en     km
en     km

ទស្សនៈមួយចំនួននៅតែជំរុញឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ

Share

នៅក្នុងសង្គមខ្មែរ តាំងពីបុរាណកាលរៀងមករហូតដល់បច្ចុប្បន្ននេះគេតែងកត់សម្គាល់ឃើញថា ប្រជាជនខ្មែរនៅតែប្រកាន់ខ្ជាប់នូវ ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផងរបស់ខ្មែរ ជាពិសេសទាក់ទងនឹងការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដូចជាអាវប៉ាក់ ហូល ផាមួង ជាដើម នៅក្នុងឱកាសពិធីបុណ្យជាតិធំៗ ឬក៏នៅក្នុងពិធីសំខាន់ៗមួយចំនួននៅក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ វប្បធម៌ខ្មែរ ដ៏រុងរឿងរបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ បើទោះជាសម័យកាលវិវត្តន៍ហើយការស្លៀកពាក់បានប្រែប្រួល ប៉ុន្តែទស្សនៈមួយចំនួននៅតែជំរុញឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ ។ សូមនាងកញ្ញា ​លោក លោកស្ត្រី ស្ដាប់បទយកការណ៍របស់ អ្នកស្រី វ៉ាយ វត្តី ដោយមេត្រី!

ទោះបីជាមានការប្រែប្រួលនៃសម័យកាល ពីជំនាន់មួយ ទៅជំនាន់ទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ យ៉ាងណាក៏ដោយ ក៏សម្លៀកបំពាក់ប្រពៃណីខ្មែរនៅតែមានការប្រកាន់ភ្ជាប់និងនិយមប្រើប្រាស់ពីសំណាក់ស្រ្តីខ្មែរយើង ជាពិសេសយើងអាចកត់សម្គាល់ឃើញច្បាស់អំពីការនិយមប្រើប្រាស់សម្លៀក​បំពាក់ប្រពៃណីជាតិនេះនៅតាមទីវត្តអារាម ទីប្រជុំជននានានៅក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យសាសនា ពិធីមង្គលការជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានស្រ្តីសម័យថ្មីមួយចំនួន ក៏និយមចូលចិត្តស្លៀកសម្លៀកបំពាក់បែបសម័យទំនើប និងស៊ិចស៊ី ខ្លីៗ ដើម្បីឱ្យទាន់សម័យបែបឥឡូវហ្នឹងផងដែរ។

ជួបជាមួយ អ្នកស្រី ផន ចិន្តា មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលនិយមចូលចិត្តស្លៀកសម្លៀកបំពាក់បែបប្រពៃណីនោះ បានយល់ឃើញថា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នារីខ្មែរយើងស្លៀកសម្លៀកបំពាក់បែបប្រពៃណីហូល ផាមួង អាវប៉ាក់ទៅវត្ត ជារឿងមួយដែលល្អប្រសើរ ព្រោះថានៅក្នុងសង្គមខ្មែរយើង បើយើងមិនស្លៀកសម្លៀកបំពាក់ប្រពៃណី វប្បធម៌របស់យើងទេ នោះថ្ងៃក្រោយទៅវប្បធម៌ខ្មែរយើងនឹងត្រូវសាបសូន្យ។ ជាមួយគ្នានេះ អ្នកស្រីក៏បានផ្តាំផ្ញើដល់យុវតីជំនាន់ក្រោយៗឱ្យចូលរួមថែរក្សា និងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានច្រើន។ អ្នកស្រីក៏បានឱ្យដឹងបន្ថែមថា ការនិយមស្លៀកសម្លៀកបំពាក់បែបប្រពៃណីនៅទីជនបទឃើញល្អច្រើនជាងនៅភ្នំពេញ។

«បើនៅជនបទ ភាគច្រើនរាងល្អដែរ គេចូលចិត្តស្លៀកសម្លៀកបំពាក់ខ្មែរយើង បើនៅភ្នំពេញរាងអត់សូវចូលចិត្តស្លៀក អ៊ីចឹងគេចូលចិត្តស៊ិចស៊ី ទាន់សម័យបែបឥឡូវហ្នឹង បើនៅជនបទឃើញភាគច្រើន»

ស្រដៀងគ្នានេះដែរ អ្នកស្រី សំ ភឿន ជាងកាត់ដេរសម្លៀកបំពាក់បែបប្រពៃណី បានគាំទ្រឱ្យនារីខ្មែរ ស្លៀ​​កសម្លៀកបំពាក់ប្រពៃណីឱ្យបានច្រើនល្អជាង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ដើម្បីលើកតម្លៃសម្លៀកបំពាក់បុរាណយើង កុំឱ្យវាបាត់បង់ ។

« ក្មេងឥឡូវភាគច្រើនអាវភាគច្រើនចេញក្បាលពោះ ក្បាលអីអ៊ីចឹងទៅ ហើយនៅពេលស្លៀកខ្លើចៗចូលវត្ត ក៏វាអត់សមដែរ បើយើងបានអាវប៉ាក់ អាវស វែងៗអីទៅ ​​​​វា គួរសម យើងចូលវត្តចូលអី ​​ កុំស្លៀកខើច អ្នកខ្លះស្លៀកខើចៗ ​ ពេលអង្គុយទៅពិបាកភ្នែកមើលណាស់ ជាពិសេសអាវ ក៏ដូចគ្នា សំពត់ក៏ដូចគ្នាដែរ»។

ដោយសារតែសេដ្ឋកិច្ចឆ្នាំនេះ មិនសូវល្អបើធៀបនឹងឆ្នាំកន្លងទៅ​  នារីដែលមកកាត់សម្លៀកបំពាក់បែបប្រពៃណីមិនសូវជាមានច្រើនទេ។ នេះតាមការបញ្ជាក់ឱ្យដឹងពី លោក ឌី ស៊ីមអ៊ួន  មេជាងកាត់ដេរទាំងសម្លៀកបំពាក់បុរាណនិងសម័យ ។

«សេដ្ឋកិច្ចអត់សូវល្អ អត់ដូច​​​រាល់ឆ្នាំគេចូលចិត្តកាត់អាវប្រពៃណី ពេលគេការ គេចូលចិត្តពាក់អាវហូល កឌុប កត្រង់ តែឆ្នាំនេះមិនសូវមានទេ រាល់ថ្ងៃធ្វើឱ្យតែក្រុមហ៊ុនគេទេ មិនសូវមានអ្នកមកកាត់លក្ខណៈការ ឬគ្រួសារទេកាលពីមុនគេឧស្សាហ៍មកកាត់ ពេលឥឡូវសេដ្ឋកិច្ចយើងអត់សូវល្អ អត់ដូចរាល់ឆ្នាំ »

ជុំវិញការលើកឡើងអំពីទស្សនៈផ្សេងៗទាក់ទងនឹងការស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះលោក រឿង ​សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឱ្យដឹងថា

​តាមការសង្កេតជាទូទៅឃើញ​​មហាជនទូទៅមានការចាប់អារម្មណ៍ច្រើន​ ហើយក៏មានការផ្សព្វផ្សាយតៗគ្នាច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ​ ហើយ តែងតែ​​​​​​​​​មានការឈឺឆ្កាលទៅលើប្រពៃណី ទំនៀមទម្លាប់របស់យើងហ្នឹង ​ហើយយើងឃើញមានច្រើន។

«យើងតែងតែអំពាវនាវ ហើយក៏ជាសំណូមពរយើងទេ សូមឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះយើងត្រលប់ទៅអនុវត្តន៍ពីអីដែលជាប្រពៃណីទំនៀមទំលាប់ដែលផូរផង់របស់យើងពីដើមមកដែលជាប្រពៃណីដ៏មានតំលៃ អ៊ីចឹងទេរឿងខ្លះដែលវាហូរចូលពីខាងក្រៅអាហ្នឹងមិនមែនជារបស់យើងក៏ធ្វើឱ្យយើងអាប់អោន វាអត់សូវល្អ ធ្វើឱ្យអាប់អោន អ៊ីចឹងទេយើងទាំងអស់គ្នា ចូលរួមទាំងអស់គ្នាមិនថា​អ្នកណាជាអ្នកណាទេ ដើម្បីផ្សព្វផ្សាយទាំងអស់គ្នា ហើយពន្យល់ទៅកូនចៅ ពន្យល់ទៅបងប្អូនសាច់ញាតិដែលនៅជិតៗយើងឱ្យងាកលេងល្បែងប្រជាប្រិយ ងាកមកស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ទៅវត្តអារាម មានតែវត្តអារាមទេ ដែលរក្សាប្រពៃណីហ្នឹងបានក្នុងរដូវកាលចូលឆ្នាំ ឬក៏ទីប្រជុំជនផ្សេង​​​​ៗ»។

ក្នុងគោលបំណងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រលប់មកគាំទ្រ ឬក៏ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានកាន់ច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហាងកាត់សម្លៀកបំពាក់ប៉ារ៉ាឌី បានសម្រេចលក់បញ្ចុះសម្រាប់សម្លៀកបំពាក់បុរាណដែលមានហូលខ្មែរ ផាមួងខ្មែរ និងអាវប៉ាក់ស ជាពិសេសសម្រាប់សំពតបត់ និងអាវប៉ាក់សដែលមានរហូតដល់៥០ភាគរយ នេះបើតាមការបញ្ជាក់ឱ្យដឹងពីកញ្ញា ស្រី ហួយ តំណាងហាងប៉ារ៉ាឌី។

«ដោយសារតែមានការគាំទ្រច្រើន ភ្ញៀវគាត់មកកាត់ផង និងភ្ញៀវមកទិញឈុតស្រាប់ៗច្រើនមែនទែន ហើយតម្លៃបងប្អូនកុំភ័យណា​មានប្រមូលសិនហើយតម្លៃគឺមានតម្លៃទាប តម្លៃកណ្តាល​ តម្លៃខ្ពស់គឺយើងមានទាំងអស់ ដោយសារតែចង់ឱ្យបងប្អូនគាត់បានស្លៀកគ្រប់ទម្រង់ ចា អ៊ីចឹងតម្លៃប៉ុន្មានក៏យើងមានជូនគាត់ដែរ»។

បន្ថែមពីលើនេះកញ្ញា បានបញ្ជាក់ឱ្យដឹងទៀតថា ចំណុចពិសេសជាងនេះទៅទៀតនោះគឺ ការគាំទ្រនូវផលិតផល ហូលខែ្មរ ផាមួងខ្មែរ បានជួយទៅដល់បងប្អូនខាងកីតម្បាញថែមទៀតដើម្បីឱ្យពួកគាត់មានការងារធ្វើ។

ជាទស្សនៈផ្ទាល់កញ្ញា ស្រី ហួយ យល់ឃើញថា នៅពេលដែលបានគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរគឺអាចនិយាយបានថា ស្អាត សមរម្យ សុភាពសារ និងថ្លៃថ្នូរ៕

ប្រភពរូបភាព៖ ហាងកាត់សម្លៀកបំពាក់ប៉ារ៉ាឌី

 

 

 

Share

Image
Image
Image