ខណៈពេលដែលកម្ពុជាកំពុងស្ថិតក្នុងរដូវក្ដៅ ស្ត្រីជាម្ដាយ មានវ័យ១៩ឆ្នាំ ទើបនឹងសម្រាលកូនបាន១០ថ្ងៃ កំពុងរស់នៅក្នុងទីជម្រកដែលចងបិទបាំង និងហ៊ុមព័ទ្ធដោយកាកសំណល់ និងសំរាម នៅក្រោយវត្តច្បារអំពៅ យ៉ាងលំបាក។
ដោយសារតែអាកាសធាតុក្ដៅក្ដៅខ្លាំង ស្ត្រីជាម្ដាយបានយកទឹកចាក់ពីលើក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឱ្យឆួលកំដៅក្ដៅខ្លាំងពេក នាពេលថ្ងៃ ។ នៅពេលសម្រាលកូនបាន១០ថ្ងៃ ស្ត្រីជាម្ដាយបានបីកូនដើរហាល ថ្ងៃសុំអាហារគេហូបទៅហើយ ។ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ កាលពីថ្ងៃទី៧ ខែមេសា ។
លោក ផន ផល្លា អ្នកគ្រប់មណ្ឌលមែកឈើដែលជាទីជម្រកសម្រាប់កុមារកំព្រា បានបង្ហោះរូបភាព៥សន្លឹកអំពីស្ត្រីជាម្ដាយ និងទារកអាយុ១០ថ្ងៃ ជាមួយនឹងសំណេរថា ការពិត គ្នារស់នៅជាមួយសំរាម និងកាកសំណល់ដែលគេចោលសល់តែប៉ុណ្ណោះ ខ្ញុំបានលូនចូលទៅបីទារកចេញពីកន្លែងដែលបានចងបិទបាំង ដោយហ៊ុំព័ន្ធដោយកាកសំណល់ និងសំរាមទាំងនោះ ចេញមកខាងក្រៅ ។
ប្រធានមណ្ឌលមែកឈើរូបនេះ បន្តថា «ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងកម្រាលដេក និងអ្វីៗដែលជាជម្រករបស់គេនោះ ពោរពេញដោយភាពកខ្វក់ និងក្លិនមិនល្អគ្រប់បែបយ៉ាង ខ្ញុំស្រណោះតែទារកតូចនោះទេ ដែលត្រូវដាក់ឱ្យដេកនៅទីនោះ ហើយក្នុងស្ថានភាពបែបនោះ ខែនេះក្ដៅណាស់ អ្វីដែលកាន់តែខ្លោចចិត្ត គឺប្អូនស្រីដែលត្រូវជាម្ដាយនេះ បានយកទឹកចាក់ពីលើក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឱ្យវាឆួលកំដៅក្ដៅខ្លាំងពេកនាពេលថ្ងៃ កើតកូនបានពីរថ្ងៃ ប្អូនបានបីកូន ដើរសុំអីគេហូបទៅហើយ រហូតមកដល់ថ្ងៃនេះ ទារកតូច គឺមានអាយុ១០ថ្ងៃត្រឹម។»
តាមរយៈការបង្ហោះពីស្ថានភាពរបស់ស្ត្រីជាម្ដាយ និងកូនតូចដែលស្ថិតក្នុងស្ថានភាពលំបាកនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងក្ដីអាណិតអាសូរ និងអំពាវនាវសុំឱ្យជួយស្ត្រីជាម្ដាយ ជាពិសេសកូនតូចដែលទើបនឹងកើតបាន១០ថ្ងៃនោះ ដ្បិតថាស្ថានភាពលំបាករបស់ម្ដាយកូននេះ ចំពេលដែលអាកាសធាតុក្ដៅខ្លាំង ដែលអាចប្រឈមដល់សុខភាពទាំងម្ដាយ និងកូនតូច ៕