នុង​មួយ​កា​រ៉ុ​ង​ទម្ងន់​ ៥០​ គីឡូក្រាម​ ថ្លៃ​ ៥​ ពាន់​រៀល​ ហើយ​ទម្រាំ​តែ​បាន​លក់​ចេញ​ម្តង​ត្រូវ​រង់ចាំ​អស់​ពេល​ជា​ច្រើន​ខែ​ រីឯ​ប្រាក់​បាន​មក​ពី​លក់​អំបិល​កាត់កង​ថ្លៃ​ចំណាយពេល​ខ្លះ​ស្ទើរ​មិន​រួច​ដើម​ផង​ក៏​មាន​។​

មិនមែន​តែ​លោក​ លោក​ តូច​ ហ៊​ន​ នោះ​ទេ​ ដែល​ត្អួ​ញ​ត្អែ​រ​ពី​ការ​លំបាក​របស់​ខ្លួន​ជុំវិញ​ការ​លក់​អំបិល​ដែល​ខ្វះ​ទីផ្សារ​នោះ​ រីឯ​លោក​ ថៃ​ ស៊ា​ន​ ម្ចាស់​ស្រែអំបិល​ម្នាក់​ទៀត​រស់នៅ​ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ការ​ផលិត​អំបិល​មាន​សន្ទុះ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​ទីផ្សារ​លក់​អំបិល​នៅ​កម្ពុជា​បែរជា​ខ្សត់​ទៅ​វិញ​។​ លោក​ថា​ បញ្ហា​កម្ពុជា​គ្មាន​ទីផ្សារ​អំបិល​ទូលំទូលាយ​នេះ​ មក​ពី​រដ្ឋាភិបាល​ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការ​ផលិត​អំបិល​របស់​ពលរដ្ឋ​ក្នុងស្រុក​។​

farmer-at-Salt-Field-in-KP
លោក​ ថៃ​ ស៊ា​ន​ បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ ដើម្បី​ផលិត​អំបិល​បាន​ លោក​ត្រូវ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ ក្នុង​នោះ​មាន​ដូច​ជា​ចំណាយ​ថ្លៃ​ប្រេងសាំង​សម្រាប់​ម៉ាស៊ីនបូមទឹក​ប​ញ្ជូ​ល​ស្រែ​ និង​ថ្លៃ​ប្រាក់​ឈ្នួល​ដល់​កម្មករ​ជាដើម​។​ ប្រាក់​ដែល​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ផលិត​អំបិល​ លោក​ ថៃ​ ស៊ា​ន​ បាន​និយាយ​ថា​ លោក​ត្រូវ​ខ្ចី​ពី​សមាគម​អ្នក​ផលិត​អំបិល​ខេត្តកំពត​និង​ខេត្ត​កែប​ចំនួន​ ៦០%​ ដើម្បី​ប្រើប្រាស់​បំពេញតម្រូវការ​ជា​មុន​សិន​ ហើយ​ទឹកប្រាក់​ចំនួន​ ៤០%​ ទៀត​សមាគម​អ្នក​ ផលិត​អំបិល​នឹង​ឱ្យ​តាម​ក្រោយ​ ខណៈ​សមាគម​នាំ​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​អំបិល​ដល់​កន្លែង​។​

ម្ចាស់​ស្រែអំបិល​នៅ​ស្រុក​ដំណាក់​ចង្អើរ​រូប​នេះ​ បាន​រៀបរាប់​ថា​ ការ​ផលិត​អំបិល​របស់​លោក​ជួន​ឆ្នាំ​ខ្លះ​ក៏​បាន​ ឆ្នាំ​ខ្លះ​ក៏​អត់​ អាស្រ័យ​លើ​អាកាសធាតុ​ ហើយ​ពេល​ខ្លះ​គួប​ផ្សំ​នឹង​តម្រូវការ​ទីផ្សារ​ខ្សត់ខ្សោយ​ផង​នោះ​ ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​លោក​ ហាក់​មាន​ភាព​ខ្សត់ខ្សោយ​ជា​បន្តបន្ទាប់​។​ លោក​ ថៃ​ ស៊ា​ន​ ថា​ ក្នុង​មួយ​ឆ្នាំ​រដូវ​ធ្វើ​អំបិល​មាន​តែ​ ៤​ ទៅ​ ៥​ ខែ​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ក្នុង​ខែកុម្ភៈ​ និង​ខែមីនា​នេះ​ ការ​ផលិត​អំបិល​របស់​ពលរដ្ឋ​កំពុង​មាន​សន្ទុះ​កើនឡើង​។​

Salt-at-KP-Salt-fieldទន្ទឹម​នឹង​ការ​ផលិត​អំបិល​កំពុង​មាន​សន្ទុះ​នេះ​ដែរ​ ទីផ្សារ​សម្រាប់​ផលិតផល​ធម្មជាតិ​មួយ​នេះ​ ហាក់​តូច​ចង្អៀត​គ្មាន​ឈ្មួញ​ចេញ​-​ចូល​រក​ទិញ​អំបិល​ឡើយ​។​ លោក​ ថៃ​ ស៊ា​ន​ បាន​ពន្យល់​រៀបរាប់​ថា​ ការ​ចំណាយ​ប្រាក់​ដើម្បី​ជួល​កម្មករ​ធ្វើ​អំបិល​នា​ពេល​បច្ចុប្បន្ន​ក៏​មាន​តម្លៃ​ថ្លៃ​ ព្រោះ​ពិបាក​រក​អ្នក​មក​ធ្វើការ​។​

ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ​ ដែល​ថា​អំបិល​ខ្មែរ​កំពុង​ខ្វះ​ទីផ្សារ​ លោក​ ឆាយ​ មក​រា​ ជា​កម្មករ​ធ្វើ​អំបិល​ម្នាក់​បាន​និយាយ​ថា​ លោក​មក​ធ្វើការ​ផលិត​អំបិល​ឱ្យ​គេ​នា​ពេល​បច្ចុប្បន្ន​អាច​ជួយ​ឱ្យ​លោក​ទទួល​បាន​ប្រាក់​ពីរ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ សម្រាប់​ជួយ​ដោះស្រាយ​ដល់​ជីវភាព​ក្រុម​គ្រួសារ​ និង​មិន​ហត់​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ផ្ទះ​។​

ចំណែក​ លោក​ ប៊ុ​ន​ បារាំង​ ជា​សហ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​ និង​ខេត្ត​កែប​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ អំបិល​កម្ពុជា​នៅ​សល់​ក្នុង​ឃ្លាំង​មាន​រហូត​ដល់​ទៅ​ជិត​ ២៨​ ម៉ឺន​តោន​ ព្រោះ​ចំនួន​នៃ​ការ​ផលិត​មានការ​កើនឡើង​ ហើយ​កម្ពុជា​គ្មាន​ទីផ្សារ​លក់​អំបិល​ពិតប្រាកដ​ ស្រប​ពេល​អំបិល​នាំ​ចូល​ពី​ក្រៅប្រទេស​បាន​វាយលុក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។​

តំណាង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​ និង​ខេត្ត​កែប​ លោក​ ប៊ុ​ន​ បារាំង​ បានឱ្យ​ដឹង​ថា​ ប្រជា​សហគមន៍​ផលិត​អំបិល​នៅ​ក្នុង​ ខេត្តកំពត​ រាប់​ពាន់​នាក់​កំពុង​តែ​ជួបនឹង​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​តែ​ផល​អំបិល​រាប់​សិប​តោន​របស់​ពួក​គេ​ គ្មាន​ទីផ្សារ​។​ លោក​បាន​ពន្យល់​បន្ថែម​ថា​ អំបិល​កំពត​គ្មាន​ទីផ្សារ​ ហើយ​នៅ​ស្តុក​ទុក​ជាប់​គាំង​បែប​នេះ​ ដោយសារ​អំបិល​រ៉ែ​នាំ​ចូល​ពី​ប្រទេស​ថៃ​ វៀតណាម​ ជ្រៀតចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ រហូត​ដល់​ទៅ​ ៦០%​ ហើយ​តម្លៃ​ផលិតផល​អំបិល​នាំ​ចូល​កម្ពុជា​នោះ​ទៀត​សោត​ ក៏​ថោក​ជាង​អំបិល​ខេត្តកំពត​ ព្រមទាំង​ការ​វេច​ខ្ចប់​បាន​ល្អ​ទៀត​ផង​។​

​លោក​ ប៊ុ​ន​ បារាំង​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​ និង​ខេត្ត​កែប​ កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​ ហើយ​អ្នក​ផលិត​អំបិល​នឹង​បោះបង់​របរ​មួយ​នេះ​ជា​បណ្តើរៗ​ ប្រសិនបើ​ការ​នាំ​ចូល​អំបិល​មក​ពី​បរទេស​កាន់តែ​ខ្លាំង​ ខណៈ​ដែល​ការ​ផលិត​អំបិល​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​ក្នុង​រយៈពេល​មួយ​ឆ្នាំៗ​។​ លោក​ថា​ ប្រសិនបើ​រដ្ឋាភិបាល​គាំទ្រ​ និង​ស្វែងរក​ទីផ្សារ​អំបិល​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ នោះ​ដង្ហើម​ជីវិត​របស់​ពលរដ្ឋ​ជា​អ្នក​ផលិត​អំបិល​ធម្មជាតិ​នឹង​មានជីវិត​ឡើង​វិញ​ ផ្ទុយ​ទៅ​វិញ​បើ​បញ្ហា​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ នោះ​ការ​ផលិត​អំបិល​នៅ​កម្ពុជា​នឹង​មិន​មាន​ទៀត​ឡើយ​៕

Salt-Field-in-KP

Share

Image
Image
Image