en     km
en     km

តើ​ការ​ដាក់​រូបភាព​បែប​ហិង្សា​ សាហាវ​ រន្ធត់​ នៅ​លើ​ទំព័រ​សារព័ត៌មាន​ប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម​ខ្មែរ​?

Share

​ភ្នំពេញ​៖​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​រូបភាព​ ឬ​រូបថត​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ផ្សេងៗ​ ត្រូវ​បាន​ស្ថាប័ន​សារព័ត៌​មាននៅ​កម្ពុ​ជាមួយ​ចំនួន​ ផ្តិត​យក​រូបភាព​ ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​របស់​ខ្លួន​។​ ការ​ចុះ​ផ្សាយ​រូបភាព​បែប​ហិង្សា​ សាហាវ​ រន្ធត់​ ទាំងនោះ​ កំពុង​បង្ហាញ​ពី​កម្សោយ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​ និង​បាន​ក្លាយទៅជា​បញ្ហា​អសកម្ម​ប៉ះពាល់​អារម្មណ៍​ ស្មារតី​ ផ្លូវចិត្ត​សាធារណជន​ ពិសេស​ប៉ះពាល់​ដល់​ផ្លូវចិត្ត​កុមារ​យ៉ាង​ខ្លាំង​ ដែល​ស្ថាប័ន​ព័ត៌មាន​ និង​អ្នក​ពាក់ព័ន្ធ​គួរ​ភ្ញាក់រលឹក​ រក​ដំណោះស្រាយ​ចំពោះ​ចំណោទបញ្ហា​សង្គម​មួយ​នេះ​។​

រូបភាពពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
រូបភាពពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

​ជា​បន្ត​សូម​ស្តាប់​បទ​វិភាគ​របស់​លោក​ ម៉ៅ​ សំណាង​ ដូច​តទៅ​ ៖​

នៅ​ក្នុង​សង្គម​កម្ពុជា​ រូបភាព​ ឬ​ រូបថត​ជន​រង​គ្រោះ​ដោយសារ​ការ​សម្លាប់​ រូបភាព​ជន​រង​គ្រោះ​ដោយសារ​ការ​ធ្វើ​អត្តឃាត​ ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ រូបភាព​ហិង្សា​សាហាវ​ មាន​លក្ខណៈ​រន្ធត់​ តែង​មាន​វត្ត​មាននៅ​លើ​ទំព័រ​សារព័ត៌មាន​ គេហទំព័រ​ព័ត៌មាន​ និង​បណ្តាញ​សង្គម​ចែកចាយ​ព័ត៌មាន​នានា​ ផ្សព្វផ្សាយ​បង្ហោះ​តៗ​គ្នា​ ស្ទើ​តែ​រាល់ថ្ងៃ​។​ ពេល​ខ្លះ​ រូបភាព​ហិង្សា​សាហាវ​ រន្ធត់​ទាំងនោះ​ ស្ថាប័ន​សារព័ត៌មាន​តែង​រំលេច​នៅ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​របស់​ខ្លួន​ផង​ក៏​មាន​ ដែល​ជាក់ស្តែង​ នា​ពេល​ថ្មីៗ​នេះ​ មាន​រូបភាព​ជន​រង​គ្រោះ​អាក្រាត​កាយ​ ដោយ​ការ​សម្លាប់​កាត់​ក​ជាដើម​។​

​រូបភាព​ជន​រង​គ្រោះ​ហិង្សា​សាហាវ​ រន្ធត់​ទាំងនេះ​ ទំនងជា​ស្ថាប័ន​ផលិត​ព័ត៌មាន​ខ្លះ​ ហាក់​ពេញចិត្ត​ពេញ​ថ្លើម​លើ​រូបភាព​ទាំងនោះ​ ខ្លាំង​ជាង​ផល​អវិជ្ជមាន​នៃ​រូបភាព​ជះ​ឥទ្ធិពល​លើ​មនុស្ស​រស់នៅ​ក្នុង​សង្គម​។​ ពិត​ណាស់​បញ្ហា​នេះ​មិនមែន​ជា​រឿង​ថ្មី​ ដែល​ទើបនឹង​កើត​មាននៅ​ក្នុង​សង្គម​សារព័ត៌មាន​ខ្មែរ​នោះ​ទេ​ ប៉ុន្តែ​វា​បានជា​ទម្លាប់​ដុះ​ស្លែ​ជាប់​ក្នុង​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ ដែល​មិន​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​កំពុង​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួន​។​

​ពិត​ណាស់​ ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ ដែល​និយម​ស្វះ​ស្វែងរក​អាន​ព័ត៌មាន​ ឬ​តាមដាន​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​ តែងតែ​ប្រទះ​ឃើញ​ការ​ចុះ​ផ្សាយ​រូបភាព​ជន​រង​គ្រោះ​ រូប​សាកសព​ជន​រង​គ្រោះ​ រូបភាព​ហិង្សា​មាន​លក្ខណៈ​សាហាវ​ រន្ធត់​ បង្ហោះ​ចែកចាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ កាសែត​បោះពុម្ពផ្សាយ​ និង​ការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម​។​ ជាក់ស្តែង​ ស្ទើ​ជា​រៀងរាល់ថ្ងៃ​ រូបភាព​មនុស្ស​ស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រូបភាព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​កាត់​អា​វៈយ​វៈ​ រូបភាព​ស្ត្រី​ ឬ​ កុមារី​រង​គ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ចុះ​ផ្សាយ​គ្មាន​ការ​បិទ​បាំង​ផ្ទៃមុខ​ ឬ​រូប​ទាំងនោះ​ កំពុង​ពេញ​និយម​លើ​ទំព័រ​សារព័ត៌មាន​ផង​ដែរ​។​

​ការ​ពេញ​និយម​ប្រើប្រាស់​រូបភាព​ហិង្សា​សាហាវ​ រន្ធត់​ រូបភាព​អសកម្ម​លើ​ទំព័រ​សារព័ត៌មាន​នេះ​ កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា​ សារព័ត៌មាន​មួយ​ចំនួន​កំពុង​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​មិន​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន​ មិន​គោរព​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ក៏​ដូច​ជា​រំលោភ​ទៅ​លើ​សិទ្ធិ​ឯកជន​របស់​បុគ្គល​យ៉ាង​ខ្លាំង​។​

​បើ​ពិនិត្យ​មួយ​ភ្លែត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពី​រូបភាព​ហិង្សា​នៅ​តាម​ទំព័រ​កាសែត​ បណ្តាញ​ព័ត៌មាន​សង្គម​ និង​ព័ត៌មាន​នៅ​លើ​កញ្ជក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ មូលហេតុ​នៃ​ការ​ប្រើប្រាស់​រូបភាព​គ្មាន​ក្រមសីលធម៌​បែប​នេះ​ ដោយសារ​តែ​រូបភាព​ទាំងនោះ​ អាច​ជួយ​រក​ប្រាក់​ចំណូល​ដល់​ស្ថាប័ន​ព័ត៌មាន​បាន​ច្រើន​។​ អាច​រក​ប្រាក់​ចំណូល​ជួយ​ដល់​ស្ថាប័ន​បាន​ ដោយសារ​ព័ត៌មាន​ធ្វើ​ អាជីវកម្ម​លើ​រូបភាព​សាកសព​ រឿងរ៉ាវ​បាញ់​សម្លាប់​ កាប់​ចាក់​បង្ហូរឈាម​គ្នា​ ចោរលួច​ ចោរប្លន់​ រូបភាព​អាក្រាត​កាយ​ ជង​រង​គ្រោះ​ដោយសារ​អំពើ​រំលោភ​សេពសន្ថវៈ​ ព្រមទាំង​ការ​បូក​ផ្សំ​រៀបរាប់​អត្ថាធិប្បាយ​បន្ថែមបន្ថយ​ ប្រើ​ពាក្យ​សម្តី​លេប​ខា​យ​ព័ត៌មាន​ហួស​ពី​ការ​ពិត​របស់​ពិធីករ​មួយ​ចំនួន​ជាដើម​។​ ពេល​ខ្លះ​ស្តាប់​ទៅ​ បញ្ហា​គ្រោះថ្នាក់​កើតឡើង​ចំពោះ​មនុស្ស​ប្រៀប​ដូច​ជា​ជីវិត​ធាតុ​ទៅ​វិញ​។​

​ជា​ការ​ពិត​ ការ​ស្វែងរក​ប្រាក់​ចំណូល​របស់​ស្ថាប័ន​សារព័ត៌មាន​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ដែល​ខ្វះ​វិជ្ជាជីវៈ​នេះ​ មិន​បាន​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​អាជីព​សារព័ត៌មាន​ពិតប្រាកដ​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ ការ​យក​រូបភាព​ជន​រង​គ្រោះ​មក​ធ្វើ​អាជីវកម្ម​ដើម្បី​ប្រាក់​ចំណូល​ ឬ​ជា​មធ្យោបាយ​ទាញ​យក​ប្រាក់​ចំណេញ​នា​ពេល​នេះ​ មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ឡើយ​សម្រាប់​សង្គម​ និង​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។​ ទន្ទឹម​គ្នា​នេះ​ បើ​ប្រៀបធៀប​ជាមួយ​ទំព័រ​សារព័ត៌មាន​បរទេស​ ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​បរទេស​មួយ​ចំនួន​ ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​មិន​បង្ហាញ​រូបភាព​ជន​រង​គ្រោះ​បែប​សាហាវ​រន្ធត់​ឡើយ​។​

​ជុំវិញ​ការ​ប្រើប្រាស់​រូបភាព​ហិង្សា​សាហាវ​ រន្ធត់​ក្នុង​សារព័ត៌មាន​នេះ​ កន្លង​ទៅ​ក្រសួង​ព័ត៌មាន​ ក្លិប​អ្នកកាសែត​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ផង​ ធ្លាប់​បាន​ចេញ​សេចក្ដី​អំពាវនាវ​ក្រើនរំឭក​ដល់​អង្គភាព​ព័ត៌មាន​ទាំងអស់​ ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រូបភាព​សាហាវ​ រន្ធត់​ក្នុង​សារព័ត៌មាន​ និង​សំ​ណូ​រ​ពរ​ឱ្យ​ប្រើប្រាស់​រូបភាព​បិទ​បាំង​រូប​ជន​រង​គ្រោះ​ ជំនួស​ឱ្យ​រូបភាព​ពិត​ជាក់ស្តែង​។​ ប៉ុន្តែ​ការ​ក្រើនរំឭក​នេះ​ ហាក់​មិន​មាន​ឥទ្ធិពល​លើ​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ឡើយ​ ហើយ​រូបភាព​អសកម្ម​ទាំងនោះ​ កាន់តែ​កើត​មាន​ព្រោងព្រាត​ក្នុង​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​ដដែល​។​

​ការ​ប្រើប្រាស់​រូបភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ អ្នក​សារព័ត៌មាន​ ឬ​ ស្ថាប័ន​ព័ត៌មាន​ គួរ​ដល់​ពេល​ហើយ​ ត្រូវ​បញ្ឈប់​ការ​ដាក់​រូបភាព​បែប​ហិង្សា​សាហាវ​ រន្ធត់​ក្នុង​សារព័ត៌មាន​ចែកចាយ​ជា​សាធារណៈ​។​

​ប្រសិនបើ​អ្នក​សារព័ត៌មាន​ចង់​ប្រើ​រូបភាព​ទាំងនោះ​ សម្រាប់​ជា​រូបភាព​ទាក់ទាញ​អ្នក​ទស្សនា​ មិន​ត្រូវ​ដាក់​រូបភាព​ច្បាស់​ខ្លាំង​ទេ​ ដើម្បី​កាត់​បន្ថយ​ភាព​ភិតភ័យ​ដល់​សាធារណជន​ និង​ត្រូវ​គិតពិចារណា​ មុន​នឹង​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​ អ្នក​សារព័ត៌មាន​ ត្រូវ​ចាំ​ថា​ ការ​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ ឬ​ធ្វើ​កិច្ចការ​ដែល​មិន​ប៉ះពាល់​ដល់​សីលធម៌​និង​ប្រពៃណី​សង្គម​ ជា​ពិសេស​អារ​ម្ម​ណ៏​មហាជន​ នោះ​នឹង​ជួយ​ឱ្យ​អាជីព​សារព័ត៌មាន​ និង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​រីក​ចម្រើន​ពិតប្រាកដ​៕​

Share

Image
Image
Image