សកម្មភាពធ្វើបាតុកម្មរបស់គណបក្សកម្លាំងជាតិ ថ្ងៃ២២ ខែមេសា ២០២៤
ដូចការគ្រោងទុក មន្ត្រី និងសកម្មជនគណបក្សកម្លាំងជាតិ បានធ្វើបាតុកម្មនៅមុខទីស្នាក់ការបក្ស ដើម្បី ទាមទារឱ្យតុលាការដោះលែង អ្នកនយោបាយ គណបក្សរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួនជុំវិញសកម្មភាពនយោបាយរបស់ពួកគេ និងដោះលែងអ្នកទោសមនសិការជាច្រើនទៀត ដែលកំពុងជាប់ពន្ធនាគារ នៅព្រឹកថ្ងៃទី២២ ខែមេសា។ ពួកគេព្រមានថា នឹងធ្វើបាតុកម្មទូទាំងប្រទេស មិនមានដំណោះស្រាយសម្រាប់អ្នកទោសនយោបាយ។ លោក គីម ចាន់ចាវ រាយការណ៍
បើទោះបីជាគម្រោងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង សមាជិកបក្សចំនួន ២នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពេលថ្មីៗ ត្រូវបានអាជ្ញធររាជធានីភ្នំពេញ មិនអនុញ្ញាត ក្រុមមន្ត្រី និងសកម្មជនគណបក្សកម្លាំងជាតិ ប្រមូលផ្ដុំគ្នា នៅថ្ងៃទី២២ ខែមេសា នៅមុខទីស្នាក់ការគណបក្ស ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីតវ៉ាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ។ ពួកគេដែលចូលរួមតវ៉ានេះ ចាត់ទុកថា ការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនមួយចំនួន ជារឿងអយុត្តិធម៌ ដែលមានចេតនារឹតត្បិតលើគណបក្សប្រឆាំង។
អ្នកស្រី ព្រំ ចាន់ថា សមាជិកក្រុមស្ត្រីថ្ងៃសុក្រ ដែលស្វាមីអ្នកស្រីជាអ្នកនយោបាយម្នាក់កំពុងជាប់ពន្ធនាគារក៏បានចូលរួមសកម្មភាពជាមួយគណបក្សកម្លាំងជាតិនេះដែរ។ អ្នកស្រី ព្រំ ចាន់ថា អាយុ ៤៧ឆ្នាំ ជាភរិយាអតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពី ៣ឆ្នាំមុន ដោយរងការចោទប្រកាន់ពីបទ«ញុះញង់» «រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី មេដឹកនាំគណ បក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេស គឺលោក កាក់ កុម្ភា។
អ្នកស្រី ព្រំ ចាន់ថា៖ «បងប្អូនដឹងហើយថា ប្រទេសកម្ពុជាអត់មានប្រជាធិបតេយ្យពិតប្រាកដទេ សំខាន់នាំគ្នាដើម្បីតវ៉ា និងទាមទារ ឱ្យមានការដោះលែងក្រុមគ្រួសារ។ ធម្មតាពួកគាត់សុទ្ធតែមានក្រុមគ្រួសារជាខ្មែរ អញ្ចឹងសុំឱ្យបងប្អូនធ្វើការទាមទារឱ្យដោះលែងទាំងអស់គ្នា ដើម្បីឱ្យពួកគាត់មានសេរីភាពមកធ្វើនយោបាយឡើងវិញព្រោះគាត់ជាមន្ត្រីបក្សនយោបាយ។ សូមឱ្យបងប្អូនកុំខ្លាច កុំរអា ជាពិសេសក៏បងប្អូនអាជ្ញាធរក៏គាត់បានដឹងដែរ ក៏សូមអរគុណបងៗអាជ្ញាធរទាំងអស់គ្នា ដែលមកការពារពួកយើងខ្ញុំដែលមានការប្រមូលផ្ដុំៗ ដើម្បីឱ្យមានការដោះលែងពួកគាត់ទាំងអស់គ្នា។»
អ្នកស្រី ព្រំ ចាន់ថា សមាជិកក្រុមស្ត្រីថ្ងៃសុក្រ
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានលើកឡើងថា ការចាប់ខ្លួនមន្ត្រីគណបក្សរបស់ខ្លួន២រូបថ្មីៗនេះ គឺជារូបភាពនៃការគំរាមកំហែងបំភិតបំភ័យរឹតត្បិតសិទ្ធិសេរីភាពនយោបាយ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើគណបក្សកម្លាំងជាតិ។
លោក ស៊ុន ចន្ធី៖ «សូមដោះលែងលោក អ៊ំ វីរៈរដ្ឋ ឱ្យមានសេរីភាពឡើងវិញ…សូមដោះលែងលោក មឺ សេងហ៊ ឱ្យមានសេរីភាពឡើងវិញ…សូមដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ។»
សកម្មភាពធ្វើបាតុកម្មរបស់គណបក្សកម្លាំងជាតិ ថ្ងៃ២២ ខែមេសា ២០២៤
លោក មឺ សេងហ៊ ហៅ គា វិសាល ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ឡោមព័ទ្ធចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចោទពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ»។ លោក គា វិសាល គឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណបក្សកម្លាំងជាតិ និងជាបេក្ខជនក្រុមប្រឹក្សាខេត្ត កំពង់ចាម លេខរៀងទី១ របស់គណបក្សកម្លាំងជាតិ។
២សប្តាហ៍ក្រោយសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបេក្ខជនព្រឹទ្ធសភាលេខរៀងទី១ លោក អ៊ំ វីរៈរដ្ឋ ដែលមានតួនាទីជាអគ្គហេរញ្ញិករបស់គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៤អំឡុងពេលលោកធ្វើដំណើរចេញពីកន្លែងដាក់កម្រងផ្ការំលឹកខួប នៃព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករអហិង្សានៅមុខរដ្ឋសភាចាស់។ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់»។
លោក ជា មុន្នី មន្ត្រីនាំពាក្យគណបក្សកម្លាំងជាតិ ដែលមានដើមកំណើតពីសហជីពដែលធ្វើការជាមួយកម្មការិនី-កម្មករ អំពាវនាវឱ្យតុលាការដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គម ដោយលោកព្រមានថា នឹងធ្វើបាតុកម្មជាថ្មីក្នុងទ្រង់ទ្រាយធំជាងមុនបើសិននៅតែមិនមានដំណោះស្រាយសម្រាប់អ្នកទោសនយោបាយ។
លោក ជា មុន្នី៖ «តុលាការនឹងយកជាការពិចារណា ហើយដោះលែងពួកគេទៅ ហើយបើមិនដោះលែងទេ យ៉ាងច្រើន១ខែ២ខែទៀតយើងជូនដំណឹងទៅធ្វើអាអញ្ចឹង(បាតុកម្ម)ទៀត ប៉ុន្តែធ្វើក្រោយមិនមែនធ្វើតែប៉ុណ្ណឹងទេ តាមស្នាក់ការគណបក្សកម្លាំងជាតិ តាមបណ្ដាខេត្តគឺយើងធ្វើអារបៀបដោះលែងៗៗ តាមបណ្ដាខេត្ត។ អញ្ចឹង២៥ខេត្តក្រុងសឹងតែទាំងអស់ហើយណា៎។ យកទៅពិចារណទៅ អានេះជាការសម្ដែងមតិរបស់គណបក្សកម្លាំងជាតិ។»
សកម្មភាពធ្វើបាតុកម្មរបស់គណបក្សកម្លាំងជាតិ ថ្ងៃ២២ ខែមេសា ២០២៤
អ្នកទោសនយោបាយ និងសកម្មជនសង្គមនិងបរិស្ថាន ដែលមជ្ឈដ្ឋានខ្លះហៅថា អ្នកទោសមនសិកា រហូតដល់ពេលនេះមានចំនួនប្រមាណ៥០នាក់ហើយ ដែលកំពុងជាប់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីទោសប្រហាក់ប្រហែលគ្នា ពីបទ «រួមគំនិតក្បត់ ញុះញង់ និងក្លែងឯកសារជាសាធារណៈ» ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិផ្នែកសិទ្ធិមនុស្សបានចាត់ទុកករណីដាក់ទោសនេះ ថាជាការធ្វើទុក្ខបុកម្នេញ និងបង្ក្រាបសំឡេងរិះគន់ របស់បក្សប្រឆាំង៕