en     km
en     km

យុវតីម្នាក់ដឹកនាំក្រុម បង្កើតបណ្ដាល័យ លើកកម្ពស់ការអាន របស់ជនជាតិចារ៉ាយ 

Share

យុវជនអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលហៅថាក្រុមបណ្តាល័យភូមិបានសម្រេចគោលបំណងរបស់ខ្លួនដែលបានកសាងបណ្ដាល័យដល់បងប្អូនជនជាតិដើមភាគតិចចារ៉ាយ​។ ក្រុមនេះដឹកនាំដោយស្ត្រីម្នាក់ដែលមិនមែនជាជនជាតិដើមភាគតិចនោះទេ។ កញ្ញា សៃ ចន្ធី រាយការណ៍

 

យុវជនអភិវឌ្ឍជនជាតិដើមភាគតិច គឺជាក្រុមយុវជនជនជាតិចារ៉ាយ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ រហូតមកដល់សព្វថ្ងៃ។ ក្រុមនេះបង្កើតឡើងដោយសារការមើលឃើញបញ្ហាប្រឈម និងដើម្បីឆ្លើយតបទៅនិងតម្រូវការ ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ បទពិសោធន៍ដល់កុមារ សិស្ស-និស្សិត យុវជន និងចាស់ទុំក្នុងសហគមន៍តាមរយៈការលើកកម្ពស់វិស័យ អំណាន នៅក្នុងភូមិឱ្យកាន់តែល្អប្រសើរ។ បន្ថែមពីនេះគឺដើម្បីចូលរួមលើកម្ពស់ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយនៅខេត្តរតនគិរីផងដែរ។

យុវតី ខន រក្សា ជាស្ថាបនិកដឹកនាំសកម្មភាពក្នុងការបង្កើតបណ្ដាល័យភូមិរហូតជោគជ័យ។ រក្សាបានបង្ហាញចំណាប់អារម្មណ៍នៅពេលបើកសម្ពោធបណ្ដាល័យដោយរីករាយ និងសប្បាយចិត្តជាខ្លាំងក្នុងនាមជាយុវតីម្នាក់ដែលបានចូលរួមអភិវឌ្ឍសហគមន៍ជាពិសេសគម្រោងមួយនេះជោគជ័យ ដែលក្លាយជាផ្នែកមួយក្នុងការលើកម្ពស់ការយល់ដឹងរបស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយ ទោះជារក្សាមិនមែនជាជនជាតិដើមភាគតិចក៏ដោយ។ ​ បណ្ដាល័យភូមិយើង គឺជាគម្រោងមួយដែលក្រុមរបស់រក្សាដែលសុទ្ធតែជាយុវជនស្ម័គ្រចិត្តដែលកំពុងបន្តធ្វើ ដើម្បីស្វែងរកជំនួយសៀវភៅ សម្ភារៈផ្សេងៗ និងរៃអង្គាសថវិកាពីសប្បុរសជននានា ទោះពេលខ្លះចំណាយថវិកាផ្ទាល់ខ្លួនក៏ដោយ។

រក្សាបានលើកឡើងក្នុងសំដីដើមថា÷ «នៅក្នុងឱកាសបើកសម្ពោធបណ្ដាល័យភូមិយើង ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ រក្សាពិតជាអរគុណយ៉ាងខ្លាំង ចំពោះសាធារណជនទាំងអស់ ដែលរួមចំណែកក្នុងការកសាងបណ្តាល័យនេះមិនថាក្នុងស្រុកនិងក្រៅស្រុក ដែលសុទ្ធសឹងជាអ្នកមានបេះដូងដ៏ស្រស់ស្អាតក្នុងការលើកម្ពស់ការអប់រំនៅកម្ពុជា។ ប្រសិនបើមិនមានការរួមចំណែកពីសាធារណជនទាំងអស់គ្នានោះទេ ​ក៏សកម្មភាពមួយនេះមិនអាចមុខរួចផងដែរ។​ ហើយនៅក្នុងថ្ងៃសម្ពោធបណ្ដាល័យភូមិយើងនេះដែរ សូមអរគុណយ៉ាងខ្លាំងដល់ក្រុមចំណេះដឹងដើម្បីជីវិត( Knowledge for life )ដែលបានចុះមកចែកសម្ភារៈសិក្សានិងសម្ភារៈផ្សេងៗដល់បងប្អូនជនជាតិដើមភាគតិចចារ៉ាយ​ ជាមួយសកម្មភាពរបស់ពួកយើងផងដែរ។»

បច្ចុប្បន្នអគារបណ្ដាល័យភូមិយើង បានកសាងរួចរាល់ទាំងស្រុងនិងបើកឱ្យប្រើប្រាស់នៅថ្ងៃនៅថ្ងៃទី ២០​ ខែមេសា ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគីរី។ បណ្ដាល័យនេះមានការចូលរួមយ៉ាងច្រើនកុះករពីចាស់ទុំ អាជ្ញាធរ នាយកសាលា និងប្អូនៗសិស្សានុសិស្សជាច្រើនរូប។

លោក ស៊ឺម សុវណ្ណគិរី ជាស្ថាបនិកដឹកនាំក្រុមមចំណេះដឹងដើម្បីជីវិត( Knowledge for life )ដែលបានចុះមកចែកសម្ភារៈសិក្សានិងសម្ភារៈផ្សេងៗជាច្រើនទៀត មិនថានៅសាលាបឋមសិក្សាជ្រុង​និងបណ្ដាល័យភូមិយើងបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ហើយបានចែករំលែកអំពីសារៈសំខាន់ល្អៗ នៃការអានសៀវភៅសម្រាប់ប្អូនៗជនជាតិដើមភាគតិច ដែល កំពុងសិក្សាក្នុងសាលាបឋមសិក្សាជ្រុង។ លោកថា ការអានសៀវភៅវាពិតជាមានសារៈសំខាន់ណាស់ក្នុងអភិវឌ្ឍចំណេះដឹង បង្កើនចំណេះដឹង ធ្វើឱ្យការចងចាំល្អ ជាពិសេសធ្វើឱ្យខួរក្បាលរបស់មនុស្សម្នាក់ដំណើរការបានល្អ ក្នុងគិតពិចារណា ឱ្យបានស៊ីជម្រៅ។ លោកលើកឡើងក្នុងសំដីដើមថា÷ «​ ក្នុងកម្មពិធីថ្ងៃនេះដែរដោយសារឃើញការខិតខំរបស់រក្សា និងក្រុមយុវជនបណ្ដាល័យភូមិយើង ក្នុងការគៀងគរថវិកាចំណាយទាំងពេលវេលាផ្ទាស់ផងដែរដើម្បីកសាងបណ្ដាល័យ  ក្រុមរបស់ខ្ញុំក៏ចូលចំណែកក្នុងការកសាងបណ្ដាលល័យនេះ ឱ្យផងដែរ ជាពិសេសខ្ញុំបានឃើញក្មេងៗនៅទីនេះពោពេញទៅដោយកុមារា-កុមារី ដែលចង់សិក្សារៀនសូត្រូ ហើយទាំងអស់នេះដែលសុទ្ធតែជាមនុស្សដែលពោពេញទៅដោយ សក្ដានុពល សម្រាប់ប្រទេសជាតិនៅពេលខាងមុខ។»

លោក ស៊ឺម សុវណ្ណគិរី បន្តថា អំណានផ្សារភ្ជាប់នឹងវិស័យសិល្បៈបែបប្រពៃណី នាំមកនូវភាពរស់រវើក និងគុណតម្លៃក្នុងសគមន៍ជនជាតិដើម។ ការរួមចំណែកគាំទ្ររបស់សប្បុរសជនដែលបានចូលរួមគាំទ្រគម្រោងសាងសង់បណ្ណាល័យនេះអាចនឹងមានឥទ្ធិពលក្នុងការលើកកម្ពស់ការអប់រំយូរអង្វែងសម្រាប់សហគមន៍នាពេលអនាគត៕

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

 

 

 

Share

ព័ត៌មានទាក់ទង

Image