en     km
en     km

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អះអាង​ថា​ ពួក​គេ​បង្ខំចិត្ត​ឈប់​រៀន​ ដោយសារ​ការ​រើសអើង​

Share

រូបតំណាង (ពី mstylekhmer)
រូបតំណាង (ពី mstylekhmer)

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ បាន​លើក​ឡើង​ថា​ ពួក​គេ​នៅ​តែ​មាន​បញ្ហា​ប្រឈម​បោះបង់​ការ​សិក្សា​ចោល​ខ្ពស់​ ដោយសារ​តែ​កា​រើសអើង​ពី​សំណាក់​ លោកគ្រូ​ អ្នកគ្រូ​  មិត្តភក្តិ​ និង​សង្គម​។​ ពួក​គេ​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បង្កើត​គោលនយោបាយ​មួយ​ ដោយ​បញ្ឈប់​ការ​រើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដើម្បី​ឱ្យ​ពួក​គេ​បាន​សិក្សា​ដូច​សិស្ស​ដទៃ​ទៀត​ ដោយ​មិន​មាន​បញ្ហា​ប្រឈម​។​ ការ​ស្នើ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​
​     ​
«​បច្ចុប្បន្ន​នេះ​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ទទួល​រង​ការ​រើសអើង​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកគ្រូ​ អ្នកគ្រូ​ និង​មិត្ត​រួម​ថ្នាក់​»​។​ នេះ​ជាស​ម្តី​របស់​ ឡុ​ង​ ម៉ា​ឡែ​ន​ ជា​សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​បាន​ប្តូ​ភេទ​ពី​ស្រី​ មក​ជា​ប្រុស​ នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​។​

​ម៉ា​ឡែ​ន​ បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ការ​រើសអើង​ពី​សាលារៀន​ បាន​ធ្វើ​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ជា​ច្រើន​ត្រូវ​បាន​បោះបង់​ចោលការ​សិក្សា​។​

​លើ​ល​ពី​នេះ​ទៀត​ ម៉ា​ឡែ​ន​ បាន​លើក​ ករណី​មួយ​នៅ​ខេត្តកំពង់ឆ្នាំង​ ជុំវិញ​រឿង​ក្មេង​ស្រី​ម្នាក់​ ដែល​បាន​ប្តូរ​ភេទ​ទៅ​ជា​មនុស្ស​ប្រុស​ត្រូវ​បាន​គ្រូ​បន្ទុក​ថ្នាក់​ពិន័យ​ ដោយ​ឱ្យ​ឈរ​នៅ​ក្បែរ​ដងទង់​ជាតិ​ ព្រោះ​គាត់​ស្លៀកខោ​ទៅ​រៀន​ និង​កាត់សក់​ខ្លី​។​

​សកម្មជន​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ​ បាន​ស្នើ​ឱ្យ​គ្រប់​សាលា​ទាំងអស់​អនុញ្ញាត​ឱ្យ​អ្នក​ដែល​បាន​ប្តូរ​ភេទ​ អាច​ស្លៀកពាក់​ ឯកសណ្ឋាន​ តាម​ភេទ​ដែល​គាត់​បាន​ប្តូរ​ ជា​ពិសេស​ត្រូវ​បង្កើត​នូវ​គោលនយោបាយ​ ប្រឆាំង​នឹង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សាលារៀន​។​

​រីឯ​កញ្ញា​ ផល្លា​ ដែល​ជា​អ្នក​ប្តូរ​ភេទ​ ពី​ប្រុស​ មក​ជា​ស្រី​ និង​ជា​អ្នក​ស្ម័គ្រចិត្ត​អប់រំ​តាម​មូលដ្ឋាន​ របស់​អង្គការ​សុខភាព​បុរស​ នៅ​ខេត្តសៀមរាប​ បាន​រៀបរាប់​ថា​ តាម​បទ​ពិសោធ​ កញ្ញា​ ដែល​បាន​ចុះ​អប់រំ​នៅ​តាម​មូលដ្ឋាន​  កញ្ញា​ សង្កេត​ឃើញ​ថា​ អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ ប្រមាណ​ជាង​ ៥០%​ បាន​បោះបង់​ចោលការ​សិក្សា​។​ ជាក់ស្តែង​ ដោយសារ​តែ​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ កញ្ញា​ផ្ទាល់​ក៏​បាន​បោះបង់​ចោលការ​សិក្សា​ផង​ដែរ​។​

​លោក​ ស្រ៊ុ​ន​ ស្រ៊​ន​ ជា​អ្នក​ផ្តួចផ្តើម​ឱ្យ​មាន​ចលនា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ អ្នក​ស្រឡាញ់​ដូច​គ្នា​ នៅ​ប្រទេស​កម្ពុជា​ បាន​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ចំនួន​ ៤​ ចំណុច​ រួម​មាន​៖​ ការ​មិន​ទទួលស្គាល់​ពី​គ្រួសារ​ និង​អ្នក​ជិតខាង​ បញ្ហា​សុខភាព​ផ្លូវចិត្ត​ដោយសារ​ការ​រើសអើង​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ ការ​បោះបង់​ការ​សិក្សា​ និង​បញ្ហា​សំខាន់​មួយទៀត​ ដោយសារ​រដ្ឋាភិបាល​ មិន​ទាន់​មានច្បាប់​ណាមួយ​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ពេល​មាន​បញ្ហា​។​

​លោក​ ចង់ឱ្យ​ក្រសួង​អប់រំ​ មានការ​យកចិត្តទុកដាក់​ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ នៅ​តាម​គ្រឹះស្ថានសិក្សា​ អំពី​បញ្ហា​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​។​ ក្រៅពី​ស្នើ​ឱ្យ​ក្រសួង​អបរំ​បង្កើត​គោលនយោបាយ​បញ្ឈប់​ការ​រើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ពួក​គេ​ក៏​បាន​ស្នើ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​នានា​ ត្រូវ​ផ្តល់​តម្លៃ​ និង​ឱកាស​ស្មើភាព​គ្នា​ទៅ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​អ្នក​ប្តូរ​យេ​ន​ឌ័​រ​។​ លើស​ពី​នេះ​ទៀត​ ពួក​គេ​ក៏​ស្នើ​ឱ្យ​មាន​ ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ ដើម្បី​ការពារ​ពួក​គេ​ពី​ការ​រើសអើង​របស់​អ្នក​ដទៃ​ផង​ដែរ​៕

Share

Image
Image
Image