en     km
en     km

រដ្ឋសភាអាមេរិកអនុម័តកញ្ចប់ជំនួយ ៩៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

Share

 

ក្រោយជាប់គាំងជាច្រើនខែមក រដ្ឋសភាអាមេរិកកាលពីថ្ងៃសៅរ៍បានអនុម័តកញ្ចប់ជំនួយចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល ជនស៊ីវិលនៅក្នុងតំបន់ជម្លោះ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរួមមានទាំងតៃវ៉ាន់ផងដែរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

កាលពីថ្ងៃសៅរ៍ ដោយមានការគាំទ្រពីគណបក្សទាំងពីរ រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសំណើច្បាប់ជំនួយបរទេសចំនួន ៤ ដែលបញ្ចូលគ្នាក្នុងកញ្ចប់ថវិកាតែមួយក្នុងទឹកប្រាក់ ៩៥ ពាន់លានដុល្លារ។

សេចក្តីព្រាងច្បាប់នេះរួមមានថវិកាចំនួន ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ថវិកាចំនួន ២៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែលនិងជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ជម្លោះនានារួមទាំងតំបន់ហ្កាហ្សា (Gaza) ផងដែរ និងថវិកាចំនួន ៨ ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson តំណាងរដ្ឋ Louisiana ខាងគណបក្សសាធារណរដ្ឋគឺជាអ្នកចាត់ចែងសេចក្តីព្រាងច្បាប់នេះដោយបញ្ចូលទៅក្នុងកញ្ចប់ថវិកាតែមួយ បន្ទាប់ពីសេចក្តីព្រាងច្បាប់នីមួយៗត្រូវបានសម្រេចព្រមព្រៀង ដើម្បីបង្ការកុំឱ្យមានការប្រឆាំងលើផ្នែកណាមួយនៃសេចក្តីព្រាងច្បាប់នេះដែលអាចធ្វើឱ្យប៉ះពាល់ដល់សេចក្តីព្រាងច្បាប់ទាំងមូល។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖ «ថ្ងៃនេះ សមាជិកទាំងពីរបក្សក្នុងរដ្ឋសភាបានបោះឆ្នោតដើម្បីប្រយោជន៍សន្តិសុខជាតិរបស់យើង និងដើម្បីបញ្ចូនសារយ៉ាងជាក់ច្បាស់មួយអំពីអំណាចនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ ក្នុងស្ថានភាពឡើងចុះដ៏សំខាន់នេះ ពួកគេបានរួមគ្នាឆ្លើយតបនឹងសំណើប្រវត្តិសាស្ត្រ ដោយអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិដែលត្រូវការជាបន្ទាន់ ដែលយើងបានព្យាយាមអស់រយៈពេលជាច្រើនខែមកហើយដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវសំណើច្បាប់នេះ»។

លោក Biden បានកត់សម្គាល់ថា៖ «ខ្ញុំជំរុញឱ្យព្រឹទ្ធសភាបញ្ជូនកញ្ចប់ថវិកានេះមកកាន់ខុទ្ទកាល័យរបស់ខ្ញុំឱ្យបានឆាប់ដើម្បីអាចឱ្យខ្ញុំចុះហត្ថលេខាឱ្យក្លាយជាច្បាប់ ដើម្បីអាចឱ្យយើងបញ្ជូនយុទ្ធោបករណ៍នានាទៅកាន់ប្រទេសអ៊ុយក្រែនឱ្យបានឆាប់ដើម្បីបំពេញតាមតម្រូវការនៅសមរភូមិជាបន្ទាន់របស់ពួកគេ»។

ព្រឹទ្ធសភាដែលសមាជិកភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យនឹងធ្វើការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះនៅដើមសប្តាហ៍នេះ ហើយបន្ទាប់មកនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ខុទ្ទាកាល័យរបស់លោកប្រធានាធិបតី Biden ដើម្បីចុះហត្ថលេខាឱ្យក្លាយជាច្បាប់។

សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New York លោក Chuck Schumer ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាដែលជាគណបក្សសំឡេងភាគច្រើន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ព្រឹទ្ធសភានឹង «បង្ហើយកិច្ចការនេះដោយបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះមុនគេនៅរសៀលថ្ងៃអង្គារ»។
លោកបានបន្ថែមថា៖ «ជូនចំពោះសម្ព័ន្ធមិត្តរបស់យើងនៅអ៊ុយក្រែន អូតង់ (NATO) និងអ៊ីស្រាអែល និងជនស៊ីវិលនៅទូទាំងពិភពលោកដែលកំពុងត្រូវការជំនួយ អាមេរិកធានាថានឹងផ្តល់ជំនួយនេះជាថ្មីម្តងទៀត»៕

Share

Image
Image
Image