en     km
en     km

វេទិកាស្ត្រី «រួមគ្នាបំបែកភាពស្ងៀមស្ងាត់ ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី» ធ្វើឡើងដើម្បីបញ្ចេញសំឡេងជាមួយគ្នា

Share

សមាគមនិងអ្នកពាក់ព័ន្ធ បានបង្កើតកម្មវិធីវេទិកាស្ត្រី «រួមគ្នាបំបែកភាពស្ងៀមស្ងាត់ ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី» ដើម្បីចូលរួមបញ្ចេញសំឡេងជាមួយគ្នា លំនាំសារទាមទារ និងតម្រូវការ ដើម្បីជំរុញការអនុវត្តការការពារសិទ្ធិ សេរីភាព និងយុត្តិធម៌សម្រាប់ស្ត្រី ឆ្ពោះទៅរកយុត្តិធម៌យេនឌ័រ នៅកម្ពុជា។

បច្ចុប្បន្ន អំពើហិង្សានៅតែបន្តកើតមាន ជាពិសេសកើតមាននៅលើស្ត្រីភេទ ដោយផ្អែកលើយេនឌ័រ និងអាចរាប់បញ្ចូលទាំងផលប៉ះពាល់ ឬការរំលោភបំពានទៅលើផ្លូវភេទ ផ្លូវកាយ ផ្លូវចិត្ត និង សេដ្ឋកិច្ច ហើយអំពើហិង្សាផ្អែកលើយេនឌ័រនេះ គឺជាការគំរាមកំហែងឥតឈប់ឈរសម្រាប់ក្មេងស្រី និងស្ត្រីនៅជុំវិញពិភពលោក ដោយមិនគិតពីអាយុ ពូជសាសន៍ ឬ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេឡើយ។

ក្នុងឱកាស អបអរសាទរទិវាអន្តជាតិនារី ខួប លើកទី១១៣ និងរំលឹកអំពីវីរភាពស្ត្រីក្នុងការតស៊ូទាមទារសិទ្ធិ និងសេរីភាពស្ត្រី សម្រាប់ស្ត្រីទូទាំងពិភពលោក សម្ព័ន្ធបងប្អូនស្រី ក្រុមសមាគមតន្ត្រីយុវវ័យនាំសារ សមាគមមណ្ឌលព័ត៌មានកម្មករ អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ និងកម្មវិធីផ្តោតលើលោកខាងត្បូង បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមបញ្ចេញសំឡេងជាមួយគ្នា លំនាំសារទាមទារ និងតម្រូវការ ដើម្បីជំរុញ ការអនុវត្តន៍ ការការពារសិទ្ធិ សេរីភាព និងយុត្តិធម៌សម្រាប់ស្ត្រី ឆ្ពោះទៅរកយុត្តិធម៌យេនឌ័រ នៅកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

យោងតាម អ្នកស្រី វណ្ណ សុម៉ាលី ជាអ្នកធ្វើការ នៅគ្រឹះស្ថានសេវាកម្សាន្តកម្មករ កម្មការិនីបាននិយាយថា បច្ចុប្បន្ននេះនៅតែកើតមានជាបន្តបន្ទាប់ចំពោះការទទួលរងនូវការរំលោភបំពានសិទ្ធិការងារ កេងប្រវញ្ចកំលាំងពលកម្ម តាមរយៈការបន្តប្រើប្រាស់ និងអនុវត្តនូវប្រព័ន្ធកំណត់ចំនួននៃការផលិតនៅក្នុងសង្វាក់ផលិតកម្មក្នុងរោងចក្រ ដែលចំនួននៃការកំណត់បន្តកើនឡើងឥតឈប់ឈរ។

អ្នកស្រីបញ្ចាក់ថា វិធីសាស្ត្រដែលបានកំណត់មួយចំនួន មានទម្រង់ផ្សេងៗពីគ្នា តែក្នុងគោលបំណងបង្កើនការផលិត និងមានគុណភាព តាមដែលថៅកែរោងចក្រចងបានដោយមិនខ្វល់ពីបញ្ហាប្រឈម និងផលប៉ះពាល់នានា ដែលកើតមានលើកម្មករកម្មការីនឹនោះទេ។ នៅពេលកម្មការិនីកម្មករផលិត ឬដេរមិនបានគ្រប់ចំនួនកំណត់ ពួកគេត្រូវទទួលរងការស្តីបន្ទោស ប្រមាថមាក់ងាយ ប្រៀបធៀប រវាងកម្មករ ឬតំណាងក្រុមទៅវិញទៅមក ព្រមទាំងការគំរាមកំហែងផ្តាច់កិច្ចសន្យាការងារជាដើម។ កត្តាទាំងនេះបានធ្វើឱ្យមាន ផលប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។

ម៉្យាងវិញទៀត កម្មករកម្មការនី អាចមានហានិភ័យ គ្រប់ទីកន្លែង មិនថានៅកន្លែងធ្វើការ នៅសាលារៀន នៅទីកន្លែងសាធារណៈ និងនៅផ្ទះ តាមរយៈទម្រង់ជាច្រើនដូចជា អំពើហិង្សាពីដៃគូស្និទ្ធ- ស្នាល អំពើហិង្សាផ្លូវភេទ អាពាហ៍​ពិពាហ៍​កុមារ ការកាត់ប្រដាប់ភេទស្ត្រី និងការដាក់កម្រិតទោសទណ្ឌតាមបែបប្រពៃណី ឬ ក្រោមរូបភាពនានាមកលើស្ត្រីដែលស្តែងចេញពីសកម្មភាពដែលត្រូវបានហៅថា “បទឧក្រិដ្ឋកិត្តិយស”

បើតាមស្មារតីនៃវេទិកាស្ត្រី អំពើហិង្សាលើយេនឌ័រ នៅតែបន្តកើតមាន និងមានឥទ្ធិពលយ៉ាងខ្លាំងលើវប្បធម៌កម្ពុជា ដោយស្ត្រីត្រូវបានបន្តចាត់ទុកជាកម្មវត្ថុ ឬជាភេទដែលងាយរងគ្រោះពីការរបៀតបៀន ហិង្សា និង ការរំលោភសេពសន្ទវៈដោយសាច់ញាតិ ឬ ការរំលោភសម្លាប់ពី សំណាក់ដៃគូ/ប្តីជាដើម ហើយជារឿយៗពួកគេត្រូវបានសន្មត់ និងត្រូវបានចាត់ទុកថាត្រូវការពឹងផ្អែកទៅលើបុរស ក្នុងជីវភាព ប្រចាំថ្ងៃ និងអនាគតរបស់ពួកគេ ហើយអាចមានផលប៉ះពាល់ពេញមួយជីវិតសម្រាប់អ្នកនៅរស់ និងអាចឈានដល់ការស្លាប់ផងដែរ។ ។

សមាគមអ្នករៀបចំ បានបង្កើតកម្មវិធីវេទិកាស្ត្រី «រួមគ្នាបំបែកភាពស្ងៀមស្ងាត់ ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី» ដើម្បីចូលរួមបញ្ចេញសំឡេងជាមួយគ្នា លំនាំសារទាមទារ និងតម្រូវការ ដើម្បីជំរុញការអនុវត្តន៍ ការការពារសិទ្ធិ សេរីភាព និងយុត្តិធម៌សម្រាប់ស្ត្រី ឆ្ពោះទៅរកយុត្តិធម៌យេនឌ័រ នៅកម្ពុជា។

វេតិកាស្ត្រីមើលឃើញថា ផ្នែកមួយចំនួនដែលបណ្តាលឱ្យបញ្ហាទាំងនេះនៅតែបន្តកើតមាននៅកម្ពុជា គឺបណ្តាលពីការចាក់ឬសគល់ នៃប្រព័ន្ធបិតាធិបតេយ្យ និងគម្រូនៃប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ន។ ប្រព័ន្ធបិតាធិបតេយ្យ បន្តមានអំណាច និងឥទ្ធិពលចាក់ឬសទៅ ក្នុងវិស័យនានា ចាប់ពីវិស័យការងារសារធារណៈ គោលនយោបាយ និងបទដ្ឋានគតិយុត្តិ ទស្សនៈ និងមនោគមន៍ ផ្នត់គំនិត សង្គម និងសាសនា រហូតមកទល់ពេលបច្ចុប្បន្ន។

នៅក្នុងកម្មវិធីក៏មានការសម្តែងសិល្បៈ ការតាំងពិព័រណ៌ ចាក់បញ្ចាំងវីដេអូកិច្ចសម្ភាសន៍ ជាមួយស្ត្រីដែលមានបទពិសោធក្នុងការងារសង្គម សកម្មជនស្ត្រីនិយម សកម្មជនស្ត្រីដឹកនាំសហគមន៍ ក្នុងកិច្ចការ ការពារធនធានធម្មជាតិ អ្នកប្រកបរបរផ្លូវភេទ បញ្ញាជន អ្នកសរសេរមាតិកា និងពិធិកាវីនឹឯករាជ្យជុំវិញទស្សនៈរបស់ពួកគេពាក់ព័ន្ធទៅនឹងស្ថានភាពស្ត្រី និង ស្ត្រីនិយមនៅកម្ពុជាពីជ្រុងផ្សេងៗ។ បន្ថែមពីនេះក៏មានមតិយោបល់ការឆ្លើយតបពីអ្នកពាក់ព័ន្ធ និងអ្នកចូលរួមជាដើម៕

អត្ថបទខ្លីសរសេរដោយ​ កញ្ញា សៃ ចន្ធី សិក្ខាកាម BBC

Share

Image
Image
Image