en     km
en     km

បទយកការណ៍៖ យុវតីស្រឡាញ់ភេទដូចគ្នា១គូ ជម្នះការទិតៀនសង្គម និងបរិបទគ្រួសារ ប្តេជ្ញាសាងស្នេហាតាមធម្មជាតិរបស់ខ្លួន

Share

ជម្នះគ្រប់សបសគ្គទោះគ្រួសារព្រមានកាត់កាល់ចោលក៏ដោយ ក៏កម្មការីរោងចក្រទាំងពីរនាក់ ជាអ្នកស្រឡាញ់ភេទដូចគ្នា បានប្រឈមមុខជាមួយគ្រួសារផង និងមជ្ឈដ្ឋានជុំវិញខ្លួនផង រហូតក្លាយជាសង្សារ និងមានគម្រោងអនាគតជាមួយគ្នា។ មិនត្រឹមតែជន្នះគ្រួសារពួកគេក៏បានជម្នះចំពោះការការរើសអើង និងការទិតៀននៅកន្លែងការងារផងដែរ។ ចង់ដឹងថា ស្នេហាភេទដូចគ្នាមួយគូនេះ ជួបឧបសគ្គបែបណាខ្លះ ហើយថាតើពួកគេមានផែនការជាមួយគ្នាយ៉ាងណា? សូមនាង កញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ងិន ស៊ាងលីម ដូចតទៅ។ Feature-4-4-2024-Seanglim-LGBT

B« អ្ហែងស្រឡាញ់ស្រីដូចគ្នា អត់ខ្លាចគេបោកទេអី? ឬពាក្យមួយទៀត ស្រឡាញ់ស្រីហ្នឹងអត់មានអនាគត។ ស្រឡាញ់ស្រីដូចគ្នាហ្នឹងធ្វើម៉េច? ពាក្យមួយចំនួនគេសួរមក អ៊ឹម!! អញចង់ដឹងហា!! ចង់ឃើញហា! ស្រីនិងស្រីនៅជាមួយគ្នាម៉េច? គេសួរមកខ្ញុំបែបហ្នឹង។»

របៀបថាសួរបញ្ឆិតបញ្ឆៀង អូនឯងញ៉ាំអីបានស្អាត ហើយមិនបាច់យកម្នាក់ហ្នឹងទេ មកយកបងវិញទៅ ដល់ពេលហើយខ្ញុំក៏ឆ្លើយប្រាប់ថា ខ្ញុំញ៉ាំមនុស្សស្រីដូចគ្នា»។

នៅក្នុងឈុតសំលៀកបំពាក់ខាវពណ៌ស ខោពណ៌ខ្មៅដូចៗបែបលក្ខណៈគូស្នេហ៍ ម្នាក់មានសក់ខ្លី មានឥរិយាបទជាមន​ស្សប្រុសពេញលក្ខណៈ ពាក់វែនតា សម្បុរខ្មៅស្រអែម រាងល្អិត ក្នុងសំលៀកបំពាក់និងមានរូបរាងជាម​នុស្ស​ប្រុស។​  រីឯម្នាក់ទៀតក្នុងរូបរាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ សម្បុរសស្អាត ប្រកបដោយឥរិយាបថទន់ភ្នន់ សមជាស្ត្រី មានរង្វង់កែវភ្នែកមុតថ្លា សក់ខ្មៅរលោងចង់ទម្លាក់ចុះ។ អ្នកទាំងពីរបានដឹកដៃគ្នា ចូលកម្មវិធីមួយយ៉ាងស្និទស្នាលប្រៀបបានទៅនឹងគូសង្សាប្រុសស្រីដូចគូគេដទៃ។ តែទោះយ៉ាងនេះក្តី អ្នកទាំងពីរគឺជាមនុស្សស្រីនោះទេ​ ហើយជាការពិតអ្នកទាំងពីគឺជាគូស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នា ឬហៅកាត់ថា (LGBT)។ ម្នាក់ក្នុងរូបរាងជាមនុស្សប្រុសនោះ មានឈ្មោះថា អឿន ស្រីល័ក្ខ អាយុ២៦ឆ្នាំ ភេទស្រី ធ្វើការនៅរោងចក្រយ៉ុម៉ាស់(ប៉ៃហួយ)រាជធានីភ្នំពេញ។ ចំណែកគូរស្នេហ៍របស់កញ្ញាក៏ជាកម្មការីដូចគ្នាដែរ មានឈ្មោះថា ហេង មិនា អាយុ២៤ឆ្នាំ ភេទស្រី រស់នៅភូមិអង្គគគី ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃកំពុងសិក្សាបំពេញវិជ្ជា និងជាកម្មការីនៅរោងចក្រJS ក្នុងរាជធានីភ្នំពេញមួយរូប ដែលជាទីតាំងការងារខុសគ្នា។ អ្នកទាំងពីរបានស្គាល់គ្នារយៈ៤ឆ្នាំមកហើយ ព្រោះអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នា ក្រោយមកមានបញ្ហាកន្លែងការងារ កញ្ញា ហេង មីនា  ក៏ប្តូរទៅធ្វើការនៅរោងចក្រផ្សេងវិញ។ ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងជាមួយគ្នា រហូតឈានដល់ក្លាយជាគូរសង្សារគ្នាដល់សព្វថ្ងៃ ដែលការទាក់ទងនេះមានរយៈពេល១ឆ្នាំ។ អ្នកទាំងពីរបានប្រាប់ពីផលលំបាកមួយចំនួន ក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នា។ នោះគឺការរើសអើងពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ឬនៅកន្លែងធ្វើការ ហើយអ្វីដែលការតែធ្ងន់ធ្ងរទៀតនោះ គឺការប្រឈមមុខជាមួយគ្រួសារ ដោយពួកគាត់មិនព្រមទទួលនិងព្រមានកាត់កាល់ចោលពីគ្រួសារ។  សូមស្តាប់ការលើឡើងរបស់ កញ្ញា ហេង មិនា អំពីផលវិបាកនៅកន្លែងការងារ និងការទទួលរងនូវពាក្យសំដីមិនសមរម្យមួយចំនួន៖

A «អាចថាមួយចំនួនធំដែរ ពាក់ព័ន្ធ ឮថា មុនដំបូងនិយាយស្និតជាមួយយើងទេ តែដល់ពេលដឹងថាយើងស្រឡាញ់ គឺគាត់ចាប់ផ្តើមរបៀបថា សំដីនិយាយមកបែបផ្លែផ្លា ឬក៏បែបមើលងាយៗថាយើងអ៊ីចេះ អ៊ីចុះ អ៊ីចឹងទៅ ថាយើងស្រឡាញ់អ៊ីចឹងគ្មានអនាគតទេ។ ពេលខ្លះ គេនិយាយបញ្ឆិតបញ្ឆៀងមួយ ថាម្នាក់ហ្នឹងអ៊ីចឹង ស្រឡាញ់អ៊ីចឹងប្រយ័ត្នគេបោក ឬក៏ខ្លាចយើងស្រឡាញ់មួយឆាវ របៀបថាអ៊ីចេះ។ ទី១ គេមើលមកយើងថាមនុស្សស្រីហើយនិងមនុស្សស្រី វាទន់ខ្សោយ អ៊ីចឹងស្រឡាញ់អត់អាចនៅជាមួយគ្នាបានរហូតទេ ទាល់តែមានដៃគូជាមួយមនុស្សប្រុស។ តែសម្រាប់ ខ្ញុំៗអត់គិតអ៊ីចឹងទេ ខ្ញុំគិតថានិយាយរួមទៅ មិនថាមនុស្សប្រុសឬមនុស្សស្រីនិងស្រីទេ សំខាន់យើងនៅជាមួយគ្នាមានក្តីសុខ យើងផ្តល់ភាពកក់ក្តៅឱ្យ ចេះយល់គ្នា។ ពេលខ្លះ ក៏មិនប្រាកដថាមនុស្សប្រុសមួយចំនួនធ្វើបានដូចមនុស្សស្រីមួយចំនួនផង។»

ដោយឡែកងាកមកញ្ញា អឿន ស្រីល័ក្ខ វិញក៏ពុំខុសគ្នានោះដែរ ទោះជាកញ្ញាស្ថិតក្នុងសំលៀកបំពាក់ជាស្រី និងមានសក់វែង ក៏កញ្ញនៅតែមានអ្នកចាំសង្កេត និងទទួលបាននូវសំណួរបញ្ជិតបញ្ជៀងមិនសមរម្យមួយចំនួនផងដែរ។

B «ពីដំបូងខ្ញុំចូលធ្វើការហ្នឹងគេអត់ដឹង តែមានអ្នកតាមសង្កេតអត្តចរិកយើង ទោះខ្ញុំនៅជាសក់វែងក៏គេមើលដឹង។ ខ្ញុំក៏អត់ដែលលាក់គេ បញ្ចេញទង្វើហ្នឹង ពេលហើយ ពេលដែលគេដឹងគេក៏សួរថា ម៉េចបានស្រឡាញ់ស្រីដូចគ្នា? អ្ហែងស្រឡាញ់ស្រីដូចគ្នា អត់ខ្លាចគេបោកទេអី? ឬពាក្យមួយទៀត ស្រឡាញ់ស្រីហ្នឹងអត់មានអនាគត។ ស្រឡាញ់ស្រីដូចគ្នាហ្នឹងធ្វើម៉េច? ពាក្យមួយចំនួនគេសួរមក អ៊ឹម!! អញចង់ដឹងហា!! ចង់ឃើញហា! ស្រីនិងស្រីនៅជាមួយគ្នាម៉េច? គេសួរមកខ្ញុំបែបហ្នឹង។ស្រឡាញ់មិនចាំបាច់ទាល់តែនៅជាមួយគ្នា ទើបស្រឡាញ់បាននោះទេ ពាក្យថាស្រឡាញ់ ទាល់តែចេះថេកឃ៊ែរ(Takecare) យើងចេះផ្តល់តម្លៃឱ្យគ្នា កុំមើលងាយគ្នា ដឹងទុកធុរៈគ្នា ពេលសុខ ពេលទុក្ខ ពេលឈឺពេលលំបាកអាហ្នឹងបានហៅថាក្តីស្រឡាញ់។ មិនថាស្រឡាញ់ទាល់តែនៅជាមួយគ្នា ជាលក្ខណៈថាជារឿង ពាក្យដែលថាប្រុសនិងស្រី អ្នកខ្លះគេនិយាយពាក្យមួយចំនួន គេថា នៅគ្រែជាមួយគ្នាបានហៅថាក្តីស្រឡាញ់អត់ទេ។»

ក្នុងនោះ ក៏មានពីសំណាក់បុរសៗ ជាច្រើនបានសួរចំអន់លេងសើច ម៉ាក់ងាយឥតក្រែងចិត្តមកលើកញ្ញាផងដែរ ពេលខ្លះក៏កញ្ញាមិនតបត កាលៈទេសៈខ្លះអ្នកទាំងពីរក៏តបតទៅវិញដែរ ព្រោះអ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស មានសាច់មានឈាម ចេះឈឺចាប់ដែរ។ ហេតុអ្វីចាំបាច់ធ្វើបែបនេះ ឱ្យកញ្ញាមានសម្ពាធ?

A «របៀបថាសួរបញ្ឆិតបញ្ឆៀង អូនឯងញ៉ាំអីបានស្អាត ហើយមិនបាច់យកម្នាក់ហ្នឹងទេ មកយកបងវិញទៅ ដល់ពេលហើយខ្ញុំក៏ឆ្លើយប្រាប់ថា ខ្ញុំញ៉ាំមនុស្សស្រីដូចគ្នា ដល់ពេលហើយគាត់ដើរចេញហ្មង ខ្ញុំឆ្លើយតែមួយម៉ាត់ប៉ុណ្ណឹងហើយ គឺគាត់ដើរចេញ ពេលគាត់ឃើញមុខខ្ញុំ គាត់អត់ហ៊ានមើលមុខខ្ញុំចំទេ ជាច្រើនហាស! ។»

 

B «អារម្មណ៍ទី១ ខ្ញុំខឹង ដោយសារមូលហេតុអីយើងមនុស្សដូចគ្នា គ្រាន់តែស្រឡាញ់ភេទខុសគ្នា( ស្រីត្រូវតែគូនិងប្រុសៗត្រូវគូនិងស្រី) ពេលដែលគេសួរថាស្រឡាញ់ស្រី និងស្រីធ្វើអីកើត? ខ្ញុំថាមិនចាំបាច់ទាល់តែធ្វើអីកើតបានស្រឡាញ់គ្នាទេ ក្តីស្រឡាញ់ខ្ញុំមិនដែលផ្តោតលើអាហ្នឹងទេ។ មួយទៀតស្រឡាញ់អ៊ីចឹងអត់មានអនាគត ខ្ញុំថាអនាគតខ្ញុំៗស្រឡាញ់បែបហ្នឹង អនាគតហ្នឹងខ្ញុំមានគម្រោងខ្លួនឯងហើយ មិនចាំបាច់ទាល់តែអ្នកឯងនិយាយថា ស្រឡាញ់ស្រី និងស្រីហ្នឹងមានអនាគតអ៊ីចេះមួយ អ៊ីចុះពីរទេ ខ្ញុំអត់ដែលខ្វល់ ដូចថាខាងអ្នកផ្ទះ ខាងគ្រួសារដាក់សម្ពាធមកក៏ដោយ ក៏ខ្ញុំប្រឹងទៅដែរ។»

មា​ត្រា១ ​នៃ​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស ​អះ​អាង​ថា ​ម​នុស្ស​ទាំង​អស់​កើត​មក​មាន​សេ​រី​ភាព ​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ​និង​សិទ្ធិ ​ហើយ​ថា​ម​នុស្សម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។ ​គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង ​ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

យ៉ាងណាមិញ ក្នុងទំនាក់ទំនងស្រឡាញ់ភេទដូចគ្នានេះ កញ្ញាស្រីល័ក្ខបញ្ជាក់ថាប្រាប់វិទ្យុស្ត្រីឱ្យដឹងថា ដំបូងៗគ្រួសាររបស់កញ្ញាមិនទទួលស្គាល់ជាដាច់ខាត រហូតឈានដល់ព្រមានកាត់កាល់ចោលតែម្តង។ តែមកទល់នឹងពេលនេះបងប្អូនតាយាយទទួលស្គាល់ហើយ នៅឡើយតែឱពុកម្តាយ។ ទោះជាយ៉ាងនេះក្តី កញ្ញាថា ពួកគាត់ព្រមនិយាយជាមួយខ្លួនហើយ ទោះជាមិនទាន់ទទួលស្គាល់ទំនាក់ទំនងនេះក្តី។ កញ្ញាបានបន្តទៀតថា នៅពេលដែលកញ្ញាស្គាល់ខ្លួនច្បាស់ថាស្រឡាញ់ភេទដូចគ្នា កញ្ញាក៏បារម្ភពីមុខមាត់និងកិត្តិយសគ្រួសារដែរ ព្រោះខ្លាចក្រែងគេរើសអើង និងមើលងាយគ្រួសារខ្លួនថាចិញ្ចឹមកូនមិនបានល្អ និងបណ្តោយឱ្យកូនស្រឡាញ់ភេទដូចគ្នាខុសធម្មជាតិបែបនេះ ។ ប៉ុន្តែពួកគាត់មិនយល់ទេថាវាជាធម្មជាតិ ពុំមិនមែនមកពីឱពុកម្តាយនោះទេ។

B «និយាយរួមចរិកខ្ញុំតាំងពីតូច ម៉ាក់ប៉ា បងប្អូន តាយាយ គាត់ប្រឹងពត់ចរិកខ្ញុំតាំងពីតូច ដោយសារអី ខ្ញុំមិនដូចក្មួយ ឬកូនស្រីគាត់ដទៃ។ ចរិកលក្ខណៈអត់ចូលចិត្តដើរប្រុសៗទេ! ហើយចូលចិត្តលេងជាមួយស្រីៗ ហើយលក្ខណៈលេងមិននិយាយទីនេះទេ! យើងញិកញ៉ក់ដាក់ស្រីៗ ឃើញស្រីៗស្អាតអត់បាន។ ដល់ពេលអ៊ីចឹង ម៉ែខ្ញុំប៉ាខ្ញុំនិយាយថា អឺស! ចរិកហ្នឹងម៉េចទេអញ? ពេលតាខ្ញុំនិយាយថា មិនប៉ាច់ទេចរិកវាហ្នឹងទៅហើយ។ ប៉ាអ៊ំអីប្រឹងពត់ទិញលក្ខណៈថាអាវស្រីៗ ប៉ុន្តែលក្ខណៈថា ស្លៀកអត់កើត ពាក់អត់កើតអ៊ីចឹងទៅ។ ចាប់អារម្មណ៍ខ្លាំងដោយសារខ្ញុំ ធំដឹងក្តីមកលេងជំពាម ដោះអាវបង់កជាដើម។»

 

កញ្ញា មីនា លើកឡើងថា៖ «ចរិកខ្ញុំតាំងពីក្មេងមក ប៉ុន្តែគ្រាន់តែខ្ញុំអត់ទាន់សួរខ្លួនឯងច្បាស់។ ជាទូទៅខ្ញុំចូលចិត្តដើរ បើនិយាយពីតូចមកហ្មង ខ្ញុំចូលចិត្តដើជាមួយមនុស្សស្រីដូចគ្នា តែអត់ទាន់ស្គាល់ខ្លួនឯងច្បាស់ទេ បើថាពីមុនឱ្យតែមនុស្សប្រុសមករញ៉េរញ៉ៃអី គេសួរថារបៀបថា អូនសុំលេខទូរសព្ទមួយ មានលេខមួយជើងយកអត់? ដល់ពេលគាត់ៗអត់និយាយច្រើនទេ គាត់ទៅហ្មង។ ចរិកខ្ញុំតាំងពីដើម ទី១ខ្ញុំមើលឃើញ គ្រួសារ មនុស្ស អ្នកដែលជុំវិញខ្លួនទៅ មានការឈ្លោះគ្នា វាយគ្នា ហើយខ្ញុំអត់ចង់ជួបទិដ្ឋភាពបែបហ្នឹងទេ។»

 

ទទឹមនឹងនេះ កញ្ញា ស្រីល័ក្ខ ថា មុននឹងខ្លួនសុខចិត្តយកស្នេហាជាធំនេះ ខ្លួនក៏ធ្លាប់ចង់កែខ្លួនដើម្បីគ្រួសារដែរ ព្រោះមិនចង់ឱ្យឱពុកម្តាយទទួលរងនូវភាពអាម៉ាស ការម៉ាក់ងាយពីមជ្ឈដ្ឋានខាងក្រៅ ពិសេសសាច់ញាតិនិងអ្នកស្គាល់។ តែនៅពេលដែលខ្លួនព្យាយាមកែខ្លួន ស្របតាមធម្មជាតិវិញ ពួកគាត់ហាក់មិនមានទំនុកចិត្តមកលើខ្លួននោះទេ មិនឱ្យតម្លៃខ្លួន ទើបខ្លួនបកមកធ្វើតាមបេះដូងខ្លួនឯងវិញ។

ពីដំបូងខ្ញុំធ្លាប់អាណិតម៉ែខ្ញុំ អ៊ីចឹង ពេលប៉ាខ្ញុំធ្វើបាបអ៊ីចឹង ខ្ញុំលក្ខណៈចង់កែ តែពេលហើយ ពេលដែលយើងចង់កែហ្នឹង គាត់លក្ខណៈថាអត់ប្រើទំនុកចិត្តទេ! ខ្ញុំក៏ផ្តាច់តែម្តង។ ខ្ញុំថាខ្ញុំលែកែដើម្បីពួកគាត់ហើយ ពួកគាត់អត់ដែលមើលឃើញពីតម្លៃខ្ញុំទេ អ៊ីចឹងខ្ញុំក៏សុខចិត្តជ្រើសយកមនុស្សដែលខ្ញុំស្រឡាញ់ តាមអ្វីដែលបេះដូងខ្ញុំស្រឡាញ់ចង់បាន ទោះគាត់កាត់កាល់ខ្ញុំចោលក៏ខ្ញុំជ្រើសយកក្តីស្រឡាញ់មួយហ្នឹង»

 

ដោយឡែកស្រីល័ក្ខវិញលើកឡើងថា៖ «ជម្នះ គាត់គិតថាស្រឡាញ់អ៊ីចឹង រកស៊ីអត់ទៅមុខអត់កើតទេ ឬក៏យើងទន់ខ្សោយពេក អ៊ីចឹងគាត់អត់ចង់ឱ្យយើងខូចអនាគត ឬក៏ទី២ វាអត់មានកូន តែគាត់អត់ដឹងថាសម័យឥឡូវវាទំនើប ឬក៏ជឿនលឿនបែបណាទេ មិនថាយើងស្រឡាញ់ភេទដូចគ្នា ឬចង់នៅលាវរហូតគឺយើងអាចមានកូនបានអ៊ីចឹងហាស! គាត់ខ្លាចយើងអត់មានកូនប្រើ ចាស់ទៅអត់អ្នកមើល។»

ទំនាក់ទំនងមួយនេះ មិនមែនស្រឡាញ់ដើម្បីតែស្រឡាញ់តាមតែអារម្មណ៍មួយឆាវនោះទេ ពួកគេមានភាពច្បាស់លាស់នឹងសាងអនាគតរួមគ្នា​ទៀតផង។ អ្នកទាំងពីរបង្ហើបប្រាប់ថា ខ្លួនមានគម្រោងក្នុងថ្ងៃអនាគតបើកហាង រៀបការ និងយកកូនជាមួយគ្នា។ កញ្ញាស្រីល័ក្ខឱ្យដឹងថា ខ្លួនចង់ឱ្យដៃគូរស់ស្រួល ព្រោះមិនឃើញដៃគូសង្សាររបស់ខ្លួនរ៉ាប់រងបន្ទុកធ្ងន់ ដោយសារតែកញ្ញា មិនា ជាដៃគូខ្លួនត្រូវធ្វើការផងនិងឆ្លៀតទៅរៀនផង ថ្ងៃខ្លះក៏មកធ្វើការទាំងឈឺទៀត។ ដូច្នេះជាជំហានដំបូង កញ្ញាសន្សំលុយនឹងរៀនជំនាញផ្នែកកាត់សក់ជាមុនសិន ។ នៅពេលរៀនជំនាញចប់ កញ្ញាមិនទាន់រៀនការនោះទេ ចង់ភ្ជាប់ពាក្យសិន នឹងយកលុយសន្សំមកបើកហាងជាមុន។

B «ខ្ញុំស្រឡាញ់យូរហើយ គ្រាន់តែថា យើងរៀនអត់បាន ណាមួយនៅពេលដែលមិនទាន់ទាក់ទងគ្នាហ្នឹង ខ្ញុំជួយអ្នកផ្ទះខ្ញុំ ដល់ពេលឥឡូវខ្ញុំចាប់ផ្តើមសន្សំខ្លួនឯងរៀនជំនាញមួយហ្នឹង ពេលណាដែលយើងរៀនចេះហើយ ខ្ញុំនៅធ្វើការបណ្តើរអាចថាកាត់ជាមួយហាងគេស៊ី៥០%អីអ៊ីចឹងទៅ ហើយសន្សំលុយប្រាក់ខែយើង លុយដែលយើងកាត់ហ្នឹង ទុកជារួមបើកទុនមួយសម្រាប់យើងធ្វើការ អឺ!! បើកហាងបើកអីអ៊ីចឹងទៅ ហើយនៅពេលបើកហាងហើយលក្ខណៈថា យើងអាចសន្សំ អាចថាជារួមបានរាងគួរសម ធ្វើផ្ទះធ្វើអីអ៊ីចឹងទៅ ពេលដែលធ្វើផ្ទះហើយ ខ្ញុំចង់លក្ខណៈថា ទៅពិនិត្យសុខភាពឱ្យគាត់យកកូន។»

លើសពីនេះ កញ្ញា ហេង មិនា បានស្នើសុំកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាអី។ មិនថាប្រុសស្រីឡាញ់ប្រុស ឬស្រីស្រឡាញ់ស្រីនោះទេ ព្រោះពួកគេសុទ្ធតែជាមនុស្សមានសាច់ មានឈាម ចេះឈឺចាប់ ចេះយំដូចគ្នា។ សូមកុំបំពានមិនថាកាយវិការឬពាក្យសំដីនោះទេ។

«សម្រាប់ខ្ញុំៗ អឺ!! ចង់ឱ្យពួកគាត់បើកចិត្តៗរៀនមើលសង្គមខាងក្រៅថា គេដើរដល់ណាហើយអ៊ីចឹងមិនបាច់រើសអើងសម្រាប់ភេទដូចគ្នាទេ។ និយាយរួមទៅមិនថា មនុស្សស្រីស្រឡាញ់ស្រី ឬក៏មនុស្សប្រុសស្រឡាញ់ប្រុសទេ គឺសូមកុំរើសអើង ព្រោះវាជាសាច់ ជាបេះដូង នៅពេលដែលយើងប្រើពាក្យសំដីអាបន្តិចមួយហ្នឹងហាស! គិតថាអាតិចមួយហ្នឹងវាអត់ប៉ះពាល់អារម្មណ៍ទេ តែអ្នកដែលយល់ហាស! អ្នកដែលស្រឡាញ់ភេទដូចគ្នា អាបន្តិចហ្នឹងដែលធ្វើឱ្យពួកគាត់បាកទឹកចិត្ត។»

កញ្ញា ស្រីល័ក្ខ ក៏បានស្នើសុំអ្នកស្រឡាញ់ដូចគ្នា ដូចខ្លួនត្រូវចេះទុកចិត្តគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក កុំលេងសើច។ មួយវិញទៀត កញ្ញាថា អ្នកស្រឡាញ់ភេទដូចគ្នា ដូចពួកគេ គឺត្រូវស្រឡាញ់កូនគេឱ្យដូចម្តាយរបស់គេ នៅពេលយកកូនគេមកត្រូវធ្វើឱ្យគ្រួសារគេទុកចិត្តថាមើលថែកូនគេបាន និងមានសេចក្តីសុខ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image