en     km
en     km

ផ្ទៀងផ្ទាត់៖ ទឹកអាស៊ីត៣០តោនហូរពីឡាវចូលទន្លេមេគង្គ អាចមកដល់កម្ពុជា ឬទេ?

Share

ហេតុការណ៍មានឡានដឹកទំនិញផ្ទុកអាស៊ីតជាង៣០តោនក្រឡាប់ចូលក្នុងទឹកទន្លេ Nam Kham នៃប្រទេសឡាវដែលបណ្តាលឱ្យទឹកអាស៊ីតទាំងនោះបានធ្លាយចូលក្នុងទឹកទន្លេមេគង្គ។ ទន្លេមេគង្គដែលហូរកាត់ប្រទេសក្បែរខាងឡាវ ដូចជា ថៃ និងកម្ពុជាផងដែរ។ ការណ៍នេះ អាចបង្កក្ដីព្រួយបារម្ភ ពីការហូរសារធាតុគីមីពុលនេះ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលបានជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ។ មូលហេតុគឺបណ្តាលមកពីមានឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១,២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ នៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ។ បើតាមការឱ្យដឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែមិនបានហូរចូលក្នុងទឹកទាំងអស់នោះទេ។

ទន្ទឹមទៅនឹងការប្រកាសរបស់ភាគីកម្ពុជាខាងលើនេះ សារព័ត៌មានថៃBakok Post បានឱ្យដឹងថា ប្រធានការិយាល័យធនធានទឹកបានប្រកាសឱ្យអ្នករស់នៅខេត្តទាំង៧តាមដងទន្លេមេគង្គ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ខណៈមានទឹកអាស៊ីត៣០តោនបានហូរពីប្រទេសឡាវចូលមកដងទន្លេមេគង្គ។

វាល​ខ្សាច់​បាន​លេច​ឡើង​នៅ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ណាខន ផាន់ កាល​ពី​ចុង​ខែ​មុន។ ប្រភព៖ Bakok Post 

ព័ត៌មាននេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពនៃការប្រើប្រាស់ទឹកទន្លេមេគង្គ ដោយលើកឡើងថា «គ្រោះថ្នាក់ណាស់ ខ្មែរយើងប្រើទឹកទន្លេមេគង្គដែរ»។ ចំណែកខ្លះទៀតក៏បានបានចោទសួរថា តើជាតិពុលនេះអាចហូរមកដល់ទន្លេររបស់ខ្មែរដែរឬទេ?

ដើម្បីឆ្លើយបនឹងចម្ងល់នេះ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានព្យាយាមសុំការបំភ្លឺលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្តែលោកបដិសេធមិនផ្ដល់ព័ត៌មាន ដោយសារជាប់ប្រជុំ។ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានទាក់ទងទៅលោក ជួប ប៉ារីស អ្នកនាំពាក្យក្រសួងបរិស្ថាន។ លោកបានណែនាំឱ្យលោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យមួយរូបទៀតដែលតាមដានករណីនេះ។

លោក​ ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីថា គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ តាមការចុះយកសំណាក និងពិនិត្យគុណភាពនៅជាប់ព្រំដែនកម្ពុជា-ឡាវ ជាពិសេសក្នុងខេត្តស្ទឹងត្រែង ឃើញថា ទឹកទន្លេមេគង្គនៅស្ថិតនៅតំបន់ព្រំដែនប្រទេសកម្ពុជា មានគុណភាពប្រក្រតីនៅឡើយទេ។

«នៅក្នុងនោះ អឺ!! ចំណុចទី១ នៅក្នុងទីតាំងអន្លង់មរកតដែលមានចន្លោះពីបុរីអ៊ុតស្វាយ និងកោះឈើទាលធំ។ អ៊ីចឹងហឺ! នៅក្នុងនោះ គឺយើងហឺ! ពុំមានរកឃើញពីបញ្ហាគុណភាពទឹកគួរឱ្យសង្ស័យនោះទេ ពីព្រោះយើងមើលឃើញពីកម្រិតPHរបស់ទឹកហ្នឹង មាន7.9 ហើយហឺ!! ចំណុចនៅទីតាំងមួយទៀតនោះគឺ ក្បាលកោះបន្ទាយក៏យើងរកឃើញPH8.0ដែរ ហើយចំណុច! យើងធ្វើពីរបីចំណុចនៅថ្ងៃហ្នឹងបន្ថែមទៀតបាទ! ។ តាមពិតយើងចាប់ផ្តើម នៅចង់២ថ្ងៃ ចុងសប្តាហ៍មកម្ល៉េះ។ ប៉ុន្តែ ខ្ញុំចង់ចែករំលែកព័ត៌មានថ្មីៗ រហូតមកដល់ពេល ទឹកទន្លេមេគង្គរបស់យើង ទឹកគឺនៅមានគុណភាពជាប្រក្រតីទេ មិនមានការជ្រាប ឬក៏លេចក្នុងដែលជាតិអាស៊ីតនៃរថយន្តនោះទេ។»

ទោះយ៉ាងណា លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថា សារធាតុគីមីអាស៊ីដស៊ុលផួរិចដែលកំពប់ចូលទន្លេមេគង្គនោះ ទី១គឺប៉ះពាល់ដល់គុណភាពទឹក និងទី២ ប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅពេលប្រើប្រាស់ទឹកដែលមានសារធាតុគីមីនេះទៅអាចរម៉ាស់ និងកើតជំងឺផ្សេងផងដែរ។

«បាទ! អាហ្នឹងគឺប៉ះពាល់គុណភាពទឹក សំខាន់នៅពេលយើងបរិភោគទៅវាអាចបង្កឱ្យកើតជាជំងឺផ្សេងៗរមាស់ ឬក៏អាចបរិភោគទៅ បរិភោគទឹកមានជាតិហ្នឹងទៅ វាអាចប៉ះពាល់កើតជាជំងឺនៅក្នុងខ្លួនហា!ណា៎។ ប៉ុន្តែរហូតមកដល់ពេលនេះ ដូចខ្ញុំលើកអ៊ីចឹងPH=8.0 នៅឡើយទេ។ វាអត់មានធ្លាក់នោះទេ អុកស៊ីសែននៅក្នុងទឹកអីក៏ដូចគ្នាដែរ។»

លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន

សូមជម្រាបថា បន្ទាប់ពីកើតហេតុ នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។ ខណៈអាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ ពិនិត្យអង្កេតជាក់ស្តែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ដោយផ្អែកលើលទ្ធផលនៃការចុះ ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។ នេះបើតាមប្រកាសរបស់ក្រសួងបរិស្ថាន ដោយបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាផងដែរ ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើនេះ៕

Share

ព័ត៌មានទាក់ទង

Image