en     km
en     km

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពាវនាវឱ្យគោរពច្បាប់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មី

Share

ប្រភពរូប៖ គណៈកម្មាធីការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត របួស និងការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបចូលរួមគោរពអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
យោងតាមសេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ បានកត់សម្គាល់ឃើញថា កន្លងមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតែងតែមានកំណើនខ្ពស់នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបានបណ្តាលឱ្យមានកំណើនជនរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ ជាងនេះភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ដោយអនុវត្តវិធានការមួយចំនួនដូចជា ត្រូវពាក់មួកសុវត្ថិភាពជានិច្ច មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងបន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ។ មួយទៀត មិនត្រូវបើកបរក្នុងស្ថានភាពគ្រឿងស្រវឹង ចេះត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ចំណែកអ្នកបញ្ជារថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចពេលធ្វើដំណើរតាមផ្លូវ។ បន្ថែមពីនេះ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ពិសេសជាងនេះ ត្រូវពិនិត្យបច្ចេកទេសយានយន្តជាប្រចាំមុនចេញដំណើរ ជាមួយស្មារតីគោរពច្បាប់ ចេះអធ្យាស្រ័យពេលបើកបរ។ ចំណែកការលេងគប់ទឹកនិងប៉ាតម្សៅគួរជៀសវាងជាដាច់ខាតចំពោះអ្នកធ្វើដំណើរ៕

អត្ថបទ៖វ៉ាយ វត្តី

Share

ព័ត៌មានទាក់ទង

Image