en     km
en     km

ក្រសួងការងារអន្តរាគមន៍រំដោះស្រ្តីពលករខ្មែរនៅអារ៉ាប៊ីសាអូឌីតចំនួន៧៨នាក់ករណីក្រុមហ៊ុនបង្ខាំងខ្លួន

Share

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបញ្ជាក់កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ថា ក្រសួងបាននឹងកំពុងដុតដៃដុតជើងអន្តរា គមន៍ជួយរំដោះស្រ្តីពលករខ្មែរចំនួន ៧៨ នាក់ដែលត្រូវបានក្រុមហ៊ុនមួយនៅប្រទេសអារ៉ាប៊ីសាអូឌីត​បង្ខាំងខ្លួនទុកដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់។

រូបភាពពលករនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតបង្ហោះវីដេអូសុំជំនួយពីអ្នកពាក់ព័ន្ធលើបណ្តាញសង្គម។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារបន្ថែមថា រដ្ឋាភិបាលនឹងចាត់ចែងទិញសំបុត្រយន្តហោះ​បញ្ជូនស្រ្តីទាំងអស់ត្រឡប់មកប្រទេសវិញឆាប់ៗនេះ។ ដោយជើងទី១ យន្តហោះនឹងដឹកជញ្ជួនពលករចំនួន២៩នាក់ត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។ រីឯនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យន្តហោះនឹងនាំស្រ្តីពលករចំនួន ២៧នាក់ទៀតមកកម្ពុជា។ ចំណែកថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ពលករចំនួន ២២នាក់ក៏នឹងបានត្រ ឡប់មកកម្ពុជាវិញផងដែរ។

គួរកត់សម្គាល់ថា កិច្ចអន្តរាគន៍នេះកើតឡើងបន្ទាប់ពីក្រុមស្រ្តីដែលជាប់ក្នុងការបង្ខាំងក្នុងក្រុមហ៊ុនបានបង្ហោះឃ្លីបវីដេអូចំនួនជិត ២នាទី ដោយដង្ហើយហៅសុំជំនួយពីអង្គព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា ព្រមជាមួយសមត្ថកិច្ចម្ចាស់ផ្ទះផងដែរឱ្យជួយរំដោះពួកគេចេញពីការបង្ខាំងទុករបស់ក្រុមហ៊ុន។ ក្រុមស្រ្តីពលករខ្មែរថែមទាំងបានបង្ហាញភាពតក់ស្លុត និងការហេវហត់អស់កម្លាំងយ៉ាងខ្លាំង ដ្បិតក្រុមហ៊ុនបានបង្ខាំងទុកពួកគេក្នុងបន្ទប់ ដោយបានដកយកទូរស័ព្ទ និងមិនបានផ្តល់អាហារហូបចុកនោះទេ។ ក្នុងឃ្លីបវីដេអូក្រុមស្រ្តីមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ពីការបង្ខាំងពួកគេទុកនោះទេ ដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុនបានស្រែកសម្លុតពលករថែមទៀតផង។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងបាននិងកំពុងបន្តនីតិវិធីបញ្ជូនពលករបម្រើការងារតាមផ្ទះឱ្យវិលត្រឡប់មកម្ពុជា ករណីស្រ្តីពលករមិនចង់បន្តការងារនៅទីនោះ។ ទាក់ទងករណីក្រុមហ៊ុនបង្ខាំងពលករវិញអ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធកំពុងពិនិត្យស៊ើបអង្កេតពីដំណើរការរបស់ក្រុមហ៊ុននាំពលករ ថាតើអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ឬទេ?។ លោកថាករណីរកឃើញមានកំហុស នោះនឹងត្រូវអនុវត្តតាមផ្លូវច្បាប់លើក្រុមហ៊ុន។

សូមជម្រាបថា ពលករទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah និង ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh ហើយចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បើតាមក្រសួងការងារ បច្ចុប្បន្នពួកគេស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ លោក អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់ពួកគេ៕

Share

ព័ត៌មានទាក់ទង

Image