ភ្នំពេញ៖សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមហៅកាត់ថា(HEA)ជំរុញទៅកាន់សាធារណជនត្រូវចេះបង្ការការពារខ្លួនពីជំងឺរលាកថ្លើមប្រភេទបេ និងសេ តាមរយៈការតេស្តរកមេរោគនេះ និងចាក់វ៉ាក់សាំងការពារ ដ្បិតជំងឺនេះនៅតែជាឃាតករលាក់មុខសំងំបន្តសម្លាប់ជីវិតមនុស្សលើលោកប្រហែល ៤ពាន់នាក់ស្លាប់ជារៀងរាល់ថ្ងៃ។ នេះបើតាមព័ត៌មានដែលមន្រ្តីសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមផ្តល់មកវិទ្យុស្រ្តី។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
តាមរយៈព័ត៌មានខាងលើដដែរ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម (HEA) បានរៀបចំវេទិកាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេជាលើកទី២ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលវេទិកាដ៏សំខាន់នេះ មានគោលដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ។ ជាពិសេស ដើម្បីរំលេចនូវសារៈសំខាន់នៃការធ្វើតេស្តរកមេរោគ ព្រោះជំងឺរលាកថ្លើមប្រភេទបេ និងសេនេះ ជាជំងឺដែលបានបន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាលកម្ពុជា និងពិភពលោកទាំងមូល។
កម្មវិធីកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។រូបភាពពីមន្រ្តីHEA។
ជំងឺរលាកថ្លើមប្រភេទបេ និងសេ ដែលត្រូវបានស្ថាប័នអន្តរជាតិធំលើពិភពដាក់ការព្រួយបារម្ភជាខ្លាំង និងត្រូវបានគេឱ្យឈ្មោះថាជា “ឃាតករលាក់មុខ”នោះ ជំងឺនេះត្រូវបានប៉ាន់ប្រមាណថាបានផ្តាច់យកអាយុជីវិតមនុស្សក្នុងលោក ១,៣ លាននាក់ជារៀងរាល់ឆ្នាំ ដោយក្នុងមួយថ្ងៃមានមនុស្សស្លាប់៣៨០០នាក់ផងដែរ។
ផ្អែកតាមការបកស្រាយរបស់អ្នកជំនាញក្នុងវេទិកាខាងលើលើកឡើងថា ជំងឺនេះអាចសំងំនៅក្នុងខ្លួនមនុស្ស ហើយបង្កឱ្យខូចខាតថ្លើមយ៉ាងធ្ងន់ធ្ងរ ដោយមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ជាងនេះប្រជាជនជាច្រើនក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយជំងឺនេះដោយមិនដឹងខ្លួន ជាហេតុដែលវិធានការការពារ និង លុបបំបាត់ពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ ហើយអ្វីរឹតតែចាំបាច់ទៀតនោះ ដោយសារវិសាលភាពនៃសេវាព្យាបាល ព្រមទាំងលទ្ធភាព និងការយល់ដឹងទាក់ទងការការពារ ការព្យាបាលជំងឺរលាកថ្លើមនៅតែមានកម្រិតនៅឡើយតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
កញ្ញា ម៉េង សក្តា អ្នកនាំពាក្យសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA បានបង្ហាញពីបេសកកម្ម និងចក្ខុវិស័យរបស់សម្ព័នលុបបំបាត់ជំងឺរលាកថ្លើម ថា សម្ព័ន្ធដើរតួនាទីជាអ្នកផ្សាភ្ជាប់រវាងវិស័យសាធារណៈ និងឯកជន ដែលមានគោលដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ។ កញ្ញាថា បេសកកម្មរបស់ HEA បានដាក់ការប្តេជ្ញាចិត្ត ខិតខំផ្សព្វផ្សាយការយល់ដឹង ពង្រីកនូវវិសាលភាពនៃសេវាព្យាបាល និង ការសម្របសម្រួលតម្លៃនៃការព្យាបាល។
តារយៈវេទិកានេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងជាសាធារណៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទបេ និងសេ ដោយសម្ព័ន្ធ លុបបំបាត់ជំងឺរលាកថ្លើម ចាប់ផ្តើមយុទ្ធនាកាណ៍ផ្សព្វផ្សាយ និងព្រឹត្តិការណ៍សាធារណៈជាបន្តបន្ទាប់ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីជំងឺរលាកថ្លើម និងលើកទឹកចិត្តក្នុងការធ្វើតេស្តពិនិត្យ និងព្យាបាល។
តាមរយៈកិច្ចសហការ និងការយកចិត្តទុកដាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា វេទិកា លុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ជូនថា ជំងឺរលាកថ្លើម គឺជាការរលាកនៃថ្លើមដែលបានបណ្តាលមកពីកត្តាដែលបង្កដោយវីរុស និង កត្តាមិនបង្កដោយវីរុស។ កត្តាបង្កដោយវីរុសមាន៥ប្រភេទផ្សេងៗគ្នា គឺវីរុសប្រភេទ A B C D និង E។ ក្នុងចំណោមប្រភេទវីរុសទាំងនេះ ជំងឺរលាកថ្លើមបង្កដោយវីរុសប្រភេទបេ និងសេ គឺជាជំងឺដែលបានដាក់បន្ទុកដ៏ធ្ងន់ធ្ងរនៅលើពិភពលោក និងប្រទេសកម្ពុជាយើងផងដែរ។
ជំងឺរលាកថ្លើមប្រភេទបេ និងសេ មិនលេចចេញនៅរោគសញ្ញានោះទេ ហើយបើទោះបីជាចេញរោគសញ្ញាក៏រោគសញ្ញានោះអាចច្រឡំទៅអាការៈនៃជំងឺផ្សេងផងដែរ។
អ្នកជំនាញបញ្ជាក់ថា ជំងឺរលាកថ្លើមប្រភេទបេ មានវ៉ាក់សាំងសម្រាប់ការពារដែលមានប្រសិទ្ធភាព ក៏ប៉ុន្តែពុំអាចព្យាបាលជាដាច់នោះទេ។ ចំណែកឯជំងឺរលាកថ្លើមប្រភេទសេ អាចព្យាបាលជា ដោយប្រើរយៈពេល៣ខែទៅ៦ខែ ក៏ប៉ុន្តែគេពុំទាន់រកឃើញវ៉ាក់សាំងការពារដែលមានប្រសិទ្ធភាពនៅឡើយទេ។ ជំងឺរលាកថ្លើមប្រភេទបេ និងសេមិនមែនជាជំងឺតពូជនោះទេ។
ជំងឺនេះឆ្លងលឿន ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ឈាម ការរួមភេទដោយមិនបានការពារ និងឆ្លងពីម្តាយទៅកូនក្នុងអំឡុងពេលសម្រាល។ក៏ប៉ុន្តែជំងឺរលាកថ្លើមមិនឆ្លងតាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នានោះទេ តួយ៉ាងការទទួលទានទឹកកែវរួមគ្នា ឬទទួលទានបាយប្រើស្លាបព្រារួមគ្នា វាលលែងករណីមានការដាច់រលាត់មានឈាមតែប៉ុណ្ណោះ។
មួយវិញទៀត ជំងឺរលាកថ្លើមប្រភេទបេ អាចត្រូវបានគេរកឃើញថាកើតមានចំពោះមនុស្សស្ថិតក្នុងវ័យចាប់ពីអាយុ ៣០ទៅ ៥៩ឆ្នាំ ព្រោះក្នុងអំឡុងអាយុនេះបុគ្គលភាគច្រើនមានភាពសកម្មក្នុងទំនាក់ទំនងផ្លូវភេទ ការប្រើប្រាស់ស៊ឺរ៉ាងចាក់ថ្នាំញៀនរួមគ្នាជាដើម។ រីឯអ្នកដែលមានជំងឺរលាកថ្លើមប្រភេទសេខ្ពស់គឺស្ថិតចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ។
អនុសាសន៍ពីលោកវេជ្ជបណ្ឌិត គឹម ចំរើនសាន្ត អតីតមន្រ្តីជំនាញ នៃអង្គការគ្រូពេទ្យគ្មានព្រំដែន ប្រចាំនៅមក្ពុជា បានលើកឡើងថា ការការពារជំងឺរលាកថ្លើមប្រភេទបេ គឺត្រូវតែចាក់វ៉ាក់សាំង។ ចំណែកឯការការពារវិញលោកថា ជំងឺរលាកថ្លើមប្រភេទសេគឺត្រូវធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទសេឱ្យបានយ៉ាងហោចណាស់ ១ឆ្នាំម្តង និងថែទាំសុខភាពឱ្យបានខ្ជាប់ខ្ជួនជៀសវាងការប៉ះពាល់ឈាម និងទង្វើផ្សេងៗដែលអាចបណ្តាលឱ្យមានហានិភ័យក្នុងការចម្លង។ ចំពោះការថែទាំសុខភាពថ្លើមជាទូទៅវិញ គឺត្រូវជៀសវាងការទទួលទានស្រា គួរបរិភោគអាហារណាដែលជំនួយដល់សុខភាព ជៀសវាងអាហារដែលមានជាតិពុលច្រើន និងគួរគប្បីរក្សាទម្ងន់។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO)បង្ហាញថា មនុស្សប្រមាណ ២៥៤ លាននាក់កំពុងរស់នៅជាមួយជំងឺរលាកថ្លើមប្រភេទបេ និង ៥០លាននាក់កំពុងរស់នៅជាមួយជំងឺរលាកថ្លើមប្រភេទសេ៕