ភ្នំពេញ ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅលើប្រព័ន្ធតេឡេក្រាមអ្នកនាំពាក្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។
រយៈពេល៤ថ្ងៃនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមជាទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរគួរឱ្យបារម្ភនោះទេ។
ដោយឡែកទាក់ទងប្រតិបត្តិការបង្រ្កាបវិញ លោក ទូច សុឃៈ បន្ថែមថា សមត្ថកិច្ចបានបង្ក្រាបទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដ្បិតសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។
សម្រាប់លោក ទូច សុឃៈ សមត្ថកិច្ចបានលះបង់កម្លាំងកាយចិត្ត ពេលវេលាពីក្រុមគ្រួសារដើម្បីសភាពការណ៍ក្នុងសង្គមប្រចាំថ្ងៃ ថែមទាំងបានបង្ក្រាបបទល្មើសមានប្រសិទ្ធភាពរហូតដល់៩៩ភាគរយទៀតផង។
ចំពោះករណីក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា មានសញ្ញាណល្អ ចេះយោគយល់អធ្យាស្រ័យគ្នា និងចេះអត់ឱនឱ្យគ្នាទោះបីជាមានសកម្មភាពប្រមូលផ្តុំ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមកក្នុងតំបន់សង្ក្រាន្តនៅតាមបណ្តាខេត្តទូទាំងប្រទេសយ៉ាងណាក្តី៕