en     km
en     km

អង្គការ Save the Children បំពាក់សម្ភារឧបទេស៥មុខវិជ្ជាជំនួយការបង្រៀននិងរៀនមានប្រសិទ្ធភាពទ្វេដង

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានមត្តេយ្យសិក្សារដ្ឋ និងសហគមន៍សរុប ៣៦ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ ត្រូវបានបំពាក់សម្ភារឧបទេសចំនួន ៥ មុខវិជ្ជា តាមរយៈគម្រោងហ្គ្រីន របស់អង្គការ Save the Children ប្រចាំកម្ពុជា។ សម្ភារឧបទេសទាំងនោះ បានដាក់បញ្ចូលនូវឧបករណ៍ដែលមានផាតពណ៌ចម្រុះ មានរូបភាពគំរូ និងសម្ភារៈកែច្នៃមានលាបពណ៌ជាច្រើនទៀត ដើម្បីជំនួយដល់ការបង្រៀននិងការរៀនរបស់សិស្សកាន់តែមានភាពប្លែកថ្មី ទាក់ទាញចំណាប់អារម្មណ៍សិស្សមិនឱ្យធុញទ្រាន់ក្នុងពេលសិក្សា។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រុមការងារគម្រោង“បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ភាគខាងកើតបឹងទន្លេសាប”  ហៅកាត់ថា ហ្គ្រីន របស់អង្គការ Save the Children ប្រចាំកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីចែកសម្ភារឧបទេសចំនួន៥មុខវិជ្ជា​ និងវគ្គបណ្តុះបណ្តាលការប្រើប្រាស់ សម្រាប់គ្រូមត្តេយ្យសិក្សារដ្ឋ និងសហគមន៍។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ Save the Children ប្រចាំកម្ពុជាបង្ហោះកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ពិធីប្រគល់សម្ភារឧបទេស។រូបភាពពីមន្រ្តីអង្គការ Save the Children។

សម្ភារឧបទេសចំនួន៥មុខវិជ្ជា រួមមាន សិក្សាសង្គម ភាសាខ្មែរ បុរេគណិត វិទ្យាសាស្រ្ត និងចិត្តចលភាព ត្រូវបានដំណើរការផលិតឡើងក្នុងរយៈពេល ៦ខែ ដោយប្រើថវិកាចំណាយសរុប ១ម៉ឺន៧ពាន់ដុល្លារ ដោយមានការចូលរួមពីគ្រូមត្តេយ្យ និងអាណាព្យាបាល ដើម្បីចែកជូនទៅដល់មត្តេយ្យសិក្សារដ្ឋ និងសហគមន៍សរុប ៣៦ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។

មន្រ្តីអង្គការSave the Childrenធ្វើបទបង្ហាញពីសម្ភារឧបទេស។រូបភាពពីមន្រ្តីអង្គការ Save the Children។

បើតាមអង្គការ Save the Children សម្ភារឧបទេសទាំងនេះ ត្រូវបានផលិតឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ដែលស្របតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ និងតម្រូវការរបស់មត្តេយ្យសិក្សា ក៏ដូចជាពង្រឹងប្រសិទ្ធិភាពនៃការបង្រៀន និងការរៀនសូត្ររបស់កុមារតូច។ ផ្អែកតាមមន្រ្តីអង្គការ Save the Children សម្ភារឧបទេសទាំងនោះ ជាប្រដាប់ប្រដាឧបករណ៍មានពណ៌ចម្រុះ មានជាលេខ តួអក្សរ រូបគំរូ និងសម្ភាៈកែច្នៃពីកំប៉ុង ត្រឡោកដូងជាដើម ដើម្បីជំនួយដល់ការបង្រៀននិងរៀនកាន់តែមានភាពសកម្ម រស់រវើក ធ្វើឱ្យសិស្សងាយយល់និងមិនធុញទ្រាន់ពេលពេល។

គ្រឿងប្រដាប់ប្រដាឧបទេសបង្រៀន។រូបភាពពីមន្រ្តីអង្គការ Save the Children។

ក្នុងមតិស្វាគមន៍នាឱកាសនោះលោក តុន គន្ធែល ប្រធានគម្រោងហ្គ្រីនបានឱ្យដឹងថា ការចែកសម្ភារឧបទេស និងវគ្គបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ។

លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ ជាផ្នែកមួយនៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច ផ្តោតលើកុមារអាយុពី៣ ទៅ៥ឆ្នាំ អភិវឌ្ឍប្រាជ្ញាស្មារតីជាមូលដ្ឋានត្រៀមជាស្រេច ដើម្បីចូលរៀនថ្នាក់ទី១ នៅអាយុ ៦ឆ្នាំ។ លោកថាការវិនិយោគលើការអប់រំរបស់កុមារ នាំឱ្យអនាគតកុមារភ្លឺត្រចះត្រចង់  សម្រាប់ការចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សង្គមជាតិ។

លោក តុន គន្ធែល ប្រធានគម្រោងហ្គ្រីន។រូបភាពពីមន្រ្តីអង្គការ Save the Children។

រីឯលោក អ៊ី សារី អភិបាលរងស្រុកបរិបូណ៌ ថ្លែងដោយជឿជាក់ថា គ្រូមត្តេយ្យរដ្ឋ និងសហគមន៍ក្នុងតំបន់គោលដៅរបស់គម្រោង នឹងប្រើប្រាស់សម្ភារឧបទេសទាំងនេះ សម្រាប់បង្ហាត់បង្រៀនបន្តដល់កុមារតាមថ្នាក់មត្តេយ្យគោលដៅ នៅតាមតំបន់ដែលជួបការលំបាក។ លោកថា កម្មវិធីនេះក៏ជួយកុមារតូចឲ្យទទួលបាននូវវិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទាជានវានុបវត្តន៍ក្នុងការលើកតម្កើនការអប់រំ ការថែទាំសុខភាព និងការការពារកុមារពីការរំលោភបំពាន សំដៅធ្វើយ៉ាងណាឲ្យកុមារទាំងអស់ យល់ពីសិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងចូលរួមពង្រឹងតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ឪពុកម្តាយចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូន ។

លោក អ៊ី សារី អភិបាលរងស្រុកបរិបូណ៌ ។រូបភាពពីមន្រ្តីអង្គការ Save the Children។

អ្នកទទួលផលពីគម្រោងហ្គ្រីននេះ អ្នកគ្រូ វុន ធារិទ្ធ គ្រូមត្តេយ្យសហគមន៍សាលាអ្នកតាពោធិ៍ ស្ថិតក្នុងស្រុកបរិបូណ៌ បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពសម្ភារឧបទេស នឹងជួយសម្រួលដល់ដំណើរការបង្រៀន កាត់បន្ថយពេល និងចំណាយផ្ទាល់ខ្លួនរបស់គ្រូ។

អ្នកគ្រូជឿកជាក់ថា សម្ភារឧបទេសទាំងនេះ ធ្វើឡើងស្របតាមកម្មវិធីសិក្សាសម័យថ្មីរបស់ក្រសួងអប់រំ ហើយជួយឱ្យក្មេងងាយយល់ ឆាប់ចាប់បានមេរៀន ហើយទាក់ទាញកុមារឱ្យមករៀនទៀងទាត់ផងដែរ។

 

សម្ភារឧបទេសជំនួយដល់ការបង្រៀន។រូបភាពពីមន្រ្តីអង្គការ Save the Children។

ក្នុងពិធីនេះផងដែរ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការពិគ្រោះ និងប្រឹក្សាយោបល់កិច្ចការស្រ្តី និងកុមារ បានរម្លឹកពីតួនាទីដ៏សំខាន់របស់គ្រូមត្តេយ្យក្នុងកិច្ចការការងារអប់រំគ្រឹះមូលដ្ឋានសម្រាប់កុមារតូច ទាំងការប្តេជ្ញាចិត្ត ការលះបង់ពេលវេលា និងការចំណាយផ្សេងៗរបស់គ្រូមត្តេយ្យ ដែលការលះបង់ទាំងនេះទាមទារការយកចិត្តទុកដាក់បន្ថែមពីអាជ្ញាធរឃុំ និងថ្នាក់ជាតិ។

សម្ភារឧបទេសជំនួយដល់ការបង្រៀន។រូបភាពពីមន្រ្តីអង្គការ Save the Children។

លោកស្រីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង​ បានស្នើឱ្យគណៈអភិបាលស្រុកបរិបូណ៌ ពិនិត្យតម្លើងប្រាក់ឧបត្ថម្ភជូនគ្រូមត្តេយ្យសហគមន៍ចាប់ពី៥៥ ឬ៦៥ម៉ឺនរៀលឡើងទៅ ដែលស្មើនឹងមន្រ្តីកិច្ចសន្យាតែម្តង ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ។ ជាងនេះលោកស្រី សន្យាលើកយកបញ្ហានេះ ទៅធ្វើការតស៊ូមតិ និងស្នើក្នុងកម្រិតថ្នាក់ជាតិ ដើម្បីឱ្យគ្រូមត្តេយ្យនៅបណ្តាខេត្តផ្សេងៗ អាចទទួលបានការឆ្លើយតបសមរម្យចំពោះការខិតខំ និងការលះបង់របស់ពួកគេ។

លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការពិគ្រោះ និងប្រឹក្សាយោបល់កិច្ចការស្រ្តី និងកុមារ ថ្លែងក្នុងកម្មវិធី។រូបភាពពីមន្រ្តីអង្គការ Save the Children។

សូមជម្រាប់ជូនថា បច្ចុប្បន្នសហគមន៍នេសាទក្នុងតំបន់ភាគខាងកើតបឹងទន្លេសាប កំពុងប្រឈមនឹងស្ថានភាពលំបាកក្នុងការចិញ្ចឹមជីវិត ពិសេសថយចុះប្រាក់ចំណូលពីផលនេសាទថយចុះ ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការនេសាទលើសលុប ជាដើម។

គួរបញ្ជាក់ដែរថា គម្រោង ហ្គ្រីន នេះទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អនុវត្តរយៈពេល៤ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត អនាម័យ ការគ្រប់គ្រងសំណល់រឹង គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំក្នុងសហគមន៍នេសាទងាយរងគ្រោះ នៅតំបន់ខាងកើតបឹងទន្លេសាប៕

Share

ព័ត៌មានទាក់ទង

Image